ប្រជាពលរដ្ឋដែលរស់នៅជាយក្រុងភ្នំពេញនៅតែជួបប្រទះនឹងបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃនាដើមរដូវប្រាំងនេះ ដែលនាំឱ្យការរស់នៅរបស់ពួកគេកាន់តែលំបាកមួយកម្រិតទៀត ព្រោះពលរដ្ឋខ្លះត្រូវទិញទឹកមកប្រើ និងត្រូវងើបត្រងទឹកចន្លោះពីម៉ោង១ ដល់ម៉ោង៤ភ្លឺជារៀងរាល់ថ្ងៃ។ ចំណែកខាងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានអះអាងថា នេះជាឆ្នាំចុងក្រោយដែលខ្វះទឹកស្អាតប្រើប្រាស់។
«ឆ្នាំនេះពិបាកខ្លាំងជាងឆ្នាំមុនៗទៅទៀត ដោយសារតែឆ្នាំមុនៗដាច់ទឹកតែ២យប់២ថ្ងៃអី វាអាចមានទឹកវិញរាល់ម៉ោង១ ឬម៉ោង២យប់ តែលើកនេះអត់មានទឹកចូលសូម្បីមួយតំណក់ ទោះមានម៉ូទ័រដោតចោលរហូត ក៏អត់ទឹកចូលស៊ីទែនដែរ»។ នេះគឺជាការលើកឡើងរបស់អ្នកស្រី អាង សុយ៉ាដា ដែលមានទីលំនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ្នកស្រី សុយ៉ាដា ជាពលរដ្ឋមួយរូប ដែលរស់នៅបុរីពិភពថ្មី ឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខបញ្ញោ ឃុំសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា រយៈពេលបីឆ្នាំជាងដែលអ្នកស្រីមករស់នៅតំបន់នេះ គឺតែងតែប្រទះនឹងបញ្ហាខ្វះទឹកប្រើប្រាស់ដដែលៗ ដោយមិនដឹងថាឆ្នាំណាមានទឹកគ្រប់គ្រាន់ប្រើប្រាស់ដូចគេ។ អ្នកស្រីត្អូញត្អែរថា តាមការកត់ចំណាំ ឱ្យតែដល់ខែមករាទៅដល់ខែឧសភា គឺដឹងតែខ្វះទឹកប្រើប្រាស់។
អ្នកស្រីថ្លែងថា៖ «នៅតំបន់នេះ មិនថាប្រាំងឬវស្សាទេ តែងតែខ្វះទឹកប្រើ ខ្វះខ្លាំងជាងគេគឺរហូតប្រាំងហ្នឹងតែម្ដង ពេលថ្ងៃឡើងអត់មានទឹកតែម្ដង តែបើមានទឹកគឺត្រូវងើបម៉ោង១ដល់ម៉ោង៤ព្រឹកដើម្បីត្រងទឹក ហើយបើអត់មានទឹកទេ គឺទៅត្រងទឹកពីស៊ីទែនខាងបុរីដែលដាក់តាមសួនច្បារឱ្យប្រើ អ្នកខ្លះដណ្ដើមគ្នាពេញហ្នឹងព្រោះអត់ទឹកប្រើ»។
គេសង្កេតឃើញថា នៅតាមសួនច្បារ ឬទីតាំងណាមានមនុស្សច្រើន នៅក្នុងបុរីពិភពថ្មី មានស៊ីទែនទឹកធំៗមួយចំនួនសម្រាប់ឱ្យប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់មកដងទឹកចែកគ្នាប្រើទៅតាមតម្រូវការ ខណៈទឹករដ្ឋមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។
តែអ្នកស្រី សុយ៉ាដា សង្កេតឃើញថា ឆ្នាំនេះខាងបុរីដូចជាមិនសូវយកចិត្តទុកដាក់រឿងដាក់ទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់ដូចឆ្នាំមុនៗទេ ទាល់តែមានការស្នើរសុំ ឬទៅតវ៉ាទើបសន្តិសុខខាងបុរីដាក់ធុងទឹកតាមសួនច្បារឱ្យប្រើ។
អ្នកស្រីបន្តជាចម្ងល់ថា ក្នុងបុរីតែមួយ ម្ដេចផ្ទះអ្នករស់នៅជួរខាងមុខមានទឹកប្រើប្រាស់គ្រប់គ្រាន់ ចម្លែកអីតែអ្នករស់នៅខាងក្រោយមិនមានទឹកសោះសម្រាប់ប្រើប្រាស់។ អ្នកស្រីថា អ្នកផ្សេងទៀតដែលទ្រាំមិនបាន គេរើផ្ទះចេញពីទីនេះអស់ហើយ តែដោយសារតែអ្នកស្រីទិញផ្ទះនៅទីនេះ នឹងរស់នៅយូរដែរហើយមិនដឹងទៅណា មានតែទ្រាំទាំងលំបាកសិន។
អ្នកស្រីអះអាងថា៖ «ខាងបុរីមិនដែលបានប្រាប់ពីមូលហេតុឡើយ ហើយអ្នកនៅបុរីនេះ គេរើចេញច្រើនណាស់ព្រោះទ្រាំមិនបាន នេះដោយសារតែផ្ទះខ្លួនឯងទេ បានបងទ្រាំនៅ បើជួលផ្ទះគេវិញបងចេញយូរហើយ អត់ទ្រាំនៅទេ វាពិបាកពេក វេទនាតែម្ដង ព្រោះរស់នៅរាល់ថ្ងៃយើងត្រូវការប្រើទឹក អត់អីបានតែអត់ទឹកមិនបានទេ»។
អ្នកស្រី សុយ៉ាដា ប្រាប់ឱ្យដឹងទៀតថា ជាក់ស្ដែងថ្ងៃសែនឆ្នាំចិន ផ្ទះអ្នកស្រីគ្មានទឹកសូម្បីបន្តិច។ អ្នកស្រីត្រូវចំណាយលុយទិញទឹកគេ ដើម្បីដាំស្ល ក្នុងតម្លៃថ្លៃមួយឡាន៥ម៉ឺនរៀល និងត្រូវរង់ចាំរយៈពេលយូរទម្រាំបានប្រើ ព្រោះមានអ្នកផ្សេងទៀតគេក៏ទិញទឹកប្រើដែរ ដូច្នេះការដឹកជញ្ជូនមិនបានលឿនដូចចិត្តទេ។ បន្ថែមពីនេះអ្នកស្រីថា ត្រូវកាត់បន្ថយតម្រូវការប្រើប្រាស់នានា ដើម្បីទុកទឹកប្រើតែពេលចំាបាច់ប៉ុណ្ណោះ។
អ្នកស្រីបញ្ជាក់ថា៖ «អូន បងសុខចិត្តអត់មុជទឹកខ្លួនឯង ឱ្យតែបានទឹកបោកឯកសណ្ឋានកូនទៅរៀន និងទុកជូតផ្ទះ ដាំស្ល និងប្រើប្រាស់ក្នុងបង្គន់ ព្រោះអី? ព្រោះទឹកវាខ្សត់! អូនឯងមើល ក្បាលកូនបងទៅ មិនទាន់បានមុជទឹកទេ ចំណែកម្ដាយបងគាត់ចាស់ គាត់អត់ទឹកប្រើមិនកើតទេ»។

ចំណែកពលរដ្ឋម្នាក់ទៀតជាអ្នករស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ គឺអ្នកស្រី លន់ ធានី ក៏មានបញ្ហាស្រដៀងគ្នានឹងពលររដ្ឋផ្សេងទៀតដែរ ដោយអ្នកស្រីលើកឡើងថា ត្បិតតែអ្នកស្រីជាអ្នកចំណូលថ្មី តែមួយរយៈដែលមករស់នៅនេះ គឺគ្មានទឹកប្រើប្រាស់តែម្ដង។
អ្នកស្រីធានី ប្រាប់អ្នកយកព័ត៌មានថា៖ «បងទើបតែមកនៅបានមួយអាទិត្យទេអូន គ្មានទឹកតែម្ដង អ្នកជិតខាងប្រាប់ខ្ញុំថា ឱ្យតែដល់ខែហ្នឹង(ខែប្រាំង) អត់ទឹកដល់ខែវស្សា»។
អ្នកស្រីធានីបន្តថា ទឹកនៅតំបន់អ្នកស្រីរស់នៅទឹកចេញខ្ទង់ម៉ោង១យប់ តែបើម៉ោង១យប់មិនចេញទឹកទេ ត្រូវងើបម៉ោង៣ ឬ ៤ភ្លឺ បើកម៉ូទ័របូមទឹកចូលស៊ីទែន។ សម្រាប់រយៈពេលចុងក្រោយនេះ អ្នកស្រីថាមួយតំណក់ក៏មិនមានផង ដូច្នេះតម្រូវឱ្យទិញទឹក និងដើរដងទឹកតាមសួនច្បារដែលខាងបុរីដាក់ឱ្យប្រើរួមគ្នា។
អ្នកស្រីបន្ថែមថា៖ «ដូចអូនឯងឃើញចឹង ទៅដណ្ដើមគ្នាដងទឹកខាងបុរីដាក់ឱ្យហ្នឹង មិនមែនថាយើងមិនទិញទឹកទេ តែសម័យឥឡូវអ្នកណាលក់ទឹកដូចជំនាន់មុន តេទៅអី៥ថ្ងៃអី ទឹកមិនទាន់បានប្រើផងហ្នឹង»។
យ៉ាងណាមិញ អ្នកស្រីធានី ត្អូញត្អែរថា ការរស់នៅប្រសិនបើគ្មានទឹកគ្រប់គ្រាន់ គឺពិបាកណាស់ តួយ៉ាងត្រូវងើបធ្វើការពីព្រឹកផង ត្រូវងើបត្រងទឹកផង ជួនកាលមកពីធ្វើការវិញគ្មានទឹកប្រើជាដើម។ ដូច្នេះអ្នកស្រីសំណូមពរទៅរដ្ឋាករទឹកឱ្យទឹក អាចចេញនៅម៉ោងណាមួយទៀងទាត់ កុំឱ្យគ្មានសូម្បីមួយតំណក់ដូចពេលនេះទៀត។
អ្នកស្រីរៀបរាប់ថា៖ «យើងត្រូវលំបាក ត្រូវយកប៊ីដុងដាក់ទឹកពីកន្លែងនោះមកផ្ទះ ការរស់នៅបើខ្វះទឹកវាពិបាកតែម្ដង បើអាចខ្ញុំសំណូមពរ ឱ្យមានទឹកនូវម៉ោងណាមួយ ដើម្បីបើកមានទឹកប្រើ កុំឱ្យវាដាច់ផឹងចឹង»។
ចំណែកលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអះអាងថា អាជ្ញាធរបានជួយសម្រួលដឹកឡានដាក់ទឹកជូនពលរដ្ឋដែរ តែការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ទេ។
ឆ្លើយតបនឹងអ្នកសារព័ត៌មានទាំងសម្លេងខ្លាំងៗ លោក ដារិទ្ធថា៖ «មានរឿងៗមិនបាច់រៀបរាប់ច្រើនទេ អាជ្ញាធរបានត្រឹមតែជួយសម្រួល និងមានឡានដឹកទឹកជូនប្រជាពលរដ្ឋខ្លះ ប៉ុន្តែយើងដឹកអត់អស់ទេ»។
មិនខុសគ្នាពីពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ លោក ឈាង សុខម៉ៅ ជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូល១ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល បានប្រាប់ខេមបូចាថា រយៈពេល៧ឆ្នាំហើយលោកតែងតែប្រះនឹងបញ្ហាខ្វះទឹកប្រើប្រាស់ដដែលៗ ដោយមិនដឹងពេលណាទើបមានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចគេ។
លោកប្រាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមកនៅឆ្នាំដំបូង គឺវាអត់ទឹក ហើយបុរីសម្រួលដាក់ធុងទឹកមួយផ្លូវមាន៥០០ផ្ទះអី មានធុងទឹក១ ឬ២ ចឹងឱ្យតែក្នុងខែមួយខែពីរអីហ្នឹង ទឹកចាប់ផ្ដើមដាច់»។ លោកបន្តថា៖ «រឿងហ្នឹងវាដដែលៗ មិនគួរឱ្យរឿងចឹងកើតឡើងទេ វា៦ ៧ឆ្នាំហើយ អត់មានដំណោះស្រាយដល់ប្រជាពលរដ្ឋ»។
លោកបន្ថែមថា ខាងបុរីបានជួយសម្រួលដាក់ធុងទឹក និងជីកអណ្ដូង តែក្នុងចំនួនតិចតួច មិនអាចផ្គត់ផ្គង់តម្រូវការប្រជាជនដែលរស់នៅក្នុងបុរីក្នុងទំហំដ៏ច្រើននេះបានទេ ដូច្នេះគ្រួសារលោកត្រូវការចំណាយទ្វេរដង ក្នុងការទិញទឹកយកប្រើប្រាស់ សម្រាប់សមាជិកគ្រួសារចំនួន៦នាក់។
លោក សុខម៉ៅ ឱ្យដឹងថា៖ «គ្រួសារបងមានកូនស្រីៗ២នាក់ ឪពុកម្ដាយក្មេកចាស់ជរា និងប្រពន្ធសុខភាពខ្សោយ ហើយបងធ្វើការនៅឆ្ងាយ ចឹងក្នុងមូយថ្ងៃៗ គ្រាន់តែរឿងទឹកហ្នឹងពីរថ្ងៃត្រូវទិញមួយធុងតម្លៃ២ម៉ឺន៥ពាន់។ ហើយអ្នកផ្សេងវិញគេទៅត្រងទឹកទល់ភ្លឺ អាទឹកដែលហូរតិចៗពីធុងដែលបុរីដាក់ឱ្យហ្នឹង វាវេទនាមើលណាស់ស្ថានភាពហ្នឹង»។
យ៉ាងណាមិញ លោក សុខម៉ៅ មិនទាន់រំពឹងខ្ពស់ឡើយចំពោះការអះអាងរបស់រដ្ឋាករទឹកថា ឆ្នាំក្រោយនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់វិញ។ តែជាការសំណូមពរនូវញ្ហាចំពោះមុខ លោករំពឹងថា ខាងបុរីនឹងអាចដាក់ទឹកឱ្យពលរដ្ឋប្រើប្រាស់បានជាប់លាប់ និងគ្រប់គ្រាន់ ត្បិតប្រជាពលរដ្ឋសន្សំសំចៃក្នុងការប្រើប្រាស់ទឹកមែនទែន កាត់បន្ថយសូម្បីតែការមុជទឹកជាដើម។

ដោយឡែកអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសុដា បានប្រាប់ឱ្យដឹងថា ខាងអាជ្ញាធរបានជួយសម្រួលឱ្យខាងបុរី ដាក់ធុងទឹកឱ្យពលរដ្ឋប្រើប្រាស់បានមួយចំនួនហើយ តែមិនទាន់គ្រប់ទេ។ ទន្ទឹមនឹងនោះលោកបញ្ជាក់ថា ការខ្វះខាតទឹកនេះ ដោយសារតែមានការអភិវឌ្ឍប្រទេសលឿន ទើបការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់។
លោក ស៊ុនសុដា បានថ្លែងថា៖ «ខណ្ឌបានទាក់ទងទៅបុរីពិភពថ្មី គេបានដាក់ធុងទឹក២០ ៣០ធុងហ៎ ឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្នទម្រាំតែយើងមានទឹកគ្រប់គ្រាន់ ហើយដោយសារតែប្រទេសយើងរីកចម្រើនអូនឯងដឹងហើយ កំបូលពីមុនសុទ្ធតែវាលស្រែហ្នឹង ឥឡូវសុទ្ធតែបុរីហើយ»។
ទាក់ទងនឹងបញ្ហាកង្វះទឹកប្រើប្រាស់នេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានធ្វើការបដិសេធមិនឆ្លើយតបជាមួយអ្នកសារព័ត៌មានខេមបូចា ដោយប្រាប់ថាកំពុងប្រជុំ មិនមានពេលឆ្លើយតបសំណួរឡើយ និងប្រាប់ឱ្យស្រង់សម្ដីរបស់លោក ដែលបានសម្ភាសជាមួយសារព័ត៌មានផ្សេងយកមកប្រើទៅ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «មានការអី? ខ្ញុំបានសម្ភាសជាមួយ រ៉ាត់យោRFIហើយតើ ស្ដាប់តាមហ្នឹងទៅ។ ម្ងៃហ្នឹងអត់បានអីទេ គ្រប់តែគ្នាចឹង ខ្ញុំមិនបាច់ធ្វើការទេ ទម្លាក់ទូរសព្ទម្ខាង ទទួលម្ខាងចឹង ខ្ញុំដោះស្រាយទឹកជូនប្រជាពលរដ្ឋជាយក្រុងម៉េចទៅ?»។លោកបន្តថា៖ «សំយោគអ្វីដែលខ្ញុំបាននិយាយហ្នឹង វាគ្រប់គ្រាន់ហើយ ដល់ខ្ញុំទៅនិយាយប្រាប់ឯង ក៏នៅដដែលៗដែរ»។
ចំណែកលោក សំរិទ្ធ សុវិទ្យា អគ្គនាយករង រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានប្រាប់តាមទូរសព្ទយ៉ាងខ្លីមកខេមបូចាថា ខាងរដ្ឋាករទឹក កំពុងព្យាយាមដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋហើយ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គេបានដោះស្រាយអស់ហើយ នេះជាឆ្នាំចុងក្រោយហើយដែលខ្វះទឹក គេកំពុងតែធ្វើហើយ»។
យ៉ាងណាមិញ ផេកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានបញ្ជាក់មូលហេតុពីបញ្ហាកង្វះទឹកដោយសារតែបច្ចុប្បន្នមានកំណើនប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ និងវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
រដ្ឋាករទឹកស្វយ័តបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានការលូតលាស់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត (តម្រូវការប្រើប្រាស់ទឹកប្រមាណជាជាង ៧០០ ០០០ម៣/ថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០ ០០០ម៣/ថ្ងៃ »។
រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានអះអាងថា បច្ចុប្បន្នខ្លួនបាននឹងកំពុងជម្រុញពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត ៣៩០ ០០០ម៣ក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា ៥០% នៃគម្រោងសាងសង់ជំហានទី១ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣។
បើតាមការបកស្រាយរបស់លោក សុវិទ្យា ជាមួយសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា នៅពេលគម្រោងខាងលើសាងសង់រួចរាល់ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញនឹងត្រូវបានដោះស្រាយ ដោយមិនមានបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ។
លោកបន្ថែមថា នៅចុងឆ្នាំ២០២៣ រោងចក្រផលិតទឹកស្អាតនៅបាក់ខែង មានសមត្ថភាពអាចផលិតទឹកស្អាតបានរហូតដល់ជាង ១លានម៉ែត្រគូប។

ជាមួយគ្នានេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា បញ្ហាកង្វះទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នេះ ដោយសារតែខាងបុរីមិនបានគិតគូរពីប្រព័ន្ធទឹក និងចេះតែសង់មិនមានផែនការច្បាស់លាស់។ លោកបន្តថា បញ្ហានេះ មិនត្រឹមតែជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៀតផង។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាកង្វះទឹកនេះ វាមានបញ្ហាអនាម័យ ឥទ្ធិពលនៃកង្វះខាតទឹកបណ្ដាលមកពីការសាងសង់បុរីមិនបានគិតគូរពីប្រព័ន្ធទឹកស្អាត បុរីចេះតែសាងសង់ក្នុងតំបន់ដែលមិនមានផែនការមេច្បាស់លាស់ ដែលមានឥទ្ធិពលធ្វើឱ្យកង្វះទឹកសាបនេះ»។
លោក សេរីវឌ្ឍន៍ បន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ ការរៀបចំដែនដីនគររូបនីយកម្មគួរមានការរៀបចំឱ្យបានម៉ឹងម៉ាត់ ដូចជាត្រួតពិនិត្យមើលថាតើខាងបុរីមានផែនការមេសិក្សាពីប្រព័ន្ធទឹកស្អាត និងទឹកសំអុយហើយឬនៅ បើនៅទេ មិនគួរអនុញ្ញាតឱ្យសាងសង់ឡើយ។
លោកបន្ថែមថា៖ «រដ្ឋគួរត្រួតពិនិត្យ បើមិនមានប្រព័ន្ធទឹកត្រឹមត្រូវទេ រដ្ឋគ្រាន់តែមិនចេញអាជ្ញាប័ណ្ណសាងសង់ឱ្យទៅបុរីនោះ»។
ដោយឡែក លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញថា បញ្ហាកង្វះទឹកប្រើប្រាស់ពាក់ព័ន្ធនឹងកត្តាមួយចំនួនដូចជា នៅជាយក្រុងមានការលុបដីធ្វើឱ្យការប្រើប្រាស់ទឹកអណ្ដូងត្រូវបានកាត់បន្ថយ ការអភិវឌ្ឍវិស័យអចលនទ្រព្យលឿនពេកធ្វើឱ្យការផ្ដល់សេវាទឹកស្អាតមិនគ្រប់គ្រាន់ និងការទទួលខុសត្រូវរបស់ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យមិនទាន់ពេញលេញ។
លោក សន ជ័យ ពន្យល់ថា៖ «ទី១ដោយសារតែចរន្តថ្មីនៃការអភិវឌ្ឍទីក្រុង ការចាក់លុបដី ធ្វើឱ្យតំបន់ដីស្រែចម្ការមួយចំនួនលុបអណ្ដូងអស់ ធ្វើឱ្យការប្រើប្រាស់អណ្ដូងកាត់បន្ថយច្រើន។ ទី២ ការអភិវឌ្ឍមួយខ្វះការសិក្សាតម្រូវការនៃការកើនឡើងប្រជាពលរដ្ឋ និងលទ្ធភាពនៃការផ្ដល់សេវាទឹកស្អាតដល់អ្នកប្រើប្រាស់ មានន័យថា ការអភិវឌ្ឍបុរី ឬផ្ទះឯកជន លឿនពេក ធ្វើឱ្យល្បឿននៃការផ្ដល់សេវាទឹកស្អាតមិនបានទៅស្របគ្នា។ ទី៣ ការទទួលខុសត្រូវរបស់ក្រុមអ្នកអចលនទ្រព្យ គិតតែសម្រុកទៅមុខ អត់បានគិតគូរពីផលប៉ះពាល់ពីការផ្គត់ផ្គង់ទឹកស្អាត ហើយរដ្ឋាករទឹកមិនទាន់បានដើរស្របគ្នា»។
លោកលើកឡើងថា ទាក់ទងនឹងវិស័យសំណង់មួយចំនួន ច្រើនតែឃើញមានការសាងសង់រូចហើយ ទើបសុំអាជ្ញាប័ណ្ណតាមក្រោយ ដូច្នេះក្រសួងរៀបចំដែនដីគួរផ្លាស់ប្ដូរព័ត៌មានគ្នាជាមួយរដ្ឋាករទឹក ដើម្បីឱ្យខាងរដ្ឋាករទឹកអាចរៀបចំ ឬផ្គត់ផ្គង់ទឹកតាមតម្រូវការជាក់ស្ដែង។
លោកថា៖ «ក្រុមហ៊ុនមួយមុនសាងសង់ត្រូវសុំច្បាប់ពីក្រសួងដែនដី ចឹងក្រសួងគួរផ្លាស់ប្ដូព័ត៌មានជាមួយរដ្ឋាករទឹក ដើម្បីមានលទ្ធភាព និងផែនការច្បាស់លាស់ និងរកមើលថាអ្វីជាដំណោះស្រាយ»។
លោក សន ជ័យ យល់ឃើញថា ដំណោះស្រាយនៃបញ្ហានេះស្ថិតត្រង់ថា គ្រប់ភាគីពាក់ព័ន្ធអាចធ្វើបច្ចុប្បន្នភាពឱ្យគ្នាទៅវិញទៅមកអំពីតម្រូវការដែរឬយ៉ាងណា។ ព្រោះការផ្ដល់សេវាណាមួយ ត្រូវការការប៉ាន់ប្រមាណពីតម្រូវការ ដូច្នេះតួរអង្គពាក់ព័ន្ធមានរដ្ឋាករទឹកស្វយ័ត ក្រសួងដែនដី និងក្រុមហ៊ុនអចលនទ្រព្យត្រូវសហការគ្នា ដើម្បីចេញជាផែនការមួយសម្រាប់ការផ្ដល់សេវាទឹកស្អាត ដែលជាតម្រូវការមូលដ្ឋានរបស់ពលរដ្ឋ។ ក្នុងករណីរដ្ឋាករទឹកមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទឹកទេ គួរតែស្វែងរកក្រុមហ៊ុនឯកជនធំមួយមកបំពេញបន្ថែម។
ទោះបីជាយ៉ាងណាក្ដី អ្នកស្រី សុយ៉ាដា រំពឹងថា ឆ្នាំក្រោយអ្នកស្រីនឹងមិនជួបបញ្ហានេះទៀតទេ និងសំណូមពរទៅកាន់អាជ្ញាធរពាក់ព័ន្ធជាពិសេសខាងរដ្ឋាករទឹកមេត្តាជួយសម្រួលធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅតំបន់ឈូកវ៉ា២ មានទឹកប្រើប្រាស់ឡើងវិញត្រឹមឆ្នាំក្រោយ។ ចំណែកខាងបុរីគប្បីជួយសម្រួលដាក់ទឹកឱ្យពលរដ្ឋ និងយកចិត្តទុកដាក់ចំពោះបញ្ហានេះផង។
អ្នកស្រីបន្តែមថា៖ «ធ្វើម៉េចជួយឆ្នាំក្រោយកុំឱ្យពិបាកដូចឆ្នាំនេះទៀត បើថាឆ្នាំនេះពិបាកហើយ ឱ្យវាពិបាកចុះ សុំត្រឹមឆ្នាំក្រោយមានទឹកគ្រប់គ្រាន់មកព្រោះអីពិបាកណាស់»៕