សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការនិងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានកោះហៅប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងពាក់ព័ន្ធទំនាស់ដីធ្លី

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងបាននាំគ្នាទៅទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុន វីឡា ឌីវេឡុបមេន កុំឱ្យឈូសឆាយដីព្រៃសហគមន៍។ រូបថតកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងបាននាំគ្នាទៅទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុន វីឡា ឌីវេឡុបមេន កុំឱ្យឈូសឆាយដីព្រៃសហគមន៍។ រូបថតកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងចំនួន១០នាក់ត្រូវបានសាលាដំបូងនិងកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី​​ចេញដីកាកោះហៅចំនួន២ក្នុងចន្លោះពេលតែ២សប្ដាហ៍ឲ្យចូលបំភ្លឺ​ពាក់​ព័ន្ធ​​នឹង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន។ ប្រជាសហគមន៍​បាន​លើក​ឡើងថា​វាជា​រឿង​អយុត្តិធម៌ណាស់សម្រាប់​ពួកគាត់​ដោយគ្រាន់​តែចង់ថែរក្សាដី​នោះ​ជាដី​របស់​សហគមន៍​ប៉ុណ្ណោះ។

យោងតាមប្រជាសហគមន៍ នេះជាជម្លោះដ៏រ៉ាំរ៉ៃរវាងប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ជាង២០០គ្រួសារដែលមានទំហំដីជា១០០ហិកតា​ជាមួយ​ក្រុមហ៊ុន វីឡា ឌីវេឡុបមេន បាន​កើតឡើងម្ដងរួចមកហើយកាល​ពីឆ្នាំ​២០០៨​រហូត​ដល់​ឆ្នាំ២០១៤​ដោយសារ​ក្រុមនេះបានយក​គ្រឿងចក្រទៅឈូសឆាយ​ព្រៃឈើ​ដែល​ប្រជាសហគមន៍ជនជាតិដើមភាគ​តិចអាស្រ័យផល ក្រោយមកក៏​ប្រជាសហគមន៍​​បានដាក់​បណ្ដឹងទៅអាជ្ញាធរ​និង​តុលាការ​ដើម្បីសុំឲ្យ​ជួយដោះ​ស្រាយ ប៉ុន្ដែគ្មានការឆ្លើយ​តបណា​មួយ​នោះទេ។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅតុលាការបានចេញដីកាកោះហៅពួកគាត់ឲ្យចូលបំភ្លឺ​ម្ដងរួចមកហើយដោយដើមបណ្ដឹងឈ្មោះ កាន់ រតនា​ ជានាយិកាក្រុមហ៊ុនវីឡា ឌីវេឡុបមេន ដែលជាប្រពន្ធអភិបាលរងខេត្តមណ្ឌលគិរី យឹម លុច បានប្ដឹងពួកគាត់ពី​បទ​បរិហាកេរ្ដិ៍​និង​ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ក្រោយ​មកក្រុមហ៊ុនដដែល​បានយក​គ្រឿងចក្រទៅ​ឈូសឆាយសារជាថ្មីម្ដងទៀត ប៉ុន្ដែត្រូវបាន​ប្រជាសហគមន៍នាំគ្នាទៅទប់ស្កាត់ ក្រោយមកក៏​តុលាការខេត្តមណ្ដលគីរី​បានចេញដីកាកោះ​ហៅ​ពួកគាត់ជាលើកទី២ឲ្យចូលបំភ្លឺនៅថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី ផ្លឹក ភីរុំ​ អាយុ៤១ឆ្នាំ ជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង រស់នៅក្នុង​សង្កាត់​សុខដុម ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ដែលត្រូវទៅបំភ្លឺនៅសាលាដំបូង​ថ្ងៃទី៧ ខែ​មិថុនា​ខាងមុខនេះ ​បានឲ្យដឹងថា កាលពីថ្ងៃទី៤និងទី៥ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន វីឡា ឌីវេឡុបមេន ខូអិលធីឌី បានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃដែលជនជាតិដើម​ភាគ​តិចទៅ​អាស្រ័យ​ផល ក្រោយមកក៏ប្រជាសហគមន៍​បាននាំគ្នា​ទៅហាមឃាត់​មិនឲ្យ​មានការ​ឈូសឆាយបន្ដទេ ប៉ុន្ដែក្រុមហ៊ុនប្រាប់ថាដីទាំងអស់ហ្នឹង​ជាដីរបស់​គេ។

អ្នកស្រីបន្ដថា ដី​អស់​ហ្នឹងវាជាដីដែលសហគមន៍អាស្រ័យផលតាំងពីយូរមកហើយ ហើយ​កន្លងមកក្រុមហ៊ុនហ្នឹងបានឈូសឆាយដើមឈើពួកអ្នកស្រីជាច្រើនដើមមកហើយប៉ុន្ដែមិន​បានសងសំណងណាមួយមកឲ្យពួកអ្នកស្រីឡើយ បែរជាយកគ្រឿងចក្រមក​ឈូសឆាយ​ម្ដង​ទៀត។

ពាក់ព័ន្ធរឿងនេះ អ្នកស្រីបានអះអាងថា ពួកអ្នកស្រីបានដាក់ពាក្យទៅអាជ្ញាធរ​ជាច្រើន​ដងមក​ហើយ និងបានដាក់ពាក្យបណ្ដឹងទៅតុលាការដែរប៉ុន្ដែតុលាការនិងអាជ្ញាធរ​គ្មានចំណាត់ការ​ណាមួយឡើយ តែពេលបុគ្គលឈ្មោះ កាន់​ រតនា ជានាយិកាក្រុមហ៊ុន វីឡា ឌីវេឡុបមេន ខូអិលធីឌី ដាក់ពាក្យប្ដឹងពួកគាត់ពីបទបរិហាកេរ្ដិ៍ជាសាធារណៈនិង​បទញុះញង់ឲ្យ​ប្រព្រឹត្ត​បទល្មើសឧក្រិដ្ឋជាអាទិ៍ បែរជាតុលាការចេញដីកាកោះហៅយ៉ាងលឿនទៅវិញ​។

អ្នកស្រីបានសង្កត់ធ្ងន់ថា៖«ពេលពួកខ្ញុំដាក់ពាក្យសុំប្ដឹងក្រុមហ៊ុនតុលាការគ្មានចំណាត់ការទេ ពេលខាងក្រុមហ៊ុនប្ដឹងពួកខ្ញុំវិញឡើងលឿន ​ពួកខ្ញុំសុំឲ្យតុលាការចុះស៊ើបអង្កេតរឿងហេតុ​ឲ្យបានច្បាស់លាស់និងធ្វើការដោយយុត្តិធម៌»

មិនខុសពីអ្នកស្រី ភីរុំ នោះទេ អ្នកស្រី ខ្លើង ទុំ អាយុ៣៧ឆ្នាំជាជនជាតិដើមភាគតិចពូនង ​រស់នៅ​សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលត្រូវ​ចូលទៅបំភ្លឺនៅកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី​នៅ​ថ្ងៃ១៩ ខែឧសភា បានអះអាងថា​ វាជារឿងអយុត្តិធម៌ណាស់នូវអ្វីដែលគេចោទប្រកាន់​មក​លើពួកគាត់​មិនមែនជាការពិតឡើយ  ពួកគាត់គ្រាន់តែតវ៉ានិងទាមទារអ្វីដែលជារបស់​ពួកគាត់​តែ​ប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖«ខ្ញុំមិនដឹងថាច្បាប់យ៉ាងម៉េចទេ សុំតែដោះស្រាយដោយយុត្តិធម៌ឲ្យពួកខ្ញុំ​មក»

រីឯលោក គ្រើង តុលា អាយុ៣៧ឆ្នាំ​ជាជនជាតិពូនងម្នាក់ទៀត បាបរៀបរាប់ថា លោកក៏ត្រូវ​បាន​សាលាដំបូងខេត្តមណ្ឌលគីរីចេញដីកាកោះឲ្យចូលបំភ្លឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ​ខាង​មុខ​នេះ​ដែរ ហើយការ​ដែលគេចោទលោកគឺពីបទបរិហាកេរ្ដិ៍ជាសាធារណៈនិងញុះញង់ឲ្យ​មាន​បទល្មើសជាអាទិ៍ ប៉ុន្ដែ​លោកថា លោកមិនបានប្រព្រឹត្តដូចជាអ្វីដែលគេលើកឡើងឡើយ។

លោកថ្លែងថា៖«តុលាការនៅកម្ពុជាជាតុលាការទីងមោង អ្នកណាឲ្យលុយគឺចោទតាមគេ ដោយគ្មានភស្ដុតាងស្អីទេ»។

ខេមបូចាមិនអាចសុំការអត្ថាធិប្បាយពីនាយិកានៃក្រុមហ៊ុន វីឡា ឌីវេឡុបមេន​បានទេ ប៉ុន្តែ​លោកអភិបាលរងខេត្តមណ្ឌលគិរី យឹម លុច ជាស្វាមីរបស់នាយិកាក្រុមហ៊ុន  បានឆ្លើយ​តបថា ជាប់រវល់បុណ្យបងប្អូន មិនអាច​មានប្រសាសន៍បានទេ។

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងបាននាំគ្នាទៅទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុន វីឡា ឌីវេឡុបមេន កុំឱ្យឈូសឆាយដីព្រៃសហគមន៍។ រូបថតកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ចំណែកលោក គឹម ស៊ីម អាយុ៣៦ឆ្នាំ មេភូមិ​ឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានថ្លែងប្រាប់ខេមបូចាយើងថា លោកមិនសូវជាបានដឹងរឿងហ្នឹងទេ ដោយសាររឿងហ្នឹង​កើតឡើងតាំងពីមេភូមិចាស់ រីឯលោកមិនជាដឹងច្បាស់ទេ។

លោកឱ្យដឹងទៀតថា៖«ខ្ញុំទើបឡើងជាមេភូមិទេ ដូច្នេះខ្ញុំមិនសូវដឹងសាច់រឿងទេ គ្រាន់តែដឹងថាដីហ្នឹងលក់តគ្នា»។

ជាមួយគ្នានេះដែរលោក ពៅ សុផាត ចៅសង្កាត់សុខដុម បានមានប្រសាសន៍ថា លោកមិន​ដឹងទេ កុំមកសួរលោក ទៅសួរតុលាការទៅ​។

លោក​ សុផាត គ្រាន់តែតបថា៖«ទៅសួរតុលាការទៅ កុំមកសួរខ្ញុំ»

ពាក់ព័ន្ធនិងរឿងនេះដែរ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី បានថ្លែង​ប្រាប់​ថា យើងមិនទាន់បានធ្វើការចោទប្រកាន់ពួកគាត់ទេ យើងគ្រាន់តែឲ្យពួកគាត់ចូលមក​បំភ្លឺសិន​ទេ។

លោកបន្ដថា៖«យើងគ្រាន់តែចេញដីកាកោះហៅមកបំភ្លឺសិនទេ មិនទាន់បានចោទប្រកាន់​ណាមួយឡើយ សុំឲ្យពួកគាត់ចូលបំភ្លឺសិនមក»

ដោយឡែកនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្នុងចំណោមប្រជាសហគមន៍១០នាក់ខាងលើ មានប្រជាសហគមន៍៤នាក់ដែលត្រូវបាន​កងរាជអាវុធហត្ថចេញដីកាកោះហៅ​ឲ្យចូល​បំភ្លឺ​ទាក់ទងនឹងរឿងជម្លោះដីធ្លីដែលឈ្មួញ​បានលួចយកដីរបស់ពួកគាត់ចំនួន១៥គ្រួសារ​ដែល​មានទំហំដីជិត៣០ហិកតាទៅលក់ដោយពួក​គាត់មិនបានដឹង។

ប្រជាសហគមន៍ឱ្យដឹងថា មុនដំបូង​ពួកគាត់មិនបានដឹងថាគេលក់ទេ ស្រាប់តែនៅ​សុខៗ​ក្រុមហ៊ុនមួយបានយកគ្រឿងចក្រមកឈូសឆាយលើដីអាស្រ័យផលតាំងពីយូររបស់​ពួកគាត់ ពេលពួកគាត់ទៅហាមឃាត់និងសួរនាំ ពួកគេឆ្លើយថាដីអស់ហ្នឹងគេបាន​លក់អស់ហើយ។

ក្នុងដីកាកោះហៅបំភ្លឺរបស់កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនបានបង្ហាញពីឈ្មោះរបស់​ឈ្មួញកណ្តាលដែលជាដើមបណ្តឹងនោះទេ ដោយគ្រាន់តែប្រាប់ពីការប្តឹង គឺបទមិនគោរពដីកា​សម្រេច បទគំរាមសម្លាប់ បទប្រើហិង្សាទៅលើអ្នកកាន់កាប់​អចលនវត្ថុអ្នកដទៃ​និងបទ​កំហែងយក ប៉ុន្ដែប្រជាសហគមន៍ជនជាតិដើមភាគតិចបានបញ្ជាក់ថា ពួកគាត់មិនបាន​ប្រព្រឹត្តដូចការចោទប្រកាន់របស់កងរាជអាវុធហត្ថចោទនោះទេ។

ពួកគាត់បានបន្ថែមថា ពួកគាត់មិនបានចាំឈ្មោះអ្នកយកដីពួកគាត់ទៅលក់នោះទេ​ដោយសារដីហ្នឹងគេយកទៅលក់តគ្នាជាច្រើនដងហើយ។

ចំណែកឯលោក​ ហេល បូណារ៉េល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បា្រប់ថា​ លោកកំពុងរវល់ប្រជុំ មិនអាចឆ្លើយបានទេ។

លោកគ្រាន់តែតបថា៖«ខ្ញុំកំពុងប្រជុំ សុំអាស្រ័យផង មិនអាចឆ្លើយបានទេ»។

ចំណែកឯអ្នកស្រី យន់ ម៉ាណេ នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជាបាន​ប្រាប់ខេមបូចាថា អ្នកស្រីនិង​សមាជិក​សហគមន៍បានខិតខំតស៊ូព្យាយាមការពារទឹកដីព្រៃឈើ និងធនធានធម្មជាតិផ្សេងៗ ដែល​ជាទ្រព្យសម្បត្តិរបស់សមូហភាពរបស់សហគមន៍​ជនជាតិ​ដើមភាគតិច ឬប្រយោជន៍សាធារណៈ ហើយមានការគំរាមគំហែងដល់សុវត្ថិភាពសន្តិសុខ​ផ្ទាល់ខ្លួនរបស់សមាជិកសហគមន៍ជនជាតិដើមភាគតិចតាមផ្លូវតុលាការ។

អ្នកស្រីបន្ដថា៖« អនុវត្តច្បាប់បែបហ្នឹងគឺមិនត្រឹមត្រូវទេ គឺកំពុងតែបង្ហាញអំពីសកម្មភាព​ដែល​នាំគ្នាអនុវត្តច្បាប់ខុស ហើយនាំឲ្យបង្កឲ្យមានបញ្ហាអយុត្តិធម៌សង្គម ហើយបើអាជ្ញាធរ ឬតុលាការ​កាត់សេចក្តីខុស គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា (ទាំងច្បាប់​ព្រហ្មទណ្ឌ ទាំង​វិធាន​រដ្ឋបាល) រួមនឹងក្រមសីលធម៌វិជ្ជាជីវៈជាមួយស្ថាប័នសាមីរបស់ខ្លួន»

បើតាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ  បានលើកឡើងថា ការប្ដឹង​ទៅតុលាការរបស់បងប្អូនជនជាតិដើមភាគតិចទាក់ទងបទល្មើសបរិហាកេរ្ដិ៍និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ហ្នឹង វាជាការបំភិតបំភ័យ ការគំរាមកំហែងនិងជាការធ្វើទុកបុកម្នេញ​សម្រាប់ពួកគាត់ ជាពិសេសទំនៀមទំលាប់និងប្រពៃណីក្នុងការរស់នៅនិងភាគច្រើនពួកគាត់​រស់ពឹងផ្អែក​ទៅលើកសិកម្ម តែបែរជាត្រូវបានទទួលការរំលោភបំបានឬក៏ធ្វើឲ្យបាត់បង់ដីធ្លី​ដូច្នេះពួកគាត់តែងតែមានការទាមទារនិងតវ៉ាជាដើម ហើយវាជាសិទ្ធិសេរីភាព​របស់ពួកគាត់​ក្នុងនាមជាម្ចាស់ទឹកដី។

លោកបន្ដថា រាល់ពេលដែលកើតមានទំនាស់ដីធ្លីម្ដងៗគឺមិនព្យាយាមរកដំណោះស្រាយ​សម​ស្របណាមួយជូនពួកគាត់ទេ បែរជាប្រើប្រព័ន្ធតុលាការមកដំណោះស្រាយ​ដើម្បីដាក់​សម្ពាធ​និងគាបសង្កត់ទៅលើពួកគាត់ទៅវិញ ជាពិសេសក៏គួរគិតទៅលើប្រពៃណីវប្បធម៏របស់​ពួក​គាត់​​ផង។

លោកថ្លែងថា៖«យើងជាអង្គការសង្គមស៊ីវិល យើងសុំអំពាវនាវថា សុំឲ្យក្រុមហ៊ុនក៏ដោយ អ្នកមានអំណាច អ្នកមានលុយកាក់ក៏ដោយ សូមកុំប្រើប្រាស់ប្រព័ន្ធតុលាការដើម្បី​គាបសង្កត់​ប្រជាពលរដ្ឋជាពិសេសបងប្អូនជាជនជាតិដើមភាគតិច»។ លោកបន្ថែមថា៖«ធ្វើយ៉ាងណា​ត្រូវតែដោះស្រាយទៅតាមនីតិវិធីនិងផ្ដល់ភាពយុត្តិធម៌និងតម្លាភាពជូនពួកគាត់»

434 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម