នៅមុនទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលរបស់អង្គការសហប្រជាជាតិ ក្រុមអង្គការសង្គមស៊ីវិល និងយុវជន បានទទូចឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឬហៅម្យ៉ាងទៀតថា សេចក្តីព្រាងច្បាប់ A2I ដែលត្រូវបានពន្យារពេលយូរមកហើយនោះ។
លោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានសន្យាថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានអនុម័ត «ក្នុងរយៈពេលពីរឆ្នាំខាងមុខ» បន្ទាប់ពីការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំមុន ឬយ៉ាងយូរនៅត្រឹមឆ្នាំ២០២៥។
អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវឲ្យមានការអនុម័តច្បាប់ថ្មីឱ្យស្របតាមស្តង់ដារអន្តរជាតិ និងធានាសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា។
អង្គការទាំងនោះក៏បានគូសបញ្ជាក់ថា ដំណើរការនៃការផ្តល់និងទទួលពត៌មានសាធារណៈផ្សេងទៀតនៅតែ «មានកម្រិត» ដែលប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហាសំខាន់ៗដូចជាគម្រោងអភិវឌ្ឍន៍ធំៗ រួមទាំងនីតិវិធីលទ្ធកម្មសាធារណៈថ្នាក់ជាតិ សម្បទានដីសេដ្ឋកិច្ច បញ្ហាដីធ្លី និងការបណ្តេញចេញដោយបង្ខំ និងជម្លោះផ្សេងៗដែលពាក់ព័ន្ធដោយផ្ទាល់លើសិទ្ធិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាច្រើន។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានទទូចឱ្យរដ្ឋាភិបាលពន្លឿនសេចក្តីព្រាងច្បាប់នេះ ដែលក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋបានស្នើសុំឱ្យកែសម្រួលមាត្រាមួយចំនួន។
លោកបានឱ្យដឹងថា៖ «រដ្ឋាភិបាលបានធ្វើការពិគ្រោះយោបល់គឺល្អណាស់ ប៉ុន្តែសំខាន់សូមទទួលយក [ធាតុចូលរបស់យើង] និងការអំពាវនាវ [របស់យើង] ដើម្បីកែសម្រួលសេចក្តីព្រាងច្បាប់ [ស្ដីពីសិទ្ធិទទួលបានព័ត៌មាន]»។ លោក សុជាតិ បានបន្តថា៖«សេចក្តីព្រាងច្បាប់នេះនឹងអនុវត្តចំពោះគ្រប់គ្នា រួមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ»។
នៅពេលច្បាប់នេះត្រូវបានអនុម័ត វិស័យឯកជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងការវិនិយោគអាជីវកម្ម ក៏ដូចជាអ្នកសារព័ត៌មានផងដែរ។
លោក សុជាតិ បាននិយាយថា៖ «ច្បាប់មានស្រាប់ដែលយើងបានវិភាគទៅលើច្បាប់ប្រហែល ៦០០ ហើយបានរកឃើញថា ច្បាប់តាមវិស័យផ្សេងៗភាគច្រើនចែងពីការបិទព័ត៌មានសម្ងាត់»។
លោកក៏បានលើកឡើងផងដែរថា អង្គការនានាបានបន្តការអំពាវនាវរបស់ពួកគេឱ្យលុបមាត្រា ២០ ចំណុច៧ ចេញពីសេចក្តីព្រាងច្បាប់ A2I ចុងក្រោយមានលក្ខណៈទូលំទូលាយហើយខ្វះលក្ខណៈជាក់លាក់ «បទប្បញ្ញត្តិដែលគ្របដណ្តប់លើបញ្ហាគ្រប់យ៉ាង»។
ពួកគេក៏បានស្នើសុំឱ្យដកចេញមាត្រា១៥ ចំណុច៤ ផងដែរ ត្រូវបានកំណត់រយៈពេល៤០ថ្ងៃ មុនការស្នើសុំម្តងទៀតកើតទ្បើង។អ្នកស្នើសុំគួរតែមានសេរីភាពក្នុងការស្នើដោយគ្មានការកំណត់ពេលវេលា។
លោក ទេព អាស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបាននិយាយយ៉ាងខ្លីថា ក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធកំពុងតែពិនិត្យ និងរៀបចំលើសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែលោកបានបដិសេធធ្វើអត្ថាធិប្បាយលើការអំពាវនាវរបស់អង្គការសង្គមស៊ីវិលឲ្យកែប្រែ និងលុបមាត្រាមួយចំនួនចេញនោះទេ។
អ្នកស្រី ង៉ែត សល់ អាយុ៣៨ឆ្នាំ ជាកសិករមកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានចូលរួមសិក្ខាសាលាថ្នាក់ជាតិសម្រាប់ទិវាសិទ្ធិទទួលបានព័ត៌មានជាសកលនៅរាជធានីភ្នំពេញបាននិយាយថា សិទ្ធិទទួលបានព័ត៌មាន គឺ «មានសារៈសំខាន់ខ្លាំងណាស់»។
តំណាងសហគមន៍រូបនេះបានគូសបញ្ជាក់ថា វាមានសារៈសំខាន់ជាពិសេសសម្រាប់ថវិកាគម្រោងអភិវឌ្ឍន៍នៅតាមស្រុក និងឃុំ ក៏ដូចជាស្ថាប័នថ្នាក់ជាតិ។
នៅពេលប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន វាបង្ហាញថា មានតម្លាភាព និងគណនេយ្យភាពសង្គម។ អ្នកស្រីបាននិយាយថា៖ «ហើយយើងអាចជឿជាក់លើអាជ្ញាធរសម្រាប់ការចូលរួមក្នុងការអភិវឌ្ឍឃុំ និងស្រុក»។
អ្នកស្រី សល់ បាននិយាយថា៖ «[ទោះបីជាយ៉ាងណា] ការផ្តល់ព័ត៌មាននៅតែជួបនឹងបញ្ហាប្រឈមទាក់ទងនឹងដីសម្បទានសង្គមកិច្ច ដោយសារប្រជាពលរដ្ឋមិនដឹងថា ទៅរកព័ត៌មាននៅកន្លែងណា»។
លោកស្រីបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមិនបានផ្សព្វផ្សាយព័ត៌មានគ្រប់គ្រាន់អំពីគម្រោងអភិវឌ្ឍន៍ និងសម្បទានដីសេដ្ឋកិច្ច និងសម្បទានសង្គមកិច្ចនៅទ្បើយ។
អ្នកស្រី សល់ បានបន្ថែមថា៖ «បើមិនមានច្បាប់ [ស្ដីពីសិទ្ធិទទួលព័ត៌មាន] ទេ ដូច្នេះ វាពិតជាពិបាកក្នុងការចូលរួមក្នុង [ដំណើរការនៃ] ការអភិវឌ្ឍ។ ប្រជាពលរដ្ឋក៏មានការភ័ន្តច្រឡំអំពីព័ត៌មានដែលទទួលបានពីអ្នកផ្សេងដែរ»។
អ្នកចូលរួមម្នាក់ទៀតឈ្មោះ ថុន រស្មី អាយុ៣០ឆ្នាំមកពីវិស័យធនាគារបានគាំទ្រការអនុវត្តច្បាប់ ដែលអ្នកនាងបាននិយាយថា នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ដើម្បីជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍គោលនយោបាយរបស់រដ្ឋាភិបាល។
ថុន រស្មី បាននិយាយថា៖ «វាមានសារៈសំខាន់ណាស់។ ប្រសិនបើមានព័ត៌មានខុស ប្រជាពលរដ្ឋប្រហែលជាយល់ខុសចំពោះព័ត៌មានដែលត្រូវបានផ្តល់ឲ្យ»។
លោក ហួត វឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងសិក្ខាសាលាថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាននិងកំពុងបន្តតាំងពីឆ្នាំ ២០០៤ រួមទាំងការផ្សព្វផ្សាយព័ត៌មានស្តីពីលទ្ធកម្មផងដែរ។
លោកបានប្រាប់អ្នកចូលរួមថា៖ «លោករដ្ឋមន្ត្រីក៏បានសម្រេចធ្វើការវាយតម្លៃឡើងវិញនូវប្រព័ន្ធលទ្ធកម្មសាធារណៈ ទោះបីជាយើងបានធ្វើកំណែទម្រង់វាច្រើនឆ្នាំមកហើយក៏ដោយ។ រហូតមកដល់ថ្ងៃនេះ យើងនៅតែត្រូវការវាយតម្លៃឡើងវិញ ដើម្បីឱ្យដឹងថា តើកំណែទម្រង់របស់យើងគ្រប់គ្រាន់ឬយ៉ាងណា?»។
គោលដៅនៃការបើកចំហលទ្ធភាពទទួលបានព័ត៌មានលទ្ធកម្មសាធារណៈគឺដើម្បីលើកកម្ពស់ការរៀបចំថ្មីសម្រាប់ការអនុវត្តច្បាប់លទ្ធកម្មសាធារណៈ ពង្រឹងបន្ថែមទៀតនូវការបញ្ចេញព័ត៌មានទាក់ទងនឹងលទ្ធកម្មសាធារណៈ និងបន្តផ្សព្វផ្សាយព័ត៌មានអំពីដំណើរការលទ្ធកម្មសាធារណៈតាមរយៈគេហទំព័រ និងការបណ្តុះបណ្តាល។
លោក វឌ្ឍនា បានកត់សម្គាល់ថា រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ «បានធ្វើការងារច្រើន» លើសេចក្តីព្រាងច្បាប់នេះ។
បច្ចុប្បន្ន អគ្គនាយកដ្ឋានលទ្ធកម្ម មានគេហទំព័រផ្សព្វផ្សាយអំពីច្បាប់ ស្ថិតិលទ្ធកម្មសាធារណៈ និងថវិកាប្រចាំឆ្នាំ។ ទោះបីជាយ៉ាងណា លោក វឌ្ឍនា បានទទួលស្គាល់ថា ការអនុវត្តលទ្ធកម្មនៅកម្ពុជា «នៅមានកម្រិតនៅឡើយ»។ លោកបានលើកឡើងថា វាមិនបើកចំហដូចប្រទេសដទៃទេ ប៉ុន្តែក្រសួងកំពុងធ្វើការកែលម្អបញ្ហានេះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs Call For Draft Law on Access to Information To Be Expedited