ហាងលក់ទូរសព្ទដៃចំនួន៥ទីតាំងនៅខេត្តត្បូងឃ្មុំ ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរឹបអូសទូរសព្ទដៃអត់ពន្ធប្រមាណ ១ ៣០០គ្រឿង ជាចំណាត់ការមួយ ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជន។
យោងតាមសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីគយរឹបអូសបានស្មាតហ្វូនថ្មីចំនួន៣៥៦គ្រឿង និងទូរសព្ទមួយទឹកចំនួន៩៥៥គ្រឿង ពីហាងលក់ទូរសព្ទដៃចំនួន៥ទីតាំង នៅស្រុកមេមត់ ដែលពុំមានបិទ«ត្រាពន្ធគយ» និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។
សេចក្ដីបំភ្លឺនេះ បន្តថា៖ «ទូរសព្ទទាំងនោះត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យស៊ើបអង្កេត និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតក្នុងភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធី» ។
យោងតាមមាត្រា៨នៃច្បាប់ស្តីពីគយ ទំនិញទូរសព្ទដៃត្រូវបានចាត់ថ្នាក់ជាទំនិញកំណត់ពិសេសដែលត្រូវបង់ពន្ធគយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ទូរសព្ទដៃមួយទឹក ដែលគេចាត់ទុកថា ជា«ទំនិញក្នុងស្រុក»នឹងត្រូវប្រគល់ជូនម្ចាស់វិញ។
សេចក្តីបំភ្លឺដដែលបានបន្តថា កន្លងមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតែងចុះផ្សព្វផ្សាយជាប្រចាំ ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជីវករតាមអាជីវកម្មដ្ឋាននានា ឲ្យស្វែងយល់ពីកាតព្វកិច្ចពន្ធអាករនាំចូលជាពិសេសការតម្រូវឲ្យមានត្រាគយលើទំនិញកំណត់ពិសេសក៏ដូចជាការបិទផ្សាយខិតបណ្ណ និងជូនដំណឹងផ្ទាល់មាត់ផងដែរ។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានផ្តល់ព័ត៌មានបន្ថែម ដើម្បីឆ្លើយតបទៅនឹងសំណួរ និងការរិះគន់ជុំវិញការរឹបអូសទូរស័ព្ទដៃ។
អគ្គនាយកដ្ឋាននេះបាននិយាយថា កាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលលើទូរសព្ទ«អិនចុចពិល» គឺមិនដល់៩៣ដុល្លារដូចដែលបានលើកឡើងដោយសាធារណជននោះទេ ដោយពន្យល់ថា ពន្ធក៏ដូចជាពន្ធនាំចូលលើទូរសព្ទចល័ត គឺ១៥,៥ភាគរយ។
កន្លងមក តម្លៃនាំចូល គឺ៥ដុល្លារក្នុងមួយគ្រឿង។ «ដូច្នេះពន្ធដែលត្រូវបង់ គឺ៥ដុល្លារគុណនឹង១៥,៥ភាគរយ ដែលស្មើនឹង០,៧៧៥ដុល្លារក្នុងមួយគ្រឿង មិនមែន៩៣ដុល្លារដូចដែលអ្នកខ្លះបានអះអាងនោះទេ»។
មួយថ្ងៃក្រោយការឆ្មក់ចូលឆែករបស់មន្ត្រីគយ ម្ចាស់ហាងឈ្មោះ ឡុង ពិសិដ្ឋ បានបង្ហោះរូបថតទូកញ្ចក់ទទេជាមួយពាក្យថា៖ «គយចាប់យកទូរសព្ទទៅអស់ហើយ។ ទូរសព្ទមួយទឹក ខ្ញុំទិញពីអ្នកភូមិក៏គាត់ប្រមូលយកទៅអស់ដែរ។ គាត់ថា យកទៅបង់ពន្ធ»។
អ្នកស្រី ពិសិដ្ឋ បានអះអាងថា អ្នកស្រីបារម្ភអំពីការងាររបស់អ្នកស្រី ព្រោះប្រាក់ចំណូលរបស់អ្នកស្រីអាស្រ័យលើមុខរបរនេះ។ «នៅពេលនោះ ខ្ញុំគាំង។ ខ្ញុំភ្ញាក់ផ្អើលនៅពេលគាត់មកហាងខ្ញុំ ហើយប្រមូលយកទូរសព្ទខ្ញុំទាំងអស់។ ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីទៀតទេ ព្រោះគេយកទាំងអស់។ ខ្ញុំមិនអាចធ្វើអ្វីបានទេ ឥឡូវនេះ។ ខ្ញុំអាចត្រឹមតែរង់ចាំមើលប៉ុណ្ណោះ»។
អ្នកស្រី ពិសិដ្ឋ បាននិយាយថា អ្នកស្រី«បាត់បង់»ទូរសព្ទចំនួន៤០០គ្រឿង រួមទាំងទូរសព្ទរបស់អតិថិជនផ្សេងទៀតយកមកជួសជុល ទូរសព្ទថ្មី ព្រមទាំងទូរសព្ទចាស់ និងទូរសព្ទមួយទឹកផងដែរ។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនដឹងទេ ព្រោះគេមិនបានប្រាប់ខ្ញុំពីដំណើរការនេះ។ ពួកគាត់មកទីនេះជាលើកទី១ ហើយបានយកទូរសព្ទដោយគ្មានការពន្យល់ឲ្យបានច្បាស់លាស់»។
អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ ដោយសារវាប៉ះពាល់ដល់ជីវភាពរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសំណូមពរឲ្យអាជ្ញាធរជួយ ព្រោះយើងបាត់បង់ចំណូលដែលផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងយល់ពីស្ថានភាពរបស់ប្រជាពលរដ្ឋ [និងផ្តល់] ការអនុគ្រោះពន្ធ ពីព្រោះការលក់ដូរក៏ធ្លាក់ចុះផងដែរ។ យើងដឹងថា គ្រប់គ្នារកប្រាក់បានតិចតួចនៅពេលសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អ»។
ការបង្ហោះសាររបស់អ្នកស្រី ពិសិដ្ឋ ទទួលបានការឆ្លើយតបយ៉ាងលើសលប់នៅលើបណ្តាញសង្គម ដោយអ្នកខ្លះបានទទូចឱ្យអាជ្ញាធរអនុគ្រោះដល់អ្នកលក់ និងស៊ើបអង្កេតអ្នកនាំចូលទូរសព្ទដៃ និងមន្ត្រីដែលធ្វើការក្នុងវិស័យនេះ។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ យង់ ច័ន្ទបណ្តូល បានបញ្ចេញមតិថា៖ «ទូរសព្ទខ្ញុំ iPhone ២០១៨ កាលទិញថ្មី ហើយប្រើដល់ឥលូវ ចុះបើខ្ញុំលក់វាឲ្យម្ចាស់ហាង ចឹងមិនក្លាយជាទូរសព្ទមួយទឹក។ ក៏បានន័យថា ទូរសព្ទខ្ញុំអត់បង់ពន្ធដែរមែន? ទូរសព្ទមិនផលិតនៅស្រុកខ្មែរ បានន័យថា នាំចូល បើនាំចូល គឺបង់ពន្ធហើយ ម៉េចចាប់ទូរសព្ទមួយទឹកថា អត់បង់ពន្ធ? ខ្ញុំសង្ឃឹមថា មន្ត្រីពាក់ព័ន្ធទាំងអស់មានសញ្ញាបត្រអន់បំផុតត្រឹមទី១២ដែរ»។
គណនីហ្វេសប៊ុកមួយទៀតឈ្មោះ រី សុវណ្ណារិន ដែលក៏ជាម្ចាស់ហាងទូរសព្ទផងដែរនោះ បានស្នើឱ្យអាជ្ញាធរសម្រេចដោយអនុគ្រោះចំពោះអាជីវករដែលរងផលប៉ះពាល់ និងផ្តល់ដំណោះស្រាយសមស្របដល់អ្នកធ្វើអាជីវកម្មក្នុងឧស្សាហកម្មអេឡិចត្រូនិក។
សុវណ្ណារិន លើកឡើងថា៖ «បន្ទាប់ពីកូវីដ-១៩ ការលក់ដូរបានធ្លាក់ចុះ។ [យើង]ទទូចឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្តល់ដំណោះស្រាយ និងយោគយល់គ្នាព្រោះអាជីវករកំពុងជួបប្រទះពេលវេលាលំបាក»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា វាជាការបង្ក្រាបមួយ ដែលធ្វើឡើងក្រោមការតាមដាន។ «ព្រោះការនាំចូលទំនិញដោយគ្មានលិខិតប្រកាសសារពើពន្ធបង្កើតនូវការប្រកួតប្រជែងមិនស្មើភាពគ្នាក្នុងប្រទេស»។
លោកបានបន្តថា ម្ចាស់ហាងទូរសព្ទ «ជាធម្មតាត្អូញត្អែរ» អំពីបញ្ហាទាក់ទងនឹងការលំបាក និងបញ្ហាប្រឈមនៃជីវភាពរបស់ពួកគាត់។
លោក សេរីវឌ្ឍន៍ មានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងប្រឈម។ ទោះបីជាយ៉ាងណា អ្នកដែលមិនប្រកាសពន្ធ ហើយចាប់មិនបាន គឺអាចរកប្រាក់ចំណេញបានច្រើន ប៉ុន្តែរដ្ឋបាត់ចំណូល។ លោកបានបន្ថែមថា៖ «ចំណែកអ្នកដែលនាំចូលផលិតផលដោយស្របច្បាប់ហើយបង់ពន្ធ មិនអាចលក់ក្នុងតម្លៃទាបលើទីផ្សារ ដើម្បីប្រកួតប្រជែងជាមួយអ្នកដែលគេចពន្ធបានទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស ៖ Phone Shop Owners, Netizens Decry Seizure, Temporary Closure of Five Tbong Khmum Shops