សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្រ្តីសង្ឃ​បាន​សម្រេច​ឱ្យព្រះសង្ឃ​មួយអង្គ​ដែល​ត្រូវបាន​បណ្តេញ​​​​ចេញពីវត្តដំរីស​ឱ្យគង់​នៅវត្តផ្សេង

ព្រះតេជព្រះគុណ សាំង រិទ្ធី និងព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ ដែលមកលើកទឹកចិត្តព្រះអង្គ ក្រោយចេញពីបន្ទប់ប្រជុំនៅសាលាគណ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ( ខេមបូចា/ មាស ភារុណ)
ព្រះតេជព្រះគុណ សាំង រិទ្ធី និងព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ ដែលមកលើកទឹកចិត្តព្រះអង្គ ក្រោយចេញពីបន្ទប់ប្រជុំនៅសាលាគណ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ( ខេមបូចា/ មាស ភារុណ)

នៅទីបំផុត​សាលាគណខេត្ត​បាត់ដំបង​បាន​សម្រេច​ឱ្យព្រះតេជព្រះគុណ សាំង រិទ្ធី ដែលត្រូវ​បាន​​ព្រះចៅអធិការវត្តដំរីសបណ្តេញចេញពីវត្ត បន្ទាប់​ពី​បាន​ទៅ​ចូល​រួម​បុណ្យ​រំឭក​ខួប​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី ​ឱ្យទៅគង់នៅវត្តគរវិញ។

សាលាគណខេត្តបាត់ដំបង និងតំណាងមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំបិទទ្វារមួយរយៈពេលជាង៣ម៉ោងនៅវត្តពោធិ៍វាលនាព្រឹកថ្ងៃទី១៨ខែកក្កដា ដើម្បីដោះស្រាយករណីព្រះគ្រូចៅអធិការវត្តដំរីសបណ្តេញព្រះសង្ឃមួយអង្គចេញពីវត្តក្រោយ​ពីចូលរួមធម្មយាត្រារំលឹកខួបនៃការបាញ់សម្លាប់បណ្ឌិតកែម ឡី។

ព្រះអង្គ សាំង រិទ្ធី ដែលត្រូវចៅអធិការ​បណ្តេញចេញពីវត្តបានឱ្យដឹងថា ក្រោយពីការ​ជជែក ដេញដោលនិងសម្របសម្រួលគ្នាព្រះអង្គត្រូវបានសាលាគណខេត្តអនុញ្ញាតឱ្យទៅ​គង់នៅក្នុងវត្តគរ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង​ដែលមានចម្ងាយប្រមាណជិត៤​គីឡូ​ម៉ែត្រពីសាលាដែលព្រះអង្គសិក្សា​ជា​រៀង​រាល់​ថ្ងៃ​។ព្រះតេជព្រះគុណសាំង រិទ្ធី មានសង្ឃដី​កាថា ព្រះ​អង្គ​បានទទួលយល់ព្រមដោយស្ម័គ្រចិត្ត ថ្វីដ្បិតព្រះអង្គរងសម្ពាធខ្លះ​ពីមន្រ្តីសង្ឃ​ក៏ដោយ ។

ព្រះតេជគុណបន្ថែមថា៖ «កិច្ចប្រជុំដោះស្រាយជាង៣ម៉ោងនេះសាលាគណខេត្ត បានធ្វើ​លិខិតស្នើសុំឱ្យអាត្មាស្នាក់នៅវត្តគរវិញ ដោយបញ្ជាក់ពីការគង់នៅដោយសុវត្ថិភាព កុំមានការ​ភ័យខ្លាចជាដើម។ ប៉ុន្តែមិនបានបញ្ជាក់ពីការរិតត្បិតក្នុងការចូលរួមកិច្ចការងារ​សង្គមផ្សេងៗ​ក្នុង​លិខិតនោះទេ»

ទោះបីយ៉ាងណា ព្រះអង្គ សាំង រិទ្ធី បញ្ជាក់ថា ក្នុងការសម្របសម្រួលនេះ មន្រ្តីសង្ឃ បានធ្វើការ​សាកសួរដេញដោលពីច្បាប់ទម្លាប់ និងការប្រព្រឹត្តខុសធម៌វិន័យដូចជាចេញពីវត្ត​មិនបានសុំ​ការ​អនុញ្ញាតិពីចៅ អធិការវត្តដើម្បីទៅចូលរួមធម្មយាត្រា និង​ការស្នាក់នៅក្នុងវត្តក្រៅក្រប​ខ័ណ្ឌ​​ជាដើម។ ព្រះអង្គយល់ថា ការសាកសួរចាក់ឫសចាក់គល់ជាច្រើនពីមន្រ្តីសង្ឃហាក់ដូច​មានការ​រៀបចំមុនធ្វើឱ្យព្រះអង្គយល់ថា រងនូវសម្ពាធ​ហើយ​ក៏បានសម្រេច​យល់ព្រមទៅ​គង់​នៅវត្តគរ ដើម្បីបន្តការសិក្សារៀនសូត្រ និងចូលរួមការងារសង្គមផ្សេងៗបន្តទៀតមិនចង់​ប្រឆាំងតវ៉ាទៀតនោះទេ។

ព្រះអង្គ សាំង រិទ្ធី បន្ថែមថា៖ «ជំហរអាត្មានៅតែរឹងមាំមិនតក់ស្លុតនោះទេ នៅតែបន្ត​ការធ្វើធម្មយាត្រា និងចូលរួមកិច្ចការសង្គមដូចមុនដដែល»

ព្រះអង្គបន្ថែមថា៖ «សូមឱ្យអាជ្ញាធរ និងមន្រ្តីសង្ឃបានយល់ថា អាត្មាធ្វើធម្មយាត្រាមិនមាន​ខុសទេ មិនបានចូលរួមធ្វើបក្សនយោបាយណាមួយទេ គឺអព្យាក្រិត្យនៅកណ្តាល និងចូលរួម​ដោយស្ម័គ្រចិត្តរៀងៗខ្លួន ដែលមានឆន្ទៈស្រលាញ់ស្នេហាជាតិទើបសាមគ្គីគ្នាធ្វើ»

ព្រះតេជព្រះគុណ សាំង រិទ្ធី ត្រូវបានព្រះចៅអធិការវត្តដំរីស បណ្តេញចេញពីវត្តកាលពី​ព្រលប់ថ្ងៃទី​១៥ខែកក្កដាឆ្នាំ២០២៤​​បន្ទាប់ពីព្រះអង្គ បាន​និមន្ត​ចូលរួម​ធម្មយាត្រា​អប់រំ​អំពី​សីល៥ដើម្បី​ឧទ្ទិស​កុសល និង​រំលឹក​ខួប ៨ឆ្នាំនៃ​អំពើឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ជាមួយព្រះសង្ឃ និងក្រុមយុវជនផ្សេងទៀតប្រមាណ​ជាង៤០នាក់កាលពីរសៀលថ្ងៃទី១០​ខែកក្កដា។​

ព្រះ​អង្គ​បញ្ជាក់ថា ធម្មយាត្រានេះចេញដំណើរពីបណ្ណា​ល័យ«សម្តេចក្រឡាហោម ស ខេង» ទៅវិមាន​ឯករាជ្យក្រុងបាត់ដំបង ក្នុង​គោលបំណងចំនួន៣​ ទីមួយដើម្បីផ្សព្វផ្សាយសីល៥​លើកកម្ពស់សីលធម៌​សង្គម  ទី២ ដើម្បីបណ្តុះស្មារីតីប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃឱ្យ​ចូលរួមការងារសង្គម និងទី៣​ប័ង្សុកូលឧទ្ទិសកុសល ដល់លោកបណ្ឌិតកែម ឡី និងវីរជន​ស្នេហាជាតិគ្រប់ជំនាន់។

ព្រះតេជព្រះគុណ អិត ខែម គង់នៅវត្តប៉ាឆា ដែលនិមន្តមកជាមួយព្រះសង្ឃ​ និងប្រជា​ពលរដ្ឋផ្សេងទៀតដើម្បីលើកទឹកចិត្តដល់ព្រះតេជគុណ សាំង រិទ្ធី នៅពីក្រៅសាលាគណខេត្ត​បានថ្លែង​ថា ការដោះស្រាយរបស់មន្រ្តីសង្ឃមានភាពល្អប្រសើរ ព្រោះព្រះតេជគុណ សាំង រិទ្ធី អាចមានវត្តគង់នៅសិក្សារៀនសូត្របន្តទៀត និងក៏មិនមានការផ្តិតមេដៃហាមឃាត់មិនឱ្យ​ព្រះអង្គចូលរួមកិច្ចការសង្គមនោះដែរ។

ព្រះអង្គ អិត ខែម បានសំណូមពរថា៖ «ក្នុងនាមអាត្មាជាយុវសង្ឃម្នាក់ សុំឱ្យព្រះអង្គ​គ្រូ​មេគណ ព្រះអនុគណ ចៅអធិការ គ្រូសូត្រឆ្វេងស្តាំ គណៈគ្រប់គ្រងវត្តទាំងអស់ក្នុង​ប្រទេស​កម្ពុជា ​បើកចិត្តឱ្យទូលាយចំពោះព្រះសង្ឃដែលមានឆន្ទៈក្នុងការចូលរួមកិច្ចការងារសង្គម ការងារសាសនា សូមកុំឱ្យមានការ​រឹតត្បិត គាបសង្កត់ ហាមប្រាមលោក រហូតមានពាក្យ​មួយថា​ បើចូលរួមនឹងបណ្តេញចេញពីវត្តអ៊ីចឹង! កុំមាន​ទស្សនៈ​នឹងរឿងបែបហ្នឹងទៀត! សូម​លើកទឹកចិត្តព្រះអង្គទៅ ព្រោះជាតិត្រូវការអ្នកជួយគិតប្រយោជន៍រួមរបស់ជាតិ និង​សាសនា»

ព្រះតេជព្រះគុណ ផុន សុខគា ព្រះចៅ​អធិការ​វត្ត​ដំរីស​បានបដិសេធធ្វើអត្ថាធិប្បាយ ​ខណៈ​ព្រះអង្គនិមន្តចេញពីកិច្ចប្រជុំដោះសា្រយនៅសាលាគណដោយព្រះអង្គមានសង្ឃដីកាខ្លីថា មានការដោះស្រាយបញ្ចប់អស់ហើយ ដោយព្រះអង្គរុញឱ្យទៅសួរព្រះតេជគុណ សាំង រិទ្ធី វិញ រួចក៏និមន្តឡើង Pass app ចាកចេញទៅ។

ចំណែកលោកគុណ សម្បត្តិមន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានចូលរួម​ផ្ទាល់​​ក្នុង​កិច្ចប្រជុំដោះស្រាយនេះដែរ ក៏បានបដិសេធធ្វើអត្ថាធិប្បាយផងដែរ ​ដោយលោកថា ការសម្រេចនានាជាឆន្ទានុសិទ្ធិរបស់មន្រ្តីសង្ឃ មន្ទីរមិនលូកដៃនោះទេ ហើយលោកទៅចូល​រួមគ្រាន់តែក្នុងនាមជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះមិនមានសិទ្ធសម្រេចអ្វីទេ។

ជុំវិញសំណួរសួរពីការលើកឡើងពីចូលរួមរបស់ព្រះសង្ឃក្នុងកិច្ចការសង្គម និងធម្មយាត្រាផ្សេង​ៗ ​លោកប្រធានមន្ទីរបានរុញឱ្យទៅសួរ​មន្រ្តីសង្ឃវិញ។ លោក គុណ សម្បត្តិមន្នីរ័ត្ន ​បាន​ថ្លែង​ខ្លីថា៖ «សួរមន្រ្តីសង្ឃទៅល្អជាង កុំឱ្យខ្ញុំនិយាយទៅវាមានការវែងឆ្ងាយ»

ព្រះតេជព្រះគុណ វិ សុវជ្ជា លេខាសាលាគុណខេត្តបាត់ដំបង តំណាងឱ្យសាលាគណខេត្ត​បាត់​ដំបង​បានឱ្យដឹងថា ភាគីទាំងសងខាង ទាំងព្រះអង្គ សាំង រិទ្ធី និងចៅអធិការវត្តដំរីស បានសម្របសម្រួលត្រូវរូវគ្នាដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំនោះទេ នឹងឱ្យព្រះអង្គ សាំង រិទ្ធី ទៅស្នាក់នៅវត្តគរវិញនៅពេលដែលអនុគណក្រុង និងជាចៅអធិការវត្តគរត្រឡប់មកពីសហរដ្ឋអាមេរិកវិញនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះនឹងនាំលោកទៅស្នាក់នៅទីនោះ។

ព្រះតេជព្រះគុណ វិ សុវជ្ជា បន្ថែមថា៖ «ភាគីទាំងពីរទទួលស្គាល់នូវភាពខ្វះចន្លោះរៀងៗខ្លួន​យើងមិនព្យាយាមនិយាយរឿងត្រូវខុសទេ កាលណាយើងនិយាយរឿងត្រូវខុស យើងលែង​សម្របសម្រួលបានហើយ បើតុលាការគេនិយាយអ្នកនេះខុសអ្នកនោះត្រូវអ៊ីចឹងទៅ! នេះយើងលក្ខណៈសម្របសម្រួលក្នុងគ្រួសារអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា»

ទាក់ទងនឹងការនិមន្តរបស់ព្រះសង្ឃចូលរួមកិច្ចការងារសង្គមផ្សេងៗ ព្រះតេជព្រះគុណ វិ សុវជ្ជា​ បានបញ្ជាក់ថា៖ «ការចូលរួមកិច្ចការងារសង្គម មិនមាននណាទៅហាមឃាត់ទេ ធ្វើអ្វីក៏​ដោយកុំឱ្យមានការប៉ះពាល់ដល់ច្បាប់សាសនា ច្បាប់រដ្ឋ និងបទបញ្ជាផ្ទៃក្នុងរបស់វត្ត អ៊ីចឹងទៅ​វាមិនអីទេ»

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានថ្លែងថា ករណីខាងលើនេះ គាត់បានទទួលព័ត៌មានថាសាលាគណខេត្ត ធ្វើការសម្របសម្រួលរវាងព្រះសង្ឃ សាំង រិទ្ឋី និងចៅអធិការវត្ត ។ លោកថ្លែងថា៖ «នេះជារឿងកិច្ចការព្រះសង្ឃសុទ្ឋសាធ»​

លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងប្រចាំតំបន់នៃអង្គការ លីកាដូ ដែលមានការិយាល័យនៅខេត្ត​បន្ទាយមានជ័យ បានចាត់ទុកដំណោះស្រាយខាងលើនេះ​ថា ​ជាដំណោះស្រាយមិនសមរម្យ​នោះទេ។ លោក​យល់ថា ដំណោះស្រាយនេះហាក់ដូចជាការព្រមានទៅលើសង្ឃដ៏ទៃទៀត​មិនឱ្យហ៊ានចូលរួមក្នុងកិច្ចការសង្គមទៀតបើចូលរួម និងមានវាសនាបណ្តេញចេញពីវត្តដូចព្រះអង្គ រិទ្ធី ដូច្នេះដែរ។

លោក គង់ជិត បន្ថែមថា៖ «ដំណោះស្រាយហាក់ដូចជាការព្រមានលើសង្ឃដទៃទៀត នរណាហ៊ានចូលរួមផ្សព្វផ្សាយការងារសង្គមផ្សេងៗ គឺរងនូវបែបហ្នឹងគឺការបណ្តេញចេញពីវត្តនៅតែមានប្រសិទ្ធភាពរឿងបែបនេះ។ ក្នុងនាម​សង្គមស៊ីវិលទទូចឱ្យលោកបាន​គង់នៅវត្ត​ដំរីស​ដដែល ​ព្រោះក្នុង​វត្តក៏មានកុដិអាចឱ្យលោកមានសេនាសនៈនៅសមរម្យដែរ»

ព្រះតេជគុណ សាំង រិទ្ធី មានព្រះជន្ម៣០ឆ្នាំ ព្រះអង្គ​កំព្រាគ្មានឪពុកម្តាយ គ្មានទីពឹង ហើយ​បានបួសជាភិក្ខុសង្ឃយូរឆ្នាំមកហើយ។ ព្រះអង្គតែងតែចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ហើយ​បច្ចុប្បន្នព្រះអង្គជាសាមននិស្សិតនីតិសាស្ត្រឆ្នាំទី២ នៃសាកលវិទ្យាល័យប៊ៀលប្រាយ​ក្រុង​បាត់​ដំបង៕

432 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម