សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនអាស៊ានលើកឡើងពីការរួមតូចនៃសេរីភាព និងជំរុញឱ្យមានសកម្មភាពរួមគ្នាក្នុងតំបន់

ក្រុមសង្គមស៊ីវិលនៅអាស៊ីអាគ្នេយ៍ពិភាក្សាអំពីការតស៊ូរបស់ជនជាតិភាគតិច និងយុត្តិធម៌យេនឌ័រក្នុងអំឡុងពេលវេទិកាប្រជាជនអាស៊ាន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ឃួន ណារីម)
ក្រុមសង្គមស៊ីវិលនៅអាស៊ីអាគ្នេយ៍ពិភាក្សាអំពីការតស៊ូរបស់ជនជាតិភាគតិច និងយុត្តិធម៌យេនឌ័រក្នុងអំឡុងពេលវេទិកាប្រជាជនអាស៊ាន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ឃួន ណារីម)

កូឡាឡាំពួរ៖ ក្រុមសង្គមស៊ីវិលនៅអាស៊ីអាគ្នេយ៍រាប់រយនាក់កាលពីថ្ងៃទី១៤-១៥ ខែតុលា បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងតំបន់កាន់តែខ្លាំងក្លាដើម្បីការពារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព ដោយលើកឡើងពីការកើនឡើងនៃរបបផ្តាច់ការនៅក្នុងតំបន់។

ក្រុមអង្គការជាង ២០០ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន រួមមាន មីយ៉ាន់ម៉ា កម្ពុជា ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើត ដែលនឹងក្លាយជាសមាជិករបស់សមាគមនេះនាពេលខាងមុខ បានជួបប្រជុំគ្នានៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងរៀបចំព្រឹត្តិការណ៍នានាក្រោមក្របខណ្ឌនៃសន្និសីទសង្គមស៊ីវិលអាស៊ាន ហៅកាត់ថា វេទិកាប្រជាជនអាស៊ាន។

សកម្មជន និងតំណាងសហគមន៍បានចង្អុលបង្ហាញពីការរួមតូចនៃលំហស៊ីវិល និងការរំលោភសិទ្ធិមនុស្ស ដោយលើកឡើងពីករណីអ្នកតវ៉ាដែលជាប់ឃុំឃាំងនៅឥណ្ឌូនេស៊ី ការវាយប្រហារតាមអាកាសដោយគ្មានរើសមុខពីសំណាក់យោធាមីយ៉ាន់ម៉ាក្នុងពេលមានសង្គ្រាមស៊ីវិល ព្រមទាំងស្ថានភាពដ៏លំបាកដែលជនជាតិរ៉ូហ៊ីងយ៉ាកំពុងប្រឈមមុខ ជាមួយនឹងភាពទន់ខ្សោយនៃប្រព័ន្ធតុលាការឯករាជ្យនៅកម្ពុជា និងថៃជាដើម។

នៅរាត្រីអាហារសាមគ្គីភាពក្នុងវេទិកា នាថ្ងៃទី១៤ ខែតុលានេះ សកម្មជនមីយ៉ាន់ម៉ាដែលកំពុងនិរទេស បានបន្លឺសំឡេងអំពីទង្វើឃោរឃៅដែលគេចោទប្រកាន់ថាកើតឡើងដោយក្រុមយោធាភូមា ព្រមទាំងបានលើកបដាដែលតំណាងឱ្យសន្តិភាព និងសេរីភាព ក្នុងពេលដែលពួកគេអំពាវនាវឱ្យប្រជាជនអាស៊ានគាំទ្រចលនាប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រុមយោធាដែលដណ្តើមអំណាចនៅមីយ៉ាន់ម៉ាតាមរយៈរដ្ឋប្រហារឆ្នាំ២០២១ គ្រោងនឹងរៀបចំការបោះឆ្នោតដែលចាប់ផ្តើមនៅខែធ្នូ ប៉ុន្តែនឹងមិនរាប់បញ្ចូលក្រុងជាច្រើនទេ។ អ្នកសង្កេតការណ៍អន្តរជាតិបានហៅការបោះឆ្នោតនេះថាជាការក្លែងបន្លំ។

លោកស្រី Noor Azizah ដែលជាសហស្ថាបនិកនៃបណ្ដាញ Rohingya Maiyafunior ដែលជាក្រុមដឹកនាំដោយស្ត្រី និងតស៊ូមតិ​លើកកម្ពស់​សិទ្ធិ​ជនជាតិ​រ៉ូហ៊ីងយ៉ា បាន​ប្រាប់​វេទិកា​នេះ​អំពី​សក្ខីកម្ម​របស់​អ្នក​ដែល​បាន​រួច​ជីវិត​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ជម្លោះ​នៅ​ក្នុង​រដ្ឋ Rakhine របស់​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​រង​គ្រោះ​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​ឈាន​ដល់​រដ្ឋ​ប្រហារ​ឆ្នាំ២០២១។

លោកស្រី​បាន​បន្ត​ថា៖ «យើង​ត្រូវ​តែ​ទាមទារ​ឱ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន»ដោយ​សំដៅ​ទៅ​លើ​ទាំង​កងទ័ព​អារ៉ាកាន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​លើ​ជន​ជាតិ​ភាគ​តិច​ម៉ូស្លីម និង​យោធា​មីយ៉ាន់ម៉ា។

UNHCR បានរាយការណ៍ថា ចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលធ្វើដំណើរតាមទូក មកកាន់ប្រទេសជាសមាជិកអាស៊ាន ជាពិសេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានកើនឡើង ៨០ភាគរយ ដោយអ្នកដំណើរភាគច្រើនជាស្ត្រី និងកុមារ ដែលភៀសខ្លួនពីអំពើហិង្សា និងស្ថានភាពយ៉ាប់​យ៉ឺន នៅក្នុងជំរំជនភៀសខ្លួនបង់ក្លាដែស ដែលបានផ្តល់ជម្រក ដល់មនុស្សជាងមួយលាននាក់ គិតចាប់តាំងពីឆ្នាំ២០១៧ មក។

លោកស្រី Azizah ក៏បាន​លើកឡើង​ដោយ​ចំៗ​នៅ​ក្នុង​វេទិកា​នោះ​ដែរ​ថា បញ្ហា​នេះ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់​ទេ។

អ្នកចូលរួមឥណ្ឌូនេស៊ីបានអំពាវនាវឱ្យមានការគាំទ្រដោយបង្ហាញរូបភាពសកម្មជនដែលត្រូវបានចាប់ខ្លួនបាត់ខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្មទូទាំងប្រទេសកាលពីខែសីហា ខណៈដែលប្រតិភូហ្វីលីពីនបានគាំទ្រការអំពាវនាវឱ្យមានសាមគ្គីភាពក្នុងតំបន់ក្នុងការស្វែងរកយុត្តិធម៌ និងសន្តិភាព។

អ្នកចូលរួមជាង ៥០នាក់មកពីកម្ពុជាដែលតំណាងឱ្យអង្គការសង្គមស៊ីវិល សហជីព ក្រុមយុវជន និងអ្នកការពារសិទ្ធិមនុស្សបានប្រើប្រាស់វេទិកានេះដើម្បីជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ដែលកំពុងឃុំខ្លួន។

កម្ពុជា​និង​ថៃ​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំដែន​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ នាខែកក្កដា​ឆ្នាំ​នេះ ដែលបានបណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​រាប់​សិប​នាក់ និង​ធ្វើ​ឱ្យ​ប្រជាជនទាំង​សង​ខាង​រាប់​សែន​នាក់​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​។​

ក្រុមសង្គមស៊ីវិលកម្ពុជាអំពាវនាវអំឡុងពេលវេទិកាប្រជាជនអាស៊ាននាថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៥ ឱ្យយោធាថៃដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ដែលត្រូវបានចាប់ខ្លួន។ (រូបភាពផ្តល់ឱ្យ)

អ្នកចូលរួមបានលើកឡើងពីការកើនឡើងនៃច្បាប់ដែលមានលក្ខណៈរឹតត្បិតនៅកម្ពុជា រួមទាំងច្បាប់ដែលកំណត់សិទ្ធិក្នុងការបង្កើតសហជីពកម្មករ និងការរឹតត្បិតលើសេរីភាពសារព័ត៌មាន។ ពួកគេក៏បានលើកឡើងពីការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មឆ្លងដែន និងបណ្តាញបោកប្រាស់តាមអ៊ីនធឺណិតដែលរីករាលដាលដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

ភាពតានតឹងដែលកំពុងកើតមានឡើងរវាងកម្ពុជា និងថៃក៏ត្រូវបានពិភាក្សាផងដែរ រួមទាំងការព្រួយបារម្ភអំពីវេទិកាឌីជីថលដែលពង្រីកព័ត៌មានមិនពិត និងជាតិនិយមជ្រុល។

លោក សេង វណ្ណលី អ្នកវិភាគភូមិសាស្ត្រនយោបាយកម្ពុជាបានថ្លែងក្នុងអំឡុងពេលពិភាក្សាជាក្រុមថា៖ «បទពិសោធន៍របស់កម្ពុជាបង្ហាញថាសន្តិភាពមិនអាចទ្រទ្រង់ដោយរដ្ឋាភិបាលតែឯងបានទេ។ នៅពេលដែលការចរចាជាផ្លូវការបរាជ័យ សង្គមស៊ីវិលតែងតែក្លាយជាស្ពាននៃទំនុកចិត្ត ដោយដើរតួនាទីយ៉ាងសំខាន់ ជាពិសេសនៅពេលដែលជម្លោះកើតឡើងនៅទូទាំងអាស៊ីអាគ្នេយ៍»។

លោកបានអំពាវនាវឱ្យបង្កើតការិយាល័យទំនាក់ទំនងសង្គមស៊ីវិលនៅទូទាំងតំបន់។

លោកស្រី ​សេង រាសី ​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ ដែលជាក្រុមប្រឹក្សាកម្ពុជាសម្រាប់អង្គការសិទ្ធិមនុស្ស បានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ត្រូវតែបោះបង់ចោលគោលការណ៍មិនជ្រៀតជ្រែក ដើម្បីដោះស្រាយវិបត្តិ និងការរំលោភបំពានក្នុងតំបន់។

នាយកវិទ្យាស្ថានសិទ្ធិមនុស្ស និងសន្តិភាព នៃប្រទេសថៃ លោក Eakpan Pindavanija ក៏បានលើកឡើងពីតម្លៃនៃការសន្ទនាដែលផ្តោតលើសិទ្ធិផងដែរ។

លោកបានលើកឡើងថា៖ «បញ្ហាគឺថា យើងមានការពិភាក្សាជាច្រើនដែលកើតចេញពីភាពអរិភាព»ដោយសំដៅលើភាពតានតឹងរវាងកម្ពុជា និងថៃ។ លោកបានបន្ថែមថា៖​ «យើងត្រូវកសាងការសន្ទនាបន្ថែមទៀត ដែលជួយឱ្យប្រជាជនយល់ដឹងអំពីសិទ្ធិមនុស្ស និងតម្លៃប្រជាធិបតេយ្យ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ASEAN Activists Warn of Shrinking Freedoms, Urge Regional Action

699 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម