បេក្ខភាពមេឃុំទើបជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀននៅខេត្តកំពង់ធំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទប្លន់ ដែលកើតមានតាំងពី២០ឆ្នាំមុន នេះបើតាមការអះអាងរបស់អាជ្ញាធរ។
លោក ញឹម សារ៉ុម អាយុ៥២ឆ្នាំបានជាប់ឆ្នោតជាមេឃុំចំណាលើ អំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពតែបួនរូបប៉ុណ្ណោះរបស់គណបក្សប្រឆាំងដែលឈ្នះតំណែងមេឃុំ។ គណបក្សភ្លើងទៀនបានយកឈ្នះគណបក្សកាន់អំណាចនៅក្នុងឃុំចំណាលើ ដោយទទួលបានសំឡេងឆ្នោត ២២៨៥ ទល់នឹង ១៧៨៩។
លោក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោងបានបញ្ជាក់ពីការចាប់ខ្លួននេះ ដោយលោកមានប្រសាសន៍ថា ការចាប់ខ្លួននេះគឺធ្វើឡើងទាក់ទងនឹងបទប្លន់ដែលកើតឡើងកាលពីឆ្នាំ២០០២។
លោកមានប្រសាសន៍ថា៖ «គាត់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២១នៅវេលាម៉ោង១រសៀល បន្ទាប់ពីត្រូវបានហៅមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក»។
លោក ស៊ុន ចន្ធី ប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំបានមានប្រសាសន៍ថា ការចាប់ខ្លួនលោក សារ៉ុម គឺជារឿងនយោបាយ។ លោកថា លោក សារ៉ុម មានប្រវត្តិជាមួយគណបក្សប្រឆាំងយូរអង្វែងដែលដំបូងឡើយ លោកជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ ជាមួយគណបក្សសម រង្ស៊ី ហើយបន្ទាប់មកលោកជាប់ជាមេឃុំកាលពីឆ្នាំ២០១៧ជាមួយគណបក្សសង្គ្រោះជាតិ។
លោកមានប្រសាសន៍ថា៖ «ការចោទប្រកាន់លោក សារ៉ុម ពីបទប្លន់កាលពីឆ្នាំ២០០២គឺជារឿងនយោបាយសុទ្ធសាធ និងជាទម្រង់នៃការបំភិតបំភ័យ។ ប្រសិនបើគាត់ប្រព្រឹត្តអំពើប្លន់កាលពីឆ្នាំ២០០២ ហេតុអ្វីបានជាមិនចាប់គាត់តាំងពីពេលនោះ? គាត់មិនបានរត់ទៅណាទេ»។
អំឡុងបទសម្ភាសជាមួយខេមបូចា នៅផ្ទះរបស់លោកនៅភូមិ ត្រពាំងជ័រ ឃុំចំណាលើ ក្នុងខេត្តកំពង់ធំ កាលពីដើមខែនេះ លោក សារ៉ុម បាននិយាយថា លោកប្តេជ្ញាចិត្តធ្វើជាមេឃុំគំរូ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
ទោះបីជាយ៉ាងណា លោកបាននិយាយថា លោកបារម្ភថា សហគមន៍របស់លោកប្រហែលជាមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់នោះទេ ជាទណ្ឌកម្មនៅពេលលោកកាន់តួនាទីមេឃុំនោះ។
លោកបាននិយាយថា៖ «ការប្តេជ្ញាចិត្តរបស់ខ្ញុំគឺបម្រើពលរដ្ឋទាំងអស់ស្របតាមគោលនយោបាយវិមជ្ឈការ មិនប្រព្រឹត្តអំពើពុករលួយ។ ប្រសិនបើពលរដ្ឋជឿជាក់លើយើង យើងនឹងខិតខំឲ្យអស់ពីសមត្ថភាពនិងធ្វើការងារដោយស្មោះត្រង់ ដើម្បីបម្រើពួកគាត់»។
បន្ទាប់ពីជាប់ឆ្នោតជាមេឃុំកាលពីឆ្នាំ២០១៧ លោកត្រូវបានបង្ខំឲ្យបោះបង់តួនាទីរបស់លោកត្រឹមតែប៉ុន្មានខែ ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
ទោះបីជាការចោទប្រកាន់ពីបទប្លន់នេះកើតមានតាំងពីឆ្នាំ២០០២ក៏ដោយ ប៉ុន្តែ១០ឆ្នាំក្រោយទើបតុលាការខេត្តកំពុងធំចេញដីកាចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សារ៉ុម ក្លាយជាក្រុមប្រឹក្សាគណបក្សសម រង្ស៊ី។
បើតាមដីការដែល ខេមបូចា ទទួលបាន ១០ឆ្នាំក្រោយមកទៀត ទើបអធិការស្រុកស្ទោងទទួលមកអនុវត្តនៅថ្ងៃទី២១ មិថុនា ឆ្នាំ២០២២ នឹងធ្វើការចាប់ខ្លួនតែម្តង។
លោក អំ សំអាត ជាប្រធានចាត់ការទូទៅនៃអង្គការសិទ្ធមនុស្សលីកាដូបានកត់សម្គាល់ថា ការចាប់ខ្លួនគួរតែបានធ្វើតាំងពីឆ្នាំ២០១២ តាំងពីពេលដែលដីកាចាប់ខ្លួនបានចេញលើកដំបូង។ លោកបន្តថា ការចាប់ខ្លួននៅពេលនេះ ធ្វើមានការចោទសួរទាក់ទងទៅនឹងរឿងនយោបាយច្រើនជាង។
លោកមានប្រសាសន៍ថា៖ «វាយូរមកហើយ។ គាត់គួរត្រូវបានចាប់ខ្លួននៅពេល [ចេញដីការចាប់ខ្លួន] មិនមែនពេលដែលគាត់ជាប់ឆ្នោតជាមេឃុំរបស់គណបក្សភ្លើងទៀននោះទេ។ ការធ្វើបែបនេះនឹងធ្វើឲ្យគេចាត់ទុកថា ជាសម្ពាធនយោបាយនិងជាការបំភិតបំភ័យ»។
យោងតាមលទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា នៅក្នុងចំណោមគណបក្សនយោបាយទាំង១៧ដែលបានចូលរួមការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានតែគណបក្សប្រជាជនកម្ពុជានិងគណបក្សភ្លើងទៀនប៉ុណ្ណោះដែលឈ្នះអាសនៈឃុំសង្កាត់ ដោយគណបក្សប្រជាជនកម្ពុជាដណ្តើមបានអាសនៈភាគច្រើនបំផុត។ លទ្ធផលផ្លូវការរំពឹងថា នឹងប្រកាសនៅថ្ងៃទី២៦ ខែមិថុនា។
កាលពីសប្តាហ៍មុន គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បន្ទាប់ពីលោករិះគន់ការបោះឆ្នោតឃុំសង្កាត់តាមបណ្តាញព័ត៌មាន ដោយចោទថា ការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ទេ។
គណបក្សប្រជាជនកម្ពុជាទាមទារសំណងជំងឺចិត្ត១លានដុល្លារពីលោក ស៊ុន ឆៃ ចំណែកគ.ជ.ប បានចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍និងទាមទារឲ្យមានការសូមអភ័យទោសជាសាធារណៈ។
លោក សុន ឆ័យ ដែលឥឡូវកំពុងស្ថិតនៅប្រទេសអូស្ត្រាលីបានប្រាប់ខេមបូចាថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅសប្តាហ៍ក្រោយ ដើម្បីតតាំងនឹងបណ្តឹងផ្លូវច្បាប់នេះ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំអត់មានអ្វីត្រូវបារម្ភទេ។ ប្រសិនបើទាំងគណបក្សប្រជាជននិងគ.ជ.ប ចង់ប្តឹងខ្ញុំ ជាសិទ្ធរបស់ពួកគេ»៕ (រាយការណ៍បន្ថែម៖ ទ្រី ថានី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Candlelight Party commune chief arrested, accused of 20-year-old robbery