ពលរដ្ឋភៀសសឹកប្រមាណ៣០ម៉ឺននាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់អាជ្ញាធរមីន។
លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនបានថ្លែងក្នុងហ្វេសប៊ុករបស់អាជ្ញាធរមីន នៅថ្ងៃទី១៥ ខែមករា ថា ក្រោយមានការបាញ់ប្រហាររបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាជាលើកទី២ ដែលមានរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។
ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។
លោក លី ធុជ បានបញ្ជាក់ថា៖ «អនុវត្តតាមសេចក្តីណែនាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺននាក់ ក្នុងចំណោមប្រជាជនភៀសសឹកសរុបចំនួនជាង ៥៤ម៉ឺននាក់ បានទទួលការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមមណ្ឌលជនភៀសសឹកក្នុងខេត្តចំនួន៧ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង ព្រះវិហារ និងឧត្តរមានជ័យ»។

លោកបានឱ្យដឹងទៀតថា ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បាននិងកំពុងប្រមូលយកទៅកម្ទេចចោលយុទ្ធភណ្ឌគ្រប់ប្រភេទ និងបន្តធ្វើការស្រាវជ្រាវនិងបោសសម្អាត ទីតាំងមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជនភៀសសឹកមុនពេលពួកគាត់វិលត្រឡប់ទៅលំនៅឋាននវិញ។
លោក លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រសួងស្ថាប័នជំនាញ ប្រតិបត្តិករបោសសម្អាតមីន កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធសកម្មភាពមីនដទៃទៀត ដែលបានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះលើប្រជាជនភៀសសឹក។
លោក លី ធុជ បានបន្តថា អាជ្ញាធរមីននឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងបោសសម្អាតមីន និងគ្រាប់មិនផ្ទុះនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្រ្គាម ក្នុងការការស្តារហេដ្ឋារចនាសម្ព័ន្ធ ដូចជា វត្តអារាម ប្រសាទបុរាណ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បុស្តិ៍រដ្ឋបាល ផ្សារ ស្ពាន ជាដើម និងរៀបចំលំនៅឋានឡើងវិញជូនប្រជាជនរងគ្រោះ។
លោកបានបន្ថែមថា «អាជ្ញាធរមីននឹងបន្តកិច្ចសហការជាមួយប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកធនធានបន្ថែមសម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗនៅកម្ពុជា»។
ក្រសួងមហាផ្ទៃបានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ជនភៀសខ្លួនប្រមាណ ៥សែននាក់ ក្នុងចំណោមមនុស្សជាង ៦៤០ ០០០នាក់ បានវិលត្រឡប់មកផ្ទះវិញ ដោយមានជនភៀសខ្លួនចំនួន ១៤៤ ៣២៦នាក់ដែលបន្តស្នាក់នៅក្នុងជំរំភៀសសឹក៕










