សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានលម្អិតរបស់អ្នកជំងឺត្រូវបានបង្ហាញ ខណៈរដ្ឋាភិបាលប្រញាប់ប្រញាល់ទប់ស្កាត់ចង្កោមថ្មីនៃវីរុសកូវីដ-១៩

មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគក្នុងហាងលក់សំលៀកបំពាក់មួយកន្លែងនៅរាជធានីភ្នំពេញ ទីដែលមានបុគ្គលិកយ៉ាងតិច៧នាក់បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគក្នុងហាងលក់សំលៀកបំពាក់មួយកន្លែងនៅរាជធានីភ្នំពេញ ទីដែលមានបុគ្គលិកយ៉ាងតិច៧នាក់បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ថា ការ​ចេញ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ត្រូ​វបាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​វិជ្ជមាន​វីរុសកូវីដ-១៩ និង​ផ្នែក​នៃ​ចង្កោម​ចម្លង​ក្នុងសហគមន៍​នាពេល​ថ្មីៗ​នេះ​ គឺជារឿង​ចាំបាច់​ ខណៈ​ពេលអ្នក​វិជ្ជមាន​សរុប​កើន​ដល់​២៩​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​ ​បន្ទាប់ពី​បុគ្គលិក​៦​នាក់​នៅ​ក្នុងហាងសំលៀក​បំពាក់​នៅក្រុងភ្នំពេញ​​នេះ​តេស្ត​ឃើញ​វិជ្ជមាន​។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃសៅរ៍​ថា បុគ្គលិក​៦នាក់​ទៀត​មក​ពី​ហាង​ Pedro ជា​ហាងលក់ស្បែកជើង​និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំ​នៅ​មហាវិថីព្រះសីហនុ ​តេស្តឃើញវិជ្ជាមាន ​ ​បន្ទាប់ពីពួកគេ​បាន​ប៉ះពាល់​ជាមួយ​នឹងអតិថិជនម្នាក់ ​​​ដែលបាន​​ឆ្លង​វីរុស​កូវីដ-១៩​។

នៅ​ក្នុង​ខ្សែអាត់សំឡេង​ដែល​ចេញ​ផ្សាយ​កាល​ពីយប់​ថ្ងៃ​សុក្រ​ លោកនា​យ​ក​​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា អត្តសញ្ញាណ​របស់​បុគ្គលដែល​វិជ្ជមានកូវីដ-១៩ នឹង​ត្រូវ​ផ្សាយ​ជា​សាធារណៈ​ ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ទាក់ទង​ជាមួយនឹង​ពួកគេ​បាន​ដឹងនិង​អាច​មក​ធ្វើ​តេស្ត។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​យើង​ចាំបាច់​ត្រូវ​បង្ហាញ​រូបភាព​ ឈ្មោះនិង​អសយ​ដ្ឋាន​របស់​អ្នក​ដែល​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​កូវីដ​-១៩ ដូច្នេះ​អ្នក​ផ្សេង​ទៀត​ ដែល​បាន​ប៉ះពាល់​ជាមួយ​ពួកគេ​​ ត្រូវ​ចេញ​មក​ធ្វើ​តេស្ត​និង​ធ្វើ​ចត្តាឡីស័ក​តាម​ពេល​វេលាកំណត់​»

លោក​ ហ៊ុន សែន​ បាន​ការពារ​ចំណាត់​ការ​​ក្នុង​ការ​បង្ហាញ​ព័ត៌មានសម្ងាត់​ផ្នែក​​វេជ្ជសាស្ត្រ​នេះ​ ដោយ​អះអាងថា លោកធ្លាប់បាន​បង្ហាញអំពី​លទ្ធផល​តេស្ត​របស់​លោក​រួច​មកហើយ អំឡុង​ពេល​មានការ​ធ្វើ​តេស្ត​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​សារតែ​មាន​ការ​ភ័យខ្លាចចំពោះការ​ឆ្លងវីរុស​កូវីដ​-១៩ កាល​ពីដើម​ខែ​វិច្ឆិកា​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​បញ្ហា​នៅពេល​នេះគឺ​​ជីវិត​របស់​បងប្អូន​។ សិទ្ធិរស់រានមានជីវិត​»។

កាល​ពីល្ងាច​ថ្ងៃសៅរ៍ ក្រសួង​សុខាភិបាល​បាន​ចេញ​ផ្សាយ​រូបភាព​របស់​មនុស្ស​ពីរ​នាក់​ដែល​ស្ថិតក្នុងក្រុម​ឆ្លងជាចង្កោម ដែល​គេជឿថា ជា​ប្រភពដំបូង​នៃការ​ផ្ទុះឡើងនាពេលថ្មីៗនេះ​ ប៉ុន្តែ​បើតាម​ក្រសួង​សុខាភិបាលថា អ្នក​ទាំងពីរ​បានជា​សះស្បើយ​។​ ម្នាក់​ក្នុង​ចំណោម​អ្នកទាំងពីរ​គឺជា​កូនស្រីរបស់​លោក ឆែម សាវុធ ជា​អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធនាគារ​និង​ជា​ករណី​ដំបូង​ដែល​ត្រូវ​បាន​បញ្ជាក់​នៅក្នុងការ​ចម្លងជា​ចង្កោម​នេះដែរ។

ក្រសួង​បាន​ស្នើ​ឲ្យ​អ្នក​ដែល​ប៉ះពាក់ជាមួយ​នឹង​អ្នក​ទាំង​ពីរ​ផ្តល់​សំណាក​ ដែល​ទំនងជា​វិធាន​ការ​ណ៍​មួយ​​ ដើម្បី​តាម​រក​ប្រភព​នៃវីរុស​នេះ។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បន្ថែមថា ក្រុម​គ្រួសារ​របស់​លោក ឆែម សាវុធ អាច​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពីក្រៅ​ប្រទេស​ ដោយ​លោក​បាន​បន្ថែម​ថា វិធានការ​ណ៍ចត្តាឡីស័ក​​សម្រាប់​ធុរជន​ដែល​ចូល​មក​ប្រ​ទេស​​កម្ពុជា​នឹង​ត្រូវ​រឹតបន្តឹង​ ហើយ​ពួកគេ​ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ​។​

លោក អំ សំអាត នាយក​រងនៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ ​មាន​ប្រសាសន៍​ថា ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អ្នក​ជំងឺ​គឺជា​ការរំលោភ​លើ​ឯកជនភាព​របស់​ពួកគេ​ហើយ​អាចនាំឲ្យ​មាន​ការ​រើស​អើ​ង​ចំពោះពួកគេ​ផងដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​នៅ​ក្នុង​បរិបទ​នៃជំងឺកូវីដ-១៩ ខ្ញុំ​យល់ថា រដ្ឋាភិបាល​ប្រហែល​ជា​គិតថា ត្រូវ​ការ​ដាស់​តឿន​ដល់សាធារណៈ​ជន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាងមុន​ ជាពិសេស​សម្រាប់អ្នក​ដែល​បានប៉ះពាល់​ជាមួយ​អ្នក​ឆ្លងវីរុស​នេះ។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺមិនត្រូវ​មាន​ការ​រើស​អើង [លើ​ពួកគាត់] ទេ»។

គិតត្រឹម​ព្រឹកថ្ងៃសៅរ៍​នេះ ប្រទេសកម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ-១៩​សរុប​៣៤៥​នាក់​  ដែល​ក្នុង​នោះ មាន​២៩​នាក់​ស្ថិតក្នុង​ក្រុម​ឆ្លង​ជា​ចង្កោម​។

ដោយ​មើលឃើញ​ពីការ​កើន​ឡើង​នៃករណីឆ្លង​នេះ លោក ផៃ ស៊ីផាន​ ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​​បាន​មាន​ប្រសាសន៍​ថា គ្មាន​សញ្ញាណាមួយនៃ​ការ​ត្រៀម​បិទប្រទេស​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល​បានផ្តល់​ព័ត៌មាន​សង្ខេប​និង​ផ្តល់​ការ​វិភាគ​ជុំវិញស្ថានការណ៍​នេះ​ជូន​លោក​នា​យក​​រដ្ឋ​មន្ត្រី​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​នៅ​ពេល​ក្រសួង​ធ្វើ​ការ​វាយ​តម្លៃ​ច្បាស់​អំពី​ស្ថាន​ការ​ណ៍​នេះ​ បន្ទាប់​មក​ក្រសួង​នឹងលើ​ក​បញ្ហា​នេះ​ទៅ​សម្តេច​​នាយក​រដ្ឋមន្ត្រី​​ ហើយ​មាន​តែ​សម្តេចនាយក​រដ្ឋមន្ត្រីម្នាក់​គត់​ដែល​អាច​សម្រេចថា តើ​ត្រូវ​បិទ​ប្រ​ទេស​ឬក៏អត់​»

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​តែង​តែត្រៀម​ខ្លួន​ជា​ស្រេច ប៉ុន្តែ​ថា អាជ្ញាធរមិនទាន់​ទទួល​បាន​ដំណឹង​​ឲ្យ​ត្រៀម​សម្រាប់លទ្ធភាពនៃការ​បិទប្រទេស​នោះទេ។

លោក​បាន​មាន​ប្រសាសន៍ថា៖ «​រហូត​មក​ដល់​ពេលនេះ មិន​ទាន់​មាន​បទបញ្ជា​​ណា​មួយ​ពីរដ្ឋាភិបាល​ឲ្យ​ត្រៀម​​បិទ​ផ្នែក​ណាមួយ​នៃ​ប្រទេស​ឬរាជធានីភ្នំពេញ​នោះទេ»។

កាល​ពី​ខែមេសា ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី «ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​» ទាំង​ប្រញាប់​ប្រញាល់​ ដែល​រួម​បញ្ចូល​ស្ថានភាព​ជា​ច្រើន​ចាប់តាំង​ពី​ជម្លោះប្រដាប់អាវុធ​ដល់​បញ្ហា​សុខភាព​សាធារណៈ​។ ច្បាប់​នេះ​ផ្តល់​អំណាច​​​ដល់​​រដ្ឋាភិបាល​ទូលំទូលាយ​​និង​រឹតត្បិត​សេរីភាព​ជាមូលដ្ឋាន​មួយចំនួន​។

រហូត​មក​ដល់​ពេលនេះ​ រដ្ឋាភិបាល​និង​លោក ហ៊ុន​ សែន​ បាន​ថ្លែងជា​សាធារណៈ​ថា ខ្លួន​ស្ទាក់​ស្ទើរ​ក្នុង​ការប្រកាស​​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​។​

លោកស្រី ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​CCHR) បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​ចេញ​នូវ​​គោល​នយោ​បាយ​កាត់​បន្ថយ​ការ​ឆ្លង​វីរុស​កូវីដ​-១៩ ដែល​ចាំបាច់​បំផុត​​ ដើម្បី​ដោះ​ស្រាយ​នឹង​ស្ថាន​ភាព​សុខភាព​សាធារណៈ​តែ​ប៉ុណ្ណោះ​។​

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «​នេះតម្រូវ​ឲ្យ​មាន​តុល្យភាព​នៃសិទ្ធិ​ទទួល​បាន​​សុខភាព​នឹងសិទ្ធិមនុស្ស​ផ្សេងទៀត​ដែលអាច​ត្រូវ​បាន​រារាំង​ដោយ​​គោលនយោយបាយ​នេះ​»

លោក​ស្រីបាន​មាន​ប្រសាសន៍​ថា៖ «ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​​​គ្រា​​អាសន្ន​​មិន​មែនជា​សិទ្ធិ​សេរីភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះទេ ហើយ​វិធានការ​ណ៍​សមស្រប​និង​គោលការណ៍ណែនាំ ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ​ត្រូវ​តែ​អនុវត្ត​»។​

លោក Anthony Galliano ជានាយក​ប្រតិបត្តិ​នៃក្រុម​ហ៊ុន Cambodian Investment Management Holding បាន​មាន​ប្រសាសន៍ថា រយៈ​ពេល​នៃការ​ធ្វើ​ចត្តាឡីស័ក​យូរ​ចំពោះភ្ញៀវខាងធុរកិច្ច​នឹង​រំខាន​ដល់​ការធ្វើដំណើរ​ទាំង​​គោលបំណង​ធុរកិច្ច​ឬទេសចរណ៍​ បើទោះបីជាវា​មិន​រារាំងទាំង​ស្រុង​ក៏ដោយ​។​

លោក​បានមានប្រសាសន៍ថា៖ «​ប្រទេសភាគ​ច្រើន​មាន​ទម្រង់​នៃការ​ធ្វើ​ចត្តាឡីស័ក​ផ្សេងគ្នា​ ដូច្នេះវាមិនមែនជារឿង​ចម្លែក​នោះទេ។ គោលនយោបាយ​ចូល​ប្រទេស​គឺ​​ប្រែប្រួល​និង​សម្រួល​ទៅ​តាម​ស្ថាភាព​បច្ចុប្បន្ន​ ​ហើយ​ស្របពេល​វ៉ាក់សាំង​ជិត​នឹង​កើត​មា​ន​ពិតប្រាកដនោះ។ ផលប៉ះពាល់​សេដ្ឋកិច្ច​រយៈ​ពេល​ខ្លី​គឺ​មាន​តម្លៃ​ផ្នែក​សុខ​ភាព​និង​សុវត្ថិភា​ពដល់ប្រជាពលរដ្ឋយូរ​អង្វែង​»។

លោកស្រី Ailan Li តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​បាន​លើក​ឡើង​ថា ការឆ្លងជា​ចង្កោម​​ថ្មីៗ​នៅកម្ពុជា​បាន​បង្ហាញ​ពី​តម្រូវ​ការ​នៃ​វិធានការណ៍​ឆ្លើយ​ត​ប​ដែល​មាន​គោលដៅ​ច្បាស់លាស់​ ដែល​ផ្តោត​លើ​ការ​តាម​​ដាន​ ធ្វើ​តេស្ត​ ការកាត់ផ្តាច់ករណី​ តាមរកអ្នកប៉ះពាល់​និង​ការ​ធ្វើ​ចត្តាឡីស័ក​អ្នក​ប៉ះពាល់​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «​ប្រសិន​បើ​គ្រប់​គ្នា​ចូល​រួម​ចំណែក​និង​បង្ហាញ​សាមគ្គីភាព​ យើង​សង្ឃឹមថា នឹង​ទប់​ស្កាត់​ការ​ឆ្លងក្នុងមូលដ្ឋាន​បាន​ឆាប់​និង​ ចៀសវាង​ការ​បិទប្រទេស​ក្នុងទ្រង់ទ្រាយ​ធំ​ ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋ​កិច្ច​សង្គម​»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News

74 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម