ក្រសួងព័ត៌មានបានដាក់ចេញនូវវិធានការរឹតបន្តឹងចំនួនពីរសម្រាប់អ្នកសារព័ត៌មានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលរួមមានតម្រូវការលិខិតបញ្ជាក់ «កិរិយាមាយាទ» កំណត់ត្រាមិនមានបណ្តឹងនៅតុលាការ និងវិញ្ញាបនបត្រសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួង ដើម្បីទទួលបានបណ្ណសារព័ត៌មាន ឬប្រតិបត្តិការស្របច្បាប់ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលជាការផ្លាស់ប្តូរដែលអ្នកតស៊ូមតិផ្នែកសេរីភាពសារព័ត៌មាននិយាយថា រឹតបន្តឹងកាន់តែខ្លាំងថែមទៀតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់តិចតួច។
កាលពីថ្ងៃអង្គារ ក្រសួងបានបើកការចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៦ ដែលភ្ជាប់ជាមួយនឹងលក្ខខណ្ឌថ្មី ដោយតម្រូវឱ្យអ្នកដាក់ពាក្យសុំលិខិតបញ្ជាក់កិរិយាមាយាទពីអាជ្ញាធរមូលដ្ឋាន និងបញ្ជាក់ថា ពួកគេពុំធ្លាប់មានឬក៏ជាប់ពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការ ឬបណ្តឹងតវ៉ាផ្សេងៗនោះទេ។
ក្រសួងមិនបានបញ្ជាក់ច្បាស់ថាតើអ្វីជាលក្ខណៈវិនិច្ឆ័យដែលកំណត់ថាបណ្តឹង ឬការចោទប្រកាន់ណាមួយក្រោមមូលហេតុយ៉ាងណា ទើបអាចត្រូវបានក្រសួងយកមកប្រើប្រាស់ដើម្បីបដិសេធការផ្តល់បណ្ណសារព័ត៌មាននោះឡើយ។
បណ្ណសារព័ត៌មានកាន់តែមានសារៈសំខាន់នៅកម្ពុជា ខណៈដែលអាជ្ញាធរតែងតែបដិសេធមិននិយាយជាមួយអ្នកសារព័ត៌មានដែលមិនមានបណ្ណ ហើយអ្នកសារព័ត៌មានឯករាជ្យជាច្រើនបានព្យាយាមស្វះស្វែងដើម្បីទទួលបានបណ្ណនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
បណ្ណទាំងនោះក៏ជាជំនួយក្នុងការធានាសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាននៅតាមតំបន់ជនបទផងដែរ ពេលដែលពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឬមន្ត្រីសាកសួរ ហើយក៏អាចឱ្យពួកគេចូលរួមព្រឹត្តិការណ៍សាធារណៈជាច្រើនបានផងដែរ។
លក្ខខណ្ឌដើម្បីទទួលបានបណ្ណសារព័ត៌មានថ្មីនេះធ្វើឡើងបន្ទាប់ពីមានប្រកាសមួយដែលចេញនៅថ្ងៃទី២៧ ខែវិច្ឆិកា ដែលបានបង្កើតប្រព័ន្ធផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់អ្នកដែលផលិតសារព័ត៌មាន ឬសូម្បីតែមាតិកាទូទៅ ដោយគ្របដណ្តប់លើបន្ទប់ព័ត៌មាន សមាគមអ្នកសារព័ត៌មាន ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងបុគ្គលសាធារណៈផងដែរ។
បទប្បញ្ញត្តិទាំងនេះបានកំណត់លក្ខខណ្ឌគុណវុឌ្ឍិសម្រាប់តួនាទីសំខាន់ៗដែលគ្រប់គ្រងចាត់ចែងផលិតព័ត៌មាន ដោយក្នុងនោះរួមមានតម្រូវការ បរិញ្ញាបត្រ ឬវិញ្ញាបនបត្រសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងសម្រាប់តួនាទីចាងហ្វាងការផ្សាយ និងនិពន្ធនាយក និងត្រូវតែមានបទពិសោធន៍ធ្វើការយ៉ាងតិចបីឆ្នាំផងដែរ។ អ្នកយកព័ត៌មានត្រូវតែមានបទពិសោធន៍ធ្វើការយ៉ាងតិចមួយឆ្នាំ និងវិញ្ញាបនបត្រសិក្សាជំនាញសារព័ត៌មាន។
ចាងហ្វាងការផ្សាយ/នាយកការផ្សាយ និងនិពន្ធនាយក ត្រូវតែមានលិខិតបញ្ជាក់ទីលំនៅ និងកិរិយាមាយាទពីអាជ្ញាធរឃុំសង្កាត់របស់ពួកគេ លិខិតបញ្ជាក់សុខភាព និង«មិនធ្លាប់មានការតវ៉ាជាអាទិ៍លើ អត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាត អក្សរសាស្ត្រ និងភាសាជាតិដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា បទប្បញ្ញត្តិនេះមានគោលបំណង «ពង្រឹងសណ្តាប់ធ្នាប់សាធារណៈក្នុងវិស័យសារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈដែលចាំបាច់សម្រាប់ការកែលម្អគុណភាពព័ត៌មាន និងធានាថាសាធារណជនទទួលបានព័ត៌មានដែលសុវត្ថិភាព និងអាចទុកចិត្តបាន»។
លោកបានពណ៌នាការអនុវត្តនេះថា ជាការចាំបាច់ដើម្បីពង្រឹង «គុណភាពវិជ្ជាជីវៈ»។
ចាប់តាំងពីការដាក់ចេញនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឆ្នាំ២០២៤ របស់រដ្ឋាភិបាល ដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស និងអង្គការសារព័ត៌មានឯករាជ្យថាខ្វះការពិគ្រោះយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តលឿនពេកនោះ អ្នកសង្កេតការណ៍បាននិយាយថា បទប្បញ្ញត្តិថ្មីៗទាំងនេះ គឺជាការបន្តនិន្នាការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាល។
លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានមានប្រសាសន៍ថា៖ «ដូចដែលយើងបានឃើញហើយ តម្រូវការឱ្យមានភស្តុតាងបញ្ជាក់កិរិយាមាយាទល្អ និងកំណត់ត្រាព្រហ្មទណ្ឌនឹងបង្កជាការលំបាកសម្រាប់អ្នកសារព័ត៌មានជាច្រើនដែលបានរាយការណ៍អំពីបញ្ហារសើប ហើយតែងតែប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬមានសំណុំរឿងនៅតុលាការនៅឡើយ»។
លោកស្រី សុគន្ធា បានសម្តែងការព្រួយបារម្ភអំពីឧបសគ្គផ្លូវច្បាប់បន្ថែមទៀតសម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកយកព័ត៌មានបញ្ហាបរិស្ថាន ឬនយោបាយ ហើយលោកស្រីក៏បានអំពាវនាវឱ្យក្រសួងធ្វើការកែសម្រួលឱ្យបានសមស្របឡើងវិញ។ លោកស្រីបានបន្ថែមថា ឧបសគ្គបន្ថែមសម្រាប់ការទទួលបានបណ្ណសារព័ត៌មាន ជាពិសេសសម្រាប់អ្នកសារព័ត៌មានឯករាជ្យ អាចធ្វើឱ្យការរាយការណ៍ធ្លាក់ចុះ និងធ្វើឱ្យមានចន្លោះប្រហោងកាន់តែច្រើនទៀតក្នុងការរាយការណ៍លើប្រធានបទសំខាន់ៗ។
អ្នកសារព័ត៌មានមួយរូប កញ្ញា ជា សុខនី ដែលកំពុងបម្រើការនៅវិទ្យុស្ត្រី បានយល់ស្របនឹងកង្វល់របស់លោកស្រី សុគន្ធា ដោយលើកឡើងពីបទពិសោធន៍មិត្តរួមអាជីពរបស់ខ្លួនដែលធ្លាប់ប្រឈមនឹងបណ្ដឹង ឬការប្ដឹងផ្ដល់ ក្រោយពីបានរាយការណ៍ព័ត៌មានទាក់ទងនឹងបុគ្គលមានឥទ្ធិពល ឬអ្នកដែលមានទំនាក់ទំនងផ្នែកនយោបាយ។
ស្រដៀងគ្នានេះដែរ អ្នកសារព័ត៌មានឯករាជ្យម្នាក់ទៀត កញ្ញា ហ៊ន ថូវ៉ាន់ បានលើកឡើងថា លក្ខខណ្ឌតឹងរ៉ឹងទាំងនេះ មិនមានភាពច្បាស់លាស់ ហើយអាចបណ្តាលឱ្យអ្នកសារព័ត៌មានស្ទាក់ស្ទើរក្នុងការរាយការណ៍ប្រធានបទរសើប ឬប្រធានបទសំខាន់ៗ ដោយសារពួកគេព្រួយបារម្ភអំពីផលវិបាកផ្លូវច្បាប់ដែលអាចកើតមាន។
ខណៈដែលពេលនេះបទប្បញ្ញត្តិបានចូលជាធរមានពេញលេញ ក្រុមសិទ្ធិមនុស្ស និងអង្គការសារព័ត៌មានក៏កំពុងបន្តតាមដានមើលផលប៉ះពាល់លើបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលកំពុងជួបការលំបាក ដែលទទួលបានការចាត់ថ្នាក់រួចទៅហើយដោយអង្គការអ្នកកាសែតគ្មានព្រំដែនដោយកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ លើសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Regulations for Journalists Tighten Grip on Cambodia’s Media











