សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកកាសែតពីររូបត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីរាយការណ៍ព័ត៌មានពីជម្លោះព្រំដែនក្នុងតំបន់ហាមឃាត់

អ្នកកាសែត​រាយការណ៍​អំពី​បញ្ហា​ព្រំដែន ខណៈ​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន (IOT) ដែល​បាន​ទៅ​កាន់​ភូមិ​មួយ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​កន្លែង​ដែល​យោធា​ថៃ​បាន​ដាក់​លួស​បន្លា​ដើម្បី​បិទ​ផ្លូវ និង​ហ៊ុមព័ទ្ធ​ផ្ទះ​អ្នក​ភូមិ​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០២៥។ (AKP)
អ្នកកាសែត​រាយការណ៍​អំពី​បញ្ហា​ព្រំដែន ខណៈ​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន (IOT) ដែល​បាន​ទៅ​កាន់​ភូមិ​មួយ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​កន្លែង​ដែល​យោធា​ថៃ​បាន​ដាក់​លួស​បន្លា​ដើម្បី​បិទ​ផ្លូវ និង​ហ៊ុមព័ទ្ធ​ផ្ទះ​អ្នក​ភូមិ​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០២៥។ (AKP)

សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធនេះថា អ្នកសារព័ត៌មានពីររូបនៃស្ថានីយ៍ TSP 68 TV Online ត្រូវបានអយ្យការចោទប្រកាន់ពីបទ«ប្រមូលព័ត៌មានដែលធ្វើឱ្យអន្តរាយការការពារជាតិ»។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ដែលនឹងប្រមូល និងពិនិត្យភស្តុតាងទាំងអស់ដើម្បីកំណត់ថាតើជនជាប់ចោទទាំងពីរបានប្រព្រឹត្តបទល្មើសនេះឬអត់។

អ្នកសារព័ត៌មានកម្ពុជាទាំងពីររូបត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិក្រោមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ។ អ្នកទាំងពីរដែលត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានទោសសម្រាប់សេចក្តីរាយការណ៍របស់ពួកគេអំពីជម្លោះព្រំដែនកម្ពុជា-ថៃកាលពីខែកក្កដា។

បើ​យោង​តាម​អង្គការ​ លីកាដូ លោក ផន សុភាព និង​លោក ភាព ភារ៉ា ដែល​ធ្វើ​ការ​ឱ្យ​សារព័ត៌មាន​អនឡាញ TSP 68 TV Online ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២៥ បន្ទាប់​ពី​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ជិត​ព្រំដែនវិញ។

កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ភរិយា​របស់​លោក ភារ៉ា គឺ​អ្នកស្រី អំ សារ៉ាត់ បាន​ចេញ​វីដេអូ​មួយ​ដោយ​ធ្វើ​ការ​សុំទោស​ចំពោះ​ប្រធាន​ព្រឹទ្ធសភា ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នេត្រ ភក្ត្រា ដោយ​ស្នើ​ឱ្យ​មាន​ការ​អន្តរាគមន៍​ក្នុង​ករណី​របស់​ស្វាមី​អ្នកស្រី។ អ្នកស្រី សារ៉ាត់ ដែល​កំពុង​ឱប​កូន​តូច និង​កូន​ម្នាក់​ទៀត​នៅ​ក្បែរ​នោះ បាន​អង្វរ​ទាំង​ទឹក​ភ្នែក​ចំពោះ​ថ្នាក់​ដឹកនាំ ដោយ​បន្ថែម​ថា រូបថត​នោះ​បង្ហាញ​ពី​ស្វាមី​របស់​អ្នកស្រី​ជាមួយ​នឹង​ទាហាន​កម្ពុជា​នៅ​ពី​មុខ​ប្រាសាទ​តា​ក្របី។

អ្នកស្រី សារ៉ាត់ បាន​បញ្ជាក់​ថា ស្វាមី​របស់​អ្នកស្រី និង​លោក សុភាព កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប ប៉ុន្តែ​មិន​ប្រាកដ​ថា​តើ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ស្វាមី​អ្នកស្រី​ជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ​ឬ​អត់​នោះ​ទេ។ អ្នកស្រី​បាន​ប្រាប់ ​សារព័ត៌មានខេមបូចា ថា៖ «ខ្ញុំ​មិន​ទាន់​ដឹង​ថា​ស្វាមី​របស់​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​អីផង។ ខ្ញុំ​មិន​ទាន់​ទទួល​បានដំណឹងពីតុលាការជុំវិញ​រឿង​នេះទេ»។​

អ្នកសារព័ត៌មានទាំង​ពីរ​នាក់​ត្រូវ​បាន​បង្ហាញ​ក្នុង​រូបថត​មួយ​ដែល​ថត​​បន្ទាប់​ពី​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា នៅ​ប្រាសាទ​តា​ក្របី ដែល​ត្រូវ​បាន​ចែក​រំលែក​ព្រោងព្រាត​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ថៃ ដោយ​សារព័ត៌មានថៃទាំងនោះចោទថាមានរូបថតជាប់ «មីន​ថ្មី» នៅ​ក្នុងរូបថតជាក្រុមនោះ។

ថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានហាមឃាត់អ្នកកាសែតមិនឱ្យផ្សាយផ្ទាល់ការតវ៉ារបស់ប្រជាជននៅភូមិជោគជ័យ ជិតព្រំដែនថៃ។ អ្នកសារព័ត៌មានឈ្មោះ មាស សារ៉ា ដែលនៅកន្លែងកើតហេតុ ត្រូវបានចាប់ខ្លួនពីបទបន្តថតវីដេអូ ទោះបីជាអាជ្ញាប័ណ្ណអង្គភាពរបស់លោកត្រូវបានក្រសួងព័ត៌មានដកហូតកាលពីប៉ុន្មានថ្ងៃមុនហេតុការណ៍នេះក្តី។​

លោក សារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីភរិយារបស់លោកបានសុំទោសជាសាធារណៈ។

ការរឹតបន្តឹងលើអ្នកកាសែតដែលរាយការណ៍អំពីបញ្ហាទាក់ទងនឹងជម្លោះព្រំដែនបានកើនឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ្នកកាសែតម្នាក់ទៀត គឺលោក សាន ប៊ុនធឿន ក៏ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ព្រមានចំពោះការបន្តផ្សាយផ្ទាល់នៃការតវ៉ានៅភូមិជោគជ័យដូចគ្នានេះដែរ។

ក្រសួង​ព័ត៌មាន​បាន​ចេញ​ពិធីការ​ជា​កាតព្វកិច្ច​មួយ​ដែល​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន អ្នក​បង្កើត​មាតិកា ក៏​ដូច​ជា​សាធារណជន ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​មុន​ពេល​រាយការណ៍ ឬ​ថត​នៅ​ក្បែរ​បន្ទាយ​យោធា និង​សេចក្តីរាយការណ៍លើ​បញ្ហា​ព្រំដែន។ វិធានការ​​ដែល​ចូលជាធរមាន​ចាប់​ពី​ថ្ងៃ​ទី១ ខែ​សីហា មាន​គោល​បំណង​ការពារ​សន្តិសុខ​ជាតិ ធានា​សុវត្ថិភាព​អ្នកកាសែត លើក​កម្ពស់​សារ​រួម​របស់​រដ្ឋាភិបាល​និង​សាធារណជន និង​ធានា​ព័ត៌មាន​ត្រឹមត្រូវ​ដែល​ទាក់ទង​នឹង​ជម្លោះ​ជាមួយ​យោធា​ថៃ។

នៅ​ពេល​ទាក់ទង​ទៅ អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​សៀមរាប លោក យិន ស្រាង មិន​អាច​បញ្ជាក់​ពី​ករណី​របស់​លោក សុភាព និង​លោក ភារ៉ា បាន​ទេ ដោយ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ឡើយ។ លោក​បាន​និយាយ​ថា «ខ្ញុំ​នឹង​ពិនិត្យ​មើល»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នៅ​ពេល​ចុះ​ផ្សាយ​នោះ​ទេ។ លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មិន​អាច​ទាក់ទង​បាន​ទេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានប្រាប់ អ្នកសារព័ត៌ខេមបូចា ថា លោកមិនទាន់ទទួលបានព័ត៌មានអំពីសំណុំរឿងនេះពីអាជ្ញាធរទេ ដោយបន្ថែមថា សិទ្ធិ និងសេរីភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសារព័ត៌មាន។

លោកបានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងទំនើប«ត្រូវស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព» និង«ត្រូវអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយទំនួលខុសត្រូវ» ។​ លោកបន្ថែមថា៖ «រព័ត៌មានត្រូវមានមនសិការ និងចូលរួមតម្កល់ឧត្តមប្រយោជន៍របស់ជាតិ និងត្រូវប្រតិបត្តិតាមក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ មិនត្រូវផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពសង្គម ដោយធានាការរាយការណ៍ប្រកបដោយការទទួលខុសត្រូវ និងស្របតាមច្បាប់»។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មានកម្ពុជា (CamboJA) បាន​លើកឡើង​ថា ការ​កើន​ឡើង​នៃ​ការ​អនុវត្ត​ច្បាប់ បណ្ដឹង​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន និង​ការ​ចាប់​ខ្លួន​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែន បង្ហាញ​ពី​តម្រូវការ​សម្រាប់​អ្នកសារព័ត៌មាន​ក្នុង​ការ​យល់​ដឹង​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ ក៏​ដូច​ជា​សារៈសំខាន់​នៃ​ការ​ទទួល​ស្គាល់​ដែន​កំណត់​នៃ​កន្លែង​ដែល​ពួក​គេ​អាច​រាយការណ៍​បាន។

លោកបាននិយាយថា៖ «អ្នកសារព័ត៌មានមួយចំនួនមិនដឹងថា ពួកគេបានឆ្លងដែនកំណត់ទេ ពីព្រោះអាជ្ញាធរមិនបានបញ្ជាក់ច្បាប់ឱ្យច្បាស់លាស់ថាកន្លែងណាដែលអ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឱ្យរាយការណ៍។ នេះនឹងនាំឱ្យមានការភាន់ច្រឡំ និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកសារព័ត៌មានដែលទៅទីនោះដើម្បីថតរូបទៀតផង»។

លោកបន្ថែមថា៖ «ខ្ញុំស្នើសុំការយោគយល់ដល់ពួកគេ និងគ្រាន់តែចេញការព្រមានបានហើយ ដើម្បីធានាថាអ្នកសារព័ត៌មានទទួលបានការយល់ដឹងច្បាស់លាស់អំពីរបៀបផ្តល់ព័ត៌មានដល់សាធារណជន [អំពីជម្លោះ] ប្រកបដោយភាពត្រឹមត្រូវ»។​

ស្របពេលជាមួយគ្នានេះ ច្បាប់សញ្ជាតិបានចូលជាធរមាន ដែលអនុញ្ញាតឱ្យដកហូតសញ្ជាតិកម្ពុជារបស់អ្នកដែលត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិ ឬសមគំនិតជាមួយអំណាចបរទេស ដើម្បីពង្រឹងឯកភាពជាតិចំពេលមានភាពតានតឹងនៅតំបន់ព្រំដែន។

ក្រុមអ្នករិះគន់បានព្រមានថា ពាក្យពេចន៍មិនច្បាស់លាស់ដែលមានក្នុងច្បាប់នេះអាចត្រូវបានប្រើ ដើម្បីបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ ហើយក៏ត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងសកម្មជន អ្នកសារព័ត៌មាន និងសំឡេងប្រឆាំង​ ដោយ​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​គ្មាន​សញ្ជាតិ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two Cambodian Journalists Charged with Treason After Reporting Border Conflict

ព័ត៌មានថ្មី

អត្ថបទពេញនិយម