នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី៣ ខែតុលា ក្នុងទិវាសិទ្ធិលំនៅឋានពិភពលោក អង្គការសង្គមស៊ីវិលចំនួន១៨ បានអំពាវនាវឲ្យមានការផ្តល់សំណងនិងដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់សហគមន៍ដែលជាប់គាំងនៅក្នុងជម្លោះដីធ្លីដ៏រាំរ៉ៃក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនៅកម្ពុជា។
អង្គការសង្គមស៊ីវិលទាំងនេះក៏បានទទូចឲ្យអាជ្ញាធរទម្លាក់បទចោទលើក្រុមអ្នកភូមិដែលគ្រោងនឹងឡើងតុលាការនៅថ្ងៃទី៦ ខែតុលា ដោយសារតែពួកគេបានធ្វើការតវ៉ាចំពោះការបណ្តេញ សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អង្គការសង្គមស៊ីវិលចំនួន១៨ ដែលរួមទាំងអង្គការសិទ្ធិមនុស្ស CCHR និងអង្គការលីកាដូផងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រជាពលរដ្ឋកំពុងរស់ក្នុងភាព័ខ្លាច បាត់បង់សេរីភាព និងអស់សង្ឃឹមសម្រាប់អនាគតរបស់ពួកគាត់ ដែលផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្សជាសកល និងលទ្ធិប្រជាធិបតេយ្យ»។
ប្រជាពលរដ្ឋជាង៣០០គ្រួសារនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ បានរងផលប៉ះពាល់ដោយសារ គម្រោងសាងសង់ព្រលានយន្តហោះថ្មីតម្លៃ១,៥ពាន់លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ ដែលមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាល។
គ្រួសារប្រជាពលរដ្ឋទាំងនេះបានបដិសេធមិនទទួលយកការផ្តល់សំណង៨ដុល្លារក្នុងមួយម៉ែត្រការ៉េពីក្រុមហ៊ុន OCIC។
លោក ណៃ ភន ពលរដ្ឋម្នាក់ដែលរងផលប៉ះពាល់ទាំងដីស្រែ និងលំនៅឋាននិយាយថា លោកដិសេធសំណងដោយសារតែតម្លៃទាបជាងទីផ្សារ។
លោក ណៃ ផន បាននិយាយថា៖ «យើងចាប់ផ្តើមដោយដៃទទេរ បន្ទាប់ពីរបបខ្មែរក្រហមដើម្បីបានលំនៅឋានសមរម្យមួយ ។ នៅពេលនេះ យើងត្រូវបានគេបង្ខំឲ្យចាកចេញដោយសារតែគម្រោងអភិវឌ្ឍហើយត្រូវបានបណ្តេញចេញដោយគ្មានសំណងសមរម្យ និងមិនផ្អែកលើច្បាប់»។ដោយបន្ថែមថា៖ «ខ្ញុំមិនគិតថា វានឹងប្រសើរជាងនេះទេ ពីព្រោះពួកគេបានយកដីរបស់យើងរួចទៅហើយ ដូច្នេះពួកគេនឹងមិនអើពើនឹងការទាមទាររបស់យើង»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា គោលនយោបាយផ្តល់សំណងរបស់ក្រុមហ៊ុននឹងមិនផ្លាស់ប្តូរទេ។
លោកថ្លែងថា៖ «យើងកំពុងពិភាក្សាថា តើត្រូវលើកទឹកចិត្តប្រពលរដ្ឋរបៀបណា ដើម្បីឲ្យទទួលយកសំណងនេះឆាប់ៗតាមដែលអាចធ្វើទៅបាន។ អ្នកដែលមិនទាន់ទទួលយកសំណងនៅពេលនេះ ពួកគេអាចមកទទួលយកសំណងនៅពេលណាមួយដែលពួកគាត់ត្រូវការ ពួកគេគង់តែយកទេ»។
អាជ្ញាធរចាប់ផ្តើមឈូសឆាយដីស្រែសហគមន៍ក្នុងទ្រង់ទ្រាយធំកាលពីខែកញ្ញា ឆ្នាំ២០២១ ដែលបង្កឲ្យមានការតវ៉ាពីប្រជាពលរដ្ឋ និងការប៉ះទង្គិចជាមួយនគរបាល។
សមាជិកសហគមន៍ចំនួន៩នាក់ដែលបានចូលរួមនៅក្នុងការតវ៉ានេះនៅពេលនេះកំពុងប្រឈមនឹងបទចោទរួមមានបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍និងបទរារាំងមន្ត្រីសាធារណៈ។

យោងតាមអង្គការលីកាដូបានឲ្យដឹងថា ចន្លោះឆ្នាំ២០១៩ដល់ឆ្នាំ២០២១ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ ៥ ០០០គ្រួសារប៉ះពាល់ដោយសារជម្លោះដីធ្លីនិងការបណ្តេញចេញដោយបង្ខំ ខណៈសកម្មជន២១នាក់ត្រូវបានចាប់ខ្លួននិង១០នាក់ទៀតកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។
ប្រជាពលរដ្ឋជាង៤០.០០០នាក់ត្រូវបានបណ្តេញចេញពីសហគមន៍ជាង៥០កន្លែងនៅទូទាំងរាជធានីភ្នំពេញចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ នេះបើយោងតាមការចងក្រងរបស់អង្គការសមាគមធាងត្នោត។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូមានប្រសាសន៍ថា សំណងតាមតម្លៃទីផ្សារសម្រាប់ដីធ្លីដែលបាត់បង់ជួយបញ្ចៀសការរំខានដល់ស្ថិរភាពនិងសន្តិសុខហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញ។
លោកថ្លែងថា៖ «យើងចង់បានការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍនត្រូវតែមានតម្លាភាពនិងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋអាចទទួលបានដំណោះស្រាយសមរម្យនិងអាចរស់នៅសមរម្យក្នុងនាមជាមនុស្សជាតិ»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតមានប្រសាសន៍ថា ជាទ្រឹស្តី ប្រទេសកម្ពុជាមានច្បាប់ដែលគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគនោះ ប៉ុន្តែតាមជាក់ស្តែង ច្បាប់ទាំងនេះមិនត្រូវបានគេអនុវត្តឲ្យបានត្រឹមត្រូវទេ។
លោកបានបន្ថែមថា ត្រូវតែមានការចូលរួមពីអ្នកប៉ះពាល់ទាំងអស់ដូចជាការសន្ទនាជាមួយនឹងសហគមន៍ក្នុងមូលដ្ឋានមុនពេលធ្វើការអភិវឌ្ឍ។
មិនខុសពីសហគមន៍ប្រលានយន្តហោះទេ ប្រជាពលរដ្ឋមកពីសហគមន៍ផ្សេងទៀតដែលប្រឈមនឹងការបណ្តេញ ក៏មិនព្រមទទួលសំណងដែលផ្តល់ដោយអាជ្ញាធរដែរ ដោយពួកគាត់ជឿថា មិនយុត្តិធម៌។
អ្នកស្រី ឈូក រតនា ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនៅភ្នំពេញដែលប៉ះពាល់ដោយគម្រោងពង្រីកផ្លូវ និងប្រព័ន្ធលូនៅតាមបណ្តោយផ្លូវដែកចាប់ពីខណ្ឌទួលគោលដល់ខណ្ឌឫស្សីកែវបាននិយាយថា អ្នកស្រីបដិសេធមិនផ្លាស់ទីលំនៅទៅខេត្តផ្សេងតាមបញ្ជារបស់អាជ្ញាធរទេ។
ផ្ទុយទៅវិញ អ្នកស្រីនិងពលរដ្ឋផ្សេងទៀត បន្តស្នើសុំដីមួយប្លង់នៅកន្លែងផ្សេងនៅមិនឆ្ងាយពីតំបន់របស់គាត់រស់នៅ។
អ្នកស្រីនិយាយថា៖ «នៅទីនេះ យើងអាចរកបានប្រាក់ខ្លះដើម្បីចិញ្ចឹមជីវិតហើយនៅពេលយើងរើទៅឆ្ងាយ យើងនឹងបាត់បង់អ្វីៗទាំងអស់។ យើងជាអ្នកក្រហើយបារម្ភអំពីការបាត់បង់ផ្ទះរបស់យើង»។
អ្នកស្រី ហ៊ី សុខហ៊ុយ មកពីភូមិកំបោរនៅក្នុងខណ្ឌឫស្សីកែវស្ថិតក្នុងចំណោមពលរដ្ឋ២៤៤គ្រួសារ ក៏កំពុងប្រឈមនឹងការបណ្តេញចេញផងដែរ បន្ទាប់ពីអាជ្ញាធរបានសាងសង់ផ្លូវទំហំ៣០ម៉ែត្រ ហើយពួកគេកំពុងរស់នៅលើដីចំណីផ្លូវ។
បន្ទាប់ពីការតវ៉ាជាបន្តបន្ទាប់មក អ្នកស្រី សុខហ៊ុយ និងប្រជាពលរដ្ឋផ្សេងទៀតបច្ចុប្បន្ននៅតែបន្តរស់នៅទីតាំងនោះ ខណៈអាជ្ញាធរបានពន្យារពេលការបណ្តេញចេញ។ ប៉ុន្តែពួកគេនៅតែរងការគំរាមអំពីការតាំងទីលំនៅថ្មី។
អ្នកស្រីបាននិយាយថា៖ «យើងបានរស់នៅទីនេះច្រើនឆ្នាំមកហើយ ហើយផ្លូវគេទើបនឹងអភិវឌ្ឍនៅពេលក្រោយ។ ប្រសិនបើយើងរើទៅរស់នៅកន្លែងថ្មី យើងនឹងចាប់ផ្តើមជីវិតថ្មី ដូច្នេះវាមិនអាចទេ»។ដោយអ្នកស្រីបន្ថែមថា៖ «ពួកគេប្រាប់យើងឲ្យផ្លាស់ទីលំនៅទៅ កន្លែងផ្សេង…ខ្ញុំមិនទទួលយកសំណើនេះទេ ហើយគ្រួសារដែលប៉ះពាល់ទាំងអស់នៅទីនេះក៏បានបដិសេធដែរ យើងចង់រស់នៅទីនេះ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ On World Habitat Day, Civil Society Organizations Urge Fair Treatment of Displaced Families