ព្រះសង្ឃមួយអង្គត្រូវបានព្រះចៅអធិការវត្តដំរីស បណ្តេញចេញពីវត្តនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ក្រោយពីព្រះអង្គនិមន្តចូលរួមធម្មយាត្រានៅខេត្តបាត់ដំបងក្នុងថ្ងៃបុណ្យខួបនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ។
ព្រះតេជគុណ សាំង រិទ្ធី ប្រាប់ ខេមបូចា នាថ្ងៃទី១៦ ខែកក្កដា ថា នៅពេលនេះព្រះអង្គកំពុងស្នាក់នៅវត្តប៉ាឆាក្នុងក្រុងបាត់ដំបងបណ្តោះអាសន្នសិន ក្រោយពីព្រះអង្គត្រូវបានចៅអធិការវត្តដំរីស បណ្តេញចេញពីវត្តកាលពីយប់ថ្ងៃទី១៥ ខែកក្កដា។
ព្រះអង្គបន្តថា បច្ចុប្បន្ននេះ ព្រះអង្គកំពុងទំនាក់ទំនងរកវត្តជិតៗក្រុងដើម្បីបន្តស្នាក់នៅ ដោយព្រះអង្គមិនចង់ចេញទៅស្នាក់នៅវត្តឆ្ងាយៗនោះទេ។ ព្រះតេជគុណ សាំង រិទ្ធី បន្តថា៖ «ស្អែកខានស្អែកនឹងមានដំណោះស្រាយរកវត្តជាយៗខេត្ត ឬវត្តណាដែលអាចឱ្យគង់បានហ្នឹងពរ! មិនបាច់ទៅដល់ខេត្តគេផ្សេងៗទេនាំពិបាក សុខចិត្តពិបាកក្នុងខេត្តនេះបានហើយ!»។
ព្រះតេជគុណ សាំង រិទ្ធី ត្រូវបានព្រះចៅអធិការវត្តដំរីស បណ្តេញចេញពីវត្តកាលពីព្រលប់ថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីព្រះអង្គបាននិមន្តចូលរួមធម្មយាត្រាអប់រំអំពីសីល៥ដើម្បីឧទ្ទិសកុសល និងរំលឹកខួប៨ឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី ជាមួយព្រះសង្ឃ និងក្រុមយុវជនផ្សេងទៀតប្រមាណជាង៤០នាក់កាលពីរសៀលថ្ងៃទី១០ ខែកក្កដា។
ព្រះអង្គបញ្ជាក់ថា ធម្មយាត្រានេះចេញដំណើរពីបណ្តាល័យ«សម្តេចក្រឡាហោម ស ខេង» ទៅវិមានឯករាជ្យក្រុងបាត់ដំបងក្នុងគោលបំណងចំនួន៣ទីមួយដើម្បីផ្សព្វផ្សាយសីល៥លើកកម្ពស់សីលធម៌សង្គម ទី២ ដើម្បីបណ្តុះស្មារីតីប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃឱ្យចូលរួមការងារសង្គម និងទី៣ប័ង្សុកូលឧទ្ទិសកុសល ដល់លោកបណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់ជំនាន់។
នៅមុនពេលមានការបណ្តេញចេញព្រះតេជព្រះគុណ សាំង រិទ្ធីបានលត់ជង្គុង អង្វរព្រះចៅអធិការវត្តដំរីស ព្រះនាម ផុន សុខគា ដែលគង់យោលអង្រឹងអស់ជាច្រើនម៉ោង ដើម្បីស្នើសុំគង់នៅក្នុងវត្តបន្ត ប៉ុន្តែត្រូវចៅអធិការសម្រេចមិនអនុញ្ញាត និងឱ្យព្រះអង្គរើសម្ភារចាកចេញពីវត្តទាំងយប់។
ព្រះតេជគុណ សាំង រិទ្ធី បានបន្តឱ្យដឹងថា៖ «ដោះស្រាយមិនចេញទេ លោក(ព្រះចៅអធិការ)មិនឱ្យនៅជាដាច់ខាត លោកថា លោកមិនមែនជាអ្នកទទួលឱ្យនៅទេ លោកមានគំនាបពីថ្នាក់លើ និងអាជ្ញាធរដែរ។ អ៊ីចឹងបើសិនជានៅក៏នៅមិនសុខដែរ! បើមិនមានគ្នាលោកទៅធ្វើបាបក៏អាជ្ញាធរអ្នកធ្វើបាបដែរ ។ លោក(ផុន សុខគា)ថាឱ្យចេញទៅស្ងាត់ៗទៅ លោកអន្តរាគមន៍ដោះស្រាយរួចហើយ»។
ប៉ុន្តែព្រះតេជគុណ ផុន សុខគា ព្រះចៅអធិការវត្តដំរីស បានអះអាងថា ការមិនអនុញ្ញាតឱ្យព្រះអង្គ សាំង រិទ្ធី បន្តគង់ក្នុងវត្តទៀតនេះមិនមានការរឹតត្បិត រឺបង្គាប់បញ្ជាពីអាជ្ញាធរនោះទេ គឺព្រះអង្គ និងអ្នកគ្រប់គ្រងវត្តសម្រេចដោយខ្លួនឯងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់វត្ត។
ព្រះតេជគុណបន្តថា មុនដំបូងអាជ្ញាធរមិនបានដឹងរឿងនេះនោះទេ ប៉ុន្តែក្រោយពីផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានក៏បែករឿងធំ ទើបអាជ្ញាធរចុះមកសួរនាំពីដើមហេតុ នឹងបានប្រគល់ឱ្យចៅអធិការ និងអ្នកគ្រប់គ្រងវត្តដោះស្រាយដោយខ្លួនឯង អាជ្ញាធរមិនលូកដៃនោះទេ។
ព្រះតេជគុណ ផុន សុខគា បន្ថែមថា៖«អាជ្ញាធរចុះមកសួរនាំរឿងហ្នឹងកើតឡើងយ៉ាងម៉េច? ហើយគាត់ទុកលទ្ធភាពឱ្យវត្តដោះស្រាយខ្លួនឯងទៅ»។
ព្រះតេជគុណបន្តថា ព្រះអង្គ សាំង រិទ្ធី មិនមែនជាសង្ឃដែលគង់ក្នុងវត្តអចិន្រ្តៃយ៍នោះទេ គឺក្រៅក្របខណ្ឌហើយព្រះអង្គមិនបានបង្ខិតបង្ខំព្រះអង្គ សាំង រិទ្ធី មិនឱ្យចូលរួមកិច្ចការងារសង្គម ឬសកម្មភាពផ្សេងៗនោះទេ គ្រាន់តែហៅមកអប់រំចង់ឱ្យដាក់កាយដាក់ចិត្តខិតខំរៀនសូត្រ និងកុំបង្កអធិករណ៍ផ្សេងៗក្នុងវត្តប៉ុណ្ណោះដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃផ្សេងទៀតក្នុងវត្តដែលមានរហូតដល់ជាង២០០អង្គ។
ព្រះតេជគុណ ផុន សុខគា បន្តថា៖ «រឿងធម្មាយាត្រារឿងសង្គម ចូលរួមផ្សេងៗអាត្មាមិនបានបង្ខិតបង្ខំលោកទេ រឿងទាំងនេះអាត្មាសុំឱ្យស្ងប់ស្ងាត់ ខិតខំដាក់ចិត្តដាក់កាយរៀនសូត្រ មិនបង្កអធិករណ៍អីបានឱ្យនៅ មកពីខ្លួនឯងមិនទ្រាំ អាត្មាមិនបង្ខិតបង្ខំបណ្តេញលោកចេញឯណា អើបើផ្សាយព័ត៌មានចឹងហើយ ក៏រុញតាមហ្នឹងទៅ»។
ទាក់ទងបញ្ហានេះលោក គុណ សម្បត្តិមន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា បញ្ហាខាងលើនេះជាការងារមន្រ្តីសង្ឃជាអ្នកដោះស្រាយ មន្ទីរមិនបានដឹងរឿង និងមិនលូកដៃនោះទេ។
លោក សម្បត្តិមន្នីរ័ត្ន បន្ថែមថា៖ «ការងារនេះ ជាការងារមន្រ្តីសង្ឃ លោកធ្វើដំណោះស្រាយបែបណាជារឿងរបស់លោក ខ្ញុំគ្រាន់តែឃើញតាមព័ត៌មានទេ ខ្ញុំមិនបានដឹងរឿងហ្នឹងច្បាស់ទេ មិនមានការលូកដៃពីមន្ទីរទេ រឿងធ្វើធម្មយាត្រាខ្ញុំមិនបានចាប់អារម្មណ៍ពីបញ្ហានេះដែរ»។
ព្រះតេជគុណ វី សុវជ្ជា លេខាសាលាគុណខេត្តបាត់ដំបងបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញការ បណ្តេញព្រះអង្គ សាំង រិទ្ធី ចេញពីវត្តដំរីសនេះ ដោយព្រះអង្គបញ្ជាក់ថាមិនទាន់បានទទួលព័ត៌មាននេះ ច្បាស់លាស់នៅឡើយ។
ព្រះតេជគុណ វី សុវជ្ជា បន្តថា៖ «មិនទាន់ដឹងច្បាស់យ៉ាងណាទេតាមនីតិវិធីមានការរាយការណ៍តាម លំដាប់លំដោយមកពីសាលាអនុគណខេត្ត មកសាលាគណខេត្ត កិច្ចការងារនេះ ឱ្យមានការក្តាប់ ព័ត៌មានច្បាស់លាស់សិន ទើបអាចបកស្រាយបាន បញ្ហានេះឱ្យវត្តជាអ្នកដោះស្រាយការងារហ្នឹងសិន»។

ក្រៅពីព្រះអង្គ សាំង រិទ្ធី រងការបណ្ដេញចេញពីវត្តហើយនោះនៅមានព្រះសង្ឃគង់នៅវត្តមួយចំនួនទៀតក្នុងខេត្តបាត់ដំបង បានអះអាងដែរថា ក៏រងការរឹតត្បិតសិទ្ធិសេរីភាពផងដែរ តាមរយៈការលួចថតរូប និងឃ្លាំមើលពីជនស្លៀកពាក់ស៊ីវិល និងជនមិនស្គាល់មុខជាប្រចាំ។ ព្រះសង្ឃខ្លះត្រូវបានព្រះចៅអធិការវត្ត ឬមេកុដិហៅសាកសួរអំពីសកម្មភាពចូលរួមពិធីរំលឹកខួបលោកបណ្ឌិត កែម ឡី ។
ព្រះតេជគុណ អិត ខែម គង់នៅវត្តប៉ាឆា បានអះអាងថា ក្រោយពីព្រះអង្គចូលរួមធម្មយាត្រារួច ត្រឡប់មកវត្តវិញ ឃើញមានរថយន្តចេញចូលៗក្នុងវត្តប្លែកខុសពីធម្មតា មានជនស្លៀកពាក់ស៊ីវិលពាក់ម៉ាស់តាមដាន និងលួចថតរូបព្រះអង្គ និងអ្នកផ្សេងទៀត ព្រមទាំងឃើញចូលជួបចៅអធិការជាដើម។ សកម្មភាពនេះព្រះអង្គយល់ថា ជាការគំរាមកំហែងដល់ព្រះសង្ឃ និងយុវជនក្នុងការចូលរួមក្នុងកិច្ចការសង្គម។
ព្រះតេជគុណ អិត ខែម បន្តថា៖ «ចៅអធិការមិនរករឿងទេតែលោកហៅអប់រំថាសកម្មភាពណាធ្វើបានក៏ធ្វើទៅ តែសកម្មភាពណាធ្វើមិនបានកុំធ្វើ ប៉ុន្តែទៅមុខទៀតអាត្មាមិនដឹងថាបែបណាទេ»។
ព្រះអង្គបន្ថែមថា៖ «ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា និងប្រទេសយើងគោរពស្មារតីនីតិរដ្ឋ ផ្តល់សិទ្ធិសេរីភាពដល់ព្រះសង្ឃ និងប្រជាជនទាំងពីភេទឱ្យចូលរួមកិច្ចការអ្វីជាប្រយោជន៍សង្គមជាតិ និងសាសនា អាត្មាយល់ថាសកម្មភាពនេះជាការគំរាមកំហែង បំបាក់ស្មារតីព្រះសង្ឃ និងយុវជនដែលជារឿងមួយមិនគួរកើតមានទាល់តែសោះ»។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបដិសេធឆ្លើយតប ការលើកឡើងខាងលើនេះ តាមបណ្តាញតេឡេក្រាមនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖« ខ្ញុំនឹងសាកសួរព័ត៌មានសិន»។
ខេមបូចា មិនអាចទំនាក់ទំនងលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ តាមបណ្តាញតេឡេក្រាមដើម្បីបំភ្លឺបន្ថែមជុំវិញករណីខាងលើនេះបាននៅឡើយទេនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងប្រចាំតំបន់នៃអង្គការ លីកាដូ ដែលមានការិយាល័យនៅខេត្តបន្ទាយមានជ័យ បានចាត់ទុកការបណ្តេញព្រះសង្ឃព្រះនាមសាំង រិទ្ធីចេញពីវត្តនេះថាជាការធ្វើទុក្ខបុកម្នេញនិងជាការបំភិតបំភ័យបំបាក់ស្មារតីដល់ព្រះសង្ឃដែលមានភាពសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គម ។
លោក គង់ជិត បន្តថាព្រះតេជគុណ សាំង រិទ្ធី កាលពីមិនទាន់បួសជាយុវជនកំព្រាគ្មានឪពុកម្តាយគ្មានទីពឹង លោកបានបួសរៀនជាភិក្ខុសង្ឃយូរឆ្នាំមកហើយ។ ព្រះអង្គចូលរួមផ្សព្វផ្សាយព្រះធម៌នេះ គឺតាមឱវាទនៃព្រះពុទ្ធសាសនានោះទេ។
លោក គង់ជិត បន្តថា៖ «ការសម្រេចបណ្តេញព្រះអង្គចេញពីវត្តនេះជាការបំបាក់ស្មារតី គំរាមកំហែងលើព្រះសង្ឃដែលលោកមានព្រះទ័យយកចិត្តទុកដាក់ជួយក្នុងការងារសង្គម និងលើកស្ទួយសីលធម៌សង្គម ហើយក៏ជាការរំលោភលើសិទ្ធិមានសេនាសនៈរបស់ព្រះសង្ឃដែលលោកពុំមានទីស្នាក់អាស្រ័យក្រៅពីវត្ត»។
មន្រ្តីសិទ្ធិមនុស្សខាងលើបានស្នើសុំឱ្យព្រះគ្រូចៅអធិការវត្ត ធ្វើការពិចារណាឡើងវិញ ទទួលឱ្យព្រះសង្ឃសាំង រិទ្ធី គង់នៅក្នុងវត្តដូចមុន ដើម្បីបង្ហាញនូវព្រះទ័យយោគយល់ អធ្យាស្រ័យ អនុគ្រោះ និងបង្ហាញពីការសណ្តោសប្រណីក្នុងន័យបង្រួបបង្រួមសង្ឃកុំឱ្យបែកបាក់ និងក្នុងនាមអ្នកគ្រប់គ្រងមួយដ៏ល្អ មានអធ្យាស្រ័យខ្ពស់ ក្នុងន័យប្រយោជន៍សង្ឃទាំងមូល និងព្រះពុទ្ធសាសនាទាំងមូលផងដែរ។
លោក គង់ជិត បន្ថែមថា៖ «ខ្ញុំស្នើឱ្យមន្ទីរធម្មការខេត្ត និងក្រុមគណៈសង្ឃ អនុគុណក្រុង មេគុណខេត្ត ពិនិត្យលើបញ្ហានេះមានអន្តរាគមន៍ឱ្យមានដំណោះស្រាយមួយឱ្យគ្រូចៅអធិការវត្តដំរីស មេត្តាអនុគ្រោះឱ្យព្រះតេជគុណ សាំង រិទ្ធី បានគង់នៅក្នុងវត្តដូចមុនឡើងវិញ»៕