បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលមិនទាន់កាត់ឈ្មោះប្រមាណជា១ពាន់នាក់ដែលបានគាំទ្រ និងចូលរួមធ្វើកូដកម្មដើម្បីទាមទារឲ្យដោះលែងមេដឹកនាំ និងតំណាងសហជីពត្រូវបានក្រុមហ៊ុនផ្ញើសារគំរាមកំហែងថា បើមិនចូលធ្វើការវិញ ពួកគេនឹងត្រូវបានកាត់ឈ្មោះចេញពីក្រុមហ៊ុន។
កញ្ញា មៀច ស្រីអូន ជាបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ក្នុងចំណោមបុគ្គលិករាប់រយនាក់ផ្សេងទៀត មិនទាន់បានកាត់ឈ្មោះដែលបានចូលរួមធ្វើកូដកម្មដោយស្ម័គ្រចិត្តក្នុងការទាមទារឱ្យមានការដោះលែងមេដឹកនាំ និងតំណាងសហជីពទាំង៨រូបដែលត្រូវបានចោទប្រកាន់ពីតុលាការ បានប្រាប់កាលពីថ្ងៃអង្គារថា ភាគច្រើនអ្នកដែលមកធ្វើកូដកម្មនេះ គឺជាបុគ្គលិកមិនទាន់មានឈ្មោះកាត់ប្រមាណជា១ពាន់នាក់ជាង តែត្រូវបានក្រុមហ៊ុនហៅទៅចរចារយៈពេល៣ថ្ងៃ តែមិនមានដំណោះស្រាយណាមួយទេ។
កញ្ញាប្រាប់ថា៖ «ក្រុមហ៊ុនមានការផ្ញើសារមកពួកខ្ញុំម្ដងហើយម្ដងទៀត និយាយពីថាសារហ្នឹងចុងក្រោយហើយថាត្រូវតែចូលធ្វើការវិញ របៀបថាគាត់អត់មានទំនួលខុសត្រូវក្នុងការដោះស្រាយទេ បែរជាព្យាយាមក្នុងការគំរាមកំហែងបុគ្គលិកថា បើមិនមកធ្វើការទេ នឹងកាត់ឈ្មោះអ្នកឯង»។
ស្រីអូនបន្តថា បុគ្គលិកដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងគាបសង្កត់ខ្លាំង ដោយក្រុមហ៊ុនរារាំងមិនឱ្យបុគ្គលិកទាំងនោះចូលរួមធ្វើកូដកម្មឡើយ។ ដោយឡែកក្រសួងការងារគួរពិចារណាលើសំណើរបស់កូដករដែលកំពុងធ្វើកូដកម្មផង។
កញ្ញាបានឲ្យដឹងថា៖ «ក្រុមហ៊ុនរារាំងមិនឱ្យពួកគាត់[បុគ្គលិកក្នុងក្រុមហ៊ុន]មកចូលរួមធ្វើកូដកម្មទេ មួយអាទិត្យប្រជុំពីរ បីដង ខ្ញុំអាណិតពួកគាត់ណាស់»។
កញ្ញា ស្រីអូន បន្ថែមថា៖ «សូមកុំលាបពណ៌ខ្ញុំ កម្មករទាំងអស់សូមតែអាហារបីពេល ដើម្បីឱ្យឆ្នាំបាយដាំទៅស្រួល មិនមែនផ្ដួលរំលំរាជរដ្ឋាភិបាលអីទេ ខុសហើយ! អ្នកដែលនិយាយពាក្យហ្នឹង គឺមិនឱ្យតម្លៃខ្មែរគ្នាឯង បើយើងជាខ្មែរ យើងត្រូវយល់តម្លៃជាខ្មែរ មិនមែនឱ្យក្រុមហ៊ុនបរទេសមើលងាយ ជិះជាន់ខ្មែរចឹងទេ»។
បុគ្គលិកផ្នែកបេឡានៃក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ទៀតដែលមិនទាន់មានឈ្មោះកាត់គឺ កញ្ញា ឡាយ សុភ័ត្រា បានឱ្យដឹងថា ចាប់តាំងពីកញ្ញាចូលរួមធ្វើកូដកម្ម ដើម្បីឱ្យមានការដោះលែងសហជីព និងឱ្យមានដំណោះស្រាយសម្រាប់បុគ្គលិកផ្សេងទៀត ខាងក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ញើសារមកជាហូរហែក្នុងន័យឱ្យរូបខ្លួនទៅបំពេញការងារជាធម្មតាវិញ។
កញ្ញាបន្តថា ក្រុមហ៊ុនបានព្យាយាមផ្ដល់ដំណឹងជូនបុគ្គលិកតាមរយៈការផ្ញើសារតាមទូរស័ព្ទ និងតាមអ៊ីម៉េល ថាការធ្វើកូដកម្មនេះ គឺខុសច្បាប់ តែមកដល់ពេលនេះកញ្ញាថា ក្រុមហ៊ុនមិនទាន់មានចំណាត់ការអ្វីដូចដែលផ្ដល់ដំណឹងជូនកម្មករទេ។
កញ្ញាបន្ថែមថា៖ «ក្រុមហ៊ុនគាត់ផ្ញើសារមកឱ្យពួកខ្ញុំចូលធ្វើការវិញជាបន្ទាន់ បើអត់ចូលធ្វើការក្រុមហ៊ុននឹងចាត់វិធានការទៅតាមច្បាប់របស់ក្រុមហ៊ុនចឹងហ្អា។ ខ្ញុំនៅតែបន្តធ្វើកូដកម្មធម្មតារហូតក្រុមហ៊ុនរកដំណោះស្រាយឱ្យខ្ញុំ និងដោះលែងតំណាងរបស់ខ្ញុំចេញមក ដើម្បីចូលតុចរចា»។
កញ្ញា ភ័ត្រា បន្ថែមទៀតថា ទន្ទឹមនឹងការបើកមេក្រូឮៗពីក្រសួងការងារ ខាងអាជ្ញាធរក៏បានបិទបន្ទប់ទឹកនៅកន្លែងក្បែរកម្មករធ្វើកូដកម្ម ដោយលើកហេតុផលថាបន្ទប់ទឹកខូច។
កញ្ញាថា៖ «ម្សិលមិញខ្ញុំចូលបន្ទប់ទឹកបានធម្មតា តែថ្ងៃនេះគ្នាខ្ញុំច្រើនចូលទៅ គេបិទទ្វារហ្មង ថា អាជ្ញាធរគេអត់ឱ្យចូល»។
ចំណែកកញ្ញា ធួន ស្រីនាថ ជាបុគ្គលិកណាហ្គាវើលដ៍ បម្រើការផ្នែកបេឡា ប្រមាណជា១៣ឆ្នាំ និងមិនមានឈ្មោះកាត់ បានចូលរួមធ្វើកូដកម្មដោយអហិង្សា ក្នុងការទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពទាំង៨រូប និងជំរុញឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ឆាប់ដោះស្រាយវិវាទ។ ថ្វីបើក្រុមហ៊ុនបានព្រមានបុគ្គលិកឱ្យចូលធ្វើការវិញក៏ដោយ ក៏កញ្ញាមិនមានការបារម្ភឡើយ ដោយរំពឹងលើច្បាប់នៅកម្ពុជានឹងរកយុត្តិធម៌ជូនកម្មករបាន។
កញ្ញាបន្តថា៖ «ពួកខ្ញុំបានធ្វើអស់និតិវិធីច្បាប់ហើយមុននឹងចូលរួមកូដកម្មនេះ ហើយខ្ញុំអត់បារម្ភហ្អេ៎ ខ្ញុំគិតថាពួកខ្ញុំធ្វើនេះគឺស្របច្បាប់។ ខ្ញុំនៅតែសង្ឃឹម ដោយសារអីប្រទេសខ្មែរយើងមានច្បាប់ ចឹងក្រុមហ៊ុនណាក៏ដោយ បើកក្នុងទឹកដីខ្មែរ រកស៊ីក្នុងទឹកដីខ្មែរត្រូវតែគោរពច្បាប់ប្រទេសខ្មែរ»។
កញ្ញាបញ្ជាក់ថា ការចូលរួមធ្វើកូដកម្មនេះ គឺមានវត្តមានបុគ្គលិកដែលមិនទាន់មានឈ្មោះកាត់ប្រមាណជា១ពាន់នាក់ឡើង។ ហើយការធ្វើកូដកម្មនេះ គឺធ្វើដោយការស្ម័គ្រចិត្ត ដើម្បីកុំឱ្យមានការរើសអើងសហជីព ដើម្បីសិទ្ធការងារ ដើម្បីឱ្យមានការដោះលែងសហជីព និងដើម្បីតែក្រពះរបស់កម្មកររាប់រយនាក់តែប៉ុណ្ណោះ មិនមែនជាការធ្វើបដិវត្តពណ៌ ការបង្កចលាចល ឬសកម្មភាពផ្សេង ដូចដែលជនមួយចំនួនចោទប្រកាន់ឡើយ។
គេសង្កេតឃើញថា ក្រុមកូដករជាង៤០០នាក់ នៅតែបន្តសកម្មភាពធ្វើកូដកម្មដោយអហិង្សា ក្នុងការទាមទារឲ្យមានការដោះលែងថ្នាក់ដឹកនាំសហជីពចំនួន៨នាក់ និងស្នើឱ្យក្រុមហ៊ុនណាហ្គាវើលដ៍មានការដោះស្រាយនូវវិវាទការងារទាំង៩ចំណុចរបស់បុគ្គលិក។
អ្វីដែលគួរឱ្យកត់សម្គាល់នៅទីតាំងធ្វើកូដកម្ម ក្រសួងការងារបានយកឧគ្ឃោសនស័ព្ទ បើកឮៗអាននូវសេចក្ដីប្រកាសឱ្យក្រុមកូដកររំសាយ និងចូលតុចរចា ខណៈតុលាការ បានសម្រេចឃុំខ្លួនមេដឹកនាំសហជីពរួចទៅហើយកាលពីថ្ងៃទី៥ មករា ឆ្នាំ២០២២ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ស្រី្តម្នាក់កាន់មេក្រូជ័រតូចមួយ ស្រែកចេញពីហ្វូងកូដកររាប់រយនាក់ បន្លឺឡើងថា៖ «ចាប់តំណាងខ្ញុំហើយ ឱ្យខ្ញុំទៅចរចាយ៉ាងដូចម្ដេច?»។ សម្លេងបន្លឺឡើងតាមមេក្រូដដែលថា៖ «សូមក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ជំរុញឲ្យមានការដោះលែងថ្នាក់ដឹកនាំ និងដោះស្រាយបញ្ហា ដោះលែងតំណាងរបស់យើងជាបន្ទាន់»។
ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការស្នើររបស់ក្រុមកម្មករ ឬសង្គមស៊ីវិល ក្នុងការទាមទារឱ្យតុលារការដោះលែង គឺជាសិទ្ធិ ជាការស្នើ មិនមានឥទ្ធិពលអ្វីក្នុងប្រព័ន្ធតុលាការទេ។ លោកបន្តថា ប្រសិនបើចង់ការពារខ្លួន និងរួចពីការចោទរបស់តុលាការអ្នកដែលត្រូវចោទត្រូវមានភស្ដុតាងណាមួយដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។
លោកម៉ាលីន ថ្លែងថា៖ «ការស្នើសុំ ការថ្លែងការណ៍ ការទិទៀនអ្វីមួយ គ្រាន់តែរូបភាពនយោបាយតែប៉ុណ្ណោះ មិនមានឥទ្ធិពលអ្វីមកលើផ្លូវច្បាប់ឡើយ។ ប្រសិនបើចង់ដោះបន្ទុកនៃការចោទ ទាល់តែមានភស្តុតាងអ្វីមួយបញ្ជាក់ចំពោះការចោទរបស់សមត្ថកិច្ច»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់តាមរយៈសារតេឡេក្រាមថា ករណីវិវាទនេះក្រសួងបានផ្សះផ្សាតាំងពីខែមិថុនា ហើយក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានបើកសវនាការ និងចេញសេចក្តីបង្គាប់រួចហើយ។
លោកបញ្ជាក់ថា៖ «មន្ត្រីបច្ចេកទេស និងអធិការការងាររបស់ក្រសួងបានបញ្ជាក់តាំងពីដំបូងថាអ្វីដែលជាផលប្រយោជន៍បងប្អូនគឺ មិនអាស្រ័យលើការគណនារបស់ក្រុមហ៊ុន ឬភាគីណាមួយបកស្រាយទេ គឺអាស្រ័យលើច្បាប់។បើបងប្អូនម្នាក់ៗមិនមកដោះស្រាយផ្ទាល់ទេ គឺមន្ត្រីបច្ចេកទេសរបស់យើងមិនអាចធានាលើសុក្រឹតភាពនៃព័ត៌មានដែលផ្តល់ដោយភាគីនិយោជកតែម្ខាងនោះឡើយ»។
លោក ហេង សួរ បន្ថែមទៀតថា ជុំវិញករណីតវ៉ានេះ គួរបែងចែកឱ្យដាច់នូវអ្វីទៅជារឿងផ្ទាល់ខ្លួន អ្វីទៅជារឿងដែលពាក់ព័ន្ធច្បាប់ស្តីពីការងារ និងអ្វីដែលនៅក្រៅច្បាប់ស្តីពីការងារ។ រីឯអ្វីផ្សេងទៀត ដែលមិនពាក់ព័ន្ធច្បាប់ការងារ គឺសូមឱ្យកម្មករសិក្សាស្វែងយល់អំពីនីតិវិធីនៃបញ្ហាទាំងនោះ ហើយនាំគ្នាដោះទៅតាមនីតិវិធី និងច្បាប់ដែលពាក់ព័ន្ធបញ្ហានោះ។
ទាក់ទងនឹងបញ្ហានេះ លោក Guy Ryder អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនកម្មករ និងសកម្មជនសហជីពនាពេលថ្មីៗនេះ បន្ទាប់ពីពួកគេបានធ្វើកូដកម្មដោយសន្តិវិធី។ លោកបន្ថែមថា ការចាប់ខ្លួន និងដាក់ពន្ធនាគារពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្មដោយសន្តិវិធី គឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងសិទ្ធិសហជីព។
ក្នុងលិខិតដដែល ដែលចេញកាលពីថ្ងៃទី៧ មករា ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីធានាឱ្យមានការដោះលែងជាបន្ទាន់សហជីពទាំង៨រូប និងការទម្លាក់ចោលបទចោទប្រកាន់ព្រហ្មទណ្ឌទាំងអស់ទាក់ទងនឹងសកម្មភាព របស់ពួកគេ។
ទន្ទឹមនឹងនេះ ស្ថានទូតចំនួនបីនៅកម្ពុជា បានបង្ហាញការយកចិត្តទុកដាក់ និងឃ្លាំមើលជុំវិញការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៨រូប ក្នុងនោះមាន ចក្រភពអង់គ្លេស ស្ថានទូតអាមេរិក និងស្ថានទូតអូស្រ្តាលី ដោយពួកគេបាន លើកឡើងស្រដៀងគ្នាថា ប្រជាជនកម្ពុជាមានសិទ្ធិក្នុងការជួបជុំដោយសន្តិវិធី មានសេរីភាពក្នុងការបញ្ចេញមតិ និងការការពារសិទ្ធិមនុស្ស ដោយរំពឹងថា ភាគីទាំងអស់ត្រឡប់ទៅរកការចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់រហ័ស។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែមករា នេះ គឺជាថ្ងៃទី២៤ហើយ ដែលបុគ្គលិកណាហ្គាវើលដ៍រាប់រយនាក់ បន្តធ្វើកូដកម្មដោយអហិង្សាក្នុងការទាមទារសិទ្ធិសេរីភាពនៅកន្លែងការងារ ពីក្រុមហ៊ុនណាហ្គាវើលដ៍ និងស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធជួយអន្តរាគមន៍ក្នុងការដោះលែងថ្នាក់ដឹកនាំសហជីពរបស់ពួកគេ៕