សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ព្រីនស៍ គ្រុប បដិសេធពាក់ព័ន្ធនឹងការឆបោកដែលប្រើពលកម្មដោយបង្ខំ ក្រោយទ្រព្យសម្បត្តិនៅបរទេសត្រូវបានរឹបអូស

អគារក្រុមហ៊ុនព្រីនស៍ និងធនាគារព្រីនស៍ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អគារក្រុមហ៊ុនព្រីនស៍ និងធនាគារព្រីនស៍ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្រោយ​ពី​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​អស់​រយៈ​ពេល​ជិត​មួយ​ខែ និង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ជាង ១៥ពាន់​លាន​ដុល្លារ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថាបនិករបស់ខ្លួន ក្រុមហ៊ុន​ ព្រីនស៍ គ្រុប បាន​ចេញ​មុខ«​បដិសេធ​យ៉ាង​ដាច់​អហង្ការ»​ចំពោះ​ការ​ចោទ​ប្រកាន់ដែល​ថា ក្រុមហ៊ុន ឬ​ប្រធាន​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧស្សាហកម្មឆបោកតាមអនឡាញក៏ធំ​ដែល​ដែល​កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង​ពលកម្ម​ដោយ​បង្ខំ។

បន្ទាប់ពីត្រូវបានដាក់ក្នុងបញ្ជីខ្មៅកាលពីខែតុលា អាជ្ញាធរនៅតាមបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី បានចាប់ផ្តើមយុទ្ធនាការរឹបអូសទ្រព្យសម្បត្តិ ដោយកំណត់គោលដៅលើក្រុមហ៊ុនពាក់ព័ន្ធ ក៏ដូចជាលោក ចេន ហ្ស៊ី ដែលជាស្ថាបនិករបស់ព្រីនស៍គ្រុប ក្រោមការចោទប្រកាន់ពីបទដឹកនាំអង្គការឧក្រិដ្ឋកម្មឆ្លងដែន។

ព្រីនស៍ គ្រុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ការចោទប្រកាន់នេះ«គ្មានមូលដ្ឋានច្បាស់លាស់» និងមានគោលបំណង «រកលេសដើម្បី រឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ»

សេចក្តីថ្លែងការណ៍នេះ ជាការឆ្លើយតបជាផ្លូវការលើកដំបូងរបស់ក្រុមហ៊ុនចំពោះទណ្ឌកម្ម ហើយបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់ចិនបានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា បានរៀបចំផែនការលួចBitcoin ដែលមានតម្លៃប្រហែល ១៣ ពាន់លានដុល្លារ។ ប្រាក់ទាំងនោះត្រូវបានចិនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការរឹបអូសBitcoin  ដែលមានតម្លៃ១៥ ពាន់លានដុល្លារ ដោយនៅពេលក្រោយមកអាជ្ញាធរសហរដ្ឋអាមេរិកបានអះអាងថា ជាប្រាក់ចំណូលខុសច្បាប់របស់លោក ចេន ដែលមានសញ្ជាតិពីរគឺ អង់គ្លេស និងកម្ពុជា ហើយមានដើមកំណើតមកពីប្រទេសចិន។ លោកត្រូវបានចោទប្រកាន់កាលពីខែតុលាពីបទសមគំនិតឆបោកតាមខ្សែ និងបទល្មើសលាងលុយកខ្វក់​។

ការរឹបអូសនេះ ជាការរឹបអូសទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រសួងយុត្តិធម៌អាមេរិក។ ក្រសួងមិនបានបញ្ជាក់ថា Bitcoin នោះត្រូវបានរឹបអូសនៅពេលណា ឬដោយវិធីណានោះទេ។

ទណ្ឌកម្មដែលរួមគ្នាដាក់ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បានកំណត់គោលដៅលើអង្គភាពចំនួន ១៤៦ ដែលមានទំនាក់ទំនងជាមួយ ព្រីនស៍ គ្រុប ដែលមានមូលដ្ឋាននៅភ្នំពេញ ហើយកំពុងប្រតិបត្តិការនៅប្រទេសចំនួន៣០ ដែលធ្វើការរកស៊ីក្នុងវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងអាជីវកម្មទំនិញប្រើប្រាស់។ វិធានការទាំងនេះបានកាត់ផ្តាច់ក្រុមហ៊ុនទាំងនោះពីក្រុមហ៊ុនអាមេរិក ហើយបានធ្វើឱ្យក្រុមហ៊ុនផ្សេងទៀតប្រឈមនឹងការផាកពិន័យ ប្រសិនបើពួកគេធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនដែលរងទណ្ឌកម្ម។

ចក្រភពអង់គ្លេសក៏បានបង្កកទ្រព្យសម្បត្តិអាជីវកម្ម និងអចលនទ្រព្យដែលមានតម្លៃជាង ១៣០លានដុល្លារផងដែរ ខណៈដែល តៃវ៉ាន់ សិង្ហបុរី និង ហុងកុង បានធ្វើការរឹបអូសទ្រព្យសម្បត្តិ ដែលខ្លះមានតម្លៃរហូតដល់ ៣៥០លានដុល្លារ។

ព្រីនស៍ គ្រុប បាននិយាយថា ការចោទប្រកាន់នេះ«បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និង សហគមន៍ពាក់ព័ន្ធដែលសហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស»។​

ទោះជាយ៉ាងណាក៏ដោយ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បាននិងកំពុងប្រតិបត្តិការអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំមួយក្នុងទ្វីបអាស៊ី ដោយធ្វើការបោកប្រាស់តាមប្រព័ន្ធអនឡាញដែលបង្កើតឡើងតាមរយៈកម្លាំងពលកម្មដោយបង្ខំ និងបានកំណត់គោលដៅជនរងគ្រោះដោយប្រើល្បិចស្នេហា និងការបោកបញ្ឆោតផ្នែកវិនិយោគ មុននឹងធ្វើការលាងលុយកខ្វក់តាមរយៈរូបិយប័ណ្ណគ្រីបតូ។

ក្នុង​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ នៅ​ពេល​ដែល​ប្រតិបត្តិការ​ឆបោក​បាន​រីក​រាល​ដាល​ពាស​ពេញ​តំបន់ ដោយ​កម្ពុជា​ត្រូវ​បាន​គេ​ជឿ​ថា​ជា​កន្លែង​ប្រមូល​ផ្តុំ​​ទីតាំង​បោក​ប្រាស់​រាប់​រយ​កន្លែង ដែល​ប្រើ​ប្រាស់​កម្មករ​ដែល​រង​ការ​ជួញ​ដូរ ឬ​បង្ខិត​បង្ខំ​យ៉ាង​តិច ១០០ ០០០នាក់ មក​ពី​ជាង ២០ ប្រទេស និង​បង្កើត​ប្រាក់​ចំណូល​ប៉ាន់​ស្មាន​ពី ១២.៥ ទៅ ១៩ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ព្រីនស៍ គ្រុប ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​មាន​តួនាទី​ក្នុង​ឧស្សាហកម្ម​ខុស​ច្បាប់​នេះ។

តាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបានសហការជាមួយក្រុមមេធាវីមកពីក្រុមហ៊ុនច្បាប់ Boies Schiller Flexner ដែលជាក្រុមហ៊ុនល្បីឈ្មោះ​របស់សហរដ្ឋអាមេរិក ។

មេធាវីរបស់លោក ចេន គឺលោក Matthew L. Schwartz ប្រធានក្រុមហ៊ុន Boies Schiller Flexner មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបង្វែរសំណួរទៅក្រសួងការបរទេស។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក ចេន នៅតែបន្តគេចខ្លួនគិតត្រឹមខែតុលា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prince Group Denies Link to Force-Labor Scams After Asset Seizures

111 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម