សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករចិញ្ចឹមជ្រូកមានការព្រួយបារម្ភខ្លាំងដោយសារជ្រូកងាប់ច្រើនពុំដឹងមូលហេតុ

កសិដ្ឋានចិញ្ចឹមជ្រូកលោក ទូច ហ៊ុល នៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
កសិដ្ឋានចិញ្ចឹមជ្រូកលោក ទូច ហ៊ុល នៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

កសិករចិញ្ចឹមសត្វជ្រូកមួយចំនួនលើកឡើងពីក្ដីបារម្ភទាក់ទិននឹងសត្វជ្រូកងាប់ជាបន្តបន្ទាប់​ពុំអាច​ទប់ស្កាត់បាន ដោយពួកគេមានការសង្ស័យថា ជាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ខណៈអាជ្ញាធរ​ថា​នឹងចុះស្រាវជ្រាវករណីនេះ។

លោក​ ទូច ហ៊ុល កសិករចិញ្ចឹមសត្វជ្រូក នៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យដឹងថា មេជ្រូករបស់លោក ចំនួន១៦០ក្បាល ជ្រូកបាចំនួន ៤ក្បាល​ និងកូនជ្រូក​ប្រមាណជាង៥០០ក្បាល ត្រូវបានងាប់ជាបន្តបន្ទាប់ក្នុងរយៈពេលត្រឹម មួយខែប៉ុណ្ណោះ។

លោកបន្ថែមថា ដើមខែធ្នូ ឆ្នាំ២០២១ ជ្រូករបស់លោកចាប់ផ្ដើមឈឺម្ដងមួយ ដោយអាការ​មិនព្រមស៊ីចំណី ខណៈក្នុងរយៈពេល ២ទៅ៣ថ្ងៃ មានជ្រូកងាប់មួយក្បាល លុះក្រោយ​មក​ចាប់ផ្ដើមងាប់ចំនួន៥ទៅ៦ក្បាល ត្រឹមមួយថ្ងៃ។

លោក ហ៊ុល អះអាងថា ការខូចខាតដោយសារតែជ្រូកងាប់នេះ មានទំហំប្រមាណជាង​៨ម៉ឺន​ដុល្លារ ក្នុងនោះប្រាក់ដើម២ម៉ឺនដុល្លារ និងប្រាក់ចំណេញខ្ទង់៦ម៉ឺនដុល្លារ។ លោកសម្រេច​បញ្ឈប់កម្មករថែជ្រូកចំនួន៣នាក់ក្រោយរងផលប៉ះពាល់នេះ។

កសិករចិញ្ចឹមជ្រូក មានកូន៤នាក់រូបនេះ ឱ្យដឹងថា ជ្រូកមានជំងឺនេះ លោកអាចលក់បាន​តម្លៃ៥០ទៅ៦០ម៉ឺនរៀលក្នុងមួយក្បាល ខណៈជ្រូកធម្មតាលក់បានជិត២លានរៀល។

លោកនិយាយថា៖ «មេខ្លះសុទ្ធកូនពេញៗពោះអត់ហ៊ានលក់អាណិតវា ទុកដល់ឈឺ។

កូន[ជាង៥០០ក្បាល]លក់អត់កើតកប់ទាំងអស់។ [ជ្រូក]វាអត់មានអាការអី សាច់ស្អាត ដល់កុងស៊ីគេយកទៅវាខូចតែលំពែង និងថ្លើមក្រិន»។

កសិកររូបនេះ បន្តថា លោកបានសម្រេចចិត្តខ្ចីប្រាក់ពីធនាគារចំនួន២ម៉ឺនដុល្លារ ដើម្បីពង្រីក​កសិដ្ឋានចិញ្ចឹមជ្រូក ដោយដាក់ចិញ្ចឹមមេជ្រូកចំនួន១៦០ក្បាល ក្នុងខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែ​គិតត្រឹមថ្ងៃច័ន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ជ្រូករបស់លោកងាប់អស់តែម្ដង។

លោកនិយាយថា៖ «លើកមុនចិញ្ចឹមតិចតួច ១០ ទៅ ២០ក្បាល។ ងាប់ម្សិលមិញ [ថ្ងៃចន្ទ ទី១០]៩មេអស់ហ្មង»។

លោក ហ៊ុល បន្ថែមថា នៅពេលមានជ្រូកមួយណា ចាប់ផ្ដើមមានអាការលែងស៊ីចំណី លោក​សម្រេចចិត្តយកចេញទៅលក់ឱ្យឈ្មួញ ដើម្បីចៀសវៀងឆ្លងជំងឺទៅកាន់ជ្រូកផ្សេងទៀត ប៉ុន្តែ​ការឆ្លងរាលដាលនៅតែកើតមានឡើង។បុរសវ័យ៥៤ឆ្នាំរូបនេះ បន្តថា លោកមានបទ​ពិសោធន៍​ចិញ្ចឹមជ្រូកជាង២០ឆ្នាំហើយ ប៉ុន្តែលោកពុំដែលជួបជំងឺកើតលើជ្រូកឆ្លងលឿន​ដូច្នេះនេះពីមុន​ឡើយ។

លោកនិយាយថា៖ «ពេទ្យសត្វចុះមកផ្ដល់ប្រឹក្សាថាមើលអត់ជា ថា[ជំងឺ]ប៉េស្តអាហ្រ្វិក»។

ទោះជាយ៉ាងណាក៏ដោយ លោក ទូច ហ៊ុល បានលើកឡើងថា លោកនឹងចាប់ផ្ដើមចិញ្ចឹម​សត្វជ្រូកសាជាថ្មី ក្រោយចូលឆ្នាំខ្មែរខាងមុខ។ លោក ហ៊ុល រំលឺកថា នាពេល​ជ្រូកលោក​ចាប់ផ្ដើមឈឺគ្រាដំបូង​​ ប្រធានភូមិបានចុះមកសួរនាំទាក់ទិននឹងការឈឺនេះ ប៉ុន្តែក្រោយ​មកទៀតលោកពុំដែលឃើញអាជ្ញាធរចុះពន្យល់ណែនាំពីវិធីការពារ និងព្យាបាលឡើយ។

កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

លោក សួង វាសនា កសិករចិញ្ចឹមជ្រូកនៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និយាយថា មេជ្រូករបស់លោកចំនួន២០ក្បាល និងកូនជ្រូក១០០ក្បាល ងាប់អស់ ដោយចាប់ផ្ដើមឈឺត្រឹមចុងខែធ្នូ ឆ្នាំ២០២១។

លោកនិយាយថា៖ «មេ[ជ្រូកដែលងាប់]សុទ្ធតែពពោះជិតត្រូវកើតទាំងអស់»។

កសិករវ័យ៣៥ឆ្នាំរូបនេះ បន្ថែមថា ក្នុងភូមិរបស់លោក ការចិញ្ចឹមជ្រូកគឺជាមុខរបរប្រពៃណី​សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះ ខណៈលោក មានបំណងក្នុងការចិញ្ចឹមជ្រូកសាជាថ្មី ប៉ុន្តែ​ពុំដឹងថាទិញជ្រូកនៅកន្លែងណាដោយពុំមានផ្ទុកជំងឺដែលកំពុងរាតត្បាតនេះ។ 

លោកនិយាយថា៖ «សំណូមពរអគ្គនាយដ្ឋាន[ក្រសួងកសិកម្ម] កុំនាំចូលសត្វ[ជ្រូក]​បើនាំចូល​សូមពិនិត្យឱ្យបាន​ច្បាស់លាស់ បើវាអត់មានរោគអីទេចាំនាំចូលមក តម្រូវការដែលខ្វះខាត​ទៅ»

អ្នកស្រី អ៊ំ ប៊ុយ ជាកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ នៅភូមិគោកអំពៅ ឃុំស្រង៉ែ​ ស្រុកទ្រាំង ខេត្តតាកែវ ឱ្យដឹងថា ជ្រូកមេអ្នកស្រីដែលចិញ្ចឹមចំនួនប្រាំក្បាល ចាប់ផ្ដើមងាប់អស់មួយក្បាល ដោយសារមិនស៊ីចំណី។

អ្នកស្រីនិយាយថា៖​ «មិនដឹងឆ្លងពីណា បើជំងឺវារាតត្បាតពេញទឹកពេញដី»។ អ្នកស្រីបន្ថែម​ថា៖ «ចិញ្ចឹមដាក់ក្នុងទ្រុង ឱ្យស៊ីដើមចេក ស៊ីត្រកួន កន្ទក់ ធម្មតាមិនឱ្យស៊ីចំណីទេ។ ហើយក៏​មិនដែចាក់ថ្នាំអីដែល ចិញ្ចឹមរស់ក៏រស់​ ងាប់ក៏ងាប់ទៅ»។

អ្នកស្រី ប៊ុយ គូសបញ្ជាក់ថា ជ្រូកមេប្រាំក្បាលនេះ ក្នុងរយៈពេលប្រាំថ្ងៃ អ្នកស្រីត្រូវ​ចំណាយ​ថវិកា៦ម៉ឺនរៀល ដើម្បីទិញកន្ទក់មួយបាវសម្រាប់ដាក់ចំណី។

កសិករចិញ្ចឹមជ្រូកវ័យ ៥០ឆ្នាំរូបនេះ លើកឡើងថា ក្រោយការងាប់លើកនេះ អ្នកស្រីសម្រេច​ឈប់ចិញ្ចឹមជ្រូកតទៅទៀត។

អ្នកស្រីនិយាយថា៖ «កាលមុនកាល[ជំងឺប៉េស្ត]អាហ្វ្រិកផ្ទុះដំបូងងាប់[ម្ដង] ដល់ឥឡូវទៀត។ យើងបាក់ទឹកចិត្តចិញ្ចឹមដែរ។ ក្នុងភូមិអ្នកណាក៏ងាប់ដែល។ ចិញ្ចឹមតិចតួច ៣ ទៅ ៥ ក្បាលចឹង»។

លោក សឿង វណ្ណា ពេទ្យសត្វប្រចាំភូមិត្រពាំងឈូក​ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រសាសន៍ថា អាការៈជ្រូកដែលឆ្លងជំងឺនេះ ដំបូងគឺជ្រូកអត់ស៊ីចំណី ហើយក្នុងករណី​មេជ្រូកកំពុងពពោះ យ៉ាងយូរត្រឹម៣ថ្ងៃនឹងងាប់ ខណៈជ្រូកធម្មតាអាចរស់បានប្រហែល៥​ទៅ​៧ថ្ងៃ។ 

បើតាមពេទ្យសត្វរូបនេះ ឱ្យដឹងថា ជំងឺជ្រូកនេះអាចឆ្លងបានតាមរយៈចំណី និងមនុស្ស​ដែល​ចេញចូលកន្លែងចិញ្ចឹមជ្រូកផ្ទាល់ ព្រមទាំងឆ្លងតាមខ្យល់ផងដែរ។

លោក វណ្ណា​ បានគូសបញ្ជាក់ថា លោកបានរាយការណ៍ទៅសាលាឃុំ ពាក់ព័ន្ធនឹងជ្រូកកើត​ជំងឺឆ្លង ហើយងាប់លឿននេះ ប៉ុន្តែលោកពុំអាចសន្និដ្ឋានបានទេថាជាជំងឺអ្វី ព្រោះគ្នានអ្វី​ពិសោធន៍ច្បាស់លាស់។

លោក វណ្ណា ផ្ដល់យោបល់ថា ចង់ការពារជំងឺឆ្លងលើសត្វជ្រូកនេះ កសិករគប្បីឧស្សាហ៍​បាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចិញ្ចឹមសត្វជ្រូក និងដាក់បង្ខាំងសត្វជ្រូកដាច់ដោយឡែក កុំឱ្យមានមនុស្សចេញចូលក្រៅពីម្ចាស់កសិកដ្ឋាន។

លោកនិយាយថា៖ «បានរាយការណ៍ទៅឃុំ ប៉ុន្តែអត់មានប្រភពច្បាស់លាស់ [អត់]ហ៊ាន​សន្និដ្ឋានថាជាជំងឺប៉េស្ដអាហ្រ្វិក។ យើងវាអត់មានឡាបូ[ពិសោធន៍] ចេញមកលទ្ធផលថា​ជាប៉េស្ដអាហ្រ្វិកទេ។ ប៉ុន្តែតាមរយៈគ្នាអ្នកជំនាញ[ពេទ្យ]គេថា អាហ្នឹងប៉េស្ដអាហ្រ្វិកហើយ»

លោក វណ្ណា អះអាងថា លោកក៏ជាកសិកររងផលប៉ះពាល់ពីជំងឺជ្រូកឆ្លងរាតត្បាតនេះផងដែរ ដោយជំងឺនេះ បានសម្លាប់ជ្រូកលោកអស់ប្រមាណជិត១០០ក្បាល។

លោក​ ចាន់ ម៉ៅ មេឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលស្គាល់ថា ជំងឺជ្រូកឈឺងាប់​កំពុងរាតត្បាតពេញឃុំរបស់លោកមែន ប៉ុន្តែលោកមិនច្បាស់ទេថាជាជំងឺអ្វី។ លោក ម៉ៅ បន្ត​ថា កសិករចិញ្ចឹមជ្រូកទាំងនោះ តែងតែលក់ជ្រូកចេញទៅឱ្យឈ្មួញ​ដើម្បីយកសាច់ ដោយ​មិន​ទុកឱ្យឈឺស្លាប់ទាន់ឡើយ។

ទោះជាយ៉ាងណានៅពេលសួរថា តើលោកមេឃុំ មានបាន​រាយការណ៍ករណីជ្រូកឈឺងាប់​ជាបន្តបន្ទាប់នេះទៅថ្នាក់លើ ឬមន្ទីរកសិកម្មខេត្តដែរឬទេ?។ មេឃុំរូបនោះគ្រាន់តែឆ្លើយ​តបថា កសិករចិញ្ចឹមជ្រូក និងពេទ្យសត្វពុំសូវមានទំនាក់ទំនង​ជាមួយអាជ្ញាធរ ហើយកសិករ​ទាំងនោះ នាពេលដាក់ចិញ្ចឹមជ្រូកម្ដងៗ ក៏មិនប្រាប់អាជ្ញាធរថា​ដាក់ចិញ្ចឹមប៉ុន្មានក្បាលដែរ។

លោកនិយាយថា៖ «អ្នកនៅក្នុងឃុំខ្ញុំជ្រូកស្លាប់គ្រប់ទីកន្លែង ព្រោះជំងឺជ្រូកស្លាប់មែន។ មិនដឹងជំងឺអីចាក់ថ្នាំមិនត្រូវ»

កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ជំងឺប៉េស្តជ្រូកអាហ្វ្រិក​ចាប់តាំងពីឆ្នាំ២០១៨មក បានឆ្លងរាលដាលទៅកាន់ប្រទេស១៥ប្រទេសក្នុងតំបន់អាស៊ី។ ក្នុងនោះតំបន់អាស៊ីអាគ្នេយ៏មានប្រទេសដូចជា កម្ពុជា​ ឡាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត និងឥណ្ឌូនេស៊ី។

យោងតាមសារព័ត៌មានរ៉យទ័រ ឱ្យដឹងថា ចុងឆ្នាំ២០២១ ជំងឺប៉េស្ដជ្រូកអាហ្រិ្វកបានរាលដាល​ពេញប្រទេសវៀតណាម ដោយឆ្លងចូល ៥៧ ក្នុងចំណោម ៦៣ ទីក្រុង ខេត្តនៃប្រទេស​វៀតណាម។ អាជ្ញាធរវៀតណាមបានសម្លាប់សត្វជ្រូកចំនួន២៣ម៉ឺនក្បាល។

ប្រភពដដែលឱ្យដឹងទៀតថា ថ្ងៃអង្គារ ទី១១​ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរថៃបាន​និយាយ​ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកត្រូវបានរកឃើញ១ករណីដំបូង ក្នុងប្រទេសនេះ ក្រោយពិនិត្យ​កំហាកចំណោម៣០៩  ដែលប្រមូលបាននៅកន្លែងសត្តឃាតក្នុងខេត្ត Nakhon Pathom។

លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ មានប្រសាសន៍ថា លោកនឹងចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យនៅកន្លែងកើតហេតុ។

លោកនិយាយថា៖ «ចាំមើលបងខលទាក់ទងពេទ្យសត្វជំនាញហ្នឹង​។ អត់ទាន់ទទួលព័ត៌មាន អត់ឃើញឃុំរាយការណ៍មកផង»

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា និយាយថា លោកពុំអាចសន្និដ្ឋានបានទេ​ថា តើជ្រូកងាប់នេះ បង្កឡើងដោយជំងឺប្រភេទអ្វី ខណៈលោកថា មានតែមន្ត្រីជំនាញក្រសួងប៉ុណ្ណោះទើបអាចវិនិច្ឆ័យបាន។

លោក ពៅ អះអាងថា កត្តាដែលនាំឱ្យឆ្លងជំងឺនេះ ដោយសារតែកសិករទាំងនោះ ចិញ្ចឹមជ្រូកខ្វះខាតការយល់ដឹងនូវជីវសុវត្ថិភាព(អនាម័យ)។ 

លោកនិយាយថា៖ «[ជ្រូកឈឺ]វាកើតឡើង២ទៅ៣ខែ ខ្ញុំបានចុះទៅណែនាំគាត់[កសិករ] ចែកថ្នាំគាត់។ បើយើងនិយាយខេត្តដែលផ្ទុះអាហ្នឹង[ជំងឺ]ច្រើនវាសឹងតែទាំងអស់ គ្រាន់តែតិចនិងច្រើន ឱ្យតែខេត្តណាមានកសិករចិញ្ចឹមជ្រូកគឺខេត្តហ្នឹងមានហើយ»

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ ថ្លែងថា លោកពុំ​ទាន់ទទួលបានរបាយការណ៍​ណាមួយពាក់ព័ន្ធនឹងជ្រូកឆ្លងជំងឺរាតត្បាតថ្មីៗនេះនៅឡើយទេ។ 

លោកនិយាយថា៖ «ខ្ញុំអត់បានទទួលព័ត៌មាននេះ។ យើងនឹងធ្វើការតាមដាន[ជំងឺឆ្លង]»

ដោយសារ លោក ផាន់ណារ៉ា ពុំទទួលបានព័ត៌មានទាក់ទិននឹងជ្រូកងាប់ជាបន្តបន្ទាប់នេះ លោកបានប្រាប់ឱ្យអ្នកសារព័ត៌មានខេមបូចាខលសម្ភាសទៅមន្ទីរកសិកម្មខេត្តដែលមានកើតជំងឺនេះជំនួសវិញ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ មានប្រសាសន៍​ថា  អាជ្ញាធរកំពុងចាត់វិធានការលើករណីជ្រូកឆ្លងជំងឺនេះ។ លោកប្រាប់ឱ្យអ្នកសារព័ត៌មាន​ខេមបូចាចង់ដឹងព័ត៌មានលម្អិត ខលសួរបញ្ជាក់ពី​ប្រធានការិយាល័យផលិតកម្ម ​និង​បសុព្យាបាលខេត្តតាកែវវិញ។

លោក ថឺ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មានប្រសាសន៍ថា លោកពុំទាន់ទទួលដំណឹងថាមានជ្រូកងាប់ច្រើន​ដោយសារជំងឺនៅឡើយទេ។

លោកនិយាយថា៖ «អត់ទាន់មានរបាយការណ៍ទទួលបានពីរឿងនេះទេ ចាំមើលខ្ញុំទាក់ទង​គេប្រធានតាមស្រុកហ្នឹង»

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍​ថា លោកពុំទទួលបានដំណឹងណាមួយថាមានជ្រូកងាប់​ច្រើនដោយសារជំងឺឆ្លងនោះទេ។

លោក និយាយថា៖ «ខ្ញុំមិនហ៊ានសន្និដ្ឋានទេ[ជំងឺអ្វី]ដោយរងចាំមន្ត្រី​ជំនាញទៅពិនិត្យ​មើល​សិន។ ដូចអត់ដែលមានផង(ជ្រូកស្លាប់លឿន ក្នុងខេត្តកំពង់ឆ្នាំង)»

នៅខែកក្កដា ឆ្នាំ២០១៩ ក្រសួងកសិកម្ម បានចេញលិខិតមួយទាក់ទិននឹងជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលបានកើតឡើងនៅប្រទេសកម្ពុជា ដោយរកឃើញ​ចំនួនពីរកន្លែង គឺស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លិខិតរបស់ក្រសួង បានបន្តថា អាជ្ញាធរត្រូវបំផ្លាញចោលសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះ​តាម​វិធាន​ការ​បសុព្យាបាល។ ផ្អាកការចិញ្ចឹម ទិញលក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផល​មានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំ​ប្រវែង៣គីឡូ ពី​ចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ​ ព្រមទាំងដាក់តំបន់នេះ ជាតំបន់ត្រួតពិនិត្យ និងតាមដាន។

លិខិតដដែលបានឱ្យដឹងទៀតថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកមិនឆ្លង និងប៉ះពាល់ដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះបណ្ដាលឱ្យជ្រូកឈឺ និងងាប់ មានអត្រាខ្ពស់១០០% ដែលបង្កការខាតបង់ធ្ងន់ធ្ងរ​ដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ៕

929 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម