សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រោងចក្រជាច្រើនបិទទ្វារធ្វើឲ្យកម្មករបាត់បង់ចំណូល និងជួបការលំបាកអំឡុងពេលបិទខ្ទប់

កម្មករឈរនៅរានហាលមុខបន្ទប់ជួលរបស់ពួកគេនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ដែលជាតំបន់ក្រហមមានការល្បាតតឹងរ៉ឹងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កម្មករឈរនៅរានហាលមុខបន្ទប់ជួលរបស់ពួកគេនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ដែលជាតំបន់ក្រហមមានការល្បាតតឹងរ៉ឹងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

កម្មករ​រាប់ម៉ឺននាក់​ដែលកំពុង​ស្ថិត​​ក្នុង​វិធានការ​បិទខ្ទប់ដ៏​​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ភាគច្រើន​មិនទទួល​បាន​ប្រាក់​ឈ្នួល​នៅឡើយ​ទេ ហើយ​មិន​ច្បាស់​ថា​​​នឹង​​អាចវិល​ត្រឡប់​​​ចូល​​ធ្វើការ​នៅ​រោងចក្រ​របស់ខ្លួនវិញ នៅ​ពេល​ណា​នោះ​ទេ។ ស្របពេល​ដូចនេះ ពួកគេ​មួយចំនួនក៏​មិន​ទាន់ទទួល​បាន​ជំនួយ​ទំនុកបម្រុង​ក្នុងការរស់នៅ។

លោក​ វ៉ាន់​ បូរ៉ា កម្មករ​​ម្នាក់​នៅ​រោងចក្រ​មួយ​ក្នុង​សង្កាត់​ចោមចៅ១ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ បាននិយាយ​ថា លោក​និង​កម្មករ​ដទៃ​ទៀត​ ត្រូវ​បង្ខំ​ចិត្ត​រស់​នៅ​ដោយ​សន្សំសំចៃ ក្នុង​ «តំបន់​ក្រហម» ដោយ​មិនមាន​ជំនួយ​​ពី​ម្ចាស់រោងចក្រ ឬ​រដ្ឋាភិបាលនៅឡើយទេ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ប្រាក់ខែ​ដំបូង​នៅ​ឡើយ​ទេ ហើយ​យើង​សង្ឃឹម​ថា នឹង​ទទួលបាន​ប្រាក់ខែ​អំឡុងពេល​ដ៏​លំបាក​នេះ។ ខ្ញុំ​ទើប​តែ​ទទួល​បាន​ជំនួយ​ ជា​ស្បៀង អាហារ​ ខ្លះ​ ពី​ម្ចាស់ផ្ទះ​ជួល ហើយ​មិនទាន់​ទទួល​បាន​ជំនួយ​ពី​អាជ្ញាធរ​នោះ​ទេ»

​បូរ៉ា​គឺ​ជា កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជា​ច្រើន​នាក់​ ដែល​ពឹងអាស្រ័យ​លើ​អ្នកស្គាល់គ្នា​ ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ អំឡុងពេល​មាន​ការ​បិទខ្ទប់។

​លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​និយាយ​ថា ទាំង​នៅ​ក្រុង​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ មាន​រោងចក្រ​កាត់ដេរ​ចំនួន​ប្រមាណ៥០០  ដែល​មាន​កម្មករ​ចំនួន ៥០០.០០០​នាក់។ មក​ទល់​ថ្ងៃ​ទី១៥ ខែ​មេសា​នេះ វិស័យ​​ផ្គត់ផ្គង់​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ ធ្វើ​ដំណើរ​ដ៏​ធំ​មួយ​ នេះ​បាន​ ផ្អាក​ដំណើរការ​អំឡុងពេល​​ការ​អនុវត្ត​វិធានការ​បិទខ្ទប់។

​លោក ហេង សួរ​ បាន​ថ្លែង​ថា៖ «រោងចក្រ​មិនអាច​មាន​លទ្ធភាពបើក​ប្រាក់​ឈ្នួលក្នុង​​អំឡុងពេល នៃ ការបិទខ្ទប់​នេះទេ ប្រាក់​ឈ្នួល​នឹង​ត្រូវ​ផ្តល់​ឲ្យ​បន្ទាប់​ពី​ការ​បិទខ្ទប់​បាន​បញ្ចប់។ ហើយ​អំឡុងពេល​នេះ​ វា​អាស្រ័យ​​លើ​លទ្ធភាព ​របស់​នយោជក​ក្នុង​ការ​ជួយ​កម្មករ​ដោយ​ផ្អែក​លើ​ទឹកចិត្ត​សប្បុរសធម៌ សាមគ្គីភាព និង​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម»

លោកបាន​​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​ផ្តល់​ជា​ស្បៀងអាហារ​ចាំបាច់​អំឡុងពេល​ការ​បិទខ្ទប់។

​លោក​បាន​ថ្លែង​បន្ត​ថា៖ «ដូច្នេះ នៅ​ក្នុង​ករណី [កម្មករ​ផ្អាក​ការងារ] ខ្វះ​ស្បៀង​អាហារ ឬ​មិន ​ទាន់​ទទួល ​បាន​ជំនួយ ពួកគេ​ត្រូវ​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋានដើម្បី ទទួល​បាន​ការឧបត្តម្ភ​»។

​មក​ទល់​ពេល​នេះ មិនមាន​ការ​ផ្តល់​ជំនួយ​ច្រើន​នោះ​ទេ​ទៅ​ដល់​កម្មករ​ជា​ច្រើន​នាក់ ដែល​កំពុង​ជាប់​ក្នុង​ផ្ទះ​ អំឡុងពេល​បិទខ្ទប់ ខណៈ​ធនធាន​របស់​ពួកគេ​ចាប់ផ្តើម​ខ្សត់ខ្សោយ។ ជា​ធម្មតា កម្មករ​កាត់ដេរ​ទទួល​បាន​ប្រាក់ឈ្នួល​ពីរ​លើក​ក្នុង​មួយ​ខែ ហើយ​ដូច្នេះ​ ពួកគេ​គួរ​តែ​ត្រូវ​ ទទួល​បាន​ប្រាក់ ​ឈ្នួល​ ទីមួយ មុនពេល​រោងចក្រ​របស់​ពួកគេ​ប្រកាស​ផ្អាក​ដំណើរការ​ជា​ផ្លូវការ។ លោក​បូរ៉ា​មិនមែន​ជា​កម្មករ​តែ​ម្នាក់​នោះ​ទេ ដែល​មិនទាន់​ទទួល​បាន​ប្រាក់​ឈ្នួល។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធសហជីព​កម្ពុជា បាន​និយាយ​ថា ក្រសួង​ការងារ​ហាក់ ដូចជា​មាន​ទំនោរ​ទៅ​ខាង​នយោជក ដោយ​ទុកឲ្យ​កម្មករ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​លំបាក។

លោកស្រី​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ ពួកគាត់​មួយ​ចំនួនជំពាក់​លុយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ តើ​ខាង​ធនាគារឲ្យ​ពួកគេ​ផ្អាកបង់ដែរទេ? ពួកគេ​នៅតែត្រូវ​បង់​ឲ្យ​ធនាគារ ដដែល ទោះបីជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដូចនេះ​ក៏ដោយ។ [ចំណាត់ការ] ដូចនេះ​មិនអាច​ជួយ​កម្មករ​ក្នុង​ពេល​លំបាក​នោះ​ទេ ប៉ុន្តែ​កាន់​តែ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ថែមទៀត»។ ​

លោកស្រី​បាន​បន្ត​ថា កម្មករ​នៅ​តំបន់​ជាយក្រុង​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ ដោយសារ​​ការ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​អំឡុងពេល​បិទខ្ទប់ ខណៈ​កម្មករ​មួយ​ចំនួន​នៅ​ខាង​ក្រៅ​តំបន់បិទខ្ទប់ បាន​ដាក់​ពាក្យ​សុំ​ឈប់​សម្រាក​ដោយគ្មាន​ប្រាក់ឈ្នួល ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាពអំឡុង ពេល ​ធ្វើការ​។ ​

សមាគម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា GMAC បាន​និយាយ​ថា ការ​បិទខ្ទប់​ពិតជា​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​មក​លើ​នយោជក។

សមាគម​បាន​លើកឡើង​ថា សូម្បី​តែ​រោងចក្រ​នៅ​ខាង​ក្រៅ​តំបន់​បិទខ្ទប់​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ដោយសារ​តែ​នយោជិត​ភាគច្រើន​រស់​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​បិទ។​ ​កម្មករ​មិនអាច​ធ្វើ​ដំណើរ​មក​ធ្វើការ​បាន ហើយរោងចក្រ​ដែល​មិនមែន​នៅ​ក្នុង​តំបន់​រាំងខ្ទប់ ​ក៏​មិនអាច​ដំណើរការ​បាន​ដូចធម្មតា​ផង​ដែរ។​

​​ប្រធានសមាគម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង ទទួល​ស្គាល់​ពី​ផលប៉ះពាល់​ មក​លើ​សមាជិក​ជា​ម្ចាស់រោងចក្រ ប៉ុន្តែ​លោក​សង្ឃឹម​ថា ការ​ការពារ​សុខភាព​សាធារណៈ​អាច​ជួយ​រួមចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង។

លោក​បាន​បន្ត​ថា ការ​ការពារ​សុខភាព​កម្មករ ស្របពេល​រក្សា​ស្ថិរភាព​ខ្សែចង្វាក់​ផលិតកម្ម និង​ការ​​សម្រួល​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​គឺ​ជា​​​ អាទិភាព​ចម្បង។

​លោក​បាន​ថ្លែង​ថា៖ «នេះ​ពិត​ជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​យើង​ត្រូវ​គិត​ពី​អាយុជីវិត​ប្រជាពលរដ្ឋ ជាអាទិភាព​ និង​សុខភាព​កម្មករ​ដំបូង​សិន។ វា​ជា​រឿង​សំខាន់ជាង»

​លោក​ ស៊ូអៀង ​បាន​បន្ថែម​ថា កម្មករ​នៅ​តំបន់​បិទខ្ទប់​នឹង​មិន​ទទួល​បាន ​ប្រាក់ឈ្នួល​ពេញលេញ​នោះទេ ដោយសារ​តែ​កិច្ចសន្យា​ការងារ​របស់​ពួកគេ​ត្រូវ​បាន​ផ្អាក​ ហើយនៅ​អំឡុងពេល​​នេះ​ចាត់​ទុក​ជា ​ករណី​ ពិសេស​មួយ។ ​

​លោក​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​នឹង​ផ្តល់​ការឧប្តម្ភ ​ខ្លះ​សម្រាប់​កម្មករ​នៅ​តំបន់​បិទខ្ទប់ ខណៈ​ម្ចាស់​រោងចក្រ​នឹង​ផ្តល់​ឲ្យ​ខ្លះ​ថែមទៀត»

​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ សមាគម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ចេញ​នូវ​សេចក្តីអំពាវនាវមួយ​បន្ថែម​ទៀត ​ដល់​សមាជិក​របស់​ខ្លួនដោយ​លើកឡើង​សារជាថ្មី​នូវ​ផលប៉ះពាល់​នៃ​ការ​បិទខ្ទប់​មក​លើ​ផលិតករ​នៅ​ក្នុង​វិស័យ​កាត់ដេរ។

សមាគម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និយាយថា ​ខណៈ​រោងចក្រ​នានា​កំពុង​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ធ្ងន់ធ្ងរ កម្មករ​ងាយរងគ្រោះ​ ក៏​ប្រឈម​មុខ​​ នឹង​ការ​ខាតបង់​ដូចគ្នា​នេះ។ សេចក្តីអំពាវនាវនោះបាន​លើកឡើង​ថា ស្ថាន ភាព​នា​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្យួរ​កិច្ចសន្យា​ផ្តល់​ការងារ មាន​ន័យ​ថា ផ្អែក​លើ​ច្បាប់​កម្ពុជា​ ទាំង​នយោជក និង​នយោជិត​ គឺ​មិនជាប់​ក្នុង​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា។

សេចក្តីអំពាវនាវ​​សរសេរ​ថា៖ «កម្មករ​មិនមាន​កាតព្វកិច្ច​បំពេញ​ការងារ​ឲ្យ​និយោជក ហើយ​ និយោជក ​មិនមាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​ឈ្នួលដល់កម្មករនិយោជិត ​អំឡុងពេល​ព្យួរ​កិច្ចសន្យានេះ»។  

សេចក្តីអំពាវនាវបានបន្ថែមថា៖ «ទោះជាយ៉ាងណាក្តី ដោយ​ឃើញ​​ការលំបាក​ដែល​កម្មករ​កំពុង​ជួប​ប្រទះ​អំឡុង​ពេល​ស្ថានភាព​ដ៏លំបាកនេះ សមាគមសូម​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​នៅ​តំបន់​បិទខ្ទប់​ពិចារណា​ផ្តល់​ប្រាក់​ឧប្តម្ភមួយ​​ចំនួន​ទៅ​ឲ្យ​កម្មករ​របស់​ខ្លួន»

យោង​ទៅ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចុះផ្សាយ​កាល​ពី​ដើម​ខែ​មេសា​ នៅ​ឆ្នាំ២០២០ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កាត់ដេរ ស្បែកជើង និង​ទំនិញ​​ធ្វើ​ដំណើរ​ក្នុង​តម្លៃ​ជាង ៩​ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ វិស័យ​នេះ​បាន​រង​នូវ​លក្ខខណ្ឌ​មិនអំណោយផល​ផង​ដែរ បន្ទាប់​ពី​​ប្រព័ន្ធ​អនុគ្រោះពន្ធ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិកផុតកំណត់ និង​ការ​ដក​ចេញ​ ២០​ភាគរយ​នៃ​ការ​អនុគ្រោះ​ពន្ធ​​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហភាព​អឺរ៉ុប​លើ​ទំនិញ​អ្វីៗគ្រប់យ៉ាង​​​លើកលែង​តែ​សព្វាវុធ( ​​EBA)។

​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន រោងចក្រ និង​សាជីវកម្ម​ទាំងអស់​ ដែល​បាន​ផ្អាក​ដំណើរការ​នៅ​តំបន់​បិទខ្ទប់ ឲ្យបើក​ប្រាក់​ឈ្នួល​ទីមួយ ទៅ​ឲ្យ​កម្មករ​សម្រាប់​ខែ​មេសា​ នៅ​ពេល​ដែល​ស្ថានភាព​ត្រឡប់​មក​ប្រក្រតី​ឡើង​វិញ និង​បាន បាន​អំពាវនាវ ​ឲ្យ​នយោជក​ផ្តល់​ជំនួយ​បន្ថែម​អំឡុងពេល​ការ​បិទខ្ទប់​ផង​ដែរ។ 

ជំនួយ​បែប​នេះ​គឺត្រូវ​ការ​ចាំបាច់​សម្រាប់​កម្មករ​រោងចក្រ​ ដែល​កំពុង​ជាប់​នៅ​ផ្ទះ ហើយ​ដែល​ការងារ​របស់​ពួកគេ​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ។

​អ្នកស្រី យុន មុំ​ ជា​កម្មករ​ម្នាក់ ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃវែង បាន​និយាយ​ថា អ្នកស្រី​ បានឮ​ថា អាជ្ញាធរ​នឹង​ចែកស្បៀងអាហារ ប៉ុន្តែ​អ្នកស្រី និង​កម្មករ​ដទៃ ​ទៀត​មិន​ទាន់ ​ទទួលបាន​ជំនួយ ​នោះ​នៅ​ឡើយ​ទេ។

​អ្នកស្រី​បាន​ថ្លែង​​ថា៖ «ខ្ញុំ​និង​កម្មករ​ដទៃ​ទៀត​បាន​ចំណាយ​លុយ​ទិញ​ម្ហូប​ដោយ​ខ្លួន​ឯង ហើយ​យើង​មិនទាន់​ទទួល​បាន​ប្រាក់ឈ្នួល​នៅ​ឡើយ​ទេ។ ខ្ញុំ​ក៏​ត្រូវ​បង់ធនាគារ​ផងដែរ។ វា​លំបាក​ណាស់​ឥឡូវ​នេះ»។

អ្នកស្រីក៏​បារម្ភ​ពី​ការ​ចំណាយ​លើ​ទឹក​និងអគ្គិសនី​ប្រើប្រាស់​ផង​ដែរ ដោយសារ​តែ​ការ​តម្រូវ​ឲ្យ​នៅ​ផ្ទះ​ អំឡុង ពេល​បិទខ្ទប់​នេះ។

​អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ចំណាយ​យ៉ាងហោចណាស់​ ៥០ដុល្លារ​សម្រាប់​ទឹក​ភ្លើង​ក្នុង​មួយ​ខែ ហើយ​ខែ​នេះ​ខ្ញុំ​នៅ​ផ្ទះ​ទាំង​យប់​ និង​ថ្ងៃ ដូច្នេះ​ខ្ញុំ​កាន់​តែ​ត្រូវ​ចំណាយថែមទៀត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mass closure of garment factories leaves workers unpaid, struggling to survive in lockdown

513 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម