សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជិត២០០នាក់តវ៉ាឱ្យដាក់មេភូមិ អនុភូមិចូលកាន់តំណែងវិញ ក្រោយ​ពួកគាត់ត្រូវបានដកចេញ

ពលរដ្ឋរស់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ នាំគ្នាតវ៉ាទាមទារឱ្យរក្សាតំណែងមេភូមិ អនុភូមិចាស់ ក្រោយមេឃុំដកតំណែង។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ពលរដ្ឋរស់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ នាំគ្នាតវ៉ាទាមទារឱ្យរក្សាតំណែងមេភូមិ អនុភូមិចាស់ ក្រោយមេឃុំដកតំណែង។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ធ្វើបច្ចុប្បន្នភាព៖ ពលរដ្ឋជិត២០០នាក់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានតវ៉ាទាមទារឱ្យដាក់មេភូមិ អនុភូមិចាស់ចូលកាន់តំណែងវិញ ដោយអះអាងថា ពួកគាត់មិនបានសាងកំហុសអ្វីកំឡុងពេលដែលពួកគាត់ដឹកនាំជិត២០ឆ្នាំ ប៉ុន្តែបែរជាត្រូវបានក្រុមប្រឹក្សាឃុំដក ខណៈក្រសួងមហាផ្ទៃថា នឹងតាមដានរឿងនេះដើម្បីស្វែងរកយុត្ដធម៌។

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ អ្នកភូមិជិត២០០នាក់បានតវ៉ាទ្រង់ទ្រាយធំជាលើកទី២ ស្ថិតនៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ដើម្បីទាមទារឱ្យរក្សាតំណែងមេភូមិ អនុភូមិចាស់វិញដែល​ថាការដកតំណែងមិនបានសាងកំហុស និងមានលិខិតព្រមានណាមួយឡើយ។ ការណ៍នេះអ្នកភូមិថា ថ្នាក់លើគួរតែផ្ដល់យុត្ដិធម៌ដល់មន្រ្ដីស្អាតស្អំ និងការលើកទឹកចិត្ដ។

បើតាមសម្ដីពលរដ្ឋម្នាក់ លោក ទៀង សុភាក់ បានបញ្ជាក់ថា ការដកមេភូមិ អនុភូមិនេះធ្វើឡើងដោយគ្មានមូលហេតុច្បាស់លាស់ ដោយថា មេភូមិ អនុភូមិតែងតែប្រឹងប្រែងធ្វើការមិនគិតពេលវេលាដើម្បីបម្រើពលរដ្ឋ។ លោកបន្ដថា កន្លងមករាល់សំណើពលរដ្ឋ ឬការដោះស្រាយជម្លោះណាមួយគឺមេភូមិ អនុភូមិតែងឈរលើភាពយុត្ដិធម៌ជានិច្ចទើបលោកត្រូវបានពលរដ្ឋស្រលាញ់គោរព។ យ៉ាងណាលោកបន្ថែមថា ការដកនេះបានធ្វើឱ្យអ្នកភូមិសម្ដែងការមិនពេញចិត្ដរហូតនាំគ្នាតវ៉ាទាមទារដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចជួយឱ្យពួកគាត់មកកាន់តំណែងចាស់វិញ។

លោកលើកឡើងថា៖ «គាត់[មេភូមិ អនុភូមិ]ល្អ បម្រើពលរដ្ឋបានល្អ ម្នាក់ៗស្រលាញ់គាត់ណាស់ បែរមកដកគ្មានមូលហេតុ ពួកខ្ញុំចង់ឱ្យគាត់កាន់តំណែងវិញ។ គាត់មិនដែលចូលតវ៉ាអីជាមួយប្រជាពលរដ្ឋទេបង»

លោក  សួង ចាន់ថា អាយុ៤៥ឆ្នាំរស់នៅភូមិខ្ជាយ  បានអះអាងប្រហាក់ប្រហែលគ្នាថា ការដកនេះមិនបានឱ្យពលរដ្ឋដឹងឮនោះទេ ដោយមេឃុំ និងស្មៀនធ្វើសេចក្ដីប្រកាសតែម្តង ខណៈលោកថាសូម្បីមេភូមិ និងអនុភូមិដែលជាសាមីក៏មិនចូលស្ដាប់សេចក្ដីប្រកាសពីការដកតំណែងនោះដែរ។ លោកថា ភូមិនៅតែ​បន្ដ​​ទាមទារឱ្យមេភូមិ អនុភូមិមកកាន់ដូចដើមក្នុងហេតុផលបម្រើភូមិបានល្អ។

លោកឱ្យដឹងថា៖«វាអយុត្ដិធម៌ពេក គាត់គ្មានកំហុសសោះ។ មានចង់បានអីទេបង ចង់បានតែគាត់ធ្វើមេភូមិវិញ»

យោងតាមការបញ្ជាក់មេភូមិ កែវ វ៉ា អាយុ៦៧ឆ្នាំ បាននិយាយថា លោកត្រូវបានកាន់តំណែងជាមេភូមិជិត២០មកហើយដោយទទួលបានការស្រលាញ់​ពីអ្នកភូមិ។ លោកថា​ ការងារលោកមិនធ្វើឱ្យប៉ះពាល់ដល់អ្នកណាឡើយ ជាពិសេសការរកសន្លឹកឆ្នោតគឺបក្សប្រជាជនឈ្នះដាច់រាល់លើក។ លោកបន្ថែមថា​ ការដកលោកទាំងគ្មានកំហុសទោះលោកខំប្រឹងសួរនាំថាលោកខុសអីបានជាដកលោក​ និងអនុភូមិក៏គេមិនបានប្រាប់រហូតមកដល់ពេលនេះមានរយៈពេល៣អាទិត្យមកហើយ។ លោកថា​ ការដកនេះលោកមិនអស់ចិត្ដ និងទាមទារឱ្យថ្នាក់លើពាក់ព័ន្ធជួយអន្ដរាគមន៍ផង។

មេភូមិរូបនេះបញ្ជាក់ថា៖ «ខ្ញុំវាមិនអស់ចិត្ដ សុខៗគេមកដកទាំងខ្ញុំគ្មានកំហុសអី វាអយុត្ដិធម៌ពេកចំពោះខ្ញុំ»

លោក ថុង ហេង អនុភូមិដែលត្រូវបានគេដកតំណែង បានឱ្យដឹងថា​ លោកនៅតែទាមទារចង់ដឹងពីមូលហេតុនៃការដកលោក​ដើម្បីអាចទទួលបាននូវភាពយុត្ដិធម៌សាងភាពស្អាតស្អំមកលោកវិញ។

លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យថ្នាក់លើជួយអន្ដរាគមន៍បញ្ហាខ្ញុំផង ខ្ញុំចង់បានតែប៉ុណ្ណឹងទេ ដកក៏ត្រូវមានមូលហេតុច្បាស់លាស់ដែរ»

បើតាមមេភូមិបានបន្ថែមថា លោកត្រូវបានមេឃុំ និងស្មៀន បានប្រកាសដកតំណែងទាំងគ្មានកំហុសកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកមូលហេតុថា លោកអវត្ដមានការប្រជុំចំនួន២ដង។ ប្រភពដដែលបន្ដថា ការដែលលោកអវត្ដមានប្រជុំ២ដងដោយលោកមិនមានប្រព័ន្ធតេឡេក្រាមដោយលោកមានទូរសព្ទអ៊ិនចុចពិល ប៉ុន្ដែរាល់ការប្រជុំមិនបានទាក់ទងមកលោកមេឃុំ និងស្មៀនឡើយ អាចជាហេតុគេដកលោកចេញដោយដាក់អ្នកផ្សេងជំនួសវិញ។

ពលរដ្ឋរស់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ នាំគ្នាតវ៉ាទាមទារឱ្យរក្សាតំណែងមេភូមិ អនុភូមិចាស់ ក្រោយមេឃុំដកតំណែង។​ រូបថតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

លោក ​អ៊ូច យឿន មេឃុំជាំក្រវៀន បានបញ្ជាក់ប្រាប់ ខេមបូចា នៅថ្ងៃទី១៥ ខែកក្កដា ថា ការដកនេះធ្វើឡើងដោយមានការបោះឆ្នោតពីក្រុមប្រឹក្សាឃុំទាំង៦រូប។ លោកថា​ មុននឹងមានការបញ្ចប់តួនាទីលោកមេភូមិ លោកតែងតែធ្វើការណែនាំចំនួន២ដងដើម្បីឱ្យកែប្រែកំហុសលើការធ្វើការមិនចុះសម្រុងនឹងគ្នាជាមួយប្រឹក្សាភូមិ ប៉ុន្ដែមេភូមិនៅមិនព្រមកែប្រែទើបឈានដល់ការបោះឆ្នោតជាថ្មី។

លោកបញ្ជាក់ថា៖ «ខ្ញុំបានណែនាំគាត់ច្រើនដងហើយ​ តែគាត់នៅតែបំពាន ការដកគាត់ចេញនេះយោងតាមការបោះឆ្នោតក្រុមប្រឹក្សាឃុំ។ គាត់ថាខ្ញុំមិនបានណែនាំគាត់ អាហ្នឹងខុសទាំងស្រុង»

បើតាម លោក ស្រេង លី អភិបាលស្រុកមេមត់ បាននិយាយថា កិច្ចការនេះជាការសម្រេចរបស់ឃុំ ស្រុកមិនបានដឹងឮឡើយ។

លោកថ្លែងថា៖‍ «ប្អូនទៅសួរខាងឃុំបានដឹងរឿង បងអត់ដឹងរឿងហ្នឹងទេ ព្រោះឃុំអ្នកសម្រេច»

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងនឹងតាមដានរឿងនេះដើម្បីស្វែងរកយុត្ដិធម៌ ក្នុងករណីសាមីខ្លួនដាក់លិខិតណាមួយមកក្រសួងមហាផ្ទៃ ក្រសួងនឹងពិនិត្យ។

លោកថ្លែងថា៖ «គាត់[មេភូមិ អនុភូមិ]អាចដាក់លិខិតដែលរ៉ាយរាប់នូវអង្គហេតុផ្សេងៗមកកាន់ក្រសួងមហាផ្ទៃ ដើម្បីក្រសួងមហាផ្ទៃមានមូលដ្ឋានពិនិត្យមើល ឬដាក់គោលការណ៍ណែនាំទៅដល់ថ្នាក់ក្រោមជាតិដើម្បីឱ្យពិនិត្យករណីហ្នឹងឡើងវិញជាដើម»

លោក ឡេង សេងហាំ មន្រ្ដីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្ដត្បូងឃ្មុំ បាននិយាយថា មន្រ្ដីដែលបម្រើពលរដ្ឋល្អគួរទទួលបានការសសើររហូតដល់ការតំឡើងតួនាទីទើបត្រូវ។

លោកថ្លែងថា៖ «វាកម្រមានមន្រ្ដីមូលដ្ឋានល្អចឹងណាស់​ វាគួរតែឡើងតំណែងបានត្រូវ»

ចំណែកឯលោក អំ សំអាត យល់ថា មន្រ្ដីដែលពលរដ្ឋស្រលាញ់ដោយសារអភិបាលកិច្ចគាត់ល្អ ដូច្នេះវាគួរលើកទឹកចិត្ដពួកគាត់បានត្រូវ។

លោកបន្ដថា៖‍«យើងគួរតែលើកទឹកមន្រ្ដីល្អ មិនមែនត្រូវដកគាត់ទេ»។ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ អ្នកភូមិបានផ្ដិតមេដៃ ដើម្បីដាក់លិខិតទៅរដ្ឋបាលស្រុកមេមត់ និងរដ្ឋបាលខេត្ដត្បូងឃ្មុំ ដើម្បីស្នើឱ្យដាក់មេភូមិ អនុភូមិចាស់ឱ្យដឹកនាំឡើងវិញដោយសំអាងថា ពួកគាត់ពីរនាក់ជាអាជ្ញាធរល្អបម្រើប្រជាពលរដ្ឋមិនប្រកាន់បក្ខពួក និងយកចិត្ដទុកដាក់ដល់អ្នកភូមិបានល្អ ចាប់តាំងពីលោកឡើងធ្វើមេភូមិ អនុភូមិមក៕

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៖​ ក្រោយពីពលរដ្ឋជិត២០០នាក់បើកយុទ្ធនាការតវ៉ាទាមទារឱ្យមេភូមិ និងអនុភូមិខ្ជាយចូលកាន់តំណែងវិញកាលពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មេភូមិខ្ជាយ គឺលោក កែវ វ៉ា និងអនុភូមិលោក ថុង ហេង ត្រូវបានថ្នាក់លើអនុញ្ញាតឱ្យលោកអាចកាន់តំណែងវិញដោយរដ្ឋបាលស្រុកមេមត់បានចេញលិខិតមួយបញ្ជាឱ្យមេភូមិ អនុភូមិចាស់ដោយព្រមានទៅក្រុមប្រឹក្សាឃុំថា មុននឹងមានការដកតំណែងមេភូមិ អនុភូមិ ឬសមាជិក​ភូមិត្រូវបញ្ជាក់អង្គហេតុឱ្យបានច្បាស់លាស់មុននឹងសរសេរលិខិតស្នើដកណាមួយ។

253 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម