សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​រងផលប៉ះពាល់ពី​ការ​អូសបន្លាយ​ការ​ចុះបញ្ជីកម្មសិទ្ធិដីធ្លី

ផ្នូរជីដូនជីតារបស់ជនជាតិដើមភាគតិច ស្ថិតនៅភូមិប្រាក់១ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ិច ជូឡាយ)
ផ្នូរជីដូនជីតារបស់ជនជាតិដើមភាគតិច ស្ថិតនៅភូមិប្រាក់១ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ិច ជូឡាយ)

ប្រជាសហគមន៍ជនជាតិដើមភាគតិចជាច្រើនលើក​ឡើង​ថា ​ពួកគាត់​ចំណាយ​ថវិកា​ និង​ពេលវេលាជាច្រើនឆ្នាំ​ដើម្បី​ស្នើ​សុំ​ឱ្យ​​​រដ្ឋាភិបាល​ចុះបញ្ជីដីធ្លីជាដីសមូហភាព ប៉ុន្តែដំណើរការនៃការចុះបញ្ជីមានភាពស្មុគស្មាញ និងអូសបន្លាយពេលជាច្រើនឆ្នាំ ខណៈ​ពួកគាត់​បារម្ភ​ថា ការអូស​បន្លាយនេះ អាច​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី​ដោយសារ​អ្នកមាន​លុយ​មាន​អំណាច​មួយ​ចំនួន ដូច​ករណី​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផ្សេងទៀត​បាន​ជួបប្រទះ​។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ភូមិតាឡែក ឃុំសាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង ខេត្ត​កំពង់ធំ អ្នកស្រី ងួន ហ៊ាង ​បានឱ្យដឹងថា ការស្នើសុំចុះបញ្ជីរបស់សហគមន៍បាន​អូស​បន្លាយ​ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក​ ពាក់ព័ន្ធនឹង​ករណីដែលក្រុមហ៊ុនរបស់អ្នកស្រី កែវ លក្ខិណា បាន​​ទន្ទ្រាន​កាន់កាប់​យក​ដី​សហគមន៍។

អ្នកស្រី​បន្ត​ថា ​ប៉ុន្តែទោះបីយ៉ាងណា ​អ្នកស្រី​នៅ​តែ​ព្យាយាម​​ស្វះស្វែង​ក្នុង​ការ​ស្នើ​សុំ​ចុះ​បញ្ជី​កម្មសិទ្ធិ​​ដី​សមូហភាព​​នេះ​ឱ្យ​ខាន​តែ​បាន​ព្រោះ​សហគមន៍​របស់​អ្នក​ស្រី​បាន​ជួប​បញ្ហា​ជា​ច្រើន​មក​ហើយ​ដោយសារ​ការ​ស្នើសុំ​ចុះបញ្ជី​ដី​សមូហភាព​នេះនៅ​តែ​មាន​ភាព​ពិបាក ​និង​​អូស​បន្លាយ​បន្ត​ទៅមុខ​ទៀត​បែបនេះ ​ដី​របស់​សហគមន៍​ត្រូវ​បាត់បង់ ដូច្នេះពលរដ្ឋមិន​មាន​ដី​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹមជីវិត​ ពលរដ្ឋ​ក្នុង​សហគមន៍​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ចំណាកស្រុក​ទៅ​ប្រទេស​ជិត​ខាង​ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ ទន្ទឹមគ្នា​​​នេះ​កូនៗ​របស់​គេ​ត្រូវ​បាត់បង់​ការ​សិក្សា​ផង​ដែរ។ 

អ្នកស្រីបញ្ជាក់​​ថា៖ «ចង់​​ឱ្យ​គាត់​ដោះ​ស្រាយ​​ឱ្យ​ពួក​ខ្ញុំ​ ជា​សហគមន៍​ជនជាតិ​កួយ​ភាគតិច ​ដែល​នៅ​ភូមិ​តាឡែក​ ទាំង​ស្រុង ​ឱ្យ​បាន​​លឿន​បំផុត ដោយ​សារ​ពួក​ខ្ញុំ​ប្រឈម​ អ្នក​ខ្លះ​បាន​ចំណាកស្រុក​ទៅ​ថៃ ទាំង​ប្រពន្ធ​កូន ចោល​ដី​ មិន​បាន​រៀនមិនបាន​អី​ហ្នឹង​ឯង»

អ្នកស្រី​ ងួន ហ៊ាង បាន​បន្តទៀត​ថា​ សហគមន៍​អ្នកស្រី​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ៣០០​គ្រួសារ​នៅ​មិន​ទាន់​ទទួល​បាន​កម្មសិទ្ធិ​ដី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ឡើយ​ទេ រហូត​មកដល់​ពេលនេះ​ ហើយ​ពុំ​មាន​ការ​ដោះស្រាយ​ជាក់លាក់​ណា​មួយ​ដល់​សហគមន៍​នោះ​ទេ​​ពី​ខាង​អាជ្ញាធរ​ ឃុំ ស្រុក​ មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម​​​ដែល​បង្ក​ភាព​លំបាក​ដល់​ការ​ស្នើសុំ​កម្មសិទ្ធិ​ដី​សមូហភាព​សម្រាប់​សហគមន៍​របស់​ពួកគេ។

អ្នកស្រី ងួន ហ៊ាង ​លើកឡើងថា៖ «តែ​មក​ដល់​ពេល​នេះ​យើង​ក៏​កំពុង​តែ​ព្យាយាម​ទាក់ទង​សុំ​អន្តរាគមន៍​បន្ត​រហូត​ទៅ​ដល់​បរិស្ថាន​នៅ​ដែន រហូត​ទៅ​ដល់ដែន​បរិស្ថាន​គាត់​ឆ្លើយ​ទៅ​ដាក់​ខាង​គាត់​ថា ​ឱ្យ​ទៅ​សុំ​នៅ​ខាង​កសិកម្ម ដី​នេះ​បាន​ប្រគល់​ឱ្យ​ខាង​កសិកម្ម​ ហើយ​យើង​ក៏​បាន​ទៅ​ជួប​ខាង​កសិកម្ម​ដែន​ស្រុក ហើយ​កសិកម្ម​ដែន​ស្រុក​ខាង​ព្រៃឈើ​ហ្នឹង​គាត់​ឱ្យ​យើង​ទៅ​ជួប​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ទៀត»

ជនជាតិ​ដើម​ភាគតិច​ពូនង​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ឡៅ​កា​ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគិរី អ្នកស្រី ភ្លឹក ភារម្យ បានលើក​ឡើងថា ចាប់​តាំង​ពី​ឆ្នាំ​២០២០មក ​បញ្ហា​ស្នើ​សុំ​ចុះបញ្ជីកម្មសិទ្ធិ​ដីសមូហភាព​របស់​សហគមន៍​អ្នកស្រី នៅ​តែបន្ត​អូស​បន្លាយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយ​​តប​ជា​វិជ្ជមាន​ណាមួយ​ពី​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ​ ហើយ​ពុំ​មានការ​ដោះ​ស្រាយ​ពី​ខាង​អាជ្ញាធរ​ក្នុង​តំបន់ និង​ពុំមានការ​​អើ​​ពើ​​ពី​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ​នានា​នោះ​ឡើយ។

អ្នក​ស្រី​បន្ត​ថា៖ «ចង់​និយាយ​ថា ប្រធាន​មន្ទី ឬ​ក៏​អាជ្ញាធរ​ភាគ​ច្រើន​គេ​មិន​សហការ​ជា​មួយ​ជនជាតិ​ដើម​ភាគ​តិច ហើយ​ក៏​មិន​គោរព​ច្បាប់​លើ​គោលការណ៍​ចុះ​បញ្ជី​ដី​សមូហភាព​អ៊ីចឹង គេ​មិន​បាន គេ​មិន​ធ្វើ​តាម​គោលការណ៍​​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​អ៊ីចឹង​ណា»

អ្នកស្រី​បានឱ្យដឹង​ថា ​បើ​សិន​ការ​ស្នើសុំ​ចុះ​បញ្ជី​កម្មសិទ្ធិ​​ដីធ្លី​សមូហភាព​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​របស់​អ្នកស្រី​នៅតែ​អូស​បន្លាយ​បែបនេះ​ វា​បណ្ដាល​ឱ្យ​​បងប្អូន​សហគមន៍​ប្រមាណ ជាង២០០គ្រួសារ ត្រូវ​បាត់បង់​ដី​ដោយ​សារ​មាន​ការ​លក់​ដូរ​ដី​របស់​សហគមន៍​ជាបន្តបន្ទាប់ ដោយជនចំណូលស្រុក អ្នកមានអំណាច និង​ការ​ផ្សំ​គំនិត​​គ្នា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ដែល​ជា​ដី​របស់​សហគមន៍​នោះ​។ មួយ​វិញ​ទៀត​ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​នានា​ ដែល​ជា​កេរ្តិ៍​ដំណែល​​ពី​ដូនតា​បាន​បន្សល់​ទុក​ជា​យូរ សម្រាប់​សហគមន៍​អាស្រ័យ​ផល តាម​ទំនៀម​ទំលាប់​របស់​សហគមន៍​កន្លង​មក និង​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចពូនង​ផង​ដែរ។

អ្នកស្រី ភ្លឹក ភារម្យ បានបញ្ជាក់ថា៖ «ដោយ​សារ​តែ​ចង់​ការពារ​ដី​ធ្លី និង​ធនធាន​ធម្មជាតិ​អ៊ីចឹង​​យើង​ត្រូវ​ការ​ចុះ​បញ្ជី បើ​សិន​យើង​មិន​ចុះ​បញ្ជី​ទេ អ៊ីចឹង​យើង​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ធ្លី ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ដីធ្លី ​ប្រឈម​នឹង​ការ​បាត់​បង់​អត្ត​សញ្ញាណ្ណ​ វប្បធម៌​ សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគ​តិច​យើង​ បើ​យើង​មិន​ចុះ​បញ្ជី​ដី បាន​ន័យ​ថា​យើងបាត់បង់​សេដ្ឋកិច្ច វប្បធម៌»

អ្នកស្រីបន្ថែមថា សម្រាប់​ទំហំ​ដីចម្ការ​វិល​ជុំ​របស់​សហគមន៍​​នៅ​មិនទាន់​អាច​កំណត់​ថា មាន​ទំហំ​ប៉ុន្មាន​នោះ​ទេ ដោយសារ​មិនទាន់​បាន​ចុះ​បញ្ជី​ដី​នៅ​ឡើយ​ តែ​បើ​តាម​ការ​ប៉ាន់ប្រមាណ​របស់​អ្នកស្រី ភ្លឹក ភារម្យ ផ្ទាល់ ដី​ចម្ការ​វិល​ជុំ​របស់​សហគមន៍​​ប្រហែល​១ទៅ២​ម៉ឺន​ហិកតា​ ដែល​នៅ​មិន​ទាន់​អាច​ចុះបញ្ជី ​ហើយ​កំពុង​តែ​ស្នើសុំ​ចុះ​បញ្ជី។

ចំណែក​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​​ពូនង​ នៅ​ឃុំ​ស្រែ​ឈូក ខេត្ត​មណ្ឌលគិរី  លោក​ យិន សិង្ហ ​ប្រាប់​ថា ការ​មិន​មាន​កម្មសិទ្ធិ​​ដី​ធ្លី​ច្បាស់​លាស់​បែប​នេះ​ ធ្វើ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូនង​ ប្រហែល​១០០​គ្រួសារ​ជាង​ មិន​មាន​ដី​គ្រប់គ្រាន់​សម្រាប់​អ្នក​រស់នៅ​ក្នុង​សហគមន៍​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​ និង​អាស្រ័យ​ផល​ផ្សេងៗ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​នោះ​ទេ ដោយ​មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ថា​ជា​តំបន់​​ដី​ដែន​ជម្រក​សត្វព្រៃ​។

លោកឱ្យដឹងថា៖ «បើ​តាម​ទំនៀម​ទម្លាប់​ពួក​ខ្ញុំ​ពី​ដើម​មក​មាន​កំណត់​ព្រំ​ថា​ត្រឹម​នេះ ត្រឹម​នោះ​​អ៊ីចឹង​​​ណា៎ ដល់​ពេល​បច្ចុប្បន្ន​ឥឡូវ​ ការ​គ្រប់គ្រង​របស់​មន្ត្រី​បរិស្ថាន​ហ្នឹង​គេ​ថា​ដី​ដែនជម្រក​សត្វ​ព្រៃ​​អ៊ីចឹង​​ទៅ ធ្វើ​​ឱ្យ​ដី​សហគមន៍​របស់​ពួក​ខ្ញុំ​ខើច កាន់​តែ​ខើច​អ៊ីចឹង​​ទៅ»

មិន​តែ​ប៉ុណ្ណោះ លោក​បាន​បន្ត​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូនង បាន​ទទួល​រង​ផល​ប៉ះពាល់ ពីក្រុមហ៊ុន​ឯកជនឈ្មោះ​ ប៊ិញភ្វឿក១  ដែលជាក្រុមហ៊ុនវៀតណាម បាន​មក​អភិវឌ្ឍន៍​ លើ​ចម្ការ​វិល​ជុំ​របស់​សហគមន៍​ ហើយ​មកដល់ពេលនេះសហគមន៍​ពុំ​បាន​ទទួល​យុត្តិធម៌​ពី​ផ្លូវច្បាប់សម្រាប់​សហគមន៍​លោក​នោះ​ទេ បើទោះបីសហគមន៍បានដាក់ពាក្យបណ្ដឹងជាច្រើនលើកច្រើនសារនោះក្ដី ចាប់តាំងពីឆ្នាំ២០១៤​មកម្លេះ។

លោកបន្ថែមថា៖ «ដោយ​សារ​សុំ​វិនិយោគ​ពី​រដ្ឋាភិបាល​អ៊ីចឹង​ ដី​ហ្នឹង មក​វិនិយោគ​នៅ​ហ្នឹង​ ហើយ​ប៉ះពាល់​ទៅ​ដល់ដី​របស់​សហគមន៍​របស់​ពួក​ខ្ញុំ​អ៊ីចឹង​​ណា៎ ប៉ុន្តែ​ពួក​ខ្ញុំ​នេះ​ដែល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ដល់​ស្ថាប័ន​កំពូល​ ទៅ​រដ្ឋសភា ព្រឹទ្ធសភា​ ខុទ្ទកាល័យ​​សម្ដេច​ អស់​ហើយ​ នៅ​តែ​នៅ​តែ​មិន​ឈ្នះ​ទៀត​ហ្នឹង​ណា»

ចម្ការវិលជុំរបស់ជនជាតិដើមភាគតិច ស្ថិតនៅភូមិប្រាក់១ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ិច ជូឡាយ)

លោក ទីវ ស៊ីម ដែលជាជនជាតិដើមភាគតិច​ ទំពួន​កាត់​គ្រឹង​​មាន​អាយុ​៤០ឆ្នាំ​ បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ខេត្ត​រតនះគិរី​ និង​កំពុង​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត ជំនាញ​ផ្នែក​គ្រប់គ្រង ​លោក​មានប្រសាសន៍​ថា ការ​ចុះ​បញ្ជី​ដី​សមូហភាព​យឺតយ៉ាវ​ បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន​នៃ​ភាព​ក្រីក្រ នៅ​ក្នុង​សហគមន៍​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​មាន​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ដើម្បី​អាស្រ័យ​ផល​សម្រាប់​ចិញ្ចឹម​ជីវិត​ និង​បាត់បង់​ធនធាន​ធម្មជាតិ​។ មិនតែប៉ុណ្ណោះ សង្គម និងគ្រួសារមានការបែកបាក់​ ហើយ​ប្រឈម​ការ​បាត់បង់​អត្តសញ្ញាណ​ ​ពូជសាសន៍​ របស់​បង​ប្អូន​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ។

លោកលើកឡើងថា៖ «អ្នក​ក្រីក្រ​មាន​ភាព​កើន​ឡើង​ដោយ​គ្មាន​ដី​សំរាប់​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត។ បង្កើត​ទំនាស់​ក្នុង​គ្រួសារ និងសង្គម។ បាត់បង់ដី និងព្រៃឈើ។ បាត់បង់​វប្បធម៌​ និង​ប្រពៃណី​ជាតិពន្ធុ​របស់​បង​ប្អូន​ជនជាតិ​ដើម​ភាគតិច»

អ្នកនាំពាក្យក្រសួង​អភិវឌ្ឍន៍​ជនបទ​ លោក​ ពិត ករុណា ​មានប្រសាសន៍ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មាន​ចំនួន៤៥០​សហគមន៍​ ក្នុង​នោះ​មាន​តែ​ ១៩៤​សហគមន៍​​ប៉ុណ្ណោះ​ ដែល​បាន​សម្រេច​ដំណាក់កាល​ស្នើសុំ​កំណត់​អត្តសញ្ញាណ​។ លោកបន្តថា​​ ដើម្បី​អាច​ស្នើសុំ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​សមូហភាព​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ ត្រូវ​ឆ្លង​​កាត់​បី​ដំណាក់​កាល​ ដំបូង​ជា​ការ​ស្នើសុំ​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដំណាក់​កាល​ទី​ពីរ​ ការ​ស្នើ​ចុះបញ្ជី​ជា​នីតិបុគ្គល​ ដោយ​ក្រសួងមហាផ្ទៃ​ ចុង​បញ្ចប់​ជា​ការ​ស្នើសុំ​ចុះបញ្ជី​ដី​សមូហភាព​នៅ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់។

លោក ពិត ករុណា លើក​ឡើង​ថា៖ «មក​ដល់​បច្ចុប្បន្ន​នេះ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​យើង​បាន​ទទួល​ស្គាល់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​១៩៤សហគមន៍ លើ៤៥០សហគមន៍»

ខេមបូចា មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ និង​អ្នក​នាំ​ពាក្យ​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​​ និងសំណង់ លោក លោក ​សេង ឡូត បានទេ។  

នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានចេញសារលិខិតនៅថ្ងៃទី៦ ខែសីហា ថា​កម្ពុជា​​មាន​​ជនជាតិ​​ដើម​​ភាគតិច​ជាង​១ (១,៤)​ភាគរយ​​នៃ​ចំនួនប្រជាជនសរុប រួមមាន កួយ ទំពួន គ្រឹង ចារាយ ពូនង ក្រៅ​ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ និង​ជនជាតិ​ដើម​​ភាគតិច​មួយ​ចំនួន​ផ្សេងទៀត។ ក្នុងលិខិតដដែលឱ្យដឹងថា រាជរដ្ឋាភិបាលគោរព និង​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ស្ដីពី​ ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិ​​ដើម​ភាគតិច​ដើម្បី​​ការពារ និង​​អភិរក្ស ​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី ​ជំនឿ ​និង​ភាសា​ក៏​ដូច​ជា​ការ​លើក​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​​ជនជាតិ​ដើម​ភាគតិច​ជាដើម។

មន្ត្រី​សម្របសម្រួល​​លេខាធិការដ្ឋាន​ជនជាតិ​ដើម​ភាគ​​តិច លោក​​ សំប៉យ ចាន់សុភា មាន​ប្រសាសន៍​ថា​ ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពិត​​ជា​មាន​សារៈសំខាន់​​ខ្លាំង​ដើម្បី​​ជៀស​វាង​ការ​បាត់​បង់​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​​ភាគតិច​ បាត់បង់​​ទីលំនៅ​ និង​ដី​សម្រាប់​អាស្រ័យ​ផល​​ផងដែរ។

លោក ចាន់សុភា ថ្លែងថា៖ «អ៊ីចឹង​បើសិនយើងមិនបាន គឺថា​ផ្ដល់​អភិបាលកិច្ច​ទៅ​ដល់​គាត់  ធានា​ឱ្យ​គាត់​ គេហៅថា រស់នៅតាមប្រពៃណី ​ឬ​ក៏​គ្រប់គ្រង​ទៅតាមដីធ្លីដែលគាត់មាន​ អ៊ីចឹង​​វា​អាចនឹង​បាត់បង់​នៅ​ថ្ងៃ​អនាគត​ហា៎ ហើយ​វាអាចបាត់បង់ទាំងភាសា បាត់បង់ទាំង​វប្បធម៌​  បាត់បង់ទាំងដីធ្លី ​ភូមិសាស្ត្រ ​របស់​គាត់។ នៅ​ថ្ងៃ​អនាគត​វា​មាន​ផល​អវិជ្ជ​មាន​ច្រើន​ជាង​​ហ្នឹង​ទៀត»

បន្ថែមពីនេះ លោកបានលើកឡើងបន្តថា​ ដីរបស់សហគមន៍ជនជាតិដើមភាគតិច ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​​តំបន់​ដែន​អភិរក្ស​ និង​ដីសម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច ហើយ​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ មួយ​ចំនួន​ត្រូវ​បាន​ឈូស​​ឆាយ​ ដែល​បង្ក​ជា​​ផល​​វិបាក និង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​អាស្រ័យផល​របស់​​សហគមន៍ និង​ការ​​ចិញ្ចឹម​ជីវិត​របស់​​ពួកគេ។ ​

លោកបន្តថា៖ «នៅ​ពេលណា​ដែល​មិនទាន់​បាន​ប័ណ្ណ​ ឬ​ក៏​មិន​​ទាន់​អភិបាលកិច្ច​ទៅ​​លើ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច ​មានន័យថា​យើង​ងាយ​រង​គ្រោះ​មែនទែន​នៅ​ពេល​បច្ចុប្បន្ន​ យើង​ងាយ​រងគ្រោះ​នឹង​ការ​អភិវឌ្ឍ​ផង និង​ការ​អភិរក្ស​ផង។ តំបន់​អភិរក្ស​ទាំង​អស់​ភាគច្រើន​ គឺ​ចូល​៤លានហិកតា​ គឺ​វា​​ស្ថិត​ក្នុង​​នៅ​តំបន់​ជនជាតិ​ដើម​​ភាគតិច​»។​

ប្រភព​ដដែល​បន្ត​ថា​ នៅ​ពេល​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ បន្ត​អាស្រ័យផល​ទៅតាម​ទំនៀមទម្លាប់​របស់​សហគមន៍​នៅ​លើ​ដី​ដែលគេ​ធ្លាប់​អាស្រ័យផល​តាំង​ពីមុន​មក​តែ​បែរជា​ត្រូវ​ទទួល​រង​ការ​គំរាមកំហែង​ពី​ការ​​ប្ដឹងផ្ដល់​យ៉ាង​ហោច​ណាស់​១០០​ជាង​ករណី ​ពីខាងក្រុមហ៊ុនឯកជន និង​ស្ថាប័ន​រដ្ឋ​មួយ​​ចំនួន​។

លោក ចាន់សុភា បន្ថែមទៀតថា៖ «ខាងក្រុមហ៊ុនផង ខាង​ស្ថាប័ន​រដ្ឋ​ផង ឬ​ក៏​​ខាង​ស្ថាប័ន​អភិរក្ស​អី​ផង​ ដែល​​ចាប់​ចង ​ឬ​ក៏​​រង​ពាក្យបណ្ដឹង​​អ៊ីចឹង​​ ហ្នឹង​វា​មាន​ច្រើន​មែនទែន»

បើ​តាម អត្ថបទចុះផ្សាយដោយសារព័ត៌មាន អន្តរជាតិ ម៉ុងហ្គាបេ (Mongabay)  កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ ថា រដ្ឋាភិបាលកម្ពុជា បាន​បង្កើត​​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​​ភាគតិច​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ជា​សមូហភាព​។ រដ្ឋាភិបាល​គួរ​តែ​មាន​មោទនភាព​ចំពោះ​​រឿង​នេះ​ ហើយ​បន្ត​​ការ​អនុវត្ត​របស់​ខ្លួន​។ ប័ណ្ណ​កម្មសិទ្ធិ​​ទាំងនេះ​​ការពារ​ដី​សហគមន៍​ឱ្យ​ស្ថិតស្ថេរ​ជា​រៀង​រហូត​​ និង​ផ្ដល់​​ការ​ការពារ​ជាក់លាក់​សម្រាប់​ដី​ដែល​កាន់​​កាប់​​រួមគ្នា​ ដូច​ជា​ព្រៃឈើ​ដែល​ធ្វើ​ស្រែចម្ការ​វិល​ជុំ និង​កន្លែង​ដែល​ព្រលឹង​ដូនតា​ដែល​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ជឿ​ថា​ពួក​គេ​រស់នៅ។

ទោះ​ជា​យ៉ាង​ណា ដំណើរ​ការ​ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​នេះ​មាន​ភាព​យឺតយ៉ាវ​ និង​ចំណាយ​ពេល​រាប់​ឆ្នាំ។  ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​គ្មាន​ភាព​ប្រាកដ​ប្រជា​ និង​សុវត្ថិភាព​នោះ​ទេ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ដើម​ភាគតិច ៤៥៨ក្នុង​ប្រទេស​កម្ពុជា មាន​តែ៤០ប៉ុណ្ណោះ​ដែល​បាន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។

តាម​បទពិសោធន៍​ និង​ការ​យល់ឃើញ​របស់​លោក​ នី សុខា ប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា ​​អាដហុក​ ថ្លែង​ថា លោក​មាន​ការ​ព្រួយបារម្ភ​ ចំពោះ​សហគមន៍​ អាច​បង្ក​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ ឈាន​ដល់​ការ​បាត់បង់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ថ្ងៃ​អនាគត​បើ​សិន​មិន​មាន​ការ​ចូលរួម​​សហការ​​ពី​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ពន្លឿន​ការងារ​នេះ​ ហើយបើ​ការ​ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព​នេះ​នៅ​តែ​អូស​បន្លាយ​បន្ត​ទៅ​មុខ​ទៀត។​

លោក សុខា​ ​បន្ត​ថា​៖ «ការ​ចុះ​បញ្ជី​ហ្នឹង​មានការ​យឺតយ៉ាវ​ណាស់។ ហាក់​បី​ដូច​ជា​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ ឱ្យ​​បាន​ហ្មត់ចត់​ពី​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ ពិសេស​គឺ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​ហ្នឹង​ ខ្ញុំ​មើល​ឃើញ​ហាក់​បី​ដូច​ជា​មាន​ការ​យឺត​យ៉ាវ។​ ហាក់​បី​ដូច​ជា​វា​មិន​ស្រប​ទៅ​នឹង​អ្វី​ដែល​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដើម្បី​គាំពារ​ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​របស់​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច»

108 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម