សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

គណបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលនិងប្រទេសជប៉ុនគាំទ្រកំណែទម្រង់ការបោះឆ្នោត

អ្នកបោះឆ្នោតទម្លាក់សន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
អ្នកបោះឆ្នោតទម្លាក់សន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងចំនួនបួន​ដែលចងសម្ព័ន្ធភាពជាមួយគ្នានោះ​កំពុងតែ​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​និង​ប្រទេសម្ចាស់ជំនួយដូចជាជប៉ុនជំរុញឲ្យមាន​ដំណើរការ​បោះ​ឆ្នោត​ដោយសេរីនិងយុត្តិធម៌និង​ធានា​សិទ្ធិនយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើ​សតំណាងរាស្ត្រនៅឆ្នាំក្រោយ​។

មេដឹកនាំ​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈខ្មែរ ​គណបក្ស​កំណែទម្រង់​កម្ពុជា​ដែល​គណបក្ស​ទាំងបីនេះ​សុទ្ធតែមាន​អតីត​សមាជិក​នៃគណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ព្រម​ទាំង​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​កាលពីថ្ងៃព្រហស្បតិ៍​ ដើម្បី​ទាមទារ​ឲ្យ​មាន​សេរីភាព​សម្រាប់គណបក្ស​នយោបាយ​ទាំង​អស់​និង​បញ្ចប់ការ​គំរាម​កំហែងនិងបណ្តឹងផ្លូវ​ច្បាប់​លើ​សកម្មជន​និង​អ្នក​នយោបាយបក្ស​ប្រឆាំង​។

គណបក្សទាំងបួននេះ​ក៏កំពុងស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នៃសមាសភាព​គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត(គ.ជ.ប )​ផងដែរ ដែល​មានសមាជិកយ៉ាងហោចណាស់​បួន​រូប​មានទំនាក់ទំនង​ជាមួយ​នឹង​គណបក្ស​កាន់អំណាចនិង​សមាជិកឯករាជ្យ​ម្នាក់​។​​

គណបក្ស​ទាំងនេះ​ចង់ឃើញ​មាន​សមាជិកឯករាជ្យ​បន្ថែមទៀត​នៅ​ក្នុងគណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត។ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ឆ្នាំ​២០១៧ គ.ជ.ប មានស​មាសភាពបួន​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជានិងបួន​រូប​មក​ពីគណបក្ស​សង្គ្រោះជាតិ​និង​សមាជិកឯករាជ្យ​មួយរូប។

នៅ​ថ្ងៃសុក្រនេះ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គ.ជ.ប បាន​មាន​ប្រសាសន៍ថា សមាជិក​គ.ជ.ប បួន​រូប​មក​ពីគណបក្ស​ប្រជាជនកម្ពុជា និងបួនរូបផ្តល់ទៅគណបក្សនយោបាយផ្សេង រីឯលោក​ ហង្ស ពុទ្ធា គឺជា​សមាជិក​ «អព្យាក្រឹត»។ លោក​បដិសេធមិន​និយាយថា សមាជិក​ទី៩​​មាន​ទំនាដក់ទំនង​ជាមួយគណបក្ស​ណាមួយ​នោះទេ។​

លើ​សពីនេះទៅ​ទៀត​ គណបក្ស​ទាំង​បួន​នេះ​ចង់​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​គណបក្ស​នយោបាយ​កុំឲ្យ​ណែនាំ​ប្រជាពលរដ្ឋឲ្យ​បោះ​ឆ្នោត​ឲ្យ​ខ្លួន​លើ​សន្លឹកឆ្នោត​គំរូ អំឡុង​ពេល​យុទ្ធនាការបោះឆ្នោត​ ដែល​គណបក្ស​ប្រជាជនកម្ពុជា​បាន​ធ្វើ​ដដែល​នៅ​មុន​ការ​បោះឆ្នោត​ ហើយ​ឲ្យ​ហាមឃាត់​អាជ្ញាធរមិន​ឲ្យ​បង្ហាញវត្តមាន​នៅ​កន្លែងបោះ​ឆ្នោត​នៅថ្ងៃបោះឆ្នោត​ ដើម្បី​ជៀសវាងការបំភិតបំភ័យ​អ្នក​បោះ​ឆ្នោត​។​

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ដែល​បានជួប​ជាមួយ​តំណាងគណបក្ស​ប្រឆាំង​កាល​ពីថ្ងៃព្រហស្បតិ៍មិន​អាចទាក់ទងសុំការអត្ថាធិប្បាយ​បានទេ។

តំណាងរបស់គណបក្សទាំងបួន​ក៏បានជួប​ជាមួយ​មន្ត្រីនៅស្ថានទូតជប៉ុននៅទីក្រុងភ្នំពេញ​កាល​ពីថ្ងៃព្រហស្បតិ៍ ដើម្បីលើកពីកង្វល់របស់ខ្លួន។ ស្ថានទូតជប៉ុនមិនបាន​ឆ្លើយ​តបនឹង​សំណួរតាមអ៊ីម៉ែល​ទេមកដល់ពេលចេញផ្សាយ​នេះ។

លោក គង់ មូនីកា ជា​ប្រធានគណបក្ស​ឆន្ទៈខ្មែរបានមានប្រសាសន៍ថា គណបក្ស​ទាំង​បួន​បាន​បន្ត​ស្នើឲ្យ​អាជ្ញាធរ​និង​ម្ចាស់ជំនួយបរទេស​ ដោះស្រាយ​កង្វល់របស់ខ្លួន​ពាក់ព័ន្ធនឹង​សិទ្ធិនយោបាយ​និង​សេរីភាពនៃការបញ្ចេញមតិ​ ដើម្បីធានាថា ការបោះឆ្នោត​ជាតិខែកក្កដា ឆ្នាំ​២០២៣ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។

ក្រៅពីស្ថានទូតជប៉ុន លោក​មាន​ប្រសាសន៍ថា តំណាងគណបក្ស​ទាំងបួន​ក៏នឹង​ជួប​ជាមួយ​ប្រតិភូសហភាពអឺរ៉ុប​នៅក្នុងទីក្រុងភ្នំពេញ​នៅសប្តាហ៍ក្រោយ​នេះនិងគ្រោងជួបជាមួយ​តំណាងស្ថានទូតអាមេរិកនិងអូស្ត្រាលី​ផងដែរ។

លោក គង់ មូនីកា មាន​ប្រសាសន៍ថា៖ «យើងកំពុងធ្វើការរួមគ្នា ដើម្បី​ជំរុញឲ្យ​កែប្រែប្រព័ន្ធបោះឆ្នោត​ ហើយ​បើកលំហ​សេរីភាព​នយោបា​យ​បន្ថែមទៀត»។

លោក​មាន​ប្រសាសន៍ថា៖ «យើង​យល់ថា ប្រទេសទាំង​នោះ ជាពិសេស​ជប៉ុន​គឺជា​ម្ចាស់ជំនួយ​ធំ​ ដែល​គាំទ្រ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ប្រទេសកម្ពុជា​។ យើង​ចង់​ឲ្យ​ពួកគេ​មើលឃើញថា អ្វីដែល​យើង​កំពុង​ធ្វើ​នៅ​ពេលនេះ គឺធ្វើ​ការ​បោះឆ្នោត​មួយ​ល្អប្រសើរ​ជាងមុន​»

ប្រទេសជប៉ុន​បន្ត​ផ្តល់​មូលនិធិដល់គណៈកម្មាធិការជាតិរៀប​ចំការ​បោះ​ឆ្នោត​កាល​ពីឆ្នាំ​២០១៨ ដោយ​ផ្តល់​ហិបបោះឆ្នោតជាង ១០.០០០​ហិបដែល​មាន​តម្លៃ​៧,៥លានដុល្លារ បន្ទាប់ពី​តុលាការកំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​កាល​ពីឆ្នាំ​២០១៧​។ ប្រទេសផ្សេងទៀត​រួម​ទាំង​សហរដ្ឋអាមេរិក​និង​សហភាពអឺរ៉ុប​បាន​ដកមូល​និធិទាក់ទិនការបោះ​ឆ្នោត​ពី​កម្ពុជា​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គ.ជ.ប បាន​មាន​ប្រសាសន៍​ថា គ្មាន​រដ្ឋាភិបាល​បរទេស​ណា​ផ្តល់​មូលនិធិឬសម្ភារៈដល់ស្ថាប័នរៀបចំការបោះឆ្នោត​នេះ​ដើម្បី​គាំទ្រ​ការបោះឆ្នោត​ឃុំសង្កាត់នៅឆ្នាំនេះ​នោះទេ រួម​ទាំង​ប្រទេសជប៉ុន​ផងដែរ។ លើសពីនេះទៅទៀត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍ថា មិនទាន់មាន​ប្រទេសណាមួយ​បានផ្តល់មូលនិធី​ឲ្យ​គ.ជ.ប ដើម្បីគាំទ្រ​ដល់ការបោះឆ្នាំ២០២៣​នៅឡើយទេ​មក​ដល់ពេលនេះ។

លោក ឡឹក សុធា អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ប្រសាសន៍ថា សកម្មជនគណបក្ស​ប្រឆាំង​នៅតែ​រងការគំរាម​កំហែង​ ស្របពេល​សិទ្ធិនយោបាយ​និងសេរីភាពនៃការបញ្ចេញមតិត្រូវ​បាន​រឹតត្បិត។

លោក សុធា មាន​ប្រសាសន៍​ថា គណបក្ស​ទាំងបួន​បន្ត​ជំរុញឲ្យ​អាជ្ញា​ធរ​ធានា​សិទ្ធិនយោបាយ​ ប៉ុន្តែ​លោក​ទទួល​ស្គាល់ថា លោក​មិន​សូវ​មាន​សង្ឃឹមច្រើនទេ។

កាលពីថ្ងៃទី​៣១ ខែសីហា​ គណបក្សទាំងបួន​បាន​ជួប​ជាមួយ​ក្រុមមន្ត្រីគ.ជ.ប ដើម្បីពិភាក្សា​ពីការកែទម្រង់បោះឆ្នោត​ ប៉ុន្តែ​លោក សុធា មាន​ប្រសាសន៍ថា គ្មាន​ភាពរីកចម្រើនណាមួយទេ។

លោក ពុធា មានប្រសាសន៍ថា គ.ជ.ប គ្មាន​អំណាចកែទម្រង់ដោយខ្លួន​ឯងទេ ដោយសារ​ស្ថាប័ន​នេះគ្រប់គ្រង​ដោយ​ច្បាប់​ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភាជាតិ​។​

លោក​មាន​ប្រសាសន៍ថា៖ «សំណើដែល​ធ្វើ​ឡើង​ដោយ​គណបក្សនយោបាយ​ទាំង​បួន​នោះ​មិន​ស្ថិតនៅក្នុង​យុត្តាធិកា​របស់​គ.ជ.បទេ»

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រាន​ចោល​ការទាម​ទាររបស់​គណបក្ស​ប្រឆាំង​ ដោយ​និយាយថា គ.ជ.ប និង​ការកែទម្រង់​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរឡើងហើយ ហើយ​សេរីភាព​នយោបាយ​បើក​ចំហ​សម្រាប់គ្រប់គណបក្ស​ទាំង​អស់។

លោក ឥសាន មាន​ប្រសាសន៍ថា៖ «​សំណើរបស់​គណបក្ស​ទាំង​នេះ​មិន​ចាំបាច់​ ហើយ​ខ្ញុំគិតថា វាមិនអាចទៅរួច​ទេ ពីព្រោះ​យើងគ្រាន់តែអនុវត្តទៅតាម​ច្បាប់​។ យើង​ក៏កំពុងរង់ចាំ​មើលថា តើ​ស្ថានទូតបរទេសគិតបែបណាអំពីបញ្ហា​នេះ»។

លោក កន សាវាង្ស ជា​អ្នក​សម្របសម្រួល​កម្មវិធី​នៅ​អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រេល​បាន​មាន​ប្រសាសន៍ថា ប្រទេសប្រជាធិបតេយ្យ​ដែល​ជា​ភាគីនៅក្នុងកិច្ចព្រមព្រៀង​ប៉ារីស​ក៏ដើរតួនាទី​នៅក្នុង​ការ​ឃ្លាំមើល​និង​លើកកម្ពស់​ដំណើរការបោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា​ឲ្យស្របនឹងគោលការប្រជាធិបតេយ្យ​ដែរ។

លោកមាន​ប្រសាសន៍ថា៖ «ការបោះឆ្នោត​ឆ្នាំ​២០១៧ ត្រូវ​បាន​សាទរ​ពីសហគមន៍អន្តរជាតិ​ថា ជាការចាប់ផ្តើមនៃលទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ ប៉ុន្តែ​វាត្រូវ​បាន​បំផ្លាញ​ចាប់តាំងពីការរំលាយ​គណបក្ស​សង្គ្រោះជាតិ​។ យើង​មើលឃើញ​ដូចគ្នាពាក់ព័ន្ធការ​បំភិតបំភ័យនិង​ការធ្វើទុក្ខ​បុកម្នេញ​លើ​សកម្មជននយោបាយ​ដោយ​ប្រើប្រាស់ប្រព័ន្ធតុលាការ»។

កាលពីខែមុន លោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន​ត្រូវ​បាន​ចោទប្រកាន់​ពីបទបរិហាកេរ្តិ៍​ជា​សំណុំរឿង​ដែល​ប្តឹងដោយ​គណបក្ស​ប្រជាជនកម្ពុជា​និង​គ.ជ.ប បន្ទាប់ពី​លោក​បានអះអាងថា មាន​ការ​លួច​សន្លឹកឆ្នោត​អំឡុង​ពេល​បោះ​ឆ្នោត​កាលពីខែមិថុនា​។ សមាជិក​គណបក្ស​ភ្លើងទៀន​រាប់សិបនាក់ផ្សេងទៀត​ រួម​ទាំង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ដែល​បាន​ជាប់ឆ្នោតនាពេលថ្មីៗនេះ​ក៏រងការ​ចោទប្រកាន់ផងដែរ។
អំឡុង​ការ​បោះឆ្នោតឃុំសង្កាត់​ក្នុងខែមិថុនា​ គណបក្សប្រជាជនកម្ពុជា​ឈ្នះមេឃុំបាន​១.៦៤៨​ឃុំសង្កាត់នៅក្នុងចំណោមអាសនៈឃុំសង្កាត់​ទាំង​​១.៦៥២​ ចំណែក​គណបក្ស​ភ្លើងទៀន​ទទួល​បាន​ត្រឹម​បួន​អាសនៈ។

អ្នក​សង្កេតការ​បោះឆ្នោត​និង​គណបក្ស​ប្រឆាំង​បាន​រាយការណ៍ពីភាពមិន​ប្រក្រតី​មុន​និងអំឡុង​ពេល​បោះ​ឆ្នោត​ រួម​ទាំង​វត្តមាន​អាជ្ញាធរនៅមណ្ឌលបោះឆ្នោត​និង​ការ​បំភិតបំភ័យ​បេក្ខជន​គណបក្ស​ប្រឆាំង​និងអ្នកបោះឆ្នោត។

លើសពីនេះ អំឡុង​ពេលរាប់សន្លឹកឆ្នោត​ អ្នក​សង្កេតការមួយចំនួន​ត្រូវបានរារាំង​មិន​ឲ្យ​ចូល​ការិយាល័យបោះឆ្នោត​។ នៅមណ្ឌល​បោះឆ្នោតខ្លះ មាន​ការ​បិទទ្វារឬបង្អួច​ ខណៈ​ពេលធ្វើការ​រាប់សន្លឹកឆ្នោត​ ដូច្នេះ​ប្រជាពលរដ្ឋមិនអាច​តាម​ដាន​ដំណើរ​ការ​រាប់សន្លឹកឆ្នោត​បាន​  ហើយចំនួន​សន្លឹកឆ្នោតសរុប​មិនត្រូវ​បាន​បង្ហាញជាសាធារណៈទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Opposition Parties Push Government, Japan to Back Electoral Reforms

314 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម