អាជ្ញាធរកម្ពុជាបានឆ្មក់ចូលបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ដោយបានឃាត់ខ្លួនជនបរទេសចំនួន ១៨៦ នាក់ ដែលត្រូវបានចោទ ពីបទប្រតិបត្តិការឆបោកតាម អ៊ីនធឺណិត។ នេះបើតាមការចេញផ្សាយរបស់អង្គភាពសារព័ត៌មាន Cambodia-China Times។
អ្នកសារព័ត៌មានរបស់ខេមបូចា បានចុះទៅឃ្លាំមើលផ្ទាល់នៅបរិវេណទីតាំងដែលត្រូវបានកងកម្លាំងរបស់អគ្គស្នងការនគរបាលជាតិចុះទៅបង្រ្កាប ដែលវាជាអគារអាផាតមិនកម្ពស់២០ជាន់ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ស្ថិតក្នុងខណ្ឌចំការមន។
ជនបរទេសទាំង ១៨៦នាក់នោះមានជនជាតិចិន និងតៃវ៉ាន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលភ្លាមៗដើម្បីសាកសួរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ។
សារព័ត៌មានខេមបូចា មិនអាចសុំការបញ្ជាក់ពីទីកន្លែងដែលអ្នកទាំងនោះត្រូវបានឃុំខ្លួន ឬថាតើពួកគេត្រូវបានបញ្ជូនទៅប្រទេសកំណើតខ្លួនវិញ ឬក៏កំពុងត្រូវបានអាជ្ញាធរបន្តពិនិត្យដើម្បីបញ្ជាក់ថាពួកគេត្រូវបានជួញដូរ។
អាជីវករលក់ដូរតាមដងផ្លូវម្នាក់ អ្នកស្រី ស៊ិន វុទ្ធី ជាអ្នករស់នៅទល់មុខអគារដែលស្ថិតលើផ្លូវលេខ ៤៩៤ ហើយជាញឹកញាប់បានប្រាស្រ័យទាក់ទងជាមួយសន្តិសុខក្នុងអគារ បាននិយាយថា អគារនេះត្រូវបានផ្លាស់ប្ដូរអ្នកជួលម្តងក្នុងមួយឆ្នាំ។
អ្នកស្រីបាននិយាយថា អ្នកកាន់កាប់ចុងក្រោយនេះបានផ្លាស់មករស់នៅប្រហែលមួយឆ្នាំមុន ហើយកម្របានឃើញចេញមកខាងក្រៅណាស់ ដោយឃើញតែសន្តិសុខជាជនជាតិខ្មែរ អ្នកបើកបរ និងចុងភៅជនជាតិចិនប៉ុណ្ណោះ ដែលចេញមកទិញភេសជ្ជៈម្តងម្កាល។
អ្នកស្រីបន្ថែមថា រថយន្តស៊េរីទំនើបប្រភេទ Starex ចំនួនបីគ្រឿងបានចេញចូលជាញឹកញាប់នៅក្នុងបរិវេណនេះ ជាធម្មតានៅពេលល្ងាច ដែលអ្នកស្រីសង្ស័យថាបានដឹកជញ្ជូនមនុស្ស ហើយភាគច្រើនជាជនជាតិចិន។
អ្នកស្រីបាននិយាយថា៖ «អគារនេះតែងតែមានសភាពស្ងប់ស្ងាត់។ ហើយសន្តិសុខត្រូវចាំយាមនៅជាន់ក្រោម គេមិនអនុញ្ញាតឱ្យទៅជាន់លើទេ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងលោក ជា ពៅ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញករណីនេះទេ។ ជាមួយគ្នា អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលស្ថិតនៅលើការគ្រប់គ្រងអគ្គស្នងការនគរបាលជាតិ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ។
អ្នកស្រី ជូ ប៊ុនអេង ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង លោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថា ពួកគាត់ទាំងពីរមិនទាន់ទទួលបានព័ត៌មានអំពីករណីនេះនៅឡើយ។
ចំពេលដែលមានការកើនឡើងនៃក្តីបារម្ភ និងការដាក់សម្ពាធពីអន្តរជាតិជុំវិញទីតាំងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធើណេតទ្រង់ទ្រាយធំ រដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះបានបង្កើតក្រុមការងារអន្តរក្រសួងដែលមានគោលបំណងដើម្បីដោះស្រាយបញ្ហានេះ។
ទន្ទឹមនឹងនេះ អ្នកជំនាញឧក្រិដ្ឋកម្មឆ្លងដែនបានរិះគន់ចំណាត់ការបង្ក្រាបរបស់ប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីដើមខែមីនា បានបដិសេធការចោទប្រកាន់ថាមានការចូលរួមរបស់មន្ត្រីនគរបាលក្នុងប្រតិបត្តិការឆបោក បាននិយាយថា អាជ្ញាធរបានឆ្មក់ចូលមជ្ឈមណ្ឌលឆបោកចំនួន ១៨ទីតាំង ចាប់ខ្លួន និងបណ្តេញជនបរទេសជាង ៣៧០០នាក់ មកពី ១៦សញ្ជាតិនិងបានបញ្ជូនមេខ្លោងចំនួន ៧៦នាក់ទៅតុលាការនៅឆ្នាំនេះ។
យ៉ាងហោចណាស់មានមជ្ឈមណ្ឌលបោកប្រាស់ចំនួន ២៦០ទីតាំង ត្រូវបានរាយការណ៍ថាកំពុងប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា ដោយបានជួញដូរពលករបរទេសប្រមាណ ១៥០ ០០០នាក់។ នេះបើយោងតាមគម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងរបាយការណ៍ស្រាវជ្រាវផ្សេងទៀត។
សេចក្តីថ្លែងការណ៍របស់អគ្គស្នងការនគរបាលជាតិមិនបាននិយាយអំពីការជួយសង្គ្រោះជនរងគ្រោះដោយការជួញដូរក្នុងអំឡុងពេលចុះបង្ក្រាបនោះទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានចាត់ទុកការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតថាជាករណីធ្ងន់ធ្ងរ ដែលធ្វើឱ្យការព្រួយបារម្ភកាន់តែកើនឡើង ខណៈកម្ពុជាកំពុងប្រឈមនឹងការរិះគន់ពីអន្តរជាតិជាបន្តបន្ទាប់។
លោកបន្តថា៖ «វាប៉ះពាល់ដល់មុខមាត់កម្ពុជា ប៉ះពាល់ដល់វិស័យទេសចរណ៍ បំបាក់ទឹកចិត្តអ្នកវិនិយោគ និងគំរាមកំហែងសន្តិសុខសង្គម»។
ទោះបីជាមានការសន្យារបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាម អ៊ីនធឺណិត តាមរយៈគណៈកម្មាធិការអន្តរក្រសួងក៏ដោយ ក៏បញ្ហានៅតែបន្តកើតមាន។ លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិពីសាធារណជន គឺជាគន្លឹះក្នុងការរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ក្នុងនោះលោកក៏បានជំរុញឱ្យអាជ្ញាធរឆ្លើយតបបញ្ហាទាំងនោះឱ្យមានតម្លាភាពបន្ថែមទៀត។
លោកបានបន្តថា៖ «ដើម្បីបង្ក្រាបការឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាព អាជ្ញាធរត្រូវការការសហការគ្នាខ្លាំង ការអនុវត្តច្បាប់តឹងរ៉ឹង និងគ្មានការអត់ឱនចំពោះអំពើពុករលួយ»។ លោកបន្ថែមថា៖ «មិនថានរណាម្នាក់មានអំណាចប៉ុណ្ណានោះទេ ប្រសិនបើពួកគេពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ត្រូវតែអនុវត្តតាមច្បាប់។»
លោកក៏បានអំពាវនាវឱ្យមានការបណ្តុះបណ្តាលបង្កើនសមត្ថភាពក្នុងការស្វែងរកឧក្រិដ្ឋកម្មតាមប្រព័ន្ធ អ៊ីនធឺណិតដោយថា អាជ្ញាធរត្រូវតែរក្សាការតាមដាននៃការវិវត្តការគំរាមកំហែងតាម អ៊ីនធឺណិត ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេ៖ Phnom Penh Scam Raid Nets 186, But Trafficking, Enforcement Concerns Persist