ជាមួយនឹងដំណើរទស្សនកិច្ចការទូតដែលមានការរំពឹងខ្ពស់របស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងមកនេះ ក្រុមអ្នកសង្កេតការណ៍មានការយល់ឃើញផ្សេងៗគ្នាពីដំណើរទស្សនកិច្ចនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់បានសង្កត់ធ្ងន់លើកិច្ចពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយមេដឹកនាំរបបយោធាទាក់ទងនឹងការពន្យាពេលបទឈប់បាញ់រវាងរបបយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ពិតប្រាកដ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្ស និងមេដឹកនាំអាស៊ានមួយចំនួនបានរិះគន់ដំណើរទស្សនកិច្ចនេះថា ជាការធ្វើឲ្យរដ្ឋាភិបាលយោធាស្របច្បាប់ ដោយក្រុមបាតុករប្រឆាំងរបបយោធាមីយ៉ាន់ម៉ាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះលោកនាយករដ្ឋមន្ត្រីដោយផ្ទាល់ និងតាមអ៊ីនធឺណិត។ អ្នកវិភាគនយោបាយមួយចំនួននៅក្នុងប្រទេសកម្ពុជាបានធ្វើការរិះគន់ដោយប្រកាន់យកផ្លូវកណ្តាលដោយលើកឡើងថា កិច្ចព្រមព្រៀងទាំងឡាយណាដែលធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចនេះមានតម្លៃមិនច្បាស់លាស់ ដោយសារគ្មានការចូលរួមពីថ្នាក់ដឹកនាំស៊ីវិលដែលនៅសេសសល់ ដែលឥឡូវបានបង្កើតជារដ្ឋាភិបាលរួបរួមជាតិ (NUG)។
ដំណើរទស្សនកិច្ចទ្វេភាគីរយៈពេលពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយលោក ហ៊ុន សែន បានជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាលោក មីន អោង ឡាំង។លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធការស្តារផ្លូវថ្នល់កាលពីថ្ងៃចន្ទក្នុងខេត្តបាត់ដំបងថា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគី។
កិច្ចពិភាក្សានោះរាប់បញ្ចូលទាំងការប្តេជ្ញាចិត្តរបស់របបយោធាគោរពតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានដែលបានបង្កើតឡើងកាលពីខែមេសា ដែលក្នុងនោះ មេដឹកនាំក្នុងតំបន់នេះបានយល់ព្រមជាឯកច្ឆន្ទ និងបានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សា និងត្រឡប់ទៅរកការសន្ទនានយោបាយវិញ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា លោក មីន អោង ឡាំង បានយល់ព្រមជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា រួមទាំងជំនួបជាមួយក្រុមប្រដាប់អាវុធផងដែរ។ មេដឹកនាំរបបយោធាក៏បានប្រាប់លោក ហ៊ុន សែន ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតរបស់ខ្លួននៅខែសីហា ឆ្នាំ២០២៣ ទោះបីជាយ៉ាងណា នៅក្រោមលក្ខខណ្ឌបច្ចុប្បន្ន សហគមន៍អន្តរជាតិមិនទំនងទាល់តែសោះថា នឹងចាត់ទុកការប្រកួតប្រជែងបែបនេះថា ស្របច្បាប់។
តាមសេចក្តីរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីមិនបានសុំជួបជាមួយមេដឹកនាំស៊ីវិលដែលកំពុងជាប់ពន្ធនាគារគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីអំណាច និងចាប់ដាក់ពន្ធនាគារដោយរបបយោធា អំឡុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈរបស់ពួកយោធា។ លោកស្រី អ៊ុងសាន ស៊ូជី កំពុងបម្រើការជាទីប្រឹក្សារដ្ឋ បន្ទាប់ពីគណបក្សរបស់លោកស្រី គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ បានទទួលជ័យជម្នះលើក្រុមយោធានៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍កាលពីថ្ងៃចន្ទថា តុលាការមីយ៉ាន់ម៉ាបានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំបន្ថែមទៀតសម្រាប់ការផ្តន្ទាទោសដែលផ្តើមចេញពីការចោទប្រកាន់ពីបទកាន់កាប់ និងការនាំចូលឧបករណ៍ walkie-talkies ដោយខុសច្បាប់ ក៏ដូចជាការបំពានវិធានការណ៍ស្តីពីកូវីដ-១៩ ។
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសជាលើកដំបូងកាលពីខែធ្នូ និងត្រូវបានបន្ធួរបន្ថយទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ព័ត៌មានអំពីការកាត់ក្តីកាលពីថ្ងៃចន្ទក្នុងរដ្ឋធានី Naypyidaw ត្រូវបានបិទមិនឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដឹង ហើយមេធាវីរបស់មេដឹកនាំស៊ីវិលត្រូវបានរារាំងមិនឱ្យទំនាក់ទំនងជាមួយអ្នកកាសែត និងសាធារណៈជនទេ។
គេមិនដឹងច្បាស់ថា តើលោក ហ៊ុន សែន និងមេដឹកនាំរបបយោធាបានពិភាក្សាអំពី NUG ឬបណ្តាញយោធារបស់ខ្លួនដែលហៅថា កងកម្លាំងការពារប្រជាជន ដែលបាននិងកំពុងធ្វើការបះបោរប្រឆាំងនឹងរបបយោធាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងទៀត។ របបយោធារងការចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងការសម្លាប់រង្គាលជាច្រើនលើជនស៊ីវិល ចាប់តាំងពីការធ្វើរដ្ឋប្រហារបង្ហូរឈាមរបស់ខ្លួន។
មុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៩៥ ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយ «ថ្កោលទោសលោក ហ៊ុន សែន យ៉ាងខ្លាំងចំពោះការគាំទ្ររបបយោធាឧក្រិដ្ឋកម្មនៅមីយ៉ាន់ម៉ា»។
ក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានបន្ថែមថា បេសកជនពិសេសនឹងបន្តជួបជាមួយភាគីដែលចាប់អារម្មណ៍ក្នុងការដោះស្រាយជម្លោះស៊ីវិលពហុភាគី។ លោកក៏បានទទួលស្គាល់ផងដែរថា ក្រុមបាតុករដែលខឹងសម្បារក្នុងប្រទេសមីយ៉ាន់ម៉ា បានដុត និងជាន់ឈ្លីរូបភាពរបស់លោក ក៏ដូចជាសេចក្តីថ្លែងការណ៍ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនចាត់ទុកជាកំហុសរបស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានដុតរូបខ្ញុំ ឬជាន់លើរូបរបស់ខ្ញុំនោះទេ ប៉ុន្តែអ្នកនឹងយល់ថា ជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីសង្រ្គាមដោយសារតែតួនាទីរបស់អាស៊ាន»។
ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយមួយចំនួននៅកម្ពុជាមិនសូវប្រាកដថា ការពន្យាពេលបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានឹងមានប្រសិទ្ធិភាពច្រើននោះទេ។
លោក ឯម សុវណ្ណារ៉ា ជាអ្នកវិភាគនយោបាយមានប្រសាសន៍ថា ការប្រកាសរបស់របបយោធាមិនធានាដល់ការបញ្ចប់អំពើហិង្សានោះទេ ព្រោះវាមិនបានធ្វើឡើងដោយមានការព្រមព្រៀងជាមួយ NUG ដែលលោកហៅថា ជារដ្ឋាភិបាលស្រមោលនោះ។
លោក សុវណ្ណារ៉ា មានប្រសាសន៍ថា៖ «យើង [កម្ពុជា] ទទួលបានជោគជ័យមួយចំណុចក្នុងចំណោម ៥ ចំណុច។ យើងកំពុងរង់ចាំមើលយន្តការសម្រាប់កិច្ចប្រជុំ និងការចរចាជាមួយរដ្ឋាភិបាលស្រមោល»។
អ្នកវិភាគម្នាក់ទៀតគឺលោក គិន ភា ដែលជាអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានស្វាគមន៍ចំពោះការដែលរបបយោធាពន្យារពេលបទឈប់បាញ់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន។
លោកជឿជាក់ថា កិច្ចប្រជុំនេះគឺជាជោគជ័យមួយក្នុងការសម្រេចបាននូវគោលដៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិក្នុងការស្វែងរក «ការបញ្ចប់អំពើហិង្សាឱ្យបានឆាប់តាមដែលអាចធ្វើបាននៅក្នុងប្រទេសមីយ៉ាន់ម៉ា» រួមទាំងការផ្តល់ជំនួយមនុស្សធម៌ផងដែរ។
លោក គិន ភា បានមានប្រសាសន៍ថា៖ «វាបានបើកទ្វារសម្រាប់ការចរចា ការសន្ទនានយោបាយ និងសន្តិភាព»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mixed response, some junta promises after PM’s trip to Myanmar