សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យ រ៉ុង ឈុន លក់ផ្ទះដោយបង្ខំដើម្បីសងសំណង

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ សំណេះសំណាលជាមួយអ្នកសារព័ត៌មាន ខណៈលោកមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ សំណេះសំណាលជាមួយអ្នកសារព័ត៌មាន ខណៈលោកមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន លក់ផ្ទះដោយបង្ខំដើម្បីសងសំណង​ជូនគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមកជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ យោងតាមដីកាសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាតុលាការចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលលោក រ៉ុង ឈុន ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ សាលាដំបូងរាជធានីភ្នំពេញសំណើសុំលក់ដោយបង្ខំដោយផ្ទាល់ចំពោះអចលនវត្ថុ(ផ្ទះ)ដែលមានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្មសិទ្ធិរបស់ឈ្មោះ រ៉ុង ឈុន។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១​ ខែកុម្ភៈ បង្គាប់ឱ្យលោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ និងសកម្មជនពីរនាក់ទៀតរួមគ្នាសងសំណងការខូចខាតចំនួនបួនរយលានរៀល [ប្រហែល៩,៨ម៉ឺនដុល្លារ]ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ យោងតាមលិខិតជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ។

សំណុំរឿងនេះកើតឡើងក្នុង២០២០ ហើយការចាប់ខ្លួនលោក រ៉ុង ឈុន បានកើតឡើងនៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានសរសេរសារបង្ហោះលើ​បណ្តាញសង្គមហ្វេសប៊ុក និងធ្វើអត្ថាធិប្បាយផ្សេងទៀតតាមវិទ្យុអាស៊ីសេរី (RFA) ដែលក្នុងនោះលោកអះអាងថា កសិករនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនបានបាត់បង់ដីធ្លី​អំឡុងពេលបោះបង្គោលព្រំដែនជាមួយវៀតណាម។ លោក ឈុន បានធ្វើដំណើរទៅ​តំបន់ព្រំដែនកាលពីថ្ងៃទី២០ ខែកក្កដា ដើម្បីពិនិត្យមើលតាមការអះអាងរបស់ប្រជាពលរដ្ឋ និងបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃបន្ទាប់នៅលើហ្វេសប៊ុក។ កញ្ញា ស កណិការ និងលោក និមល ត្រូវបានចាប់ខ្លួនកាលពីខែសីហា បន្ទាប់ពីបានចូលរួមក្នុង​ការតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មេដឹកនាំសហជីព លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំពីបទញុះញង់ដោយសាលាដំបូងរាជធានីភ្នំពេញ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅ​តាម​បណ្តោយព្រំដែនវៀតណាម​បានបាត់បង់​ដីអំឡុងពេលដំណើរការបោះបង្គោល​ព្រំដែន​។ 

ជាមួយគ្នានោះដែរ សកម្មជន ស កណិការ និង តុន និមល ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ​២០ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារតែ​ពួកគេបានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។

បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ​ ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២៥ ថា រហូតមកដល់ពេលនោះ មានប្រជាពលរដ្ឋដែលប្រើQR ចំនួន ២ ១៣៣ នាក់បានចូលរួមជួយគាំទ្រជាថវិកាដល់លោក ហើយថវិកាដែលទទួលបានសរុប ២១០៣៧,៥៤ ដុលារ និង ៧ ៧៤៣ ៥១០លានរៀលទៀត​។ លោក​បន្តថា ទោះបីពលរដ្ឋខ្លះចូលរួមជួយជាថវិកាតិចតួចមែន ប៉ុន្តែទឹកចិត្តគាត់ធំធេងណាស់ គឺពួកគាត់ស្រឡាញ់យុត្តិធម៌។

លោកបន្ថែមទៀតថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ មេធាវីរបស់លោកបានដាក់ពាក្យទៅតុលាការសុំបង់បណ្តើរៗ ប៉ុន្តែក្រឡាបញ្ជីប្រាប់ថា មិនទទួលទេ ចាំដល់ថ្ងៃបង់សិន។ នៅថ្ងៃទី១១ ខែមីនា លោកមេធាវីបាននាំយកថវិការមួយចំនួនទៅបង់ជូនតុលាការ ប៉ុន្តែក្រឡាបញ្ជីមិនទទួល ដោយប្រាប់ថា ទាល់តែគ្រប់ចំនួន ហើយក្រឡាបញ្ជីក៏ប្រាប់ទៀតថា ចៅក្រមដែលកាន់សំណុំរឿងហ្នឹងជាប់បេសកកម្មទៅក្រៅប្រទេស៕

127 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម