សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា

អ្នកភូមិបោះតង់ការពារព្រៃជម្លោះនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។រូបថត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២។ ខេមបូចា/ស៊ន សារ៉ាត
អ្នកភូមិបោះតង់ការពារព្រៃជម្លោះនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។រូបថត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២។ ខេមបូចា/ស៊ន សារ៉ាត

អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការ​ការពារនូវ​អ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការ​គំរាម​កំហែង​ពីយោធាក៏ដោយ​។

លោក សយ សាត តំណាងសហគមន៍បានប្រាប់ ខេមបូចា ថាប្រជាពលរដ្ឋកំពុងរៀបចំដាក់​របង​បន្លាលួស​បិទផ្លូវចេញ ចូលព្រៃដើម្បី​ទប់ស្កាត់​ការ​ចូលកាប់ព្រៃតាម​គ្រប់​រូបភាព​។ លោកបន្ត​ថា អ្នក​ភូមិក៏​​កំពុង​រៀបចំ​សង់រោងឈើប្រក់​ស័ង្កសី​ ​ជំនួសរោង​តង់​ ​ដើម្បី​ជាកន្លែង​ការពារ​ព្រៃឲ្យកាន់តែ​រឹងមាំ។

កាល​ពី​ខែ​សីហា រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយកាត់ដី​ព្រៃទំហំ ២៦២,២៤ ហិកតា ​​ធ្វើ​អនុប្រយោគ​លើ​ដី​ព្រៃ​ នៅ​ជិត​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់។ នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា ដី​នោះ​សម្រាប់​គ្រួសារកង​ទ័ពសាង​សង់​ផ្ទះ និង​ធ្វើ​ស្រែ​ចម្ការ។

ដើម្បីទប់ស្កាត់ការកាប់ឈើ អ្នកភូមិកាលពីខែមករាបានបោះតង់​បណ្តោះអាសន្ន និងដើរល្បាតនៅតំបន់នោះទាំងយប់ទាំងថ្ងៃ ដើម្បី​ការពារទាហានពីការកាប់ឆ្ការព្រៃ។

លោក សាត បាននិយាយថា៖ «ឥឡូវនេះយើងកំពុងរៀបចំរោងឡើងវិញ បន្ទាប់ពីទាហានបានរុះរើរោង​តង់របស់អ្នកភូមិ ហើយយើងចាប់ផ្តើមពីថ្ងៃនេះ»។ យើង​កំពុង​រៃអង្គាស​ប្រាក់​ពី​អ្នក​ភូមិ​ដើម្បី​ធ្វើ​របងច្រក​ចេញ​ចូល​ជុំវិញដីព្រៃ​​សហគមន៍​​ដើម្បី​ការពារ​ការ​កាប់​ឈើ»

បើ​តាម​អ្នក​ភូមិ ដី​ព្រៃ​ពី​ដើម​មាន​ប្រហែល ២០០០ ហិកតា ប៉ុន្តែ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹមជាង​៨០០។

បើ​តាម​លោក សាត ប្រជាពលរដ្ឋ​ពី​ភូមិ​ផ្សេងៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាប់​ឈើ​ក្នុង​សហគមន៍​ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​បាន​និយាយ​ថា​ពួកគេ​បាន​ទទួល​បញ្ជា​ពី​ទាហាន​ឲ្យ​កាប់​ឈើនៅទីនេះ»។

លោក ឈួន ឃឿន ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍មាស បាន​និយាយ​ថា ពេល​នេះ​អ្នក​ភូមិ​កំពុង​ដើរ​ល្បាត​ដោយ​ភ័យ​ខ្លាច។ សកម្មជនព្រៃឈើបាននិយាយម្តងហើយម្តងទៀតថាទាហានបានវាយដំពួកគេនៅក្នុងព្រៃហើយបានបាញ់កាំភ្លើងព្រមាន។ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​កត់ត្រា​សក្ខីកម្ម​ពី​អ្នក​ភូមិ ដែល​ពួកគេ​ជាច្រើន​នាក់​បាន​ទទួល​ការ​ព្យាបាល​របួស​ ដែល​ពួកគេ​និយាយ​ថា​បង្ក​ឡើង​ដោយ​ទាហាន។

លោក​បន្ត​​ថា៖ «ពេល​យើង​ជួប​ទាហាន យើង​ព្យាយាម​រត់​គេច​ពី​ពួក​គេ»។ លោបន្ថែមថា៖ «យើង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ព្រោះ​យើង​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​ពេល​បោះតង់​ក្នុង​ព្រៃ។ ទាហាន​បាន​គំរាម​បាញ់​យើង ហើយធ្លាប់ប្រើ​អំពើ​ហិង្សា​លើ​ប្រជាជន»

ដូច​លោក សាតដែរ លោកឃឿន ក៏​បាន​និយាយ​ដែរ​ថា ក្រោយ​ចូល​ឆ្នាំ​ខ្មែរ មាន​ប្រជាពលរដ្ឋ​ពី​ភូមិផ្សេង​ជាច្រើន​មក​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ។

សកម្មជនព្រៃឈើក្នុងស្រុកចំនួនប្រាំមួយនាក់ត្រូវបានប្តឹងដោយ លោក បេន សារិទ្ធ ដែលគេស្គាល់ថាជាមន្ត្រីយោធាជាមួយអង្គភាពរថក្រោះ ដែលចោទប្រកាន់ប្រជាពលរដ្ឋថា​បាន​​បង្កការខូចខាត​ដោយ​ចេតនា គំរាមកំហែង ការ​ជេរ​ប្រមាថសាធារណៈ  និងញុះញង់បង្ក​អសន្តិសុខសង្គម ។ បន្ទាប់​មក​តំណាង​ទាំង​ប្រាំមួយ​នាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សាកសួរ​កាលពី​ខែ​កុម្ភៈ។

ឡោ សុខលី ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រាំមួយនាក់ បានប្រាប់ ខេមបូចា ថាអ្នកភូមិនឹងបន្តដើរល្បាតព្រៃ បើទោះជាពួកគេប្រឈមមុខនឹងការគំរាមកំហែងពីទាហានក៏ដោយ។

លោកបាននិយាយថា៖ «យើង​ចេញ​មក​ការពារ​ជម្រក​សត្វព្រៃ​ដែលពេលនេះ​​កំពុង​រង​ការ​គំរាម​កំហែង​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ នៅ​ពេល​នេះ តំបន់​ជុំវិញ​ត្រូវ​បាន​ឈូស​ឆាយ ហើយ​សត្វ​ព្រៃ​កំពុង​រត់​រក​ជម្រក» ដោយលោកបន្ថែមថា៖ «យើង​មិន​ហ៊ាន​ចូល​ទៅ​ជិត​តំបន់​ឈូស​ឆាយ​ទេ ព្រោះ​យើង​បារម្ភ​ថា​ពួក​គេ [ទាហាន] នឹង​ប្រើ​អំពើ​ហិង្សា ហើយ​ចោទ​យើង​ថា​រារាំង​ការងាររបស់ពួកគេ»

សុខលី បញ្ជាក់​ថា បញ្ហា​នេះ​ត្រូវ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ប៉ុន្តែ​​មិន​បាន​ចាត់​វិធានការ។

មន្ត្រីមូលដ្ឋាន​ រួមទាំងមេភូមិ មេឃុំ ក៏ដូចជាអភិបាលស្រុក បានប្រាប់ ខេមបូចា ពួកគេមិនដឹងថាមានបញ្ហាអ្វីនោះទេ ដោយសារដីនេះត្រូវបានផ្តល់ទៅឱ្យយោធា។

អភិបាល​ស្រុក​ឱរ៉ាល់ លោក ងួន វាសនា និង​មេ​ឃុំ​ត្រពាំងជោ លោក ទេព នឹម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​និយាយ​ថា​ពួក​គេ​មិន​មាន​ព័ត៌មាន​អំពី​ស្ថានភាព​នេះ​ទេ។

យោងតាមអង្គការលីកាដូ វិវាទដីធ្លីដែលកំពុងបន្តនេះ​ពាក់ព័ន្ធ​នឹងប្រជាពលរដ្ឋ ២៥៣គ្រួសារ ដែលភាគច្រើនបានប្រមូលផ្តុំគ្នាជាច្រើនខែដើម្បីការពារដីព្រៃរបស់ពួកគេ។

កាល​ពី​ខែ​កុម្ភៈ អ្នក​ភូមិ​បី​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ទាហាន និង​កម្មករ​ជួល​របស់​ពួកគេ។ កាល​ពី​ខែ​មីនា អ្នក​ភូមិ​និយាយ​ថា ពួក​គេ​ត្រូវ​ទាហាន​វាយ​ធ្វើ​បាប បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​បាក់​ដៃ។

លោក សយ សាត បន្ត​ថា នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ អ្នក​ភូមិ​ដែល​ដើរ​ឆ្លង​កាត់​តំបន់​កាន់កាប់​ដោយ​ទាហានក៏​ត្រូវ​បាន​វាយ​ដំ និង​គំរាម​ដោយការ​បាញ់​​កាំភ្លើងជាច្រើន​គ្រាប់​ផង​ដែរ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានចេញផ្សាយរបាយការណ៍សម្រាប់ឆ្នាំ២០២១ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។ សារសំខាន់នៃរបាយការណ៍នេះគឺថា រាជរដ្ឋាភិបាលបានបន្តរំលោភសិទ្ធិមនុស្ស ជាពិសេសតាមរយៈការគំរាមកំហែងការប្រើប្រាស់កម្លាំងប្រឆាំងនឹងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២១ ក្រសួងបានបង្កើតសហគមន៍ព្រៃអភិរក្សសរុបចំនួន៥៤៣ នៅទូទាំងប្រទេស ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ៥២២ ០០០ ហិកតា។

លោក អាន ភិន អ្នក​សង្កេតការណ៍​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំខេត្ត​កំពង់ស្ពឺ បាន​តាមដាន​ករណី​នេះ។  លោក​បាន​និយាយ​​ថា​៖ «​ទោះ​ជា​យ៉ាង​ណា ពួកគេ [អ្នក​ភូមិ] បន្ត​ការពារ​ព្រៃ​ ទោះបី​ជា​មាន​ការ​គំរាម​កំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ពី​ភាគី​ផ្សេង​ក៏ដោយ»។ លោក ភិន បន្ត​​ថា រដ្ឋាភិបាល​គួរ​រក្សា​ព្រៃ​នេះ​ទុក​ជា​ប្រយោជន៍​​ដល់​សហគមន៍។ លោក​ថ្លែង​ថា៖ «អាជ្ញាធរ​គួរ​តែ​បញ្ជូន​ស្ថាប័នជំនាញ​មួយ​ទៅ​ស៊ើប​អង្កេត​បញ្ហា​នេះ ប្រសិន​បើ​ពួក​គេ​ចង់​ដឹង​ការ​ពិត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Oral community to block entrance to forestland to protect from military clearance 

704 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម