ខេត្តព្រះវិហារ៖ ប្រជាជនភៀសសឹករាប់ពាន់នាក់ដែលរស់នៅជំរំក្នុងខេត្តព្រះវិហារ បានចាប់ផ្តើមវិលត្រឡប់ទៅផ្ទះបណ្តើរៗ ដោយថាការបានទៅផ្ទះវិញនេះអាចឱ្យពួកគេទៅមើលសត្វ និងស្រែចម្ការរបស់ពួកគេដែលត្រូវបានបោះបង់ចោលភ្លាមៗនៅពេលដែលជម្លោះកម្ពុជា-ថៃ តានតឹងខ្លាំង។
ការសម្រេចចិត្តរបស់ពួកគេក្នុងការវេចបង្វិចអីវ៉ាន់ និងចាកចេញទៅផ្ទះវិញ ធ្វើឡើង បន្ទាប់ពីកម្ពុជា និងថៃបានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមដែលមាន១៣ ចំណុច កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
នៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ កសិករលោក សឹន ចិត្ត បានប្រាប់ថាលោក និងសមាជិកគ្រួសារប្រាំនាក់របស់លោកបានសម្រេចចិត្ត ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីស្ថានការណ៍ស្ងប់ស្ងាត់។ ពួកគេចង់ឃើញស្ថានភាពផ្ទះ និងស្រែចម្ការរបស់ពួកគេដែលត្រូវបានទុកចោលអស់ជាច្រើនថ្ងៃក្នុងអំឡុងពេលជម្លោះ។
លោក បានបន្ថែមថា៖ «ដូចថាគេរៀងស្ងាត់ស្ងៀមហើយទៅមើលស្រែមើលចំការផង មើលផ្ទះមើលសម្បែងផង នឹកផ្ទះនឹកសម្បែងដែរ»។ ទោះយ៉ាងណាក៏ដោយលោកបានបន្តថា៖ «ខ្ញុំមិនអាចទស្សន៍ទាយបានទេ។ បើ [ជម្លោះ] កើតឡើងទៀត ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ […] ប្រហែលជា ខ្ញុំនឹងត្រឡប់មក [ជំរំភៀសសឹក] ម្តងទៀត»។
ទោះបីជាដឹងថាអាចមានគ្រាប់បែកមិនទាន់ផ្ទុះ និងសំណល់នៃសារធាតុគីមីពុលនៅក្នុងខ្យល់ដែលបាញ់ដោយយន្តហោះចម្បាំងថៃក្នុងអំឡុងជម្លោះក៏ដោយ ក៏លោក ចិត្ត នៅតែប្តេជ្ញាត្រឡប់ទៅផ្ទះរបស់លោកវិញដែលនៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដែលមានចម្ងាយប្រមាណ ៤ គីឡូម៉ែត្រពីព្រំដែន។
អាជ្ញាធរបានណែនាំលោកថា ប្រសិនបើលោកឃើញគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងចម្ការរបស់ខ្លួន លោកត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។ លោកបានបន្ថែមថាអាជ្ញាធរក៏ប្រាប់ឱ្យលោកចាក់ទឹកនៅក្នុងពាងទឹកចោល និងប្រើ «ខ្ទឹមស» ដើម្បី «ជូតច្រមុះ» ដើម្បីការពារខ្លួនពីខ្យល់ពុល។

អ្នកលក់ដូរតាមចិញ្ចើមផ្លូវអ្នកស្រី ផេន ស្រីល័ក្ខ បានប្រាប់ថា អាជ្ញាធរបានឃាត់អ្នកស្រីមិនឱ្យត្រឡប់ទៅវិញ ព្រោះពួកគេបារម្ភថាខ្យល់ពុលនឹងប៉ះពាល់ដល់សុខភាពអ្នកស្រី ប៉ុន្តែអ្នកស្រីនៅតែទទូចចង់ត្រឡប់ទៅផ្ទះវិញ។
អ្នកស្រីបាននិយាយថា ការបន្តស្នាក់នៅក្នុងជំរំភៀសសឹកមិនអាចឱ្យអ្នកស្រីរកចំណូលបានទេ ហើយអ្នកស្រីបានកត់សម្គាល់ថាប្រជាពលរដ្ឋបានចាប់ផ្តើមត្រឡប់ទៅផ្ទះវិញតាំងពីថ្ងៃទី៨ ខែសីហា ដោយសារពួកគេបារម្ភពីផ្ទះ ស្រែចម្ការ និងសត្វចិញ្ចឹមរបស់ពួកគេ។
អ្នកស្រី បានបន្តថា៖ «នៅនេះ មិនស្រួលដូចយើងនៅផ្ទះទេ ចង់ឱ្យគេសន្តិភាពទៅ ខ្ញុំអរពេកហើយ»។
ដោយមានការទទូចស្នើសុំម្តងហើយម្តងទៀតរបស់អ្នកស្រី អាជ្ញាធរក៏បានអនុញ្ញាតឱ្យអ្នកស្រីត្រលប់ទៅផ្ទះវិញ ហើយក៏បានផ្តល់ម៉ាសដល់អ្នកស្រីដើម្បីការពារខ្លួនពីខ្យល់ពុល។ ភូមិរបស់អ្នកស្រី មិនត្រូវបានកងទ័ពថៃទម្លាក់គ្រាប់បែកធ្ងន់ធ្ងរដូចភូមិដទៃទេ ព្រោះនាងរស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមទិន្នន័យក្រសួងការពារជាតិនៅថ្ងៃទី៤ ខែសីហា ចំនួនអ្នកភៀសសឹកសរុបក្នុងខេត្តចំនួន ៥ មានរហូតដល់ ១២៤,៩៤០ នាក់។ ក្នុងចំណោមនេះ ខេត្តព្រះវិហារមានចំនួនអ្នកជម្លៀសច្រើនជាងគេ ៤២,០១៦ នាក់ បន្ទាប់មកខេត្តសៀមរាប (៣៩,៤៨៦ នាក់) ឧត្តរមានជ័យ (៣៤,០២៧ នាក់) បន្ទាយមានជ័យ (៨,៥០៥ នាក់) និងខេត្តពោធិ៍សាត់ (៩០៦ នាក់)។
លោក ផាន ព្រឹម អាយុ ៤១ ឆ្នាំ បាននិយាយថាលោកមិនបារម្ភអំពីសារធាតុគីមីនៅក្នុងខ្យល់ ឬគ្រាប់បែកមិនទាន់ផ្ទុះទេ ព្រោះផ្ទះរបស់លោកនៅភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅឆ្ងាយពីព្រំដែន។
លោក បាននិយាយថា៖ «ឃើញរដ្ឋាភិបាលយើងស្រុះស្រួលគ្នា មានសន្តិភាពវិញ អាចទៅផ្ទះវិញបាន ព្រោះអីមានការប្រជុំ GBC [គណៈកម្មាធិការព្រំដែនទូទៅ] ហើយ អាចទៅផ្ទះវិញបានព្រោះអីយើងមកយូរដែរ បារម្ភពីផ្ទះ ស្រែចំការអី»។
អភិបាលស្រុកគូលែន លោក ប៉ែន ជឹង បាននិយាយថា ប្រមាណ ៣០ ភាគរយនៃប្រជាជនដែលបានភៀសខ្លួនពីផ្ទះទៅនៅវត្តពោធិ៍៥០០០ដើម បានវិលត្រឡប់ទៅផ្ទះវិញគិតត្រឹមថ្ងៃទី៩ ខែសីហា។ នេះធ្វើឱ្យចំនួនគ្រួសារដែលនៅសល់ក្នុងជំរកមាន ៤,១៥៨ គ្រួសារ បើប្រៀបធៀបនឹង ៥,៤២១ គ្រួសារនៅថ្ងៃទី ៦ ខែសីហា។ ទោះជាយ៉ាងណា លោកមិនមានតួលេខច្បាស់លាស់សម្រាប់ថ្ងៃទី ១០ ខែសីហាទេ ដោយសារប្រជាជននៅតែបន្តចាកចេញជាបន្តបន្ទាប់។
អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បាននិយាយថា ពលរដ្ឋ ១,៥៦៩ គ្រួសារ ស្នាក់នៅក្នុងជំរំភៀសសឹកទាំង១៥ ក្នុងខេត្ត បានត្រឡប់ទៅផ្ទះវិញគិតត្រឹមថ្ងៃសៅរ៍។ លោកបានបន្តថា គុណភាពខ្យល់ពុលនៅស្រុកជាំក្សាន្តលែងជាបញ្ហាទៀតហើយ ដោយសារភ្លៀងជាបន្តបន្ទាប់បានជួយសម្អាតខ្យល់។ ចំពោះគ្រាប់បែកមិនទាន់ផ្ទុះ លោកបាននិយាយថា ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យទាក់ទងអាជ្ញាធរមូលដ្ឋានប្រសិនបើពួកគេឃើញ ឬសង្ស័យថាអាចមានគ្រាប់បែក។
លោកបានបន្ថែមថា៖ «ចំពោះគ្រាប់បែកចង្កោមឬយុទ្ធភណ្ឌមិនទាន់ផ្ទុះហ្នឹង គឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋជួបឬសង្ស័យ សូមទាក់ទងទៅនឹងក្រុមការងារស៊ីម៉ាក (CMAC) [មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា] ដែលអាជ្ញាធរយើងបានផ្សព្វផ្សាយទៅដល់អាជ្ញាធរមូលដ្ឋាន»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព មានប្រសាសន៍ថា អាជ្ញាធរគួរតែធានាថាប្រជាជនត្រឡប់ទៅកន្លែងដែលមានសុវត្ថិភាព ដោយបន្ថែមថា ប្រជាជនមិនគួរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញទេ ប្រសិនបើកន្លែងរបស់ពួកគេផុយស្រួយក្នុងការប៉ះទង្គិច។
លោកបានបន្តថា រដ្ឋាភិបាលក៏គួរផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដល់ប្រជាជន ជួយពួកគេឱ្យចាប់ផ្តើមជីវិតឡើងវិញ និងសម្រួលការសងបំណុលធនាគារបន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីផ្ទះដែលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ អនុព័ន្ធយោធានៃបណ្តាប្រទេសផ្សេងៗប្រចាំកម្ពុជា បានទៅទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែងនៃបទឈប់បាញ់ និងស្ថានភាពរបស់ពលរដ្ឋភៀសសឹក។
អនុព័ន្ធយោធាទាំងនោះមានតំណាងមកពីប្រទេសកាណាដា អូស្ត្រាលី បារាំង ចក្រភពអង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nothing Like Home – Displaced Cambodian Families Leave Shelters in Droves As Calm Settles Along the Border










