សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សតូចៗពិភាក្សាគ្នាអំពីការចងសម្ព័ន្ធភាពនៅមុនការបោះឆ្នោតជាតិ

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែង អំឡុងសន្និសីទកាសែតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែង អំឡុងសន្និសីទកាសែតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) បាន​ឲ្យដឹងកាល​ពីថ្ងៃអង្គារ​ថា ខ្លួន​កំពុងតែ​ស្វះស្វែង​បង្កើត​សម្ព័ន្ធភាព​ជាមួយគណបក្ស​តូចៗផ្សេងទៀតនៅមុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០២៣ ប៉ុន្តែ​អ្នកវិភាគនិង​មន្ត្រីគណបក្ស​ផ្សេងទៀតបាន​អះអាងថា នឹងមាន​បញ្ហា​ប្រឈម​ក្នុងការ​បង្កើត​សម្ព័ន្ធភាព​ដែល​រឹងមាំ​ល្មម​នឹងអាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​កាន់អំណាចដែលកំពុងគ្រប់គ្រងសភាជាតិទាំង​ស្រុងនេះ។

អំឡុង​សន្និសីទកាសែត​កាលពីថ្ងៃអង្គារ លោក យ៉េង វីរៈ ជាប្រធានគណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​មាន​ប្រសាសន៍​ថា គោលបំណង​គឺដើម្បី​បង្កើត​ឲ្យ​មាន​តុល្យភាព​អំណាចក្នុងសភា​ជាមួយគណបក្សប្រជាជនកម្ពុជា​។

លោក​ យ៉េង វីរៈ មាន​ប្រសាសន៍ថា៖ «យើងសង្ឃឹមថា សម្ព័ន្ធភាពនេះ​អាចទៅរួច​និងដើម្បី​បង្កើន​សំឡេងពហុបក្ស​នៅក្នុង​រដ្ឋសភា» ដោយ​លោកបាន​បន្ថែមថា សម្ព័ន្ធភាពនេះសង្ឃឹមថា នឹងទទួល​បាន​អាសនៈគ្រប់គ្រាន់​រួម​គ្នា​ ដើម្បី​បង្កើន​ជា​សម្ព័ន្ធភាព​មួយ​ដែលអាចរារាំង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឲ្យ​គ្រប់គ្រងសភា​ទាំង​ស្រុង។

សម្ព័ន្ធភាព​គណបក្ស​នេះអាច​ប្រើប្រាស់ទម្រង់ណាមួយ​ដែល​កើតចេញពី​ការ​ចរចារវាងគណបក្ស​តូចៗ ដូចជា ចែកមណ្ឌលគ្នាឈរឈ្មោះ ដើម្បីគាំទ្រ​ដល់​បេក្ខភាពតែម្នាក់នៅក្នុងមណ្ឌល​បោះឆ្នោត​មួយ ​ច្របាច់បញ្ចូល​គ្នា​ក្រោម​ឆ័ត្រគណបក្ស​មួយ ឬបង្កើត​គណបក្ស​ប្រឆាំង​ថ្មីមួយ។

ការ​បោះឆ្នោត​ភាគច្រើន​ទាមទារឲ្យមាន​សំឡេងភាគច្រើ​នដាច់ខាត ប៉ុន្តែ​ប្រសិនបើ​គណបក្ស​តូចៗទទួល​បាន​លើសពី​៤១​អសនៈនៅក្នុងចំណោម​អសនៈ​ទាំង​១២៥នៅក្នុងរដ្ឋសភា​ហើយ​ចងជាសម្ព័ន្ធភាព​ នោះពួកគេអាច​រារាំង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​បោះឆ្នោត​វ៉េតូ​សមាជិកគណរដ្ឋមន្ត្រីផងដែរ ដែល​ត្រូវ​ការ​សំឡេងភាគច្រើនពីរភាគបី។​

លោក វីរៈ បាន​មាន​ប្រសាសន៍ថា GDP ធ្លាប់បាន​ពិភាក្សា​ក្រៅផ្លូវការ​ជាមួយនឹង​គណបក្ស​ឆន្ទៈខ្មែរ គណបក្ស​កំណែទម្រង់កម្ពុជា គណបក្ស​ភ្លើងទៀននិង​គណបក្ស​កម្ពុជានិយម។

គណបក្ស​ទាំង​អស់នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​នៃអតីត​គណបក្ស​ប្រឆាំង​គឺគណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយសាលដីកា​តុលាការកំពូល​កាល​ពី​ឆ្នាំ​២០១៧។ អំឡុង​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨ គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​ទាំង​១២៥អាសនៈនៅក្នុង​រដ្ឋសភា។

លោក យ៉ង សាំងកុមារ ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​មាន​ប្រសាសន៍ថា មាន​តែសម្ព័ន្ធភាព​ដែល​ដំណើរ​ការ​មួយ​ទើប​អាច​ទប់ស្កាត់​ការបន្ត​ដឹកនាំ​ដោយ​ឯក​បក្ស​នេះ។ 

លោក​មាន​ប្រសាសន៍ថា៖ «ប្រសិនបើ​យើង​មិន​សហការ​គ្នា​ វានឹងមិនផ្តល់ប្រយោជន៍ដល់​ប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅ​ក្នុង​ប្រទេសកម្ពុជា​ទេ»។ 

លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍បន្តថា៖ «ប្រជាពលរដ្ឋកម្ពុជា​មើលឃើញថា នៅពេល​ដែល​គណបក្ស​នយោបាយ​ដែល​បាននិងកំពុងប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​ហើយពួកគេនៅ​បែកគ្នា​ នោះសំឡេង​របស់​គណបក្ស​ប្រជាជនកម្ពុជា​កើ​នឡើង​ច្រើន​»។

លោក​បាន​កត់​សម្គាល់ថា សំឡេងឆ្នោត​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​កើនឡើង​ ចាប់តាំងពីការបោះឆ្នោត​​ឆ្នាំ​១៩៩៣​គឺកើន​ពី​១,៥លាន​ដល់​៣,៥លាន​សំឡេងនៅក្នុង​ឆ្នាំ​២០០៨ ប៉ុន្តែ​បាន​ធ្លាក់ចុះកាលពីឆ្នាំ​២០១៣ បន្ទាប់ពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ច្របាច់បញ្ចូល​គ្នាក្លាយជា​គណបក្ស​សង្គ្រោះជាតិ​ដែលជា​គណបក្ស​ប្រឆាំង​ដ៏ធំ​។ នៅ​ឆ្នាំនោះ គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ។​

ប៉ុន្តែ​គេនៅមិនទាន់ច្បាស់ថា តើ​សម្ព័ន្ធភាពនេះនឹងគ្រប់គ្រាន់ ដើម្បី​ប្រជែង​ជាមួយនឹងគណបក្ស​កាន់អំណាចដែលកំពុងមាន​ប្រៀបនេះ​ឬយ៉ាងណាទេ។ កាលពីបោះឆ្នោតក្នុងខែមិថុនា គណបក្សប្រជាជនកម្ពុជាបានឈ្នះមេឃុំចំនួន ១៦៤៨ ក្នុងចំណោម ១៦៥២ ឃុំ សង្កាត់ ដោយគណបក្សភ្លើងទៀនឈ្នះមេឃុំតែបួនប៉ុណ្ណោះ។ គណបក្សប្រជាជនកម្ពុជាឈ្នះបាន ៧៤,៣ភាគរយ ឬស្មើ៩៣៧៦អាសនៈ នៃ១១,៦២២ ក្រុប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស​ភ្លើងទៀន​បាន​មាន​ប្រសាសន៍ថា ខណៈ​ពេល​លោក​គាំទ្រ​ជាគោលការនូវគំនិតនៃការ​ចងសម្ព័ន្ធភាព​នេះដែលជា​មធ្យោបាយ​ទប់ទល់ជាមួយ​គណបក្ស​កាន់អំណាចក៏ដោយ​ ក៏គណបក្សភ្លើងទៀន​មិនទាន់​ធ្វើការ​សម្រេចចិត្តណាមួយនៅឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍ថា៖ «​យើង​មិន​ទាន់​បាន​ជជែក​អំពីសម្ព័ន្ធភាព​នយោបាយ​នៅឡើយ​ទេ។ យើង​គ្រាន់តែ​គិតអំពី​រចនាសម្ព័ន្ធ​និងពង្រឹង​ថ្នាក់មូលដ្ឋាន​របស់​យើង។ ខ្ញុំគិតថា យើងត្រូវ​ពង្រឹង​ខ្លួន​យើងជាមុនសិន​ មុន​ពេល​យើង​អាច​ជជែក​អំពី​ថា តើគួរ​ចងជាសម្ព័ន្ធភាពអ្វីខ្លះ»។

លោក​បាន​កត់សម្គាល់ថា គោលនយោបាយគណបក្ស​របស់​លោកគឺសំដៅ​ឲ្យ​មាន​ឯកភាព​ជាតិ​ ជាពិសេស​ការបង្រួបបង្រួមកម្លាំង​អ្នក​ប្រជាធិបតេយ្យ​ ដើម្បី​នាំមក​នូវការ​ផ្លាស់ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ខាងមុខនៅឆ្នាំ​២០២៣​។ ដោយ​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន​ទទួលបានសំឡេងគាំទ្រ​​ជិត​២លាន​សំឡេងនៅក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​ លោក​បាន​មាន​ប្រសាសន៍ថា លោក​ជឿថា គណបក្សប្រឆាំង​នេះ​មាន​ឱកាស​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិ​។

លោក​មាន​ប្រសាសន៍ថា៖ «​គេអាចមើលឃើញថា ការ​បោះ​ឆ្នោត​នាពេល​ខាងមុខ​​គណបក្ស​ភ្លើងទៀននឹងអាចទទួលបាន​នូវសំឡេងភាគច្រើន​នៅក្នុង​សភា ដូច្នេះ​ពួកគេ​ [CPP] ព្យាយាម​ធ្វើ​ច្បាប់​ការ​ពារ» ដោយ​លោកសំដៅ​ដល់សេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​នឹង​កាត់បន្ថយ​អំណាច​របស់​សភា។

លោក អ៊ូ ចាន់រ័ត្ន អនុប្រធាន​គណបក្ស​កំណែទម្រង់កម្ពុជា​បាន​មាន​ប្រសាសន៍ថា គណបក្ស​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ពិភាក្សា​បង្កើត​សម្ព័ន្ធភាព​ហើយ​នឹងពិភាក្សាផ្ទៃក្នុង​អំពីបញ្ហានេះផងដែរ។

 លោក​បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​បាន​ឃើញ​សេណារីយោមួយចំនួន​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​។ ខ្ញុំគិត​ថា វាអាចមាន​​សម្ព័ន្ធភាព​ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​មួយ​ ខ្ញុំគិតថា វាពិបាកនឹងទៅរួច»។

លោកបាន​បន្ថែមថា៖ «ប្រសិនបើ​គណបក្ស​ក្រៅរដ្ឋាភិបាល​មិន​រួបរួម​គ្នា​ យើង​នឹង​បាត់បង់​អាសនៈនៅក្នុងសភា ដែល​នឹង​ធ្វើ​ឲ្យ​គណបក្សកាន់អំណាចកាន់តែ​មាន​ឥទ្ធិពល​ជាងមុន​»។

លោក សុខ ឥសាន ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាចបាន​មាន​ប្រសាសន៍ថា ការ​ពិភាក្សា​ណាមួយអំពីសម្ព័ន្ធភាព​គណបក្ស «​គឺជាសិទ្ធិនយោបាយ​របស់​ពួកគេ ហើយដរាបណាពួកគេមាន​ឆន្ទៈដូចគ្នា​និង​ចងសម្ព័ន្ធភាព​យូរអង្វែង​។ វាគឺជា​ការ​ល្អ»។ ទោះបីជា​យ៉ាងណា​ លោក​មាន​ប្រសាសន៍ថា គណបក្ស​កាន់អំណាច​គ្មានអ្វី​​បារម្ភ​នោះទេ។

លោក សុខ ឥសាន មាន​ប្រសាសន៍ថា៖ «បើទោះបីជា​ពួកគេចងសម្ព័ន្ធភាព​ក៏ដោយ ក៏គ្មាន​កម្លាំងនយោបាយ​រឹងមាំអីដែរ ពីព្រោះ​គណបក្ស​ទាំង​អស់នោះ​បាន​ចាញ់​ការ​បោះឆ្នោត​ ហើយ​ពួកគេ​ចេញមកពី​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការកំពូល​ ហើយនឹង​មិន​អាច​ឈ្នះ​ការ​បោះឆ្នោត​ខាងមុខទេ»។

លោក​បន្ថែមថា៖ «​គ្មាន​អ្វីដែល​ត្រូវ​បារម្ភ​នោះទេ។ ចាញ់​មួយបូកចាញ់មួយ​គឺស្មើ​នឹងចាញ់​ទាំង​អស់»។

លោក កន សាវ៉ាង ជាអ្នក​សម្របសម្រួល​ផ្នែកតស៊ូមតិ​នៅ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរីនិងយុត្តិធម៌នៅកម្ពុជា​ (Comfrel) បាន​ស្វាគមន៍​ក្តីរំពឹងនៃការ​បង្កើតសម្ព័ន្ធភាព​នយោបាយ​មួយ។ 

 លោក​មាន​ប្រសាសន៍ថា៖ «វាជាការល្អសម្រាប់សម្ព័ន្ធ​ភាព​គណបក្ស​ ប៉ុន្តែ​ពួកគេ​ត្រូវតែ​រៀបចំយុទ្ធសាស្ត្រ​នយោបាយ​ ដើម្បីផ្តល់ប្រយោជន៍ដល់គ្នាទៅវិញ​ទៅមក»។

 លោក​បន្តថា៖ «​ពីព្រោះ​អ្វីដែល​យើង​បាន​ឃើញ​ដោយ​ផ្អែក​លើ​លទ្ធផល​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០២២​ យើងអាចដឹងពីអំណាចនៃគណបក្សនីមួយៗនៅក្នុង​សម្ព័ន្ធភាព​នេះ ថាតើ​ពួកគេអាចទទួល​បាន​ការ​គាំទ្រ​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ឬយ៉ាងណា»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Minor political parties discuss alliance ahead of National Election

323 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម