ស្របពេលដែលសាលារៀនមួយចំនួនត្រូវផ្អាកជាថ្មីម្តងទៀត បន្ទាប់ពីមានរលកនៃការឆ្លងជំងឺកូវីដ១៩លើកទីបី កុមារ និងអាណាព្យាបាលនៅទូទាំងប្រទេសកម្ពុជាត្រៀមលក្ខណៈសម្រាប់ការរៀនតាមអនឡាញសាជាថ្មី។
ប៉ុន្តែសម្រាប់សិស្សមួយចំនួន ការផ្លាស់ប្តូរពីការសិក្សានៅក្នុងថ្នាក់មករៀនតាមអនឡាញសាជាថ្មីនេះ បានបង្អាក់ការសិក្សារបស់ពួកគេ ហើយប្រឈមនឹងលទ្ធភាពដែលពួកគេមិនវិលត្រឡប់មកសិក្សាក្នុងសាលារៀនវិញ។
អ្នកស្រី សេង ទ្រី អ្នករើសអេតចាយអាយុ ៥០ឆ្នាំរស់នៅសង្កាត់ព្រៃស ក្រុងភ្នំពេញ បាននិយាយថាកូនៗអ្នកស្រីមិនមានទូរសព្ទស្មាតហ្វូន ឬកុំព្យូទ័រដើម្បីរៀនតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ។
អ្នកស្រី សេង ទ្រី និយាយថា៖ «ខ្ញុំបារម្ភថាកូនខ្ញុំបីនាក់រៀនមិនចេះអ្វីនោះទេ»។
អ្នកស្រីបាននិយាយរៀបរាប់ពីកូនៗរបស់អ្នកស្រី ដែលរៀននៅថ្នាក់ទី០៥ និងទី០៩ថា៖ «ពេលខ្លះពួកគេជួយខ្ញុំរើសអេតចាយ។ ប្រសិនបើសាលានៅបិទយូរ ខ្ញុំបារម្ភថា ពួកគេនឹងមិនចេះអ្វីទេ»។
រលកនៃការឆ្លងជំងឺកូវីដ១៩ លើកទី៣ មានសភាពធ្ងន់ធ្ងរជាងគេបំផុតនៅកម្ពុជា ដែលបាន បណ្តាលឲ្យសាលារៀនបិទទ្វារនៅក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងផ្នែកខ្លះនៃខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តតាកែវ ស្របពេលដែលករណីឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍ «២០ កុម្ភៈ» បន្តកើនឡើង។
នៅជុំវិញពិភពលោក គ្រូបង្រៀនប្រឈមនឹងបញ្ហាចោទផ្សេងៗដោយសារសាលារៀនបានបិទទ្វារអស់រយៈពេលជិតមួយឆ្នាំមកនេះ ជាមួយនឹងកង្វះខាតផ្សេងៗចំពោះការរៀនតាមប្រព័ន្ធអ៊ីនធឺណិតបានលេចឡើង ខណៈក្រុមមនុស្សងាយរងគ្រោះមិនមានលទ្ធភាពចូលរៀនបាន។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ចំពោះបញ្ហានេះ កម្ពុជាកំពុងសម្លឹងរកការកាត់បន្ថយការបិទសាលារៀន ដែលការបិទនេះបានបង្កការគំរាមកំហែងទៅលើប្រព័ន្ធអប់រំ ដែលកំពុងមានភាពទន់ខ្សោយរួចទៅហើយ។
លោកបានមានប្រសាសន៍ថា៖ «ក្រសួងកំពុងធ្វើការវាយតម្លៃស្ថានភាពជាប្រចាំ យើងពិនិត្យតាមម៉ោង និងប្រចាំថ្ងៃ ជាពិសេសនៅតំបន់ជនបទដែលមិនមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩»។
លោកបន្ថែមថា៖ «យើងមិនអាចបិទ [សាលារៀន] នៅទូទាំងប្រទេសបានទេ ដោយសារវានឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សនៅតំបន់ដែលមិនរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩»។
ធនាគារពិភពលោកបានរាយការណ៍កាលពីខែធ្នូថា ការរាតត្បាតជំងឺកូវីដ១៩ និងការបង្អាក់សាលារៀនបានជំរុញឲ្យសិស្សកម្រិតបឋមសិក្សាចំនួន៧២លាននាក់ថែមទៀត ធ្លាក់ចូលទៅក្នុង «ភាពខ្សត់ខ្សោយផ្នែករៀនសូត្រ» ដែលត្រូវបានពណ៌នាក្នុងន័យថា កុមារមិនអាចអាន ឬយល់សំណេរធម្មតានៅអាយុ ១០ឆ្នាំ។
លោកស្រី Katheryn Bennet ប្រធានផ្នែកអប់រំប្រចាំអង្គការ UNICEF នៅកម្ពុជា បាននិយាយថា កុមារមកពីគ្រួសារក្រីក្រ និងជនបទជួបប្រទះបញ្ហាប្រឈមខ្លាំងបំផុត។
អ្នកស្រីបានថ្លែងថា៖ «បញ្ហាប្រឈមទាំងនេះកំពុងតែធ្វើឲ្យកាន់តែអាក្រក់លើអត្រាបោះបង់ចោលការសិក្សារបស់សិស្ស ដែលកំពុងមានខ្ពស់រួចស្រាប់ទៅហើយ លទ្ធផលរៀនសូត្រខ្សត់ខ្សោយ វិសមភាពការអប់រំរវាងតំបន់ជនបទ និងទីក្រុង ការទទួលបានការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀនមានកម្រិត»។

ទិន្នន័យពីក្រសួងអប់រំ និងអង្គការ UNESCO ប៉ាន់ប្រមាណថា សិស្សប្រមាណ ៥សែននាក់មកពីសាលារៀនប្រមាណ ៨០០នៅកម្ពុជា បានរងផលប៉ះពាល់ពីការបិទសាលារៀននៅឆ្នាំ២០២០។
ក្រៅពីការបិទសាលារៀនដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ១៩ សាលារៀនប្រមាណ ៥០នៅតាមបណ្តាខេត្តភាគខាងជើងប្រទេសជាប់ព្រំប្រទល់ជាមួយនឹងថៃ ត្រូវបានប្រើប្រាស់ជា មណ្ឌលចត្តាឡីស័ក ស្របពេលដែលពលករកម្ពុជារាប់សិបម៉ឺននាក់វិលត្រឡប់មកពីប្រទេសថៃវិញ។
លោក អ៊ិន ឃិន នាយករងវិទ្យាល័យមួយក្នុងស្រុកសំរោង ខេត្តឧត្តមានជ័យ បាននិយាយថា ការប្រែពីសាលារៀនទៅជាមណ្ឌលចត្តាឡីស័កបានបង្កជាបញ្ហាប្រឈមមួយចំនួន។
លោកបានថ្លែងថា សិស្សត្រូវបានបញ្ជូនឲ្យទៅរៀននៅសាលាបឋមសិក្សាក្បែរនោះ ជាទីដែលពួកគេត្រូវចែកវេនគ្នាដើម្បីរៀន
លោកបាននិយាយថា៖ «សិស្សមិនអាចរៀនពេញលេញបានទេ។ យើងបានកាត់បន្ថយកាលវិភាគសិក្សាមួយចំនួន ដោយសារតែយើងមិនមានថ្នាក់រៀនគ្រប់គ្រាន់»។
ក្រុមអ្នកជំនាញនិយាយថា ដោយសារតែការរាតត្បាតជំងឺបានបង្កជាភាពមិនច្បាស់លាស់នាពេលអនាគត ហើយបានបង្អាក់ការរៀនសូត្ររបស់សិស្សមួយចំនួនរួចទៅហើយ។ គម្លាតរវាងអ្នកក្រនិងអ្នកមាន មានទំនោរនឹងកើនឡើង ដោយសារតែកុមារមួយចំនួនត្រូវបង្ខំចិត្តទៅធ្វើការនៅពេលមិនចូលរៀន ហើយការណ៍នេះអាចបង្កជាលទ្ធភាពដែលថា ពួកគេលែងវិលត្រឡប់មកសិក្សាវិញ។
លោក គួច ម៉េងលី នាយកសាលាអន្តរជាតិ American Intercon នៅកម្ពុជាបាននិយាយថា កម្ពុជាអាចស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលរងការប៉ះពាល់ខ្លាំងជាងគេ ដោយសារវិសមភាព និងគម្លាតដ៏ធំនៃគុណភាពរវាងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតផ្តល់ដោយសាលារៀនរដ្ឋ និងដោយសាលារៀនឯកជន។
លោកបានមានប្រសាសន៍ថា៖ «សម្រាប់សាលារៀនឯកជន សិស្សមានឱកាសច្រើនជាងនេះ ប៉ុន្តែភាគច្រើននៃសិស្សនៅសាលារៀនរដ្ឋ នៅតំបន់ជនបទមិនអាចទទួលបានការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតបាននោះទេ»។
លោកបានបន្តថា ការបិទសកម្មភាពសង្គមពីពេលមុនមកបានបង្ហាញពីចំណុចខ្សោយនានានៃការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត»។
លោកមានប្រសាសន៍ថា៖ «កុមារមិនអាចផ្តោតលើការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតបានលើសពី ២០ ទៅ៣០នាទីទេ ដូច្នេះវាលំបាកសម្រាប់ពួកគេ ខណៈឪពុកម្តាយនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មិនសូវយល់ដឹងប៉ុន្មានពីបច្ចេកវិទ្យា»។
លោក ឡេង ប៉េងសរ គ្រូបង្រៀនមុខវិជ្ជារូបវិទ្យានៅវិទ្យាល័យកំពង់ធំ និយាយថា សម្រាប់សាលារៀនដែលនៅបន្តបើកទ្វារ ការព្រួយបារម្ភពីជំងឺកូវីដ១៩ គឺនៅខ្ពស់។ ថ្នាក់ដឹកនាំគ្រប់គ្រងវិទ្យាល័យនេះកំពុងពិចារណាកាត់បន្ថយម៉ោងសិក្សា និងការប្រមូលផ្តុំ ខណៈរលកទីបីនៃការឆ្លងជំងឺកូវីដ១៩ បន្តកើតមានពាសពេញប្រទេស។
ប៉ុន្តែការនៅបន្តបើកទ្វារ និងការរក្សាការប្រុងប្រយ័ត្នខ្ពស់គឺជា អាទិភាព បន្ទាប់ពីការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតបានបង្ហាញជាបញ្ហាចោទអំឡុងពេលការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចកាលពីគ្រាមុន។
លោកបានថ្លែងថា៖ «ការសិក្សាបែបនេះធ្វើឲ្យសិស្សមិនសូវយកចិត្តទុកដាក់ ពីព្រោះយើងមិនអាចតាមដាន និងពិនិត្យពួកគេបាន។ នៅពេលប្រឡងប្រចាំខែ ឬឆមាស ពួកគាត់ចម្លងគ្នា។ ប៉ុន្តែយើងមិនអាចបន្ទោសពួកគាត់បានទេ ពីព្រោះយ៉ាងហោចណាស់ ពួកគាត់នៅតែអាចសិក្សាបាន»។
ស្របចំនួនការឆ្លងជំងឺកូវីដ១៩ សរុបនៅកម្ពុជា បានកើនដល់ ១៥០៥ករណី ដោយក្នុងនោះ ៩៩០ករណីមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ «២០ កុម្ភៈ» ដែលឥឡូវនេះបានឆ្លងដល់បណ្តាខេត្តមួយចំនួនថែមទៀត។
លោក ហុក ស៊ីថាក់ នាយកអង្គការ Sipar ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្តោតលើការអប់រំបាននិយាយថា ស្របពេលដែលសាលារៀននៅខាងក្រៅតំបន់ដែលរងការប៉ះពាល់នៅបន្តបើកទា្វរ សិស្សដែលលែងចូលរៀនតាមប្រព័ន្ធអ៊ីនធឺណិតបានងាកទៅរកការងារធ្វើ ខណៈគ្រួសាររបស់ពួកគេកំពុងជំនះនឹងស្ថានភាពពីការរាតត្បាតជំងឺ។
លោកបានថ្លែងថា៖ «ប្រសិនបើសាលារៀននៅបន្តបិទទ្វាររយៈពេលយូរ សិស្សមកពីគ្រួសារក្រីក្រប្រហែលត្រូវឈប់រៀន ជាពិសេសសិស្សពេញវ័យនៅតាមតំបន់ជនបទ ដែលពេញកម្លាំងធ្វើការ»។
លោកបានបន្តថា៖ «ដោយសារតែពួកគេមិនអាចរៀនបានពេញលេញ ពួកគេត្រូវឈប់រៀន ហើយទៅធ្វើការដើម្បីជួយផ្គត់ផ្គង់គ្រួសារ ហើយពួកគេនឹងមិនអាចវិលត្រឡប់ចូលរៀនវិញបាន ក្រោយពីពួកគេបានចូលធ្វើការហើយនោះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Never go back’: Third wave of Covid exposes weaknesses of online learning










