ដីសាធារណៈរបស់រដ្ឋជាង ៩៣០ ០០០ហិកតានៅក្នុងតំបន់ការពារធម្មជាតិត្រៀមធ្វើអនុប្រយោគ និងបែងចែកសម្រាប់កម្មសិទ្ធិឯកជន នេះបើតាមអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមក។
ប្រជាពលរដ្ឋរស់នៅតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន១៥ នៅពេលនេះនឹងបានទទួលសិទ្ធិកាន់កាន់ដីជាលក្ខណៈឯកជន ខណៈដែលអាជ្ញាធរខេត្ត និងក្រសួងបរិស្ថានជាអ្នកកំណត់អត្តសញ្ញាណ។ នេះបើតាមអនុក្រឹត្យដដែល និងសេចក្ដីសម្រេចរបស់ទីស្ដីការគណរដ្ឋមន្ត្រីចេញផ្សាយកាលពីខែមិថុនា។
អនុក្រឹត្យលេខ២៤៥ នឹងផ្ដល់ដីកម្មសិទ្ធនេះទៅកាន់សហគមន៍ និងអ្នកដែលបានរស់នៅក្នុងតំបន់អភិរក្សនោះជាយូរមកហើយ ដែលកន្លងមកអ្នកទាំងនេះមិនត្រូវបានអនុញ្ញាឲ្យមានកម្មសិទ្ធិលើដីដែលកំពុងរស់នោះទេ។ នៅពេលនេះអ្នកទាំងនោះមានសិទ្ធិស្របច្បាប់លើដីដែលខ្លួនបានកាន់កាប់ និងមានប្លង់កម្មសិទ្ធិត្រឹមត្រូវផងដែរ។
យ៉ាងណាក្រុមអ្នកអភិរក្សនៅតែបារម្ភថាអនុក្រឹត្យនេះនឹងមិនត្រូវបានអនុវត្តតាមត្រឹមត្រូវ ដោយអាចឲ្យមន្ត្រីរដ្ឋាភិបាលធ្វើឲ្យស្របច្បាប់នូវដីដែលគេចូលកាន់កាន់ក្រោយៗក្នុងតំបន់នោះ ក៏ដូចជាផ្ដល់ដីទាំងនោះទៅអ្នកមានប្រាក់ មានអំណាយ ឬសែស្រឡាយរបស់ខ្លួន។
លោក Alejandro Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិលើកឡើងថា៖ «ទោះបីជាប្រជាសហគមន៍ទាំងនោះអាចទទួលបានប្លង់កម្មសិទ្ធិដីធ្លីនោះមែនក៏ដោយ វាគ្រាន់តែល្អមើលនៅលើក្រដាស តែតាមពិតភាគច្រើននៃប្រជាសហគមន៍ទាំងនេះនឹងត្រូវរងការគាមសង្កត់ ឬត្រូវគេបោកបញ្ឆោតឲ្យលក់ដីទាំងនោះ»។
ជាង ៤០ភាគរយនៃផ្ទៃដីរបស់កម្ពុជា ឬប្រហែល ៧,៥លានហិកតា ត្រូវបានបែងចែកជាតំបន់ការពារធម្មជាតិក្នុងចំណោមតំបន់ការពារ៥៣ផ្សេងទៀត។ នេះបើតាមរបាយការណ៍របស់អង្គការ Client Earth។ ភាគច្រើននៃតំបន់ទាំងនេះត្រូវបាន «ការពារ» តែឈ្មោះប៉ុណ្ណោះ និងបានរងគ្រោះដោយការកាប់បំផ្លាញព្រៃឈើគិតតាំងពីការកាប់ឈើខុសច្បាប់ជាលក្ខណៈទ្រង់ទ្រាយធំ និងការចូលទៅរស់នៅកាន់កាប់បង្កើតជាភូមិមកជាច្រើនទសវត្សដូចជាករណីនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃនៅព្រៃឡង់ជាដើម។
អនុក្រឹត្យនេះនឹងអនុញ្ញាតឲ្យក្រសួងបរិស្ថានមានអំណាចកាន់តែខ្លាំង ដែលនឹងអាចដំណើរការឡើងវិញនូដីមិនបានប្រើប្រាស់ដែលកន្លងមកត្រូវគេដោះដូរសម្រាប់គម្រោងអភិវឌ្ឍន៍ក្នុងតំបន់ការពារទាំងនោះ។ ក្រសួងបរិស្ថាននឹងបង្កើតគណៈកម្មការថ្មីមួយដោយមានសមាសភាពពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃផង ដើម្បីកំណត់ទីតាំងក្នុងតំបន់ការពារសម្រាប់មូលដ្ឋានកងទ័ព សន្តិសុខព្រំដែន និងប៉ុស្តិ៍នគរបាលជាដើម។
ក្រសួងបរិស្ថានក៏នឹងមានអំណាចក្នុងការកំណត់ព្រំប្រទល់ថ្មី និងអាចបង្កើតតំបន់សហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ៩៣៣ ៥៧៧ហិកតា និងបង្កើតផ្លូវរបៀងអភិរក្សជីវចម្រុះសម្រាប់តភ្ជាប់តំបន់ទាំងនោះផងដែរ។
ក្រសួងបរិស្ថាននៅមិនទាន់បង្ហាញព័ត៌មានជាសាធារណៈជាក់លាក់នៅឡើយទាក់ទងនឹង «បុគ្គល ឬក្រុមហ៊ុនស្របច្បាប់» ដែលមានចែងក្នុងអនុក្រឹត្យ ដែលបុគ្គល ឬស្ថាប័នទាំងនេះមានសិទ្ធិទទួលបានប្លង់កម្មសិទ្ធិនៅក្នុងតំបន់ការពារទាំងនេះ។ ផែនទីកម្ពុជាចំនួនពីរដែលភ្ជាប់ជាមួយអនុក្រឹត្យនេះបានកំណត់ពីព្រំប្រទល់ និងតំបន់ការពារ ហើយមានការខ្វះចន្លោះក្នុងការបង្ហាញកូអរដោនេ ប៉ុន្តែបានបង្ហាញឲ្យឃើញពីការរីករាលដាលយ៉ាងខ្លាំងនៃតំបន់សហគមន៍។
Courtney Work នរវិទូដែលបានធ្វើការច្រើនក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃនៅព្រៃឡង់ មានប្រសាសន៍ថា៖ «តើនេះមានន័យថាយើងនឹងបានឃើញប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់នេះរាប់ជំ នាន់បានទទួលកម្មសិទ្ធិ? យើងមិនដឹងដូចគ្នា…នេះជាសំណួរដែលយើងរង់ចាំមើលដូចគ្នា»។

រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែន សត្ថា ដែលជាអ្នកចុះហត្ថលេខាស្នើដល់ក្រសួងបរិស្ថានកែសម្រួលព្រំប្រទល់តំបន់ការពារ មានប្រសាសន៍ថាលោកមិនបានដឹងលម្អិតពីតំបន់ជាក់លាក់ដែលនឹងត្រូវចេញប្លង់កម្មសិទ្ធិ ឬតំបន់ការពារដែលនឹងត្រូវដាក់បញ្ចូលទៅតំបន់សហគមន៍នោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹង ពីព្រោះខ្ញុំមិនមែនជាមន្ត្រីជំនាញ ខ្ញុំគ្រាន់តែបានយល់ព្រមតាមគោលការណ៍របស់រដ្ឋាភិបាល»។ លោកបានបដិសេធផ្ដល់ព័ត៌មានច្រើនជាងនេះ។ លោកថា៖ «សូមសួរទៅកាន់ក្រសួងបរិស្ថាន»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា មិនបានឆ្លើយតបទៅនឹងសំណួរទាំងនេះទេ។
ការធ្វើអនុប្រយោគតំបន់ការពារធម្មជាតិ
គម្រោងចុងក្រោយបំផុតក្នុងការកែប្រែដីតំបន់ការពារធម្មជាតិជារបស់ឯកជនត្រូវបានចាប់ផ្ដើមធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្ដល់ប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលបានរស់នៅ និងធ្វើកសិកម្មក្នុងតំបន់ការពារធម្មជាតិ «រយៈពេលយូរ»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងពាក់ព័ន្ធកាត់ដីក្នុងតំបន់ការពារ ១០ភាគរយដើម្បីឲ្យសហគមន៍ប្រើប្រាស់។ នេះបើតាមលិខិតចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី។
តំបន់ការពារ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ត្រូវបានបែងចែកជាបួនតំបន់ គឺតំបន់ស្នូល ដែលជាតំបន់មានតម្លៃលើប្រព័ន្ធអេកូឡូស៊ីបំផុត។ មួយទៀតគឺតំបន់អភិរក្ស ដែលជាតំបន់ទ្រនាប់នៅជុំវិញតំបន់ស្នូល។ ទីបីគឺតំបន់ប្រើប្រាស់ដោយចីរភាព ដែលអាចនុញ្ញាតឲ្យប្រជាសហគមន៍ចូលប្រមូលធនធានធម្មជាតិបាន និងទីបួន គឺតំបន់សហគមន៍ ដែលប្រជាសហគមន៍ ឬសហគមន៍ជនជាតិដើមភាគតិចអាចរស់នៅ ធ្វើស្រែចម្ការ តាមរយៈកិច្ចព្រមព្រៀង ១៥ឆ្នាំជាមួយក្រសួងបរិស្ថានដើម្បីគ្រប់គ្រង «តំបន់ការពារសហគមន៍»។
នៅឆ្នាំ២០១៧ ក្រសួងបរិស្ថានបានបង្កើតឲ្យមានច្រករបៀងអភិរក្សជីវៈចម្រុះ ដែលមានផ្ទៃដីប្រហែល ១,៥លានហិកតា ដើម្បីតភ្ជាប់ទៅនឹងតំបន់ការពារនានា។
កោះកុង ជាខេត្តដំបូងគេដែលបានផ្ដល់ដីតំបន់ការពារធម្មជាតិទៅជាកម្មសិទ្ធិឯកជន បន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីកាលពីខែកក្កដា ឆ្នាំ២០២០។ អនុក្រឹត្យខែមីនា ឆ្នាំ២០២១ បានធ្វើអនុប្រយោគដីតំបន់ការពារចំនួន ១២៦ ៩២៨ហិកតា យ៉ាងឆាប់រហ័សដែលនាំឲ្យដីមួយភាគធំត្រូវបានប្រមូលយកទៅឲ្យឈ្មួញដី និងមន្ត្រីមានអំណាច។ នេះបើតាមរបាយការណ៍ស៊ើបអង្កេតរបស់ Mongabay។
Gonzalez-Davidson លើកឡើងថា៖ «គ្រប់ពេលដែលយើងបានឮពីការកែសម្រួលព្រំប្រទល់តំបន់ការពារ យើងបានឃើញថាទំហំព្រៃការពារក្នុងប្រទេសត្រូវបានថយចុះ និងត្រូវបានបំផ្លាញបន្ថែមទៀត និងបានឃើញថាឧកញ៉ាមានឥទ្ធិពល ឬគ្រួសារបក្សកាន់អំណាចបានទទួលដីសម្បទានកាន់តែច្រើន ហើយប្រជាសហគមន៍វិញលំបាកជាងមុនទៅទៀត»។
ក្រុមការងារមួយត្រូវបានរៀបចំឡើងកាលពីខែមិថុនា តាមបញ្ជារបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដើម្បីពិនិត្យលើតំបន់ការពារ និងច្រករបៀងអភិរក្សជីវៈចម្រុះក្នុងខេត្តចំនួន១៥ ក្នុងចំណោមខេត្តទាំង២៥របស់កម្ពុជា។ ខេត្តទាំងនោះមានត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងតាកែវ។
រដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ុង សំអាត លើកទុរសព្ទប៉ុន្តែមិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានខេមបូចានោះទេ។
អ្នកនាំពាក្យក្រសួងកសិកម្ម អ៊ឹម រចនា មិនឆ្លើយតបពេលទាក់ទងសុំអត្ថាធិប្បាយ។
តើនេះជា «រលកទីបី» នៃការបំផ្លាញព្រៃឈើ ឬក៏ជាការជំរុញការដោះស្រាយវិវាទដីធ្លី?
សកម្មជនបរិស្ថានយូរឆ្នាំម្នាក់ គឺលោក Marcus Hardtke មានប្រសាសន៍ថាលោកបានមើលឃើញថាការកំណត់ជាថ្មីនៃដីក្នុងតំបន់ការពារ គឺជាដំណាក់កាលថ្មីបំផុតមួយនៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
ដំណាក់កាលទីមួយនៃការកាប់ឈើទ្រង់ទ្រាយធំនៅកម្ពុជាគឺនៅទសវត្សឆ្នាំ១៩៨០ និង១៩៩០ ដែលបានធ្វើឲ្យគម្របព្រៃឈើកម្ពុជាថយចុះ ប្រហែលជា៤០ភាគរយ។ ក្រោយមកទៀតនៅចុងទសវត្សឆ្នាំ១៩៩០ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាងមួយលានហិកតា រហូតមានការប្រកាសផ្អាកផ្ដល់សម្បទានបែបនេះនៅឆ្នាំ២០១២។
លោក Hardtke ដែលបានតាមឃ្លាំមើលការបំផ្លាញព្រៃឈើនៅកម្ពុជាតាំងពីទសវត្សឆ្នាំ១៩៩០ មានប្រសាសន៍ថា៖ «ខ្ញុំសូមហៅរឿងនេះថាជារលកទីបីនៃការបំផ្លាញព្រៃឈើ»។
យ៉ាងណាលោកថា ការអនុវត្តតាមអនុក្រឹត្យទើបតែស្ថិននៅដំណាក់កាលចាប់ផ្ដើម ហើយលទ្ធផលបែបណានោះនៅមិនទាន់បានដឹងនៅឡើយ។
កាលពីមួយទសវត្សមុន ក្រសួងបរិស្ថានក៏បានដឹកនាំជំរុញឲ្យមានការបង្កើត និងលក់កាបូនក្នុងគម្រោងរេដបូក (REDD+) ដែលសំដៅដល់ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការថយចុះនៃព្រៃឈើ នៅក្នុងតំបន់ការពារ ដូចជានៅតំបន់អភិរក្សសត្វព្រៃនៅព្រៃឡង់ និងកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ គម្រោងនេះ អនុញ្ញាតឲ្យក្រុមហ៊ុននានាបង់ថ្លៃលើការការពារព្រៃឈើ ជាថ្នូរទៅនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ពួកគេ ហើយគម្រោងនេះក៏ទំនងជាបានធ្វើឲ្យប៉ះពាល់ដល់ការចុះបញ្ជីដីធ្លីនៅក្នុងតំបន់ និងដីនៅជុំវិញតំបន់ការពារផងដែរ។
អង្គការអភិរក្សអន្តរជាតិ ដែលគ្រប់គ្រងគម្រោង REDD+ នៅព្រៃឡង់ និង Wildlife Conservation Society ដែលគ្រប់គ្រងលើគម្រោង REDD+ នៅកែវសីមា មិនបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានមុនការចេះផ្សាយនេះទេ។
ប្រធានក្រុមការងាររេដបូក និងជាអគ្គលេខាធិការ លោក ជួប បារីស៍ បដិសេធនិយាយជាមួយអ្នកសារព័ត៌មាន ដោយលោកថារាល់សំណួរទាំងនេះគួរតែប្រគល់ទៅលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងវិញ។
អ្នកសម្របសម្រួលអង្គការជនជាតិដើមភាគតិចកម្ពុជា លោក សំប៉យ ចាន់សុភា មានប្រសាសន៍ថា លោកបានឮពីផែនការផ្លូវការក្នុងការវាស់វែងដីសម្រាប់សហគមន៍ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ទាក់ទងនឹងអនុក្រឹត្យនេះ។
លោកមានប្រសាសន៍ដែរថា ការចេញប្លង់កម្មសិទ្ធិជូនសហគមន៍ជនជាតិដើមភាគតិច ដែលកន្លងមកថាមានដីជាន់គ្នាជាមួយតំបន់ការពារ គួរតែចេញប្លង់ជាលក្ខណៈសហគមន៍ដែលរួមមានទាំងទីសក្ការបូជា និងដីកសិកម្មប្រពៃណី ជាជាងចេញកម្មសិទ្ធិដល់បុគ្គលម្នាក់ៗ។
លោកបន្ថែមថា៖ «យើងនឹងស្នើទៅកាន់អាជ្ញាធរឲ្យដាក់ប្លង់ដីជាប្លង់សមូហភាព មិនមែនជាប្លង់កម្មសិទ្ធិឯកជនទេ»។ បើមិនដូចនេះ លោកបារម្ភថាអ្នកដែលមានប្លង់កម្មសិទ្ធិដាច់ៗជាលក្ខណបុគ្គលនឹងអាចលក់ដីទាំងនោះ។
លោក Tim Frewer ជាអ្នកស្រាវជ្រាវមួយរូបបានទទួលស្គាល់ថាវិស័យឯកជននឹងទទួលបានផលប្រយោជន៍ច្រើនពីអនុក្រឹត្យនេះ។ ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថាវាក៏ជាការផ្ដល់នូវដំណោះស្រាយមួយស្របច្បាប់ទៅកាន់សហគមន៍ដើម្បីបញ្ចប់ជម្លោះជាមួយក្រសួងបរិស្ថានលើដីចម្ការដែលពួកគាត់មាននៅក្នុងតំបន់ការពារ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនគិតថាវាជាការទន្រ្ទានយកដីរបស់អ្នកមានប្រាក់ ឬអ្នកមានអំណាចទេ បើសិនជាវាបានជួយដោះស្រាយជម្លោះរវាងកសិករនៅក្នុងតំបន់ការពារ ដែលកន្លងមកជម្លោះមានការកើតឡើងច្រើន»។ លោកថា៖ «វាគឺអាស្រ័យលើថាតើការអនុវត្តដោយរបៀបណា»។
លោកបន្ថែមថា៖ «ការណ៍នេះពិតជាបានផ្ដល់ឲ្យក្រសួងបរិស្ថាននូវអំណាចយ៉ាងច្រើនបំផុត។ ក្រសួងបរិស្ថាន ឥឡូវនេះមានដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាច្រើន ក៏ដូចជាមានអំណាចក្នុងការកំណត់ថាដីនោះនឹងត្រូវប្រើប្រាស់បែបណាផងដែរ»។
(រាយការណ៍បន្ថែមដោយ៖ ឃួន ណារីម, សុវណ្ណ ស្រីពេជ្រ និង ស៊ន សារ៉ាត)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nearly One Million Hectares of Protected Conservation Area Now Eligible for Privatization