សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

យោធាថៃសាងសង់របងថ្មចាក់បេតុងថ្មី តាមបណ្តោយព្រំដែនចន្ទបុរី-បាត់ដំបង

ក្រុមបច្ចេកទេសចម្រុះរបស់កម្ពុជា និងថៃ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបថត៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)
ក្រុមបច្ចេកទេសចម្រុះរបស់កម្ពុជា និងថៃ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបថត៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)

យោធាថៃកំពុងសាងសង់របងព្រំដែនចាក់បេតុងថ្មនៅខេត្តចន្ទបុរី ក្នុងទឹកដីថៃ ដែលជាប់ព្រំដែននឹងខេត្តបាត់ដំបងរបស់កម្ពុជា ដែលសកម្មភាពនេះត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា ជាការងាកចេញពីស្មារតីកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង និងឆ្ពោះទៅរកការអនុវត្តគោលនយោបាយបែបឯកតោភាគី។

សារព័ត៌មានថៃ Khaosod បានរាយការណ៍ថា យោធាថៃកំពុងសាងសង់របងព្រំដែននេះ ដើម្បី «ពង្រឹងសន្តិសុខតាមព្រំដែន» និង «បង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់»។

ការសាងសង់នេះកំពុងធ្វើឡើងនៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ ក្នុងស្រុកប៉ុងណាំរ៉ុន (Pong Nam Ron) ដែលមានប្រវែង ១ ៣១០ ម៉ែត្រ ហើយនៅក្បែរច្រកព្រំដែនអចិន្ត្រៃយ៍ខាងភាគីថៃ ដែលជាប់នឹងស្រុកកំរៀង ខេត្តបាត់ដំបង។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា យោធាថៃកំពុងសាងសង់របងព្រំដែននេះនៅតាមខ្សែបង្គោលព្រំដែន ដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។

លោកមានប្រសាសន៍ថា៖ «ការសាងសង់នេះមិនប៉ះពាល់ដល់ទឹកដីខ្មែរទេ ព្រោះពួកគេបានវាស់វែងចេញពីបង្គោលព្រំដែនដែលបានឯកភាពក្នុងអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម»។ លោកក៏បានបង្វែរសំណួរបន្ទាប់របស់អ្នកសារព័ត៌មានឱ្យសួរទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅពេលអ្នកសារព័ត៌មានសួរថា តើភាគីថៃបានជូនដំណឹងដល់កម្ពុជាពីការសាងសង់នេះដែរឬទេ។

អធិការនគរបាលស្រុកកំរៀង លោក វេ គឹមចត់ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា​បានជូនដំណឹងទៅភាគីថៃជាច្រើនលើក​ពីការបន្តបោះបង្គោលបណ្តោះអាសន្ននៅចំណុចមួយចំនួន រួមទាំងបង្គោលលេខ ៥២-៥៩ ក្នុងស្រុកកំរៀង ចាប់តាំងពីខែកុម្ភៈមក ប៉ុន្តែភាគីថៃបានពន្យារពេលគម្រោងនេះជាបន្តបន្ទាប់។

ភាពតានតឹងនៅតែបន្តកើតមានតាមបណ្តោយព្រំដែនប្រវែង ៨១៧ គីឡូម៉ែត្រ រវាងប្រទេសទាំងពីរ ដោយភាគីកម្ពុជាបានចោទប្រកាន់កងកម្លាំងថៃថាបានចូលកាន់កាប់តំបន់ដែលមិនធ្លាប់មានជម្លោះពីមុន ខណៈទីក្រុងបាងកកបានបដិសេធការចោទប្រកាន់នេះ។​

មនុស្សជាង ១០០ នាក់បានស្លាប់ និងមនុស្សរាប់សែននាក់បានភៀសខ្លួន អំឡុងការប៉ះទង្គិចគ្នាកាលពីខែកក្កដា និងខែធ្នូ មុនពេលភាគីទាំងពីរព្រមព្រៀងលើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅខែកក្កដា និងបទឈប់បាញ់ទ្វេភាគីនៅខែធ្នូ។

អ្នកវិភាគភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី យល់ឃើញថា ការសាងសង់របងព្រំដែននេះ បង្ហាញពីការងាកចេញពីស្មារតីកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង និងឆ្ពោះទៅរកគោលនយោបាយអនុវត្តដោយឯកតោភាគី ដែលជាធម្មតាអាចបង្កឱ្យមានភាពមិនសុខចិត្ត និងការមិនទុកចិត្តគ្នាទៅវិញទៅមក។

លោក វ៉ាន់លី បានប្រាបខេមបូចាថា៖ «តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នៅតំបន់ដែលនៅតែស្ថិតក្រោមការពិភាក្សាផ្នែកការទូត ថៃកំពុងបង្កើតអង្គហេតុលើទីតាំងជាក់ស្តែង(fait accompli)»។ លោកបន្តថា៖ «បញ្ហានេះធ្វើឱ្យកម្ពុជាកាន់តែពិបាកក្នុងការចរចាដោយឈរលើមូលដ្ឋានស្មើភាពគ្នា ព្រោះរបងបេតុង និងដែកដែលមានរូបរាងជាក់ស្តែងនៅលើដី អាចមានឥទ្ធិពលលើសខ្សែបន្ទាត់ទ្រឹស្តីដែលមានតែនៅលើផែនទី»។

លោកបានបន្ថែមថា៖ «វិធីសាស្ត្របែបនេះអាចត្រូវបានមើលឃើញថា មិនសូវស្របនឹងស្មារតីអ្នកជិតខាងល្អ ព្រោះវាបានរំលងយន្តការពិគ្រោះយោបល់ដែលគួរត្រូវប្រើ ដើម្បីដោះស្រាយបញ្ហានៅតំបន់ព្រំដែនដ៏រសើបទាំងនេះ ហើយបែរជាប្រើការបង្ហាញកម្លាំងជំនួសការចរចាវិញ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា អ្នកនាំពាក្យក្រសួងការបរទេស លោក ចាន់ រតនា និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានបង្វែរសំណួរទៅអគ្គលេខាធិការដ្ឋានកិច្ចការព្រំដែនវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri បានឆ្លើយតបថាភាគីត្រូវការពេលវេលាដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ដោយសារសំណួរទាំងនោះពាក់ព័ន្ធនឹងការឆ្លើយតបពីអាជ្ញាធរច្រើនភាគីក្នុងប្រទេសថៃ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម