ក្រសួងព័ត៌មានបានផ្ដល់ភ្លើងខៀវដល់អាជ្ញាធរមូលដ្ឋានចាត់វិធានការច្បាប់លើអ្នកសារព័ត៌មាន ដែលថាបានបំពេញការងារគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់ការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន។
ការសម្រេចរបស់ក្រសួងព័ត៌មាននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាលបានសរសេរលិខិតមួយច្បាប់មកកាន់ក្រសួងកាលពីខែមិថុនា ដោយស្នើឲ្យមានវិធានការច្បាប់លើអ្នកសារព័ត៌មានមួយចំនួនដែលបានផ្សាយផ្ទាល់ពីការតវ៉ាប្រឆាំងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មីនៅស្រុកកណ្ដាលស្ទឹង។ ជាការឆ្លើយតប ក្រសួងបានអនុញ្ញាតឲ្យរដ្ឋបាលខេត្តបន្តវិធានការច្បាប់ដោយពុំចាំបាច់សុំគោលការណ៍ជាមុនពីក្រសួងព័ត៌មាននោះទេ។
លិខិតសរសេរទៀតថា៖ «[ក្នុងករណី] អ្នកសារព័ត៌មានធ្វើសកម្មភាពដោយគ្មានវិជ្ជាជីវៈល្មើសច្បាប់ ដែលធ្វើឲ្យរំខានការអនុវត្តការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ដល់កិច្ចប្រតិបត្តិការរបស់អាជ្ញាធរសមត្ថកិច្ច ឬផ្សាយព័ត៌មានមិនពិត ញ៉ុះញង់ឲ្យប្រឆាំងនឹងការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ឬធ្វើឲ្យប៉ះពាល់ប្រយោជន៍បុគ្គលណាម្នាក់ បុគ្គល ឬ ស្ថានប័ននោះអាចចាត់វិធានការតាមនីតិវិធីច្បាប់»។
ក្នុងលិខិតដើមស្នើទៅកាន់ក្រសួងព័ត៌មាន អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចោទអ្នកសារព័ត៌មានថាបានធ្វើការដោយគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងរំខានដល់អាជ្ញាធរក្នុងការដោះស្រាយទំនាស់។
លោក លួស សេង ចាងហ្វាងសារព័ត៌មានអនឡាញ LSN News TV និងជាអ្នកសារព័ត៌មានម្នាក់ដែលអាជ្ញាធរបានធ្វើទុក្ខបុកម្នេញដែរនោះ បាននិយាយថាក្រុមការងាររបស់លោកបានទទួលការព្រមានតាំងពីលោកបានផ្សាយផ្ទាល់ពីការប្រឈមមុខដាក់គ្នាលើបណ្ដាញសង្គមហ្វេសប៊ុក។
លោកឲ្យដឹងថា៖ «អាជ្ញាធរមិនបានរារាំងអ្នកសារព័ត៌មានចូលទីតាំងដែលមានប្រជាពលរដ្ឋប្រមូលផ្ដុំនោះទេ»។ លោកបន្ថែមថា៖ «ប៉ុន្តែពួកគេបានប្ដឹងខ្ញុំទៅក្រសូងព័ត៌មានពីបទញ៉ុះញង់ ហើយក្រសួងបានបង្វែរសំណុំរឿងនេះទៅកាន់តុលាការ»។
លោកអះអាងថា ការសម្រេចនេះ គឺជាការគំរាមកំហែងដល់អ្នកសារព័ត៌មានដែលរាយការណ៍ព័ត៌មានពិតទៅកាន់សាធារណជន។
លោកឲ្យដឹងទៀតថា៖ «អាជ្ញាធរបានគំរាមប្ដឹងខ្ញុំ ពេលខ្ញុំរាយការណ៍ពីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល»។ លោកបន្ថែមទៀតថា៖ «ខ្ញុំមិនដឹងថាអាជ្ញាធរគិតយ៉ាងម៉េចថាជាការញ៉ុះញង់ ពីព្រោះខ្ញុំរាយការណ៍តាមពាក្យរបស់ប្រជាពលរដ្ឋ។ ខ្ញុំគិតថាអាជ្ញាធរចង់បិទបាំងរឿងអ្វីមូយ»។
ប្រជាពលរដ្ឋជាង៣០០គ្រួសារកំពុងរស់នៅលើដី៤០០ហិកតា ក្នុងឃុំចំនួនបីក្នុងស្រុកកណ្ដាលស្ទឹង និងឃុំមួយក្នុងស្រុកបាទី ខេត្តតាកែវ បានជាប់ក្នុងជម្លោះដីធ្លីរយៈពេលបីឆ្នាំ មកហើយ តាំងពីចាប់ផ្ដើមគម្រោងអាកាសយានដ្ឋានតម្លៃ១,៥ពាន់លានដុល្លារ ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនOCIC និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការចរចារវាងអាជ្ញាធរ និងប្រជាពលបានបរាជ័យរហូតមកដល់ពេលនេះ ដោយអាជ្ញាធរប្រកាន់ជំហរផ្ដល់តំលៃសំណង ដែលប្រជាពលរដ្ឋបានបដិសេធទទួល។
កាលពីពាក់កណ្ដាលខែឧសភា ប្រជាពលរដ្ឋរាប់សិបនាក់បានតវ៉ានៅនឹងដីជម្លោះបន្ទាប់ពីក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រទៅឈូសឆាយដីស្រែរបស់ពួកគេ និងបានធ្វើឲ្យខូចខាតស្រូវអស់ជាងមួយហិកតា។ ប្រជាពលរដ្ឋបានបោះតង់នៅចាំដី និងបិទផ្លូវចូលទៅក្នុងដីគម្រោង។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ប្រាប់ខេមបូចាថា មានអ្នកសារព័ត៌មានមួយចំនួន បានធ្វើការដោយគ្មានវិជ្ជាជីវៈ និងអាចធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់របស់អាជ្ញាធរ។
លោកមានប្រសាសន៍ថា៖ «ពួកគេធ្វើហួសពីតួនាទី ដោយគ្រាន់តែចង់បានការចាប់អារម្មណ៍លើស្ថាប័នព័ត៌មានរបស់ពួកគេ»។ ដោយលោកបន្ថែមថា៖ «ពួកគេបានថតវីដេអូផ្សាយផ្ទាល់ពីជម្លោះដែលកំពុងដោះស្រាយ និងបានបំប៉ោងបញ្ហា»។ លោកថាការធ្វើដូចនេះ អាចបង្កើតជាការយល់ច្រលំធំចំពោះសាធារណជន។
លោក គង់ សោភ័ណ្ឌ ឲ្យដឹងទៀតថា អាជ្ញាធរមិនទាន់បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកសារព័ត៌មានណាម្នាក់នៅឡើយទេ ប៉ុន្តែបានព្រមានអ្នកទាំងនោះថាការបន្តរាយការណ៍ព័ត៌មានបង្កបញ្ហាដល់អាជ្ញាធរ អាចនឹងទទួលផលវិបាកវិញ។
លោកមានប្រសាសន៍ថា៖ «យើងមិនចង់ធ្វើឲ្យមានបញ្ហាជាមួយអ្នកសារព័ត៌មានទេ ពួកគេជាដៃគូរដ៏សំខាន់ក្នុងការងាររបស់យើង…ប៉ុន្តែបើអ្នកសារព័ត៌មានប្រព្រឹត្តខុសច្បាប់ និងធ្វើឲ្យខូចខាតប្រយោជន៍សាធារណៈ យើងគ្មានជម្រើសទេ មានតែការអនុវត្តច្បាប់»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងតែងតែអនុវត្តវិធានការបត់បែនលើអ្នកសារព័ត៌មាន និងបានជំរុញឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងរាយការណ៍ព័ត៌មានពិត។
លោកមានប្រសាសន៍ថា៖ «ក្រសួងតែងតែផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានធ្វើការកែតម្រូវ និងអប់រំពួកគេឲ្យអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ»។ លោកបន្ថែមថា៖ «ប៉ុន្តែពេលអ្នកសារព័ត៌មានប្រព្រឹត្តខុស ពួកគេត្រូវទទួលសុខសត្រូវចំពោះមុខច្បាប់»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសពេលកំពុងរាយការណ៍ព័ត៌មាន គួរតែទទួលការដាក់ទោសតាមច្បាប់ស្តីពីរបបសារព័ត៌មាន មិនមែនក្រមព្រហ្មទណ្ឌនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថានេះជារូបភាពគំរាមកំហែងដល់អ្នកសារព័ត៌មាន ដែលមិនមែនជារឿងថ្មី ហើយវានៅតែកើតឡើងដដែលៗ»។ លោកបន្តទៀតថា៖ «យើងគួរតែបណ្ដុះបណ្ដាល និងអប់រំពួកគេឲ្យបានកាន់តែប្រសើរលើក្រមសីលធម៌ និងវិជ្ជាជីវៈ ជាជាងបន្តគំរាមកំហែងពួកគេ»។
លោកលើកឡើងដែរថា ចេតនាហាមឃាត់អ្នកសារព័ត៌មានចូលទៅកាន់ទីតាំងណាមួយគួរតែមានកំណត់ដោយច្បាប់។
លោកបន្ថែមទៀតថា៖ «ហើយបើសិនជាអាជ្ញាធរបន្តរារាំងអ្នកសារព័ត៌មានចូលទៅកាន់តំបន់ណាមួយ វាគឺជាការរឹតត្បិតលើសេរីភាពសារព័ត៌មាន»។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៣៧ ដែលត្រូវបានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) រាយការណ៍កាលពីថ្ងៃទី២ ខែមិថុនា ថាបានបង្ក្រាបយ៉ាងខ្លាំងក្លាលើសេរីភាពសារព័ត៌មាន។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការសម្រេចរបស់ក្រសួងបង្កជាក្ដីបារម្ភមួយ ជាពិសេសនៅពេលដែលរដ្ឋាភិបាលនៅបន្តការបង្រ្កាមលើអ្នកសារព័ត៌មាន។
លោកស្រីលើកឡើងថា៖ «ការប្រឆាំងនឹងការរាយការណ៍ព័ត៌មានគ្មានវិជ្ជាជីវៈ ត្រូវតែធ្វើឡើងដោយស្មោះត្រង់ និងមិនមែនប្រើការចោទប្រកាន់ដើម្បីបំបិទសេរីភាពបញ្ចេញមតិ និងការរិះគន់នោះទេ»។ លោកស្រីបន្ថែមថា៖ «រដ្ឋាភិបាលគួរតែពិចារណាបន្ធូរបន្ថយវិធានការដាក់ទោសនេះ»។ (រាយការណ៍បន្ថែមដោយ ង៉ាយ ណៃ)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ministry of Information empowers local authorities to take legal action against journalists