សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីជំនាញសង្ស័យការស្លាប់របស់ពេជ្រ ធារ៉េតបណ្តាលមកពីការធ្វើទារុណកម្មអំឡុងពេលសួរចម្លើយ

ពេជ្រ ធារ៉េត ត្រូវបានឃាត់ខ្លួនក្រោយរងបណ្តឹងពីម្នាយក្មេកថាបានរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់ មុនពេលសមត្ថកិច្ចនាំខ្លួនយកទៅសួរចម្លើយនៅអធិការដ្ឋាននៅគរបាលស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ រូបភាព៖អគ្គស្នងការនគរបាលជាតិ
ពេជ្រ ធារ៉េត ត្រូវបានឃាត់ខ្លួនក្រោយរងបណ្តឹងពីម្នាយក្មេកថាបានរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់ មុនពេលសមត្ថកិច្ចនាំខ្លួនយកទៅសួរចម្លើយនៅអធិការដ្ឋាននៅគរបាលស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ រូបភាព៖អគ្គស្នងការនគរបាលជាតិ

សាក្សី ភស្តុតាង​ និងការសន្និដ្ឋានជាបឋមរបស់មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ​បញ្ជាក់ថា ឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា អាចរងការធ្វើទារុណកម្មអំឡុងពេលឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងមុនពេលស្លាប់កាលពីដើមខែមេសាឆ្នាំ២០២១។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងបាននាំខ្លួនឈ្មោះពេជ្រ ធារ៉េត អាយុ៣១ឆ្នាំកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០២១យកទៅសាកសួរជុំវិញករណីសង្ស័យថា បានរាយខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ។ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន និងសាកសួរជាង៣ម៉ោងគឺពីម៉ោង៣និង៣០នាទីរសៀលដល់ម៉ោង៧យប់ ពេជ្រ ធារ៉េតបានស្លាប់។​

អធិការដ្ឋាននគរបាលស្រុកសង្កែ​បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា ជនសង្ស័យរូបនោះស្លាប់ដោយសារតែគាំងបេះដូងព្រោះមានការប្រើប្រាស់គ្រឿងញៀនហួសកម្រិត។​

​ប៉ុន្តែក្រុមគ្រួសាររបស់ពេជ្រ ធារ៉េត ច្រានចោលការអះអាងនេះ ហើយថាមន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែបានធ្វើទារុណកម្ម ពេជ្រ ធារ៉េត រហូតដល់ស្លាប់ហើយព្យាយាមលាក់បាំងការពិត។​

អ្នកស្រីម៉ម សំអូន វ័យ៥០ឆ្នាំ ត្រូវជាអ៊ំ របស់ពេជ្រ ធារ៉េត ហើយក៏ជាអ្នកដែលទទួលសាកសពពេជ្រ ធារ៉េត ពីសមត្ថកិច្ចផងនោះ អះអាងថា សាកសពក្មួយរបស់អ្នកស្រីបាក់ឆ្អឹងក និងមានរបួសធ្ងន់ជាច្រើនកន្លែងស្ទើរពេញខ្លួន។ អ្នកស្រីជឿជាក់ថា ក្មួយរបស់គាត់ពិតជាស្លាប់ដោយសារការធ្វើទារុណកម្ម។​

អ្នកស្រី ម៉ម សំអូន អះអាងថា៖«ខ្ញុំថា គេវ៉ៃធ្វើបាបព្រោះពេលដែលខ្ញុំលើកដៃ និងជើងរឹងត្រង់ តែ ក ងិកង៉កៗដូចបាក់  ពេលដែលខ្ញុំលើកដោះដូរខោអាវ ក ហ្នឹងវាក៏ងិកកង៉ក់ អត់រឹងដូចដៃជើង។ ខ្ញុំថា ប្រហែលទាត់បាក់ក មិនដឹង ព្រោះកន្លែងគុម្ពត្រចៀកឡើងខៀវ ឡើងស្វាយ ឡើងក្រម៉ៅទាំងអស់ ហើយហើម»។

អ្នកស្រី ម៉ម សំអូន បន្ថែមថា៖«កន្លែងខ្នោះដៃក៏ហើមខ្លោចដែរ សាច់ខ្លោចឆ្អឹងឡើងខូងៗ និងដែក។ ហើយជើងឡើងច្បាស់ចែស គ្មានរបួសចាស់អីទេ»។​

អ្នកស្រី ម៉ម សំអូន ចោទថា សមត្ថកិច្ចព្យាយាមលាក់បាំងករណីនេះព្រោះរូបគាត់បានទៅទទួលសពតាំងពីទទួលដំណឹងថាក្មួយស្លាប់ភ្លាមៗ នៅយប់ថ្ងៃទី៣ខែមេសា ប៉ុន្តែសមត្ថកិច្ចមិនប្រគល់ឱ្យ និងមិនឱ្យទៅជិតសាកសពទុកដល់ម៉ោង១១ព្រឹកថ្ងៃទី៤ខែមេសា រហូតសាកសពហើមស្អុយ និងលាក់បាំងមិនឱ្យមានការថតរូប។​

លោកស្រី ម៉ម សំអូន អះអាងថា៖«ខ្ញុំក៏ស្រែកហៅអាក្មួយខ្ញុំថា មកវ៉ើយយករទេះមក  ដល់ពេលហើយវាក៏អូសរទេះមក ហើយបានប៉ូលិសថា ចុះអត់មានឡានទេ? ខ្ញុំឆ្លើយថា ខ្ញុំពលរដ្ឋខ្ញុំគ្មានឡានទេ។ គាត់មានឡាន ចឹងយកទៅណាយកទៅដាក់ដល់ណាគាត់ជូន គាត់ជូនទៅដល់ គាត់ថា កុំឱ្យអ្នកកាសែតបើកមើលអ៊ីចឹងទៅ»។​

អ្នកស្រី ពេជ្រ លីណា បងស្រីបង្កើតរបស់ពេជ្រ ធារ៉េត ហៅ ស្នា ដែលស្លាប់អំឡុងពេលសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង កំពុងសរសេរសារយុទ្ធនាការស្វែងរកយុត្តិធម៌ឱ្យប្អូនរបស់អ្នកស្រី តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

ជុំវិញករណីការស្លាប់របស់ឈ្មោះ ពេជ្រ ធារ៉េតនេះ អ្នកស្រី ពេជ្រ លីណា ត្រូវជាបងស្រី បានដាក់ពាក្យប្តឹងស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ​ និងធ្វើយុទ្ធនាការទាមទារយុត្តិធម៌តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Bopha KroPom  ចាត់តាំងពីខែមេសា។ អ្នកស្រីសរសេរសារភ្ជាប់ជាមួយគណនេយ្យហ្វេសប៊ុកនេះថា៖ «សូមទទួលខ្ញុំជាមិត្តផង ព្រោះពុកម៉ែបងប្អូនទាំងអស់ជាចំណែកនៃភាពយុត្តិធម៌របស់ប្អូនខ្ញុំ»

អ្នកស្រី ពេជ្រ លីណា បានប្រើប្រាស់ហ្វេសប៊ុកនេះ ផ្សព្វផ្សាយជាប្រចាំជុំវិញដំណើររឿងក្តីប្អូនប្រុសរបស់អ្នកស្រី។​

អ្នកស្រី ពេជ្រ លីណា បានចោទសមត្ថកិច្ចថា ធ្វើទារុណកម្មប្អូនប្រុសរបស់អ្នកស្រីរហូតដល់ស្លាប់ហើយចោទថា ពាក់ព័ន្ធគ្រឿងញៀនគឺជាការឈឺចាប់របស់ក្រុមគ្រួសារដែលមិនអាចទទួលយកបាន។

អ្នកស្រី ពេជ្រ លីណា ថ្លែងថា៖«ចុះហេតុអ្វីបានជាប្អូនខ្ញុំស្លាប់ហើយ ទម្លាក់កំហុសចោទដាក់ខ្មោចដែលគ្នាមិនអាចឆ្លើយតបបាន អយុត្តិធម៌ខ្លាំងណាស់ដែលគេចោទដាក់ប្អូនខ្ញុំចឹង!  គ្នាស្លាប់ទាំងវេទនាមិនទាន់បានរកខុសត្រូវអីសោះ ហើយគេចោទថា ជាអ្នកជក់គ្រឿងញៀន បងប្អូនគេបងប្អូនយើងគឺខ្ញុំឈឺចាប់ខ្លាំងណាស់»។​

អ្នកស្រី ពេជ្រ លីណា និងអ្នកស្រី ម៉ម សំអូន ច្រានចោលរបាយការណ៍សមត្ថកិច្ចដែលថា ពេជ្រ ធារ៉េត ប្រើប្រាស់គ្រឿងញៀន និងគាំងបេះដូងដោយអះអាងថា ពេជ្រ ធារ៉េត ជាជាងដែក​ មានសុខភាពល្អហើយតែងតែឡើងផ្សាធ្វើដំបូលផ្ទះខ្ពស់ៗមិនដែលមានបញ្ហាអ្វីទេ។ អ្នកស្រី ពេជ្រ លីណា បញ្ជាក់ថា មុនកើតហេតុប្អូនរបស់អ្នកស្រី បានផ្សាដែកធ្វើដំបូលផ្ទះឱ្យអ្នកស្រីក្នុងរាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅខេត្តបាត់ដំបងទៅលេងគ្រួសារនៅថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១។

ចំណែកអ្នកស្រី ម៉ម សំអូន អះអាងថា នៅថ្ងៃកើតហេតុគឺនៅថ្ងៃទី៣ខែមេសានោះ ពេជ្រ ធារ៉េត នៅផ្សាដែកនៅផ្ទះអ្នកស្រីនៅក្បែរផ្ទះពេជ្រ ធារ៉េតនោះ រហូតដល់ម៉ោង២រសៀលទទួលដំណឹងថា ប្រពន្ធឆក់ខ្សែភ្លើងស្លាប់ទើបក្មួយរបស់អ្នកស្រីរូបនេះធ្វើដំណើរទៅផ្ទះហើយត្រូវសមត្ថកិច្ចចាប់ខ្លួន។​ អ្នកស្រីអះអាង ពេជ្រ ធារ៉េត មានសុខភាពល្អមិនពាក់ព័ន្ធការការប្រើគ្រឿងញៀន ឬ មានជំងឺបេះដូងទេ។​

កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៃក្រសួងមហាផ្ទៃបានចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនជាបឋមថា របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសង្កែលើករណីឈ្មោះពេជ្រ ធារ៉េត ស្លាប់គឺមានភាពមិនច្បាស់លាស់លើចំណុចមួយចំនួន។

ចំណុចមិនច្បាស់លាស់ក្នុងរបាយការណ៍ទាំងនោះដូចជា ឈ្មោះ ពេជ្រ ធារ៉េត ត្រូវពលរដ្ឋប្រួតគ្នាវាយ និងមានរបួសមុនចាប់ខ្លួនប៉ុន្តែមេប៉ុស្តិ៍អូរដំបង១ ដែលចុះឃាត់ខ្លួនផ្ទាល់ថាមិនមានករណីពលរដ្ឋវាយហើយពេជ្រ ធារ៉េត មិនមានរបួសទេ។ ករណីចោទថា ជនសង្ស័យស្លាប់ដោយគាំងបេះដូងព្រោះប្រើគ្រឿងញៀនច្រើនហួសកម្រិត​ប៉ុន្តែមិនបានធ្វើតេស្តរកសារធាតុញៀនទេ។ ក្នុងរបាយការណ៍ដដែលអះអាងថា របួសមួយចំនួននៅលើខ្លួនដោយសារដួលម៉ូតូ ប៉ុន្តែម៉ូតូរបស់ជនសង្ស័យនៅមានសភាពល្អស្អាតដដែលមិនមានការខូចខាតដោយសារដួលនោះទេ។​

របាយការណ៍គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានសរសេរថា៖«គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មសន្និដ្ឋានជំហ៊ានដំបូងថា អាចមានការធ្វើទារុណកម្មស្រាល ឬ ធ្ងន់ទៅលើជនសង្ស័យអំឡុងពេលឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខណៈពេលដែលជនសង្ស័យកំពុងមានអាការឡេះឡះរំខានមន្ត្រីនគរបាលនៅទីនោះ»។​

មេប៉ុស្តិ៍អូដំបង១ លោក ហូរ សុវណ្ណរិទ្ធ ថ្លែងប្រាប់ខេមបូចាបញ្ជាក់បន្ថែមថា លោកបានឃាត់ខ្លួនពេជ្រ ធារ៉េត ដោយផ្ទាល់ឃើញថា នៅលើខ្លួនមិនមានរបួស ហើយមិនមានពលរដ្ឋប្រួតគ្នាវាយទេ ហើយកម្លាំងប៉ុស្តិ៍របស់លោកក៏មិនបានដាក់ខ្នោះ និងមិនបានវាយលើពេជ្រ ធារ៉េតទេ។​

លោក ហូរ សុវណ្ណរិទ្ធ បញ្ជាក់ថា៖«កាលដែលលោកឃាត់ខ្លួនភ្លាមមានការវាយដំពីប្រជាពលរដ្ឋទេ? អត់ទេៗ កាលនោះនៅកន្លែងកើតហេតុមិនសូវមានមនុស្សទេ»

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ លោក ជុំ ហឿន​ ឱ្យដឹងថា រហូតដល់ចុងខែកញ្ញានេះលោកបានសាកសួរអ្នកពាក់ព័ន្ធបានចំនួន១៣នាក់ហើយ។ លោកបន្តថា ចំពោះការសន្និដ្ឋានយ៉ាងណានោះលោកមិនទាន់ប្រាប់បានទេព្រោះនៅសាកសួរអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក ជុំ ហឿន ថ្លែងថា៖«ខ្ញុំបានសាកសួរសាច់ញាតិជនសង្ស័យផង សាច់ញាតិជនរងគ្រោះផង រួមទាំងមន្ត្រីពាក់ព័ន្ធមានចំនួន​១២ទៅ១៣នាក់ហើយ។​ នៅមានអ្នកពាក់ព័ន្ធទៀតខ្ញុំសុំលាក់អត្តសញ្ញាណសិន»។​

ជុំវិញការចោទប្រកាន់ថា បានធ្វើទារុណកម្ម និងសរសេររបាយការណ៍មិនច្បាស់លាស់នេះ ខេមបូចាសុំការបំភ្លឺពីលោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ប៉ុន្តែលោកមិនបកស្រាយទេ ដោយគ្រាន់តែបញ្ជាក់ថា រឿងនេះបានបញ្ជូនទៅថ្នាក់លើអស់ហើយ។​

លោក ស៊ុន សុវណ្ណ ថ្លែងថា៖«រឿងហ្នឹងអញ្ជែក រឿងហ្នឹងដល់ក្រសួងអស់ហើយ  ព័ត៌មានហ្នឹងខ្ញុំបញ្ជូនទៅអស់ហើយ ខាងតុលាការក៏ខ្ញុំបញ្ជូនទៅអស់ដែរ។ ខ្ញុំសុំអត់ឆ្លើយទេ បើឆ្លើយទៅក៏វាអត់ន័យអីដែរ»។​

អ្នកស្រី ពេជ្រ លីណា និងអ្នកស្រី អុក សំណាង ដែលជាម្តាយ របស់ពេជ្រ ធារ៉េតដែលបានស្លាប់អំឡុងពេលសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង កំពុងបង្ហោះសារស្វែងរកយុត្តិធម៌នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២។ ខេមបូចា/ អាន វិចិត្រ

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក សឹង សែនករុណា មានប្រសាសន៍ថា ការធ្វើទារុណកម្ម និងអំពើឃោរឃៅនៅក្នុងកន្លែងឃុំឃាំងនៅពេលកន្លងទៅ​ពិបាកក្នុងការស្រាវជ្រាវដោយសារជនរងគ្រោះមានការភ័យខ្លាចមិនហ៊ានលាតត្រដាង និងមានការបិទបាំងពីអ្នកប្រព្រឹត្តិ។​

លោក សឹង សែនករុណា ថ្លែងថា៖«រឿងអំពើទារុណកម្មភាគច្រើនយើងទទួលបាននៅក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌។ ប៉ុន្តែយើងពិបាកក្នុងការស្វែងរកព័ត៌មានបន្ថែម ដោយសារជនរងគ្រោះខ្លះគាត់មិនហ៊ានប្តឹង គាត់ភ័យខ្លាច ហើយខ្លះទៀតគាត់គិតថា គាត់បានរួចផុតពីការចោទប្រកាន់ហើយមិនផ្តល់ព័ត៌មានឱ្យយើងជាដើម»។​

លោក សឹង សែនករុណា បន្តថា ការស្វែងរកយុត្តិធម៌ដល់ជនណាមួយដែលសង្ស័យថាបានរងគ្រោះពីការធ្វើទារុណកម្មឬអំពើឃោរឃៅមានសារសំខាន់ដល់អ្នករងគ្រោះនិងសង្គមជាតិទាំងមូលក្នុងការទប់ស្កាត់បទល្មើសរបៀបនេះកុំឱ្យកើតមានឡើងទៀត។​

របាយការណ៍របស់សមាគមអាដហុកបង្ហាញថា អំពើធ្វើទារុណកម្មនិងអំពើឃោរឃៅនៅកន្លែងឃុំឃាំងឆ្នាំ២០២០មាន៨ករណី និងរយៈពេល៩ខែឆ្នាំ២០២១មាន៥ករណី។​

មាត្រា៣៨នៃរដ្ឋធម្មនុញ្ញចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬ ប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬ ជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់។

អ្នកស្រី ពេជ្រ លីណា បានបញ្ជាក់ជំហរនៅលើហ្វេសប៊ុកដែលអ្នកស្រី ធ្វើយុទ្ធនាការនោះថា អ្នកស្រីមិនបោះបង់ការស្វែងរកយុត្តិធម៌ឱ្យប្អូនប្រុសនោះទេ។​ អ្នកស្រី ពេជ្រ លីណា បញ្ជាក់ជំហរ៖«ស្នា អូន !! !! បងមិនធ្លាប់បោះបង់ការរកយុត្តិធម៌ឲ្យប្អូន ទេ! បងនឹកប្អូនខ្លាំងណាស់ អ្នកដែលវ៉ៃប្អូន ធ្វើឲ្យប្អូនស្លាប់ទាំងឈឺចាប់ វេទនា គឺត្រូវតែទទួលទោស»៕​

1,869 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម