សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងព័ត៌មានប្រកាសដាក់ឱ្យ​ប្រើ​ប្រាស់ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​​​​​ប្រមូល​ធាតុ​ចូល​​

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសួងព័ត៌មាន។

ក្រសួងព័ត៌មានបានប្រកាសដាក់​​ឱ្យប្រើធម្មនុញ្ញវិជ្ជាជីវៈសា​រ​ព័ត៌មាន កាលពីថ្ងៃអង្គារ បន្ទាប់ពីផុតថ្ងៃ​កំណត់ចុងក្រោយ​​នៃ​​​ការប្រ​មូ​ល​​ធាតុ​ចូល​ពី​សមាគមសារព័ត៌មាន ។ ប៉ុន្តែ​មានមតិ​​យោបល់​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែលត្រូវ​​បាន​ដាក់​បញ្ចូល​ទៅក្នុង​ធម្ម​នុញ្ញ​នេះ​។ 

កាលពីថ្ងៃទី២៤ ខែកក្កដា ក្រសួងព័ត៌មាន​បានធ្វើ​ការពិគ្រោះយោបល់​ជាមួយអ្នក​សារ​ព័ត៌មាន សមាគមសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន​ ដោយ​បន្តទុក​រយៈពេលប្រមាណជិត១០ថ្ងៃ ដើម្បីឲ្យភាគីពាក់ព័ន្ធធ្វើ​ការ​ត្រួ​ត​​ពិនិត្យ និងផ្តល់មតិត្រឡប់​​មកវិញត្រឹមថ្ងៃទី២ ខែសីហា។

ប៉ុន្តែរយៈពេលបួនថ្ងៃ បន្ទាប់ពីឱសានវាទ​ ពោល​គឺនៅថ្ងៃទី៦ ខែសីហា ក្រសួងបានប្រកាសដាក់​ឱ្យប្រើធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន​នេះ​ ដោយគ្មាន​ការពិភាក្សាបន្ថែមលើធាតុចូលដែល​ភាគីពាក់ព័ន្ធបានផ្ដល់ជូននោះទេ​។ ធម្មនុញ្ញនេះ​ចូលជាធរ​មានភ្លាមៗ។

លោក នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាង​ឆាប់​រហ័ស​នេះ គឺ​ដើម្បី « រៀបចំ​​សណ្តាប់​ធ្នាប់ »  ក្នុង​វិស័យ​សារព័ត៌មាន​ និង​ពង្រឹង​ក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌​មាន​។ លោកបានកត់សម្គាល់ថា «ក្រោមឆ័ត្រនៃសេរីភាពសារព័ត៌មាន» ប្រជាពល​រដ្ឋ​កម្ពុជាបាន «ធ្លាក់ក្នុងអន្ទាក់»  នៃការទទួលបានព័ត៌មានពិត និងព័ត៌មាន​ក្លែងក្លាយ​។

លោកមាន​ប្រសាសន៍ថា៖ «អ៊ីចឹងចំណុចនេះហើយដែលមានភាពចាំបាច់ដែលក្រសួងចាំបាច់​ត្រូវជំរុញការងារ [ការអនុវត្តធម្មនុញ្ញ] នេះ ដើម្បី​ធ្វើ​ឱ្យ​មាន​សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និង ដើម្បីផ្តល់នូវ​ព័ត៌មានប្រកប​ដោយ​សុវត្ថិភាពដល់ប្រជាពលរដ្ឋ និងពង្រឹងក្រមសីលធម៌របស់អ្នក​សារព័ត៌មាន»។

លោក នេត​ ភក្ត្រា បាន​ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា បើ​ទោះ​ជា​​ឱសានវាទ​​នៃ​ការ​ទទួល​មតិ​ត្រឡប់​ គឺ​នៅត្រឹម​​ថ្ងៃ​ទី២ ខែ​សីហា ប៉ុន្តែ​ក្រសួង​​បាន​​បន្ត​ទទួល​យក​ធាតុ​ចូល​រហូត​ដល់​​​ថ្ងៃ​ទី៣ ខែ​សីហា។

លោក​បាន​លើក​ឡើង​ថា ចំណុច​មួយ​ចំនួន​ក្នុង​មតិយោបល់​​របស់​សមាគម​សារព័ត៌​មាន​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បាន​ទទួល​យក ប៉ុន្តែ​ចំណុច​ខ្លះ​ទៀត​ត្រូវ​បាន​ច្រាន​ចោល ​ព្រោះ​មតិយោបល់​ទាំងនោះ​ គឺ​​ជា «ការ​យល់​ឃើញ​របស់​ជនបរទេស»

លោក​មាន​ប្រសាសន៍ថា៖ «មតិយោបល់​របស់ពួកគាត់ ពេលខ្លះគឺ ​មាននៅ​ក្នុងធម្មនុញ្ញរួចហើយ​។ គ្រាន់តែជាការយល់ឃើញ និងគ្រាន់តែជាការបកស្រាយ ហើយមតិយោបល់​មួយចំនួនត្រូវបានទទួលយកដើម្បីការកែលម្អ ព្រោះ​មតិយោបល់​ទាំង​ខ្លះ​ក៏ជាយោបល់ល្អដែរ​។​ តែយោបល់មួយចំនួន​ ជាយោបល់ដែលជាបច្ចេកទេស ​គ្រាន់តែជាការយល់ឃើញរបស់បុគ្គលជាជនបរទេសខ្លះ អ៊ីចឹងយើងខ្ញុំសូមរក្សាសិទ្ធិ [មិន​យក​មតិ​ទាំង​នោះ​] ជាអធិបតេយ្យភាព និងច្បាប់របស់យើង​»។

ខណៈពេលដែលក្រសួងបានទទួលយក​មតិ​យោបល់​ទាំង​នោះ លោកបាន​មាន​ប្រ​សាសន៍​ថា វា​មិនមាន​អ្វីដែលជះឥទ្ធិពល​ទៅដល់ការកែប្រែទៅលើការរៀបចំចងក្រងគំនិតយោបល់ដោយអ្នកសារព័ត៌មាននោះទេ។

លោក ភក្ត្រា បន្ថែមថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន​នេះ «បង្កើត​ឡើងដោយអ្នកសារព័ត៌មានផ្ទាល់»  តាមរយៈការប្រមូលធាតុចូល និងការ​ពិគ្រោះយោបល់ជា​មួយ​ក្រុមអ្នក​ច្បាប់របស់ក្រសួង ដើម្បីផលប្រយោជន៍រួម។

លោក​បាន​សង្កត់​ធ្ងន់​ថា ធម្មនុញ្ញ​នេះ «មិន​បាន​គាប​សង្កត់​​សារព័ត៌មាន ឬ​រារាំង​សេរីភាព​ឡើយ»។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា​) មានប្រសាសន៍ថា ការប្រកាសដាក់ឱ្យ​ប្រើប្រាស់​ធម្មនុញ្ញនេះ ហាក់ដូចជា «ប្រញាប់ប្រញាល់ពេក​»  ហើយ​ការ​ធ្វើ​បែបនេះ​បានធ្វើ​ឱ្យខេមបូចា​និងដៃគូរបស់ខ្លួន ដែលមានដូចជា ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការ​មណ្ឌលព័ត៌មាន​ស្ត្រីកម្ពុជា (WMC) និងបណ្តាញ​អ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ) មានពេលវេលា​តិច​​តួចណាស់ក្នុងការត្រួតពិនិត្យ និងផ្តល់យោបល់គ្រប់ជ្រុងជ្រោយ​លើខ្លឹមសារនៃធម្មនុញ្ញនេះ។

លោក ណុប វី មាន​ប្រសាសន៍ថា បើប្រៀបធៀប​សេចក្តីព្រាងធម្មនុញ្ញនិង​ធម្មនុញ្ញផ្លូវការនេះ​ គេ​ឃើញមានការកែប្រែ​ខ្លះ។ ទោះជាយ៉ាងនេះក្តី ក្រសួងមិនបានបញ្ចូល​​ច្រើនទេក្នុង​ចំណោម​​សំណើដែលដាក់ជូន​ដោយសមាគមសារព័ត៌មាន។

ការដកចេញ​ប្រការ​ទាំងស្រុង​

កាលពីថ្ងៃសុក្រសប្តាហ៍​មុន​ ខេមបូចាបានប្រញាប់ប្រញាល់ដាក់​​ធាតុចូលដែល​ប្រ​មូលបានពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ជា​ដៃគូរ​ និងសមាជិករបស់ខ្លួនជូន​ទៅ​ក្រសួង​។ ខេមបូចា​បានស្នើសុំលុបឃ្លាមួយចំនួន និងបន្ថែមឃ្លា «សំខាន់» មួយចំនួនទៅ​ក្នុងសេចក្តីព្រាងធម្មនុញ្ញ​នេះ​ រួមមានប្រការ​ ៤, ៥, ២១ និងប្រការ ២៨។

លោកមាន​ប្រសាសន៍​ថា ប្រការមួយ​ចំនួន​ត្រូវ​បាន​កែប្រែ ប៉ុន្តែមួយ​ចំនួន​​​ទៀត​នៅ​​រក្សា​ដដែល។ ប្រការ៥​ មាន​ការ​កែប្រែ​ «តិចតួច» ។ ខេមបូចា​បាន​ស្នើឱ្យលុបឃ្លាទីពីរទាំងស្រុង​នៃប្រការ​នេះ ព្រោះវាផ្អែកខ្លាំង​​លើ​គោ​ល​ការណ៍ច្បាប់ និងវិធានផ្សេងៗទៀត។

ប្រការ​​នេះ​បានចែងថា «សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន មិនផ្តល់អភ័យឯកសិទ្ធិឱ្យ​អ្នកអនុវត្តសេរីភាពទាំងនេះ ឱ្យរួច​ផុត​ពីទោសទណ្ឌ ចំពោះ​អំពើ​ដែល​ប្រាសចាក​ពីខ្លឹមសារនៃសេរីភាពទាំងនេះឡើយ​»។ ទោះបីជា​យ៉ាង​​ណា​ក៏​ដោយ ក្រសួង​គ្រាន់តែ​ជំនួស​​ពីពាក្យ «ទោសទណ្ឌ» មក​ជា «ទទួ​លខុសត្រូវ» តែប៉ុណ្ណោះ។

យោងតាមប្រការ​២១ «អ្នកអនុវត្ត​សកម្មភាព​ក្នុងវិស័យព័ត៌មាន​ និងសោតទស្សន៍ ត្រូវ​រក្សាជំហរឯករាជ្យ មិនលម្អៀង និងភាព​ស្មោះត្រង់ ត្រូវ​តម្កល់ផលប្រយោ​ជន៍​ប្រជា​ជន​ និងសង្គមជាតិ​ជា​ធំ​ ហើយមិនត្រូវមានទំនាក់ទំនងផលប្រយោជន៍ជាមួយ​ ឬ​ស្ថិតក្រោមឥទ្ធិពលនៃប្រភពព័ត៌មាន ម្ចាស់ជំនួយ ប្រធានគម្រោង ពាក់​ព័ន្ធ​នឹង​ប្រធានបទ និងការបំពេញ​តួនាទី​របស់​ខ្លួន​ឡើយ»។

នៅក្នុង​ប្រការ​​នេះ ខេមបូចា​បាន​ស្នើ​ឲ្យ​លុប​ពាក្យ «ម្ចាស់​ជំនួយ និងប្រធានគម្រោង»​ ចេញ ប៉ុន្តែ​ក្រសួង​មិន​បាន​ធ្វើ​ការ​កែប្រែ​អ្វី​ឡើយ។

ប្រការ​សំខាន់មួយនៅក្នុងសេចក្តីព្រាងធម្មនុញ្ញ គឺប្រការ​២៨ ដែល​ខេមបូចា​ បាន​ស្នើឱ្យក្រសួងបង្កើតក្រុមឯករាជ្យ ឬក្រុមប្រឹក្សាសារព័ត៌មានមួយ​ ដើម្បីធានាប្រ​សិទ្ធភាពនៃវិជ្ជាជីវៈសារព័ត៌មាន និងដើម្បី​កុំ​ឱ្យ​ក្រសួងជ្រៀតជ្រែកក្នុងការត្រួតពិនិត្យ តាមដាន និងការអនុវត្តការងាររបស់អ្នកសារព័ត៌មាន។

ប៉ុន្តែប្រការ​​២៨​ទាំងមូល និងប្រការ​២៩ ដែលជាជំពូកពីរ​ចុងក្រោយក្នុងសេចក្តីព្រាងធម្មនុញ្ញនេះ ត្រូវបានលុបចោល។

ខេមបូចា​​បាន​អះអាង​ថា មាត្រា២៨នេះ ជាចំណុចដែលគួរមានការតស៊ូមតិ​ខ្លាំង​ក្នុងការបង្កើតគណៈកម្មការមួយ​ ដើម្បី​វាយតម្លៃ និងលើកសរសើរការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ គណៈកម្មការ​ ចាំបាច់​ត្រូវ​តែមានឯករាជ្យភាព ឬមាន​មន្ត្រីក្រសួងចំនួន​តិច​តួច​ប៉ុណ្ណោះ​ដែលពាក់ព័ន្ធនឹងគណៈកម្មាធិការ​នេះ​ បើមិនដូច្នោះទេ គណៈកម្មការនេះ​នឹង «បកស្រាយខុស និងសង្កត់សង្កិន​» លើការងាររបស់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានឯករាជ្យ។

បន្ទាប់ពីការដកប្រការ​នេះចេញ​ ក្នុងធម្មនុញ្ញផ្លូវការ​ថារបស់ក្រសួងបានសរសេរថា គណៈកម្មការមួយនឹងត្រូវបានបង្កើតឡើងដោយ​លិខិត​បទដ្ឋាន​គតិយុត្ត​​ដោយឡែក។
លោក ណុប វី បានមានប្រសាសន៍ថា៖ «ប្រសិនបើមានការបង្កើតដាច់ដោយឡែក បែបនេះ យើងចង់ឃើញគណៈកម្មការ​នេះ ជាគណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យមើល​ការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌​មាន»។

ទន្ទឹមនឹងនេះ អង្គការយូណេស្កូបាន​ដាក់ជូន​ធាតុចូលរបស់ខ្លួន​មួយថ្ងៃមុនថ្ងៃប្រកាសឱ្យប្រើប្រាស់​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

ឆ្លើយតប​តាមរយៈអ៊ីមែលមក​កាន់​សារព័ត៌មានខេមបូចា អង្គការយូណេស្កូបានលើក​ឡើង​ថា ខ្លួន​បានដឹងតាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ និងក្រុម​អង្គការសង្គមស៊ីវិល ដែល​មានការ​បារម្ភ​​អំ​ពី​កម្រិតនៃការពិគ្រោះយោបល់នេះ ហើយ​ពួកគេ​អះអាង​​ថា ការពិគ្រោះយោបល់​នេះ គួរតែធ្វើ​ឡើង​ប្រកប​ដោយ​បរិយាប័ន្ន​និង​មានអ្នក​រួមបញ្ចូលច្រើន​ទៀត​ ជាមួយនឹងពេលវេលាគ្រប់គ្រាន់សម្រាប់ពិនិត្យ និងមតិ​ត្រឡប់​​។

ខ្លឹមសារនៅក្នុងអ៊ីមែលនេះ​បាន​សរសេរថា៖ «អង្គការយូណេស្កូបានបញ្ជូនធាតុចូល​បែប​បច្ចេកទេស និងមតិកែលម្អ​លើសេចក្តីព្រាងធម្មនុញ្ញនេះទៅក្រសួងកាលពីម្សិល​មិញ [ថ្ងៃទី៥ ខែសីហា] ដើម្បីធ្វើ​ឱ្យ​ប្រាកដ​ថា វាស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ធាតុ​ចូល​បែប​បច្ចេកទេស និងការវិភាគរបស់យើង គឺផ្អែកលើស្តង់ដារអន្តរជាតិ»។

អង្គការ​យូណេស្កូ​បានដឹងពីការជូនដំណឹងជាសាធារណៈនៅយប់ថ្ងៃទី៥ ខែសី ហា ដែលថា ក្រសួង​នឹងរៀប​ចំ​សន្និសីទសារព័ត៌មានមួយ​នៅម៉ោង៣ រសៀលនៅថ្ងៃទី៦ ខែសីហា ដើម្បីប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ធម្មនុញ្ញនេះ។

អង្គការយូណេស្កូ​ បានបន្ថែមថា៖ «យើងនឹងរង់ចាំកំណែ​ផ្លូវការ ហើយបន្តតស៊ូមតិដើម្បីបញ្ចូលគោលការណ៍ណែនាំសំខាន់ៗទៅក្នុង​ធម្មនុញ្ញ​នេះ​ ស្របតាមស្តង់ដារ​អន្តរជាតិ»។

លោក វ៉ា សុភានុត អ្នកសារព័ត៌មានសេរី​បានប្រាប់សារព័ត៌មានខេមបូចា​ថា លោកព្រួយ​បារម្ភថា ធម្មនុញ្ញនេះ នឹងរឹតត្បិតសេរីភាពរបស់លោក​។ លោក​ក៏យល់​ថា ធម្មនុញ្ញនេះ «ពិបាកយល់» ពាក្យសំខាន់​ៗមួយ​ចំនួន​នៅក្នុងធម្មនុញ្ញនេះ​ ដោយសារវាមិនមាន​អត្ថន័យជាក់លាក់ ដូចជាពាក្យ «ញុះញង់» ជាដើម។

លោក សុភានុត បាន​និយាយថា៖ «សិទ្ធិ​​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន គឺ​​កាន់តែ​​រួម​តូច​បន្ថែម​ទៀត​នៅ​ក្នុង​ធម្មនុញ្ញនេះ​»។

ក្រសួង​ធ្លាប់​អះអាងថា បើ​អ្នក​សារព័ត៌មាន​មិន​គោរព​ក្រម​សីលធម៌វិជ្ជាជីវៈសារព័ត៌មាន​​ទេ ពួកគេនឹង​ត្រូវ​ដាក់​ឱ្យ​ទទួល​ខុស​ត្រូវ​​​តាម​​ច្បាប់ស្តីពីរបប​​សារព័ត៌មាន ប៉ុន្តែ​ជាក់ស្តែង​ ​គេ​ប្រើ​ក្រម​​ព្រហ្មទណ្ឌនិងក្រម​​រដ្ឋប្បវេណី។

លោក​និយាយ​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ​ច្បាប់​សារព័ត៌មាន​ត្រូវ​បាន​គេ​ប្រើ​លើ​អ្នក​សារព័ត៌មាន​ដែល​មិន​គោរព​ក្រម​​សីលធម៌វិជ្ជាជីវៈ​ជំនួស​ឲ្យ​ច្បាប់​ផ្សេង​ទៀត​ដែល​ដាក់​ទោស​អ្នក​សារព័ត៌មាន​»។

ឡាយ សុភាវត្តី ជាអ្នកសារព័ត៌មានមកពី​សារព័ត៌មាន​ថ្មីៗ បានប្រាប់ សារព័ត៌មានខេមបូចាថា ការ​អនុវត្តធម្មនុញ្ញនេះ គឺជារឿងល្អ ព្រោះថា វានឹងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសណែនាំអ្នកសារព័ត៌មានមិន​ឱ្យប្រព្រឹត្តិខុស និងលម្អៀង។

សុភាវត្តី បាននិយាយថា៖ «ខ្ញុំពេញចិត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ព្រោះវាធានាថា អ្នកសារព័ត៌មានមិនរង​ឥទ្ធិពលពីប្រភពណាមួយ ឬលំអៀងទៅរកបុគ្គល ឬគណបក្សណាមួយ ឬ [សរសេរ] ផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួន»។

ទោះជាយ៉ាងណាក៏ដោយ សុភាវត្តី បានកត់សម្គាល់ឃើញថា មានពាក្យ​បច្ចេក​ទេស​​មួយ​ចំ​នួន​នៅក្នុងធម្មនុញ្ញនេះ ដែលត្រូវការការពន្យល់បន្ថែម​ ដូចជា «ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ» «ញុះញង់»  និង «សន្តិសុខជាតិ»។

សុភាវត្តី បាន​បន្តថា អ្នកអាននឹងយល់ឃ្លា និងពាក្យទាំង​នេះ​បានកាន់តែល្អ បើ​មាន​ការពន្យល់ត្រឹមត្រូវ។

សុភាវត្តី ​បាន​បន្ថែម​ថា៖​ «ខ្ញុំ​មិន​បារម្ភ​ខ្លាំង​ទេ ព្រោះ​ធម្មនុញ្ញ​នេះ មិន​បាន​ចែង​អំពី​ការដាក់ទោសទណ្ឌ​​​ទេ ចំណែក​ផ្នែក​ជា​ច្រើនទៀត​​និយាយ​អំពី​ការ​គោរព​សិទ្ធិ​ឯកជន ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ការ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត»៕

 (រាយការណ៍​បន្ថែម​ដោយ ពូ សុរាជនី)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Professional Journalism Charter Speedily Implemented Only Days After Input Deadline

284 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម