សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីថាប្រព័ន្ធគាំពារសង្គមចាប់ផ្តើមរឹង​មាំ ខណៈសង្គមស៊ីវិលថានៅខ្វះមន្ទីរពេទ្យទំនើបតាមខេត្ត

មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធប្រមាណ២០០នាក់ ចូលរួមក្នុងវេទិកា ស្តីពី«សារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយគណនេយ្យភាព និងបរិយាបន្ន» កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)
មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធប្រមាណ២០០នាក់ ចូលរួមក្នុងវេទិកា ស្តីពី«សារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយគណនេយ្យភាព និងបរិយាបន្ន» កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

មន្រ្តីរដ្ឋាភិបាលអះអាងថា ប្រព័ន្ធគាំពារសង្គមចាប់ផ្តើមរឹងមាំ ក្រោយមានប្រជាពលរដ្ឋជិតពាក់កណ្តាលប្រទេសកំពុងប្រើប្រាស់គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ ប៉ុន្តែសង្គមស៊ីវិលសង្កេតឃើញថា ពុំទាន់មានគណនេយ្យភាពគ្រប់គ្រាន់នៅឡើយ ជាពិសេសកង្វះមន្ទីរពេទ្យទំនើបនៅតាមបណ្តាខេត្ត។

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម លោក ចន ណារិទ្ធ បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ប្រព័ន្ធគាំពារសង្គមកំពុងគ្រប​ដណ្តប់​លើប្រជាពលរដ្ឋប្រមាណជាង៧លាននាក់ ឬស្មើនឹង៤២ភាគរយនៃចំនួនប្រជាជនសរុប​១៧លាននាក់។ ក្នុងនោះបូកបញ្ចូលទាំងពលរដ្ឋក្នុងប្រព័ន្ធរបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលជាដើម។

លោកគូសបញ្ជាក់ថា មូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់លើពលរដ្ឋប្រមាណ២,៨លាននាក់ និងពលរដ្ឋងាយរងគ្រោះត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធថែទាំងសុខភាពមានប្រមាណ១,៨លាននាក់។ ដោយឡែក គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ សមាជិកបេឡាជាតិរបបស​ន្តិសុខសង្គម(ប.ស.ស) មានប្រមាណ២,៣លាននាក់ ហើយប្រព័ន្ធសន្តិសុខសង្គមក៏គ្របដណ្តប់លើកងកម្លាំងចូលនិវត្តន៍ និងអតីតយុទ្ធជនប្រមាណជិត១៧ម៉ឺននាក់ដែរ​។

លោក ណារិទ្ធ សង្កត់ធ្ងន់ថា តួលេខនៃប្រជាពលរដ្ឋនេះបានបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធគាំពារសង្គមទាំងនេះ ថាក្លាយជាទីទុកចិត្តរបស់​ពលរដ្ឋក្នុងឆ្នាំ២០២៤នេះ។ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះ កាលពីថ្ងៃទី១៦ ខែសីហា ដែលនិយ័តករសន្តិសុខសង្គម បានរៀបចំវេទិកា ស្តីពី«សារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយគណនេយ្យភាព និងបរិយាបន្ន​»​។

លោកថ្លែងថា៖ «[នៅឆ្នាំចុងក្រោយនេះ របបសន្តិសុខសង្គម]ហាក់ដូចជាមានប្រជាប្រិយភាពជាងមុន អ៊ីចឹងបានន័យថា ការទទួលស្គាល់នេះ គឺមិនមែនជារឿងចៃដន្យទេ។ ការទទួលស្គាល់ថាវាជាប្រព័ន្ធមួយដែលអាចនឹងចាប់ផ្តើមទុកចិត្តបាន ចាប់ផ្តើមយល់ថាជាប្រព័ន្ធដែលមានប្រយោជន៍»។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ​វន ពៅ សង្កេតឃើញថា ប្រព័ន្ធគាំពារសង្គមទាំងនេះពិតជាមានភាពប្រសើរឡើង ប៉ុន្តែលោកចាត់ទុកថា នៅមិនទាន់មានគណនេយ្យភាពសង្គមពេញលេញនៅឡើយ ពោលគឺអាជ្ញាធរមូលដ្ឋាននៅពុំទាន់យល់ច្បាស់ និងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងនៅឡើយ។ ម្យ៉ាងវិញទៀត ការិយាល័យចុះឈ្មោះ​​ភាគច្រើនមានតែនៅតាមទីរួមខេត្ត ដែលបង្កការលំបាកចំពោះប្រជាពលរដ្ឋនៅតាមបណ្តាស្រុកដាច់ស្រយាលពីទីរួមខេត្ត។

លោកបន្តថា អ្វីដែលជាចំណុចខ្វះខាតធំនោះ គឺប្រជាពលរដ្ឋគ្រប់ខេត្តក្រុង ត្រូវធ្វើដំណើរមករាជធានីភ្នំពេញ មករកសេវាសុខាភិបាល ខណៈនៅតាមបណ្តាខេត្តពុំសូវមានមន្ទីពេទ្យធំ ដែលមានឧបករណ៍ព្យាបាលគ្រប់គ្រាន់។ លោកជំរុញឱ្យនិយ័តករសន្តិសុខសង្គម និងបេឡាជាតិសន្តិសុខសង្គម ពិនិត្យមើលបន្ថែមនូវលទ្ធភាពផ្តល់សេវាសុខាភិបាលដែលមានឧបករណ៍ទំនើបៗឱ្យបានកៀកនឹងប្រជាពលរដ្ឋ​នៅតាមបណ្តាខេត្ត ដើម្បីឱ្យពួកគេទទួលបានការថែទាំសុខភាពនៅតាមមូលដ្ឋានដែលពួកគេរស់នៅ ជាជាងការសម្រុកឡើង​មក​មន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញដូចជា មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យរុស្ស៊ី និងមន្ទីរពេទ្យលោកសង្ឃជាដើម។

លោកមានប្រសាសន៍ថា៖ «មន្ទីរពេទ្យដែលល្អៗ មាននៅតែរាជធានីភ្នំពេញទេ ដែលមានសម្ភារៈទំនើប។ ប៉ុន្តែមន្ទីរពេទ្យនៅតាមខេត្ត តាមស្រុក តាមឃុំ-សង្កាត់ គឺនៅមានកម្រិតតិចតួចនៅឡើយ។ អ៊ីចឹងយើងចង់បានតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ឱ្យមានសេវាសុខាភិបាល ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាក់ស្តែង។ នេះជាចំណុចទី១ រីឯចំណុចទី២ យើងចង់ឃើញមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋបានចុះឈ្មោះ ហើយចំណុចខ្វះខាតមួយទៀត គឺការចុះឈ្មោះមានតែនៅតាមទីរួមខេត្តទេ»។

ប្រហាក់ប្រហែលគ្នា អនុប្រធានសហជីពសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) លោក អាត់ ធន់ ក៏សង្កេត​ឃើញថា ការផ្តល់ជូននូវសេវាសុខាភិបាល នៅតែជាឧបសគ្គធំសម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់សេវាគាំពារសង្គម ដោយ​ថា​ក្រុមគ្រូពេទ្យមួយចំនួននៅតែមិនបានបំពេញវិជ្ជាជីវៈល្អ ទាក់ទងនឹងឥរិយាបថទ្រគោះបោះ បោកដាក់អ្នកជំងឺ។ មិនតែប៉ុណ្ណោះ អ្នកជំងឺខ្លះត្រូវចំណាយលុយបន្ថែមដោយខ្លួនឯង ដោយ​សារកញ្ចប់ព្យាបាលរបស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស)នៅមានទំហំតូច មិនអាចព្យាបាលជំងឺគ្រប់គ្រាន់។

លោកថ្លែងថា៖ «ទី១ ឥរិយាបទ ឬក្រមសីលធម៌របស់គ្រូពេទ្យនៅមានទ្រគោះបោះបោក។ ទី២ ថ្នាំព្យាបាលដែលកំណត់ដោយ ប.ស.ស ​ស្ថិតក្នុងតម្លៃទាប ដែលមិនទាន់ដល់កម្រិតព្យាបាលជំងឺខ្លះ ដូច្នេះតម្រូវឱ្យអ្នកដែលទៅព្យាបាលបន្ថែមលុយ ឬបន្ថែមលក្ខខណ្ឌ​»​។

លោកបន្តថា ដើម្បីឱ្យពលរដ្ឋកាន់តែទទួលបានសេវាសុខាភិបាលពេញលេញ និងងាយស្រួល រដ្ឋាភិបាលគួរពង្រីកមន្ទីរពេទ្យនៅតាមបណ្តាខេត្តនីមួយៗឱ្យមានស្តង់ដារគ្រប់គ្រាន់ ដើម្បីអាចកាត់បន្ថយការកកស្ទះនៅតាមមន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញ ហើយអ្នកជំងឺក៏ទទួលបានការយកចិត្តទុកដាក់ពេញលេញដែរ។

លោកបន្ថែមថា៖ «បើសិនជានៅខេត្តនីមួយៗ ពេទ្យមានឧបករណ៍គ្រប់គ្រាន់ អាចពលរដ្ឋតាមស្រុក ឬក៏ឃុំទាំងអស់អាចបញ្ជូនទៅខេត្តបាន វាកាត់បន្ថយបញ្ជូនទៅភ្នំពេញ។ ដូច្នេះ​ពេទ្យនៅភ្នំពេញក៏មានលទ្ធភាពព្យាបាលបានដិតដល់ដែរ»។

ពលរដ្ឋ និងព្រះសង្ឃ ទៅរកសេវាសុខភាពនៅមន្ទីរពេទ្យខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​។ (ខេមបូចា/ ព្រីង សំរាំង)

កំពុងអង្គុយផ្អែកខ្នងនឹងដើមឈើក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(មន្ទីរពេទ្យរុស្ស៊ី) ពលរដ្ឋមកពីស្រុកឧត្តុង ខេត្តកំពង់ស្ពឺ លោក ហែម សុផេន បានឱ្យដឹងថា លោកមកទីនេះដើម្បីមកមើលប្អូនថ្លៃរបស់លោក ជាកម្មកររោងចក្រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​ឱ្យភ្លាត់ឆ្អឹងក និងខ្ទាំខួរឆ្អឹងខ្នង ដែលត្រូវរង់ចាំការវះកាត់។

បុរសវ័យ​៣៨ឆ្នាំដដែលលើកឡើងទៀតថា ទោះជាការព្យាបាលត្រូវពឹងផ្អែកលើបណ្ណ ប.ស.ស ក៏ពិតមែន ប៉ុន្តែការបញ្ជូនជនរងគ្រោះ​មកព្យាបាលនៅភ្នំពេញនេះ គឺពិតជាមានផលលំបាក ដោយសារតែត្រូវធ្វើដំណើរឆ្ងាយ ហើយអ្នកមើលថែត្រូវខកខានទៅបំពេញការងារជាច្រើនថ្ងៃ ដោយសារមន្ទីរពេទ្យនៅឆ្ងាយ។ យ៉ាងណា លោកថា នេះក៏ព្រោះតែគ្មានជម្រើស ព្រោះនៅខេត្តកំពង់ស្ពឺមិនមានមន្ទីរពេទ្យធំៗដូចនៅភ្នំពេញ។

លោកក៏ចង់ឱ្យមានមន្ទីរពេទ្យដែលមានឯកទេស និងឧបករណ៍ព្យាបាលគ្រប់គ្រាន់នៅតាមបណ្តាខេត្តនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ និងមិនចាំបាច់ប្រជ្រៀតគ្នាមកព្យាបាលនៅរាជធានីភ្នំពេញ។

លោកបន្ថែមថា៖ «ចង់ឱ្យមានពេទ្យធំៗដូចនៅភ្នំពេញ ព្រោះវាកៀកស្រួល ព្រោះយើងម្តុំនោះខ្វះខាតមន្ទីរពេទ្យ! ដូចជា ពេទ្យបង្អែកគាត់អាចមើលបានជំងឺស្រាលៗ តែដល់ពេលជំងឺធ្ងន់ៗគាត់អត់មានសម្ភារៈ ដល់អ៊ីចឹងគាត់អត់អាចទុកយើងព្យាបាលបានទេ»។

ទោះបីជាមន្រ្តី និងពលរដ្ឋមួយចំនួនលើកឡើងពីភាពងាយស្រួលនៃការប្រើប្រាស់ប្រព័ន្ធគាំពារសង្គមក៏ពិតមែន ប៉ុន្តែពលរដ្ឋប្រកបរបររត់កង់បីនៅរាជធានីភ្នំពេញវ័យ៤០ឆ្នាំ  លោក វន ប៉ូញ បែរជាចាត់ទុកថាមានផលលំបាកទៅវិញ។ ផលលំបាកត្រង់ថា លោកបានបង់ប្រាក់វិភាគទានតាំងពីខែកក្កដា ឆ្នាំ២០២៣ មកទល់ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែលោកបែរជាមិនអាចប្រើប្រាស់សេវាថែទាំសុខភាពនេះបាន ដោយសារតែខកខានបង់មួយខែចុងក្រោយ កាលពីខែកក្កដា ឆ្នាំ២០២៤ ព្រោះតែលោកមិនមានលទ្ធភាពបង់ ស្របពេលដែលសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ហើយកូនៗ និងភរិយាក៏ឈឺញឹកញាប់ទៀត។

លោក ប៉ូញ បានបង្ហាញពីការខកចិត្ត ដែលបានខិតខំបង់រយៈពេលជិត១ឆ្នាំពេញ ប៉ុន្តែពេលដែលជំងឺឫសដូងបាតរបស់លោករើឡើង បែរជាមិនអាចយកសេវានោះមកព្យាបាលបាន ដោយតម្រូវឱ្យលោកបង់សម្រាប់ខែចាស់ និងខែថ្មីជាមុនសិន។

លោកឱ្យដឹងថា៖ «ខ្ញុំខកខានបង់មួយខែ ដល់ពេលបង់សងវិញ គេថាយើងខកខានបង់អ៊ីចឹង ប្រើអត់បាន[..] បញ្ហាដោយសារយើងអត់សូវមានលុយមួយខែហ្នឹង! លុយក្នុងកុង(គណនីធនាគារ)ក៏អត់មាន! លុយក្រៅក៏អត់មាន»។

លោកទទូចឱ្យបេឡាជាតិសន្តិសុខសង្គម ពិចារណាក្នុងការពន្យាពេលឱ្យបានយ៉ាងតិច ៣ ឬ៤ខែ​ មុននឹងឈានដល់ការកាត់ផ្តាច់សេវានេះ ព្រោះពេលខ្លះពលរដ្ឋក៏ជួបបញ្ហាជីវភាព ដែលពុំអាចបង់ទៀងទាត់ប្រចាំខែបាន។ បន្ថែមលើនេះ លោកក៏ចង់បានអត្ថប្រយោជន៍ពីសេវានេះដូចជា ហានិភ័យការងារ និងប្រាក់សោធន ដូចអ្នកនៅក្នុងប្រព័ន្ធដែរ។

ជាការឆ្លើយតប អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម លោក ឃុន ចាន់ណារិទ្ធ អះអាងថា នឹងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែច្បាស់​ជូនប្រជាពលរដ្ឋពីសេវារបស់ខ្លួន។ មួយវិញទៀត លោក និងក្រុមការងារក៏នឹងបន្តសិក្សាពីជីវភាពរបស់ប្រជាពលរដ្ឋជាក់ស្តែង ដើម្បីរកដំណោះស្រាយរួម ថាត្រូវឱ្យពួកគាត់បង់វិភាគទានបែបណា ប្រសិនបើរកឃើញថា រាំងស្ទះ ដោយសារបញ្ហាជីវភាពពិតប្រាកដ។

លោកបញ្ជាក់ថា៖ «យើងនឹងចុះផ្សព្វផ្សាយឱ្យកាន់តែច្រើន ក៏ដូចជាសិក្សាឱ្យបានលម្អិតទាក់ទងជាមួយនឹងជីវភាពថា គាត់ពិតជាចូលមកដោយសារតែជីវភាព យើងអាចសិក្សារកដំណោះស្រាយទាំងអស់គ្នា ប៉ុន្តែបើសិនជាគាត់ចូលមកបង់២ខែ ហើយមកវះកាត់អស់ ៥ ០០០ដុល្លារ ទៅ ១០ ០០០ដុល្លារ ហើយទៅបាត់ គឺមិនងាយហៅមកវិញទេ ព្រោះគោលបំណងគាត់មកដើម្បីអ៊ីចឹង[ព្យាបាលជំងឺ]តែម្តង»

ដោយឡែក បើតាមតំណាងនិយ័តករសន្តិសុខសង្គម លោក ឡេង សុខឡុង លើកឡើងថា ការស្នើសុំឱ្យបង្កើតមន្ទីរពេទ្យធំៗនៅតាមបណ្តាខេត្ត មិនមែនជារឿងងាយស្រួលឡើយ ដោយ​ថាត្រូវចំណាយធនធានច្រើន និងពេលវេលាយូរ។ ដូច្នេះហើយទើបត្រូវជ្រើស​រើស​ការចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជន។

លោកបញ្ជាក់ថា៖ «បើឱ្យ[មានមន្ទីរពេទ្យ]ទំនើបដូចពេទ្យនៅភ្នំពេញ ខ្ញុំថារយៈពេលមធ្យម​ក៏ទៅអត់រួចដែរ ព្រោះចាយលុយច្រើនណាស់ ហើយឧបករណ៍ ដុកទ័រ ផ្សេងៗ មិនមែនយើងអាចធ្វើរយៈពេលមួយឆ្នាំបានទេ ទាល់តែមានគម្រោង១០ឆ្នាំ ឬ១៥ឆ្នាំបាន»។

របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម បានបង្ហាញថា មូលដ្ឋានសុខាភិបាលដែលគ្របដណ្តប់ដោយបេឡាជាតិសន្តិសុខសង្គម មានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៤១២កន្លែង និងមូលដ្ឋានសុខាភិបាលឯកជនចំនួន១៣៨កន្លែង។

ក្របខណ្ឌគោលនយោបាយគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ត្រូវបានអនុម័តកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។ គោលនយោបាយនេះ មានគោលបំណងកំណត់ផែនការយុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរបស់ប្រជាជន៕

181 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម