សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក លី សាម៉េត អតីតទីប្រឹក្សារបស់ថ្នាក់ដឹកនាំកំពូល

លោក លី សាម៉េត បង្ហោះរូបថតនៅលើហ្វេសប៊ុករបស់គាត់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
លោក លី សាម៉េត បង្ហោះរូបថតនៅលើហ្វេសប៊ុករបស់គាត់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

ធ្វើបច្ចុប្បន្នភាពព័ត៌មាន(ថ្ងៃពុធ ទី៦ ខែវិច្ឆិកា)៖ សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ លោក លី សាម៉េត អតីតទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពីបទឆបោក និងសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ មុនពេលចាប់ខ្លួនថ្ងៃទី៤ ខែវិច្ឆិកា លោកបានចេញវីដេអូសារភាពកំហុសរបស់ខ្លួន និងសុំទោស។

យោងតាមដីកាសម្រេចឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក លី សាម៉េត អតីតទីប្រឹក្សាលោកប្រធានព្រឹទ្ធសភា ហ៊ុន សែន ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទឆបោក និងសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា លោក សាម៉េត ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បញ្ជូន​មក​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ វិច្ឆិកា ។

លោក វិច្ឆិកា បានប្រាប់ ខេមបូចា ថា ការចាប់ខ្លួននេះធ្វើឡើងតាមនីតិវិធីច្បាប់ ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី។

លោក វិច្ឆិកា ថ្លែងថា៖ «យប់មិញយើងនាំខ្លួនគាត់ពីខេត្តព្រះសីហនុមកស្នងការនគរបាលភ្នំពេញ ដើម្បីអនុវត្តតាមកិច្ចការងារ ហើយសមត្ថិកិច្ចកំពុងធ្វើការ»

លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនមានការឆ្លើយតបជាមួយអ្នកសារព័ត៌មានខេមបូចា ទាំងការហៅតាមទូរសព្ទ និងដាក់សំនួរតាមតេឡេក្រាម​ កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ 

បើតាម Freshnews លោក សាម៉េត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

លោក សាម៉េត ត្រូវ​បាន​គេ​ចោទ​ថា ​រត់​គេច​អស់​រយៈ​​ជាង​បី​សប្តាហ៍ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា លោក​បាន​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន ចំពោះ​ការ​ប្រើ​ឈ្មោះ​មេដឹកនាំ​​ដើម្បី​បោកប្រាស់​អ្នក​ដទៃ​ជា​ច្រើន​ដង។

ក្នុង​វីដេអូ​សុំទោស លោក សាម៉េត បាន​ទទួល​ស្គាល់​ថា រឿង​ដែល​លោក ហ៊ុន សែន បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​គឺ «ពិត​ទាំង​ស្រុង»

លោកនិយាយថា៖​ «ខ្ញុំបាទបានយកឈ្មោះសម្តេចទៅប្រើដើម្បីយកលុយគេនេះជារឿងពិតហើយក៏មិនមែនជាលើកទីមួយដែលមិនតែប៉ុណ្ណោះ​ថាថវិការលុយទាំងអស់នោះយកទៅជូនសម្តេចទៀត នេះសុទ្ធជារឿងខ្ញុំបាទប្រឌិត»

ភ្លាមៗបន្ទាប់ពីចេញវីដេអូរបស់លោក សាម៉េត លោក ហ៊ុន សែន បានស្នើសុំឱ្យអាជ្ញាធរចាប់ខ្លួនលោក សាម៉េត បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ ទោះបីជាលោក សាម៉េត បានស្នើសុំការព្យាបាលនៅផ្ទះមុននឹងឡើងតុលាការក៏ដោយ។

លោក សាម៉េត បាន​និយាយ​ថា គាត់​មាន​ជំងឺ ហើយ​កំពុង​ស្នាក់​នៅ​ផ្ទះ​កូន​គាត់។ គាត់​មាន​ជំងឺ​ទឹកនោមផ្អែម និង​ឈឺ​ក្រពះ ប៉ុន្តែ​បញ្ហា​ចម្បង ​គឺ​ជំងឺ​ទឹកនោមប្រៃ ដែល​បណ្តាល​ឱ្យ​ហើម​ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឱ្យ​គាត់​ដើរ​មិន​បាន ។

លោក​សុំ​ពេល​បន្តិច​ទៀត​ដើម្បី​សង្គ្រោះ និង​សន្យា​សារភាព​ចំពោះ​មុខ​អាជ្ញាធរ និង​តុលាការ​តាម​ច្បាប់។ គាត់​បាន​ធានា​ថា​គាត់ថា៖ «​សុំពេល​ខ្លី​ មិនសុំពេល​យូរ​ទេ ហើយ​ខ្ញុំបាទ​មិន​​​រត់​ទៅណា​ទេ​»​។

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ថា លោក សាម៉េត បានប្រើឈ្មោះរបស់លោក ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។ លោក ហ៊ុន សែន ស្នើ​ឱ្យ​តុលាការ​ចេញដីកាការពារ​ទ្រព្យសម្បត្តិ​លោក សាម៉េត និង​បញ្ជា​ឱ្យលោក គី តិច ប្រធាន​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ កត់ត្រា​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​។

មួយ​ថ្ងៃ​ក្រោយ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម ប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​លោក សាម៉េត ក្នុង​ខណ្ឌ​ឬស្សីកែវ ប៉ុន្តែ​រក​មិន​ឃើញ។

លោក គី តិច ដែលជាប្រធានក្រុមមេធាវីរដ្ឋាភិបាលដែលបង្កើតដោយលោក ហ៊ុន សែន បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលោក សាម៉េត ដោយលោកថ្លែងថា៖ «សុំរក្សាការសម្ងាត់ ក្នុងវិជ្ជាជីវៈ»

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានប្រាប់ ខេមបូចា ថា ករណីលោក សាម៉េត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច ហើយពួកគេនឹងបញ្ជាក់ថាតើវាពាក់ព័ន្ធអំពើពុករលួយដែរឬទេ។ ACU នឹង​ធ្វើ​ការ​លើ​ករណី​នេះ។

លោក ច័ន្ទវិចិត្រ ថ្លែងថា៖ «ករណីនេះមិនទាន់ស្ថិតក្រោមការតាមដានរបស់យើងនៅឡើយទេ។ ពួកយើងកំពុងតែប្រមូលព័ត៌មាន ហើយនៅពេលនេះប៉ូលិសកំពុងធ្វើការ»

សូមរំលឹកថា អភិបាលស្រុកល្វាឯម លោក កន សុខកាយ បានផ្តល់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ ដល់លោក សាម៉េត ដើម្បីក្លាយជាអភិបាលក្រុង។

បន្ទាប់ពីករណីនេះផ្ទុះឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យបញ្ចប់លោក សុខ កាយ ជាអភិបាលស្រុកល្វាឯម ពីបទប្រព្រឹត្ត «អំពើអសីលធម៌ធ្ងន់ធ្ងរ» ផ្ទុយនឹងច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលកម្ពុជា។

ជាមួយគ្នានេះ លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍បន្ថែមនៅថ្ងៃទី៤ ខែវិច្ឆិកា ដោយបញ្ជាក់ថា វីដេអូសុំទោស និងចម្លើយសារភាពមួយនេះ លី សាម៉េត ត្រូវរួចខ្លួន​នោះទេ ។ លោក ហ៊ុន សែន បាន​ថ្លែង​បន្តថា អតីត​ជំនួយការ​របស់​លោក ដួង តារា ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ ដោយ​រង់ចាំ​ការ​កាត់​ក្តី​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ពាក់ព័ន្ធ​នឹង​លោក សាម៉េត។ ដារ៉ា ត្រូវ​បាន​គេ​ដាក់​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​កាត់​ថា PJ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក។

លោក ហ៊ុន សែន ថ្លែងថា៖ «​សូមសមត្ថកិច្ច​ដែលជានរគបាល  ឬ​កង​រាជ​អាវុធ​ហត្ថ ទៅ​នាំខ្លួន​ លី សាម៉េត បញ្ជូនទៅ​តុលាការ​ដើម្បី​កាត់ទោស​តាម​ច្បាប់។ ខ្ញុំ​សង្ឃឹម​ថា​ សមត្ថកិច្ច​មិន​បន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»

គណបក្សប្រជាជនកម្ពុជាបានតែងតាំងលោក សាម៉េត ជាទីប្រឹក្សាលោក ហ៊ុន សែន នៅឆ្នាំ២០២២។ ការសម្រេចតែងតាំងនេះធ្វើឡើងតាមសំណើរបស់គណបក្ស និងការយល់ឃើញរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងពីសុភាសិតខ្មែរមួយថា៖ «បើបំបោសផ្ទះគេ បំបោសពីលើមក» ពាក់ព័ន្ធនឹងករណីរបស់លោក សាម៉េត ដែលបង្ហាញពីការពិនិត្យរបស់​រដ្ឋាភិបាល​លើជំនួយការថ្នាក់ដឹកនាំជាន់ខ្ពស់។

លោកបានបន្ថែមថា ករណីនេះបានបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការដោះស្រាយការរំលោភអំណាច និងធ្វើឱ្យមេដឹកនាំទទួលខុសត្រូវ ជាពិសេសនៅពេលដែលវិធានការដែលមានស្រាប់ក្នុងការទប់ស្កាត់ការរំលោភបំពានបែបនេះអវត្តមាន។

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TIC) មានប្រសាសន៍ថា ទិដ្ឋភាពសំខាន់បំផុតនៃសំណុំរឿងនេះគឺការអនុវត្តប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងជនសង្ស័យ ដើម្បីវែកមុខការពិត និងប្រមូលភស្តុតាងប្រឆាំងនឹងពួកគេ។

ទោះជាយ៉ាងនេះក្តី លោក ពិសី បានកត់សម្គាល់ថា សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសកម្ពុជានៅតែរងផលប៉ះពាល់ពីអំពើពុករលួយធ្ងន់ធ្ងរ ដូចដែលបានបង្ហាញដោយចំណាត់ថ្នាក់ទាប។ លោកបន្តថា៖ «យើងមានតែ ២២ លើ១០០ពិន្ទុទេ។ សូន្យមានន័យថាពុករលួយខ្លាំងបំផុត ចំណែក១០០ មានន័យថាស្អាតស្អំ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Arrest Ly Sameth Who Was In Hiding, Currently Questioned in Phnom Penh Municipal Court 

1,576 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម