គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដកបេក្ខជនឈរឈ្មោះឃុំសង្កាត់ចំនួន ១៥០នាក់ចេញពីគណបក្សភ្លើងទៀត នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខែមិថុនាខាងមុខ ដោយបង្កឲ្យមានការរិះគន់ពីមន្រ្តីគណបក្សមួយនេះ។
មេដឹកនាំគណបក្សភ្លើងទៀនបានចាត់ទុកការដកបេក្ខជនខាងលើនេះថា មានហេតុផលជំរុញពីក្រោយដោយនយោបាយ និងស្នើឲ្យគ.ជ.បពិចារណាឡើងវិញ។ យោងតាមគណបក្សនេះ បេក្ខជនមកពីឃុំសង្កាត់ចំនួន១១ ត្រូវបានដកចេញពីការឈរឈ្មោះ ក្នុងនោះ ៨សង្កាត់នៅរាជធានីភ្នំពេញ (បេក្ខជនសរុប ១១៦) ពីរឃុំនៅខេត្តកំពង់ចាម (បេក្ខជនសរុប ២៤នាក់) និងមួយឃុំនៅខេត្តពោធិ៍សាត់ (បេក្ខជនសរុប ១០នាក់)។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់អ្នកសារព័ត៌មានអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា អាជ្ញាធរមូលដ្ឋានបានបង្កជាឧបសគ្គសម្រាប់គណបក្សប្រឆាំង ដោយបំពានលើសិទ្ធិនយោបាយរបស់ពួកគេ។
ប៉ុន្តែលោកអះអាងថា គណបក្សភ្លើងទៀននឹងបន្តតស៊ូឈរឈ្មោះលើសន្លឹកឆ្នោត។
លោកបានថ្លែងថា៖ «យើងនឹងមិននៅស្ងៀមនោះទេ យើងតស៊ូមតិ យើងទាមទារឲ្យធ្វើឲ្យស្ថានភាពប្រសើរឡើងវិញ។ យើងនឹងចូលរួមនៅក្នុងការបោះឆ្នោត» ដោយបន្ថែមថា ការគំរាមកំហែងជំរុញដោយនយោបាយនឹងបង្កបញ្ហាកាន់តែច្រើនជាងនេះមកលើគណបក្សប្រឆាំង។
លោកបានបន្តថា៖ «ឥឡូវនេះគឺ ចាប់ផ្តើមពីការលុបបញ្ជីបេក្ខជនទាំងស្រុងដោយមិនមានក្បួនខ្នាត ដែលនេះបង្កឲ្យមានភាពកាន់តែមិនជឿទុកចិត្តនៅពេលរាប់សន្លឹកឆ្នោត»។
លោកក៏បានលើកឡើងពីការលំបាកនៅក្នុងរៀបចំភ្នាក់ងារអង្កេតការណ៍លើការបោះឆ្នោតចេញពីគណបក្ស ដោយសារតែសកម្មជនរបស់គណបក្សធ្លាប់រងការគំរាមកំហែង។
លោកបាននិយាយថា៖ «យើងសុំឲ្យអាជ្ញាធរជួយសម្រួលរឿងនេះ។ ប្រសិនបើយើងមិនមានអ្នកអង្កេតការណ៍នៅការិយាល័យបោះឆ្នោតនោះទេ តើលទ្ធផលនឹងទៅជាយ៉ាងណា? តើនឹងបង្កជាមន្ទិលប៉ុណ្ណា? វានឹងមានការតវ៉ាទេ ហើយយើងមិនចង់ឲ្យមានការតវ៉ាក្រោយការបោះឆ្នោតនោះទេ»។
គណបក្សភ្លើងទៀនបានជំរុញឲ្យគ.ជ.បពិចារណាឡើងវិញ និងរក្សាបញ្ជីបេក្ខជននៅក្នុងឃុំសង្កាត់ទាំង ១១។
គណបក្សនេះក៏បានអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលជប៉ុន ដែលបានប្តេជ្ញាលើកកម្ពស់ដំណើរការបោះឆ្នោតនៅកម្ពុជា ឲ្យតាមដាននិងធានានូវអព្យាក្រឹត្យភាពរបស់គ.ជ.បដើម្បីឲ្យការបោះឆ្នោតត្រូវបានទទួលស្គាល់ដោយគ្រប់គណបក្សនយោបាយ និងអ្នកអង្កេតការណ៍អន្តរជាតិ។
បើតាមលោក សុន ឆ័យ គណបក្សភ្លើងទៀននឹងជួបជាមួយប្រធានគ.ជ.បដើម្បីពិភាក្សា និងស្វែងរកមធ្យោបាយដើម្បីសម្រួលបញ្ហា។ អ្នកនាំពាក្យគ.ជ.បបាននិយាយកាលពីថ្ងៃចន្ទថា គ.ជ.បបានលុបចោលបេក្ខជនពីសន្លឹកឆ្នោតរួចរាល់ហើយ។
យោងទៅតាមរបាយការណ៍ពាក់ព័ន្ធនឹងការបង្អាក់ផ្នែកនយោបាយមកលើគណបក្សកាលពីខែមីនា បេក្ខជនគណបក្សភ្លើងទៀនបានប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានតាមរូបភាពផ្សេងៗ រួមមាន ការទាមទារឲ្យលាលែងពីតំណែងជាបេក្ខជនគណបក្ស ការកោះហៅដោយប៉ូលិសដោយមិនមានហេតុផល បទចោទប្រកាន់ពីការក្លែងបន្លំ និងគំរាមដកហូតសេវាកម្មសាធារណៈ ដូចជា ការដកហូតបណ្ណក្រីក្រជាដើម។
របាយការណ៍បាននិយាយថា មកទល់ពេលនេះ សមាជិកគណបក្សភ្លើងទៀនចំនួនបួននាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីចូលរួមជាមួយគណបក្ស។
កម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ទូទាំងឃុំសង្កាត់សរុប ១.៦៥២។ យោងតាមព័ត៌មានពីគ.ជ.ប មានបេក្ខជន ៨២.៧៨៦ នាក់បានចុះឈ្មោះពីគណបក្សនយោបាយ ១៧ ទូទាំងប្រទេស។
អ្នកនាំពាក្យគ.ជ.បលោក ហង្ស ពុទ្ធា បានប្រាប់ ខេមបូចា ថា គ.ជ.បសម្រេចលុបឈ្មោះបេក្ខជនមិនត្រឹមតែមកពីគណបក្សភ្លើងទៀនប៉ុណ្ណោះទេ ក៏មានពីគណបក្សឆន្ទៈខ្មែរ និងគណបក្សសំបុកឃ្មុំផងដែរ
លោកបានបន្តថា បេក្ខជនទាំងនោះមិនបានបំពេញបែបបទដើម្បីចុះឈ្មោះលើសន្លឹកឆ្នោតនោះទេ ដែលការណ៍នេះបានបង្ហាញមន្ទិលពាក់ព័ន្ធនឹងអក្ខរកម្មរបស់ពួកគេ។
លោកបានថ្លែងថា៖ «យើងបានលុបបេក្ខជនទាំងនោះចេញពីបញ្ជី ពីព្រោះយើងសង្កេតឃើញជាទូទៅថា ពួកគេមិនចេះសរសេរអក្សរខ្មែរ ហើយចំណុចនេះគឺតម្រូវដោយច្បាប់»។
បើទោះបីជាអក្ខរកម្មជាតម្រូវការសម្រាប់ការឈរឈ្មោះបោះឆ្នោតនៅកម្ពុជា នៅឆ្នាំនេះ គ.ជ.បបានលុបចោលបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះឃុំសង្កាត់ទាំងស្រុង ជាជាងការដកចេញនូវបេក្ខជនដែលមិនបំពេញលក្ខខណ្ឌជាលក្ខណៈបុគ្គល។ ការធ្វើដូចនេះអាចចាត់ទុកជារឿងចម្លែកមួយបើប្រៀបជាមួយនឹងការបោះឆ្នោតកាលពីគ្រាមុនៗ។
លោក ហង្ស ពុទ្ធា បានបន្ថែមថា ក្រុមប្រឹក្សាជំនុំជម្រះបានបិទផ្លូវតវ៉ារួចទៅហើយ ហើយគណបក្សទាំងនោះមិនត្រូវបំពានច្បាប់នោះទេ។
យោងទៅតាមលោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងថា បេក្ខជន ៣៣នាក់ពីគណបក្សរបស់លោកនៅរាជធានីភ្នំពេញ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមកទល់ពេលនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា គណបក្សប្រឆាំងតែងតែតវ៉ាលើបញ្ហានេះ ដោយសារតែពួកគេមិនព្រមទទួលខុសត្រូវលើកំហុសរបស់ខ្លួន។
លោកបានថ្លែងថា៖ «បើនិយាយថា គណបក្សប្រជាជនកម្ពុជាព្រួយបារម្ភពីប្រជាប្រិយភាពរបស់គណបក្សភ្លើងទៀនគឺ មិនពិតនោះទេ។ ដោយសារតែយើងដឹងថា គណបក្សនេះគឺគ្រាន់តែជាចំណែកតូចមួយនៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចាញ់រួចទៅហើយ ចាប់តាំងពីឆ្នាំ ២០១៣មក»។
លោក កន សាវាង្ស មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល និយាយថា គ.ជ.បគួរតែផ្តល់ឱកាសដល់គណបក្សនយោបាយដើម្បីជំនួសបេក្ខជនទាំងនោះ ជាជាងលុបបញ្ជីឈ្មោះទាំងស្រុង។
លោកបានបន្តថា នេះជាលើកដំបូងហើយដែលគ.ជ.បបានធ្វើដូចនេះ ដែលការណ៍នេះបានប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋនៅក្នុងការជ្រើសរើសតំណាងរបស់ពួកគេ។
លោកបានថ្លែងថា៖ «ពលរដ្ឋត្រូវការគណបក្សនយោបាយច្រើនជាងនេះ ពួកគេត្រូវការនរណាម្នាក់ដែលពួកគេពេញចិត្តនៅក្នុងសហគមន៍របស់ពួកគេ។ ពួកគេត្រូវការសិទ្ធិនយោបាយក្នុងការជ្រើសរើស»៕ (រាយការណ៍បន្ថែមដោយ ទ្រី ថានី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ More Candlelight Party commune candidates cut from election