សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គម្រោងមូលដ្ឋានយោធាថ្មីអាចប៉ះពាល់ដល់ទំនៀមទម្លាប់ និងប្រពៃណីរបស់ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី

លោក ញាស់ ព្វើង ប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិអន្ត្រេះបង្ហាញព្រំដីព្រៃសហគមន៍ ដែលមានគម្រោងសាងសង់មូលដ្ឋានយោធាថ្មី។ រូបភាពថតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)
លោក ញាស់ ព្វើង ប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិអន្ត្រេះបង្ហាញព្រំដីព្រៃសហគមន៍ ដែលមានគម្រោងសាងសង់មូលដ្ឋានយោធាថ្មី។ រូបភាពថតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)
សង្ខេប៖

  • សហគមន៍ជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីខ្លាចបាត់បង់ទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួន ប្រសិនបើគម្រោងមូលដ្ឋានយោធាត្រូវបានសាងសង់​នៅលើដីដូនតារបស់ពួកគេ។
  • សហគមន៍នៅមិនទាន់បានដឹងពីលទ្ធផលនៃការស្នើសុំបណ្ណកម្មសិទ្ធិ​ដី​សមូហភាពលើផ្ទៃដីជាង ២ ០០០ ហិកតាតាំងពីឆ្នាំ២០២១ ប៉ុន្តែត្រូវបានគេដឹងថាក្រសួងបរិស្ថានបានបដិសេធសំណើនេះហើយ។
  • ការផ្តល់បណ្ណកម្មសិទ្ធិ​ដី​សមូហភាពដោយរដ្ឋាភិបាលមិនបានសម្រេចតាមគោលដៅ​ដែលបានកំណត់តាំងពីឆ្នាំ២០២១។

ខេត្តមណ្ឌលគិរី៖ នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា សហគមន៍ជនជាតិដើមភាគតិចពូនងកំពុងប្រឈមនឹងភាពមិនច្បាស់លាស់​ទាក់ទងនឹងកម្មសិទ្ធិដីសមូហភាព។ ខណៈពួកគេកំពុងតស៊ូដើម្បីទទួលបាន​បណ្ណកម្មសិទ្ធិដីសមូហភាព នៅក្នុងតំបន់ព្រៃការពារ ហើយរដ្ឋាភិបាលមានគម្រោងសាងសង់មូលដ្ឋានទ័ព​ដែលអាចប៉ះពាល់ដល់ដីបម្រុងដូនតារបស់ពួកគេ។

សហគមន៍ជនជាតិដើមភាគតិចពូនងភូមិអន្រ្តេះ នៅឃុំអបួនលើ ស្រុកកោះញែក បានស្នើសុំការទទួលស្គាល់ភាពស្របច្បាប់នៃដីសមូហភាពប្រមាណ ២ ០០០ ហិកតានៅឆ្នាំ២០២១។ សំណើនេះធ្វើឡើងដោយអ្នកភូមិចំនួន២៥ គ្រួសារ ដែលក្នុងនោះរួមមានដីកសិកម្ម ដីសម្រាប់កប់សព ព្រៃ​អារក្ស​  និងតំបន់ដីព្រៃឈើបម្រុងទុក។

យោងតាមឯកសារដែលទទួលបានដោយខេមបូចា ក្រុមការងារពីក្រសួងរៀបចំដែនដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានវាស់វែងដីនៅឆ្នាំ២០២១ ហើយទិន្នន័យសាធារណៈត្រូវបានបង្ហាញនៅខែមេសា ឆ្នាំ២០២៣ ប៉ុន្តែមិនទាន់មានការអនុម័តចុងក្រោយនៅឡើយទេ។

ការតស៊ូរបស់សហគមន៍នេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំដែលជនជាតិដើមភាគតិចនៅកម្ពុជាជួបប្រទះ ទោះបីជាពួកគេបានខិតខំអស់ជាច្រើនឆ្នាំ ដើម្បីធានាថាពួកគេអាចទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពដើម្បីការពារដីដូនតារបស់ពួកគេក៏ដោយ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលមានគម្រោងបង្កើតមូលដ្ឋានយោធាដែលអាចប៉ះពាល់ដល់ការទាមទារដីជនជាតិដើមភាគតិច ដែលធ្វើឱ្យសហគមន៍ទាំងនេះស្ថិតក្នុងភាពមិនច្បាស់លាស់​ទាក់ទងនឹងទំនៀមទម្លាប់ ប្រពៃណី និងជីវភាព។

បើគ្មានការការពារផ្លូវច្បាប់ទេ ក្រុមជនជាតិដើមភាគតិចទំនងជាប្រឈមនឹងការរឹបអូសដីធ្លី និងការកាប់ឈើខុសច្បាប់ ដែលបណ្តាលឱ្យបាត់បង់ដីដូនតា​ដែលពួកគេកាន់កាប់រាប់សិនជំនាន់មកហើយ។

លោក ញាស់ ព្វើង ប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិអន្ត្រេះ ដាំស្រូវលើដីស្រែ និងធ្វើចម្ការវិលជុំលើដីចំនួន៤ហិកតា។ អវត្តមានបណ្ណកម្មសិទ្ធិដីសមូហភាពបានធ្វើឱ្យដីងាយរងគ្រោះ​ដោយបុគ្គលផ្សេងចូលមកកាន់កាប់ និងគ្មានមូលដ្ឋានច្បាប់ដើម្បីការពារប្រឆាំងនឹងការកាប់ឈើ​​ លើដីទាំងនោះទៀតផង។

លោក ញាស់ ព្វើង បាននិយាយថា៖ «បញ្ហាប្រឈមដ៏ធំបំផុតរបស់យើងគឺការមិនទាន់មានបណ្ណកម្មសិទ្ធិដីសមូហភាព ដែលធ្វើឱ្យជនខាងក្រៅទន្ទ្រានយកដីរបស់យើងបាន»។

សំណើដីបម្រុងព្រៃឈើប្រមាណ ១ ៩០០ ហិកតាសម្រាប់សហគមន៍ស្ថិតនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ដែលត្រូវបានរាយការណ៍ថារដ្ឋាភិបាលមានគម្រោងសាងសង់មូលដ្ឋានយោធាថ្មីមួយនៅទីនោះ។ អស់ជាច្រើនជំនាន់មកហើយ សហគមន៍នេះពឹងផ្អែកលើការរកអនុផល និងធនធានព្រៃឈើ ដូចជាផ្សិត ជ័រច្បោះ ទំពាំងព្រិច កន្លែងឃ្វាលសត្វគោក្របី និងប្រាក់ចំណូលផ្សេងទៀតពីព្រៃឈើ។

សហគមន៍ទើបតែដឹងពីគម្រោងមូលដ្ឋានយោធានេះនៅខែកក្កដា ឆ្នាំ២០២៥ នៅពេលដែលសមាជិកម្នាក់បានចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន។ ដោយមានការព្រួយបារម្ភ អ្នកស្រុកបានធ្វើការតវ៉ា និងបានដាក់ញត្តិទាមទារឱ្យផ្លាស់ប្តូរទីតាំងគម្រោងនៅខែសីហា។

លោក ញាស់ ព្វើង ប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិអន្ត្រេះ ពិនិត្យឯកសារទាក់ទងនឹងដំណើរការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាពនៅភូមិអន្ត្រេះ ឃុំអបួនលើ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)

អ្នកភូមិប្រមាណ ៨០ នាក់បានផ្តល់ស្នាមមេដៃគាំទ្រញត្តិនេះ។ អាជ្ញាធរបានសន្យាដោយផ្ទាល់មាត់ថានឹងផ្លាស់ប្តូរមូលដ្ឋានទ័ពទៅភាគខាងជើងនៃផ្លូវជាតិលេខ ៧៦​ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក។ ទោះជាយ៉ាងណា គ្មានឯកសារផ្លូវការណាត្រូវបានចេញផ្សាយទេ ដែលបានបង្កើនការសង្ស័យបន្ថែមទៀត។

លោក ព្វើង បាននិយាយថា៖ «មិនមែនថាយើងមិនទុកចិត្តអាជ្ញធរទេ។ លុះត្រាពួកគេ [រដ្ឋាភិបាល] បាននិយាយថានឹងផ្លាស់ប្តូរហើយ ឱ្យទៅតាមដូចគាត់និយាយចឹង។ គាត់ថាផ្លាស់ប្តូរនៅចំណុចនេះហើយ ទាល់តែសាងសង់រៀបចំធ្វើអីៗ មូលដ្ឋានទ័ពអីណឹង​(នៅខាងជើងផ្លូវ)  ឃើញហ្នឹងថាផ្លាស់ប្តូរមែន ជួនកាលគាត់ផ្លាស់ប្តូរតែមាត់ ប៉ុន្តែនៅតែធ្វើកន្លែងចាស់ដដែល។ នេះជាក្តីបារម្ភរបស់យើងដែរកន្លែងចំណុចហ្នឹង»។

លោកបន្តថា៖ «ប្រសិនបើពួកគេសាងសង់មូលដ្ឋានទ័ពនៅទីនោះ ស្ត្រី និងក្មេងៗនឹងមិនហ៊ានចូលទៅក្នុងព្រៃដើម្បីប្រមូលផលអនុផលព្រៃឈើទេ។​ទ័ពមិនថាអាក្រក់ទេ ប៉ុន្តែទ័ពវាមានល្អមានអាក្រក់។ យើងមិនប្រឆាំងនឹងការអភិវឌ្ឍទេ ប៉ុន្តែយើងចង់ឱ្យវាឆ្ងាយពីដីបម្រុងទុករបស់យើង»។

សហគមន៍ជនជាតិដើមភាគតិចភូមិអន្ត្រេះមានប្រជាជន ២៣៩ នាក់ ក្នុងនោះមានស្ត្រី និងកុមារ ១៥០ នាក់។ លោក ព្វើង បាននិយាយថា បើមិនទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពទេ ពួកគេខ្លាចថាគម្រោងរបស់រដ្ឋ និងការចូលទន្រ្ទានពីបុគ្គលផ្សេងនឹងបំផ្លាញសិទ្ធិដូនតារបស់ពួកគេ។​

មន្ត្រីឃុំ និងភូមិបានបញ្ជាក់ថាគម្រោងមូលដ្ឋានយោធាអាចនឹងប៉ះពាល់ដល់ដីសហគមន៍ ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់បាន «សម្រេចផ្លាស់ប្តូរទៅភាគខាងជើង» ទល់មុខនឹងដីព្រៃបម្រុងរបស់សហគមន៍ហើយ។

លោក ហាន សុខន មេឃុំអបួនលើ និងជាសមាជិកគណៈកម្មការផែនការមូលដ្ឋានទ័ព បាននិយាយថា៖ «​ពាក់ព័ន្ធដីហ្នឹងមុនដំបូងគ្រាន់តែគេគ្រោងទេ ប៉ុន្តែឥឡូវយើងបង្វែរចេញពីដីហ្នឹងហើយ (គម្រោងសាងសង់មូលដ្ឋានយោធា)​ អត់មានពាក់ពន្ធដីសហគមន៍ទៀតទេ។ យើងបានបង្វែរទៅខាងជើងនៅក្នុងដីបរិស្ថាន។ អ៊ីចឹងវានឹងមិនប៉ះពាល់ដល់ដីសហគមន៍ទេ»។

លោក សុខន បានបញ្ជាក់ថាការស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាពបានជាប់គាំង ព្រោះដីសហគមន៍ស្ថិតនៅក្នុងតំបន់ដីការពារធនធានធម្មជាតិ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។

លោកបានពន្យល់ថា៖ «វា[បណ្ណកម្មសិទ្ធិដីសមូហភាព] ប្រហែលជាមិនបានទេយ៉ាងតាមគិតលមើលទៅ ព្រោះ ដោយសារយើងជាន់លើដីតំបន់ការពារធនធានធម្មជាតិចឹង»។

យោងតាមមេឃុំរូបនេះ បន្ទាប់ពីនាយកដ្ឋានរៀបចំដែនដីបានវាស់វែងដី មន្ទីរបរិស្ថានខេត្តបាន «បដិសេធ» សំណើនេះ ដោយហេតុថាដីនេះស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ។

ប្រធានសហគមន៍អន្ត្រេះបង្ហាញឯកសារផ្លូវការដែលទទួលស្គាល់សហគមន៍ជនជាតិដើមភាគតិច ចេញដោយក្រសួងមហាផ្ទៃ នៅភូមិអន្ត្រេះ ឃុំអរបួនលើ។​ រូបភាពថត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)

មិនអាចរស់បានដោយគ្មានដី

លោក គង់ សុធា មេភូមិអន្ត្រេះ បាននិយាយថាគម្រោងសាងសង់មូលដ្ឋានយោធាលើផ្ទៃដីប្រមាណ ៣៧ ហិកតាត្រូវបានពិនិត្យឡើងវិញដោយបញ្ជាការដ្ឋានសឹករងខេត្តមណ្ឌលគិរីក្នុងពេលថ្មីៗនេះ ប៉ុន្តែលោកមិនដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេ។

នៅថ្ងៃទី១២ ខែសីហា សហគមន៍បានស្នើសុំអាជ្ញាធរស្រុកឱ្យផ្លាស់ប្តូរទីតាំងគម្រោងមូលដ្ឋានទ័ព ដោយអះអាងថាដីព្រៃនៅក្នុងសំណើនេះត្រូវបានវាស់វែងសម្រាប់ការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាពរួចហើយ។ ពួកគេបានសម្តែងការព្រួយបារម្ភថាការបំផ្ទុះនានា​អំឡុងពេលហ្វឹកហាត់យោធាអាចបំភ័យអ្នកស្រុក និងប៉ះពាល់ដល់ឃ្វាលសត្វគោក្របីរបស់ពួកគេ។

ទោះជាយ៉ាងណា អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង បានប្រាប់ខេមបូចា យ៉ាងខ្លីថា៖ «ដីសហគមន៍ជារបស់រដ្ឋ។ បើរដ្ឋត្រូវការហើយ ត្រូវតែបន្ត»។

(ស្លាកពណ៌ក្រហមរបស់ក្រសួងបរិស្ថាដែលឱ្យចូលរួមថែរក្សាព្រៃឈើ) ទីតាំងគម្រោងមូលដ្ឋានយោធាដែលអាជ្ញាធរមូលដ្ឋានបាននិយាយដោយផ្ទាល់មាត់ថានឹងត្រូវផ្លាស់ប្តូរទីតាំងបន្ទាប់ពីការដាក់ញត្តិរបស់អ្នកស្រុក។ មូលដ្ឋាននេះនឹងត្រូវផ្លាស់ទៅភាគខាងជើងនៃផ្លូវជាតិលេខ ៧៦ ទល់មុខនឹងដីបម្រុងរបស់សហគមន៍។ រូបភាពថតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)

គង់ គា ដែលជាអ្នកស្រុកម្នាក់ទៀត ដែលមិនយល់ស្របនឹងការសាងសង់មូលដ្ឋានយោធានេះ ព្រោះវានឹងប៉ះពាល់ដល់ដីបម្រុងព្រៃសហគមន៍។

អ្នកស្រីបាននិយាយថា៖ «សហគមន៍របស់យើងបានតវ៉ាមិនចង់ឱ្យមានមូលដ្ឋានទ័ពហ្នឹង និងបានអំពាវនាវឱ្យផ្លាស់ប្តូរទីតាំងគម្រោង ព្រោះវាជិតពលរដ្ឋពេក ព្រោះយើងខ្លាច ក្នុងការយកសត្វគោក្របី របស់យើងទៅស៊ីស្មៅនៅទីនោះ ព្រោះមិនមែនទាហានទាំងអស់សុទ្ធតែល្អទាំងអស់នោះទេ ខ្លះមិនល្អ»។

អ្នកស្រីបន្តថា៖ «យើងចង់ការពារដីបម្រុងព្រៃសហគមន៍សម្រាប់​កូនចៅជនជាតិដើមភាគតិចពូនងជំនាន់ក្រោយរបស់យើង»។

អ្នកស្រីបាននិយាយថា មេភូមិបានជូនដំណឹងនៅថ្ងៃទី១២ ខែកញ្ញា ថាអាជ្ញាធរបានយល់ព្រមផ្លាស់ប្តូរមូលដ្ឋានទ័ពបន្ទាប់ពីពួកគេដាក់ញត្តិ។ ប៉ុន្តែ អ្នកស្រីមិនប្រាកដថារឿងនេះនឹងកើតឡើងទេ ព្រោះនៅមិនទាន់មានលិខិតផ្លូវការបញ្ជាក់ពីទីតាំងថ្មី។

អ្នកស្រី គង់ គា ដាំស្រូវលើដី ៣ហិកតា និងចម្ការវិលជុំ ១ហិកតា។ ក្រៅពីស្រូវ អ្នកស្រីក៏ដាំដំឡូងមី ចិញ្ចឹមគោ និងប្រមូលអនុព្រៃឈើ ដែលជាប្រភពចំណូលប្រពៃណីរបស់ជនជាតិដើមភាគតិច។

អ្នកស្រីបាននិយាយថា៖ «ដីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជនជាតិដើមភាគតិច។ បើគ្មានដីទេ តើយើងរស់នៅទីណា ឬធ្វើកសិកម្មផ្គត់ផ្គង់ជីវភាពយ៉ាងម៉េច?»។ អ្នកស្រីបានបន្តថា៖ «យើងស្នើឱ្យរដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធិដីសមូហភាពឱ្យបានឆាប់ ដើម្បីកុំឱ្យនរណាម្នាក់អាចប្លន់ដីរបស់យើងបាន»។

អ្នកស្រី គង់ គា ជនជាតិដើមភាគតិចពូនង នៅផ្ទះរបស់អ្នកស្រីនៅឃុំអបួនលើ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)

អ្នកស្រុកម្នាក់ទៀត អ្នកស្រី ផ្យូក ក្វឿត អាយុ ២៧ ឆ្នាំ បានគាំទ្រការមិនយល់ស្របនឹងគម្រោងមូលដ្ឋានយោធានេះ។ អ្នកស្រីបាននិយាយថា៖ «យើងមិនចង់ឱ្យពួកគេសាងសង់មូលដ្ឋានទ័ពទេ ព្រោះវានឹងប៉ះពាល់ដល់ដីសហគមន៍របស់យើង ហើយយើងនឹងបាត់បង់ការទទួលបានអនុផលព្រៃឈើ»។

អ្នកស្រី បានពន្យល់ថា ជនជាតិដើមភាគតិចពឹងផ្អែកលើដីសម្រាប់ដាំស្រូវ និងដំឡូងមី និងតំបន់បម្រុងព្រៃឈើដើម្បីប្រមូលផលិតផលដូចជា ទំពាំងព្រិច និងផ្សិត ដែលជួយទ្រទ្រង់ជីវភាពរបស់ពួកគេ។

អ្នកស្រីបាននិយាយថា៖ «បើគ្មានដីទេ យើងមិនអាចរស់បានទេ ព្រោះវាជាជីវិតរបស់យើង»។

អ្នកស្រីបន្តថា៖ «ពួកគេចង់យកដីនេះដើម្បីសាងសង់មូលដ្ឋានទ័ព ប៉ុន្តែយើងមិនយល់ព្រមទេ ព្រោះសហគមន៍របស់យើងត្រូវការដីនេះដើម្បីបន្តដល់ជំនាន់ក្រោយ។ យើងក៏ខ្លាចថាមូលដ្ឋានទ័ព និងគ្រាប់រំសេវអាចប៉ះពាល់ដល់សត្វគោក្របីរបស់យើង»។

អ្នកស្រីបានបន្ថែមថា ព្រៃអារក្សតំណាងឱ្យអត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិច ហើយបើបាត់បង់ទៅ ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគេក៏នឹងរលាយបាត់។

អ្នកស្រុកម្នាក់ទៀត អ្នកស្រី ស្រី ស្លៀ អាយុ ៣០ ឆ្នាំ បាននិយាយថា ដីបម្រុងព្រៃឈើមិនត្រឹមតែប្រើប្រាស់ដោយសហគមន៍អន្ត្រេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកភូមិផ្សេងទៀតក៏ប្រមូលអនុផលព្រៃឈើនៅទីនោះដែរ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនចង់ឱ្យពួកគេសាងសង់មូលដ្ឋានយោធានៅទីនោះទេ ព្រោះតំបន់នោះត្រូវបានប្រើសម្រាប់ឃ្វាលគោក្របី និងជាព្រៃអារក្សសម្រាប់ជនជាតិដើមភាគតិច»។

អ្នកស្រីបន្តថា៖ «ពួកគេគ្រាន់តែប្រកាសដោយផ្ទាល់មាត់ ប៉ុន្តែយើងជឿថាផែនការដើមអាចនៅតែមាន ព្រោះអាជ្ញាធរមិនដែលជូនដំណឹងជាផ្លូវការដល់អ្នកស្រុកអំពីមូលដ្ឋានយោធានេះទេ»។ អ្នកស្រីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធផ្លាស់ប្តូរគម្រោងនេះទៅឱ្យ «ឆ្ងាយ» ពីដីបម្រុងរបស់សហគមន៍។

អ្នកស្រី ស្រី ស្លៀ ជនជាតិដើមភាគតិចពូនងអាយុ ៣០ ឆ្នាំ នៅវាលស្រែដែលទើបព្រោះស្រូវរួចនៅ នៅភូមិអន្ត្រេះ ឃុំអបួនលើ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)

បណ្ណកម្មសិទ្ធិដីសមូហភាពស្ថិតក្នុងតំបន់អភិរក្ស

លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរី បានប្រាប់ខេមបូចាថា ក្រសួងបរិស្ថានបានបដិសេធសំណើសម្រាប់បណ្ណកម្មសិទ្ធិដីសមូហភាពនេះ ព្រោះវាស្ថិតនៅក្នុងតំបន់អភិរក្ស ដែល«មិនអាចផ្តល់កម្មសិទ្ធិសមូហភាពបាន»។

លោកបាននិយាយថា៖ «ក្រសួងមិនអនុញ្ញាតឱ្យចេញបណ្ណកម្មសិទ្ធិដីសមូហភាព​នៅក្នុងតំបន់អភិរក្ស និងតំបន់ស្នូលទេហាមដាច់ខាត»។ លោកបន្ថែមថា ទោះបីជាបណ្ណខ្លះអាចត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់តំបន់ចីរភាព នៅក្នុងតំបន់ការពារក៏ដោយ ក៏វានៅតែចាត់ទុកជាដីរបស់រដ្ឋ។

លោកបានពន្យល់ថា៖ «មែនទែនទៅគេកំហិតលើការប្រើប្រាស់ដី ហើថាចេញប្លង់
កម្មសិទ្ធិដីសមូហភាពគេអត់ចេញទេ។ ទោះបីជាចេញទៅវានៅតែជាដីរបស់រដ្ឋដដែល​ ប្លង់ហ្នឹង
»។

បន្ទាប់ពីពិនិត្យឯកសារដើម្បីកំណត់ថាតើផ្នែកណាមួយនៃដីស្នើសុំដែលនៅក្រៅតំបន់អភិរក្សអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បណ្ណកម្មសិទ្ធិដីសមូហភាព លោកបានបញ្ជាក់ថាគម្រោងមូលដ្ឋានយោធាប៉ះពាល់ជាមួយដីស្នើសុំរបស់សហគមន៍ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត។ លោកបាននិយាយថា៖ «យើងអត់ដឹងទេការងារលាក់ការកងទ័ង យើងមិនអាចនិយាយបានទេ»។

ទីស្នាក់ការត្រពាំងត្រាច ក្នុងដែនជម្រកសត្វព្រៃស្រែពក នៅតាមបណ្តោយផ្លូវជាតិលេខ ៧៦ ក្នុងស្រុកកោះញែក។ រូបភាពថតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)

ផ្ទុយទៅវិញ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិយាយថា សំណើបណ្ណកម្មសិទ្ធិដីសមូហភាពកំពុង «ស្ថិតក្នុងការដំណើរការ» ដោយអាជ្ញាធរ រៀបចំដែនដីខេត្ត ដូច្នេះ «នៅមិនទាន់បញ្ចប់នៅឡើយទេ»។

លោកបាននិយាយថា៖ «ការសម្រេចចិត្តចុងក្រោយស្ថិតនៅលើក្រសួងបរិស្ថាន»។ លោកបានកត់សម្គាល់ថា ដីស្នើសុំស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

លោកបានបន្ថែមថា៖«យើងមិនទាន់ដឹងទេ ព្រោះសំណើនេះនៅតែស្ថិតក្នុងដំណើរការនីតិវិធីមន្ទីរដែនដី។ ប្រសិនបើដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ក្រសួងនឹងធ្វើការសម្រេចចិត្តចុងក្រោយ»។

នៅពេលអ្នកយកព័ត៌មានសួរថាតើផែនការមូលដ្ឋានទ័ពនឹងត្រូវបានកែសម្រួលឬអត់ លោក ប៊ុនធឿន បានឆ្លើយថា៖ «ដឹងតើស អាហ្នឹង តែនេះគ្រាន់តែស្នើទេ មិនទាន់សម្រេចឯកភាពឱ្យឬមិនឱ្យទេ។ ដូចខ្ញុំបញ្ជាក់ចឹងការសម្រេចចុងក្រោយរបស់ក្រសួងសាមី»។

លោក សាន គឹមអឿន មេបញ្ជាការសឹករងខេត្តមណ្ឌលគិរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈលោក ធី ឆៃវិន​ មេបញ្ជាការរង បានបង្វែរឱ្យអ្នកសារព័ត៌មានសួរទៅថ្នាក់ដឹកនាំជាន់ខ្ពស់កម្រិតជាតិវិញ។ លោកបាននិយាយថា៖ «ខ្ញុំមិនអាចផ្តល់ព័ត៌មានណាមួយជូនបានទេ។ សូមទាក់ទងថ្នាក់ដឹកនាំជាន់ខ្ពស់ទាក់ទងនឹងបញ្ហានេះ [មូលដ្ឋានទ័ព]»។

នៅខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានប្រកាសផែនការរួមបញ្ចូល ច្រករបៀងជីវចម្រុះនៅក្នុងតំបន់ការពារយ៉ាងហោចណាស់ ១៥កន្លែង។ ដីព្រៃជាង ៧៥០,០០០ ហិកតានៅទូទាំង ១៣ខេត្ត ត្រូវបានបម្លែងទៅជាតំបន់ការពារ។

រូបភាពពីផ្កាយរណប និងសក្ខីកម្មពីអ្នកស្រុកនៅតំបន់ដែលបានចាត់ថ្នាក់ឡើងវិញ​បានប្រាប់ខេមបូចាថា «ច្រករបៀងជីវចម្រុះ» មានដីកសិកម្ម និងសហគមន៍រួចហើយ ព្រមទាំងមានដីសម្បទានសេដ្ឋកិច្ច និងសង្គមផងដែរ។

ប្រធានសហគមន៍អន្ត្រេះបង្ហាញផែនទីដីសហគមន៍ប្រមាណ ៤ ០០០ ហិកតា រួមទាំងដីកសិកម្ម ដីចម្ការវិលជុំ និងតំបន់បម្រុងព្រៃឈើនៅភូមិអន្ត្រេះ ឃុំអបួនលើ។ រូបភាពថតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ឃួន ណារីម)

ស្ថានភាពបណ្ណកម្មសិទ្ធិដីសមូហភាពនៅកម្ពុជា

គិតត្រឹមខែសីហា ឆ្នាំ២០២៥ សហគមន៍ជនជាតិដើមភាគតិចចំនួន ៤៣ ឬ ៨.៨% ក្នុងចំណោម ៤៨៨ នៅកម្ពុជាបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាព ប៉ុន្តែនេះបង្ហាញពីគម្លាតរវាងគោលដៅរបស់រដ្ឋាភិបាលក្នុងការចេញបណ្ណ ១០ ក្នុងមួយឆ្នាំ និងស្ថានភាពជាក់ស្តែងនៅលើដី។ នេះបើតាម នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក សេង សុវឌ្ឍនា។

រដ្ឋាភិបាលបានកំណត់គោលដៅចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន១៣០ ពីឆ្នាំ ២០១១ ដល់ឆ្នាំ២០២៤ ប៉ុន្តែចំនួនជាក់ស្តែងនៅឆ្ងាយពីគោលដៅនេះ។ លោក សេង សុវឌ្ឍនា បាននិយាយថា៖ «នេះជាក្តីបារម្ភ ដោយសារចំនួនបណ្ណកម្មសិទ្ធិដីសមូហភាព​ដែលបានផ្តល់ឱ្យមានចំនួនតិចតួច [ក្នុងឆ្នាំទាំងនោះ] ហើយចន្លោះខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ បណ្ណអត់បានចេញមួយសោះ»។

លោកបាននិយាយថា កម្ពុជាជួបនឹងបញ្ហាប្រឈមយ៉ាងសំខាន់​ក្នុងការអនុវត្តកាតព្វកិច្ចឱ្យបានពេញលេញ ដែលមូលហេតុជាចម្បងដោយសារកង្វះឆន្ទៈនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចលើសលុប។ ជនជាតិដើមភាគតិចនៅកម្ពុជានៅតែបន្តត្រូវបានបណ្តេញចេញ មិនមានការទទួលស្គាល់ និងការការពារស្របច្បាប់លើដីធ្លីរបស់ពួកគេ និងត្រូវបានដកចេញពីការសម្រេចចិត្តទាក់ទងនឹងទឹកដីដូនតារបស់ពួកគេ។

លោកបាននិយាយថា៖ «មានតែសហគមន៍ជនជាតិដើមភាគតិចមួយចំនួនតូចប៉ុណ្ណោះដែលទទួលបាន​បណ្ណកម្មសិទ្ធិដីសមូហភាព ដែលធ្វើឱ្យសហគមន៍ជាច្រើនងាយរងគ្រោះ​ពីការបណ្តេញចេញ និងត្រូវបានដកចេញពីការសម្រេចចិត្ត»។ ការកំណត់តំបន់ការពារ និងសម្បទានដីសេដ្ឋកិច្ចប៉ះពាល់ដល់ទឹកដីជនជាតិដើមភាគតិចដោយគ្មាន​ការពិគ្រោះយោបល់ត្រឹមត្រូវ ដែលបង្កឱ្យមានជម្លោះ និងការរំលោភសិទ្ធិ។

លោក សុវឌ្ឍនា បានបន្តថា បណ្ណកម្មសិទ្ធិដីសមូហភាពទទួលស្គាល់ជាផ្លូវការនូវកម្មសិទ្ធិ និងការគ្រប់គ្រងរួមគ្នារបស់ជនជាតិដើមភាគតិចលើដីដូនតារបស់ពួកគេ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ ខាងវិញ្ញាណ និងសហគមន៍របស់ពួកគេបានប្រសើរជាងបណ្ណកម្មសិទ្ធិបុគ្គល។

បណ្ណកម្មសិទ្ធិដីសមូហភាពផ្តល់ការការពារស្របច្បាប់ប្រឆាំងនឹងការប្លន់ដី ការកាប់ឈើខុសច្បាប់ និងការអភិវឌ្ឍន៍ដែលមិនចង់បាន ខណៈពេលដែលការពារទំនៀមទម្លាប់ ជីវភាព និងរចនាសម្ព័ន្ធសង្គម។

បណ្ណទាំងនេះក៏ផ្តល់នូវប្រព័ន្ធកម្មសិទ្ធិប្រកបដោយស្ថិរភាពដែលស្របនឹងសេចក្តីប្រាថ្នារបស់ជនជាតិដើមភាគតិច កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងការពារការបាត់បង់ដីតាមរយៈការលក់ឱ្យបុគ្គល។ ទោះបីជាមានបញ្ហាប្រឈមក្នុងដំណើរការក៏ដោយ ការជួយសម្រួល និងជំរុញការចេញបណ្ណកម្មសិទ្ធិដីសមូហភាពគឺចាំបាច់សម្រាប់ការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច និងការការពារដីរបស់ពួកគេ។

ទាក់ទងនឹងផលប៉ះពាល់របស់មូលដ្ឋានយោធាលើតំបន់ស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាព លោក សុវឌ្ឍនា បាននិយាយថា ​វាឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋាភិបាលដែល «ហាក់ដូចជាពេញចិត្តនឹងផលប្រយោជន៍យុទ្ធសាស្ត្រ ឬយោធា» ជាជាងសិទ្ធិដីធ្លីជនជាតិដើមភាគតិច។ គម្រោងមូលដ្ឋានយោធាសាងសង់នៅលើដីដែលជនជាតិដើមភាគតិចដាក់សំណើសម្រាប់ការទទួលស្គាល់ភាពស្របច្បាប់បង្ហាញថា សន្តិសុខជាតិ និងការគ្រប់គ្រងយោធាមានអាទិភាពជាងផលប្រយោជន៍របស់ជនជាតិដើមភាគតិច។

រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ឈុំ សុជាតិ និងអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា មិនបានឆ្លើយតបសំណើរសុំការពន្យល់ជុំវិញបញ្ហានេះទេ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង  ឡូត និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា​​ អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Planned Military Base Risks Eroding Bunong Community’s Customs, Tradition in Mondulkiri

ព័ត៌មានថ្មី

អត្ថបទពេញនិយម