សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការស៊ើបអង្កេតបឋមរកឃើញថា ​ជម្លោះព្រំដែនមានប្រើ​«ផ្សែង​ពុល​» ជំរុញឱ្យមានការឆ្លើយតបបន្ទាន់​

សញ្ញាហាមឃាត់​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ហាមប្រជាពល​រដ្ឋ​ចុះ​ហែលទឹកស្រះដោយបារម្ភថាមានជាតិពុល​។ រូបភាព​ថតកាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាព៖ អង្គការសម្ព័ន្ធការពារសិទ្ធិមនុស្ស​កម្ពុជា​​ ហៅ​កាត់ថា CHRAC)
សញ្ញាហាមឃាត់​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ហាមប្រជាពល​រដ្ឋ​ចុះ​ហែលទឹកស្រះដោយបារម្ភថាមានជាតិពុល​។ រូបភាព​ថតកាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាព៖ អង្គការសម្ព័ន្ធការពារសិទ្ធិមនុស្ស​កម្ពុជា​​ ហៅ​កាត់ថា CHRAC)

សម្ព័ន្ធអង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ដែល​មាន​សមាជិក​ចំនួន​ប្រាំពីរ​ស្ថាប័ន​បាន​ចេញ​របាយការណ៍​បឋម​របស់​ខ្លួន​​ក្រោយ​ពី​បានធ្វើការ​សិក្សា​រហ័ស​មួយ​។ ការ​សិក្សានេះ​បាន​បង្ហាញ​ពី​កង្វល់​ដែល​ថា​អាចមាន​ការ​ប្រើ​ប្រាស់​ផ្សែង​គីមី​អំឡុង​ពេលប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែនកម្ពុជា-ថៃ​ នាពេល​កន្លង​មក​។ ​អង្គការ​ទាំង​នោះបានលើកឡើងពី​ផល​វិបាក​ធ្ងន់​ធ្ងរ​លើ​សុខភាព​មនុស្ស បរិស្ថាន និង​ស្ថិរភាព​តំបន់​។​​

ការ​សិក្សា​មួយ​នេះ​ធ្វើ​ឡើង​រយៈពេល​បួន​ថ្ងៃ ចាប់​ពី​ថ្ងៃទី​៥ដល់​ទី​៨ ខែកញ្ញា ក្នុង​ខេត្ត​ព្រះ​វិហារ ឧត្តរមានជ័យ និង​បន្ទាយ​មានជ័យ​ ដែល​ការ​សិក្សា​នេះ​ដឹក​នាំ​ដោយ​អង្គការសម្ព័ន្ធការពារសិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា​ CHRAC អង្គការ​ NGO Forum និង​អង្គការ​ប្រាំផ្សេង​ទៀត​។ អង្គការ​ទាំង​នេះ​បាន​លើក​ឡើងថា ​មាន​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​សារធាតុគីមីគ្រោះ​ថ្នាក់​​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ជម្លោះ​ព្រំដែន​កន្លង​មក​នេះ។​

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រុមអង្គការ​ទាំង​នេះ​និយាយ​ថា ​ទាហាន និង​អ្នក​ភូមិ ត្រូវ​បាន​រាយការណ៍​ថា​បាន​រង​ផល​ប៉ះពាល់​សុខភាព​ពី​ការបញ្ចេញ​ផ្សែង​ពុល​ពី​យន្ត​ហោះ និង​ដ្រូន ក្នុង​អំឡុង​ពេល​ប្រយុទ្ធគ្នា​ និង​ក្រោយ​បទ​ឈប់​បាញ់​។ អ្នក​ដែល​ប៉ះពាល់​ផ្សែង​ពុល​នេះ​មាន​អាការៈ​ពិបាក​ដក​ដង្ហើម ឈឺក ខ្សោយ ឈឺក្បាល និង​អាច​ធ្វើ​ឲ្យ​ខូច​សួត​ផង​ដែរ​។​ បើ​តាម​កំណត់​ត្រា​វេជ្ជសាស្រ្ត គឺ​បាន​បញ្ជាក់ថា​មាន​​ករណី​ខ្លះ​ក្នុង​ចំណោម​នេះ​។​

ប្រជា​ពល​រដ្ឋ​រស់​នៅ​ខេត្ត​ព្រះ​វិហារ និង​ឧត្តរមានជ័យ​ក៏​បាន​រាយការណ៍​ថាមាន​ការ​ងាប់​មាន់ទា ឆ្កែ ឆ្មា ជ្រូក ដោយសារបញ្ហា​ស្បែក​ធ្ងន់ធ្ងរ និង​ដើម​ឈើ​មួយ​ចំនួន​ប្រែ​ជា​ប្រផេះ និងក្រៀម​ស្វិត​។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ទៀតថា៖ «ប្រជាពល​រដ្ឋ​ដែល​បាន​ជម្លៀស​នាពេល​កន្លង​មក​បង្ហាញ​នូវ​ភាព​ស្ទាក់ស្ទើរ​ក្នុងការវិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយសារតែ​បញ្ហាគ្រាប់​មិន​ទាន់​ផ្ទុះ និង​បញ្ហា​ផ្សែងពុ​ល។ ប្រជាពល​រដ្ឋ​មួយ​ចំនួន​ទៀត​លើកឡើងថា​អ្នកប្រើប្រាស់ ឬ​ផឹក​ទឹក​ភ្លៀង​ដែល​ត្រង​ទុក ក៏​បង្កឲ្យ​មានអាការៈក្អួត​ចង្អោរ រមាស់ស្បែក និង​រាករូស ដែល​នេះ​បង្កឲ្យ​មាន​ការ​​ភ័យខ្លាច​ថាទឹក​នៅ​ក្នុង​បឹង ត្រពាំង និង​ប្រឡាយ​​ក្នុង​មូល​ដ្ឋាន​មានជាតិ​ពុល»។​

បណ្ដុំ​អង្គការ​ដដែល​បន្ថែម​ថាបញ្ហា​ទាំង​នេះ​បាន​បង្កជា​ «បញ្ហា​ផ្នែក​ផ្លូវ​ច្បាប់ និង​មនុស្ស​ធម៌ធ្ងន់ធ្ងរ»​ ក្រោមសន្ធិសញ្ញា​អន្តរជាតិ រួម​ទាំង​ពិធីសារទីក្រុងហ្សឺណែវ អនុសញ្ញាអាវុធគីមី និង​កិច្ចព្រម​ព្រៀង​ទីក្រុង​បារីស ដែល​ធានាពី​សុខសុវត្ថិភាព​របស់​បូរណភាព​ទឹកដី​កម្ពុជា​។​

សម្ព័ន្ធ​អង្គការ​ដដែល​បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ ​អាស៊ាន និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​​ការ​ប្រើ​ប្រាស់​សារធាតុគីមី ក្នុង​ន័យ​ការ​ពារ​អាយុជីវិត​ជនស៊ីវិល និង​ជំរុញ​ឲ្យ​មានការ​សិក្សា​ឯករាជ្យ​មួយ​អំពីសារធាតុគីមីពុល និង​ផល​ប៉ះពាល់​របស់​វា​។​

បន្ថែមពី​នេះសម្ព័ន្ធ​អង្គការ​មួយ​នេះ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​លើ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ និង​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ធានា​ពីការ​ទទួល​ខុស​ត្រូវ​តា​ម​ច្បាប់អន្តរជាតិ​។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ក៏បានលើកឡើង​ដែរថា៖ «យើងមានការព្រួយបារម្ភថា ភាពអសកម្ម ឬសកម្មភាពមានកម្រិតនឹងស្មើទៅ​នឹងការបរាជ័យក្នុងការទប់ស្កាត់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាពរបស់កម្ពុជា និងបង្កផលប៉ះពាល់ដល់បរិស្ថានរយៈពេលវែងជាមួយនឹងផលប៉ះពាល់ឆ្លងព្រំដែន ដែលជាគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក»​​។

លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC បាន​ប្រាប់ អ្នកសារព័ត៌​ខេមបូចា ថា ​អំឡុងពេល​សិក្សា អង្គការសម្ព័ន្ធ​បាន​សម្ភាស​អ្នកភូមិ និង​បាន​ប្រមូល​សំណាកទឹក និង​ស្លឹក​ឈើ សម្រាប់​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ ដោយ​បានកិច្ចសហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​នានា។ ចំពោះ​លទ្ធផល​លោក​ថានៅ​មិន​ទាន់​ចេញ​នៅ​ឡើយ​។

 លោក​ថា ​ផល​ប៉ះពាល់​ទំនង​ជា​មាន​ទំហំធំ​។​

លោក​ឱ្យដឹងថា៖ «ពេល​ពួកគាត់​ផឹក​ទឹក​ភ្លៀង ពួក​គាត់​ក្អួត រាក និង​មាន​បញ្ហា​ស្បែក ហើយ​សត្វចិញ្ចឹម​របស់ពួក​គាត់​ក៏​ងាប់​ ដូច​ជា​មាន់ ទា ជ្រូក ជា​ដើម​»។ លោក​បន្ត​ថា លោក​ក៏​បារម្ភ​​អំពី​ទឹក​ក្នុង​ប្រឡាយដែល​សហគមន៍ប្រើប្រាស់​សម្រាប់​ស្រោចដំណាំ​​ក៏​មាន​ជាតិ​ពុល​ដែរ​។​

លោក​កត់​សម្គាល់ថា ​ក្រ​សួង​បរិស្ថាន និង​អាជ្ញាធរ​មូល​ដ្ឋាន​ក៏​បាន​ប្រមូល​សំណាក​សម្រាប់​ធ្វើ​តេស្ត​ដូច​គ្នា​។​

លោកបន្ថែម​ថា៖ «បើសិនជា​ទឹក​បឹង​មាន​ជាតិ​ពុល រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​សញ្ញា​សម្គាល់ និង​ធ្វើ​របង​ការពារ​កុំ​ឲ្យ​ប្រជាពល​រដ្ឋ​​យក​ទឹក​នៅទី​នោះប្រើប្រាស់»។​

អ្នកភូមិនិងកុមារ នៅក្បែរព្រំដែនបានភៀសខ្លួនទៅកន្លែងសុវត្ថិភាពនៅខេត្តឧត្តរមានជ័យ ខណៈកងទ័ពកម្ពុជានិងថៃបន្តប៉ះទង្គិចគ្នា។ រូបថតថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកភូមិនិងកុមារ នៅក្បែរព្រំដែនបានភៀសខ្លួនទៅកន្លែងសុវត្ថិភាពនៅខេត្តឧត្តរមានជ័យ ខណៈកងទ័ពកម្ពុជានិងថៃបន្តប៉ះទង្គិចគ្នា។ រូបថតថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រជា​ពល​រដ្ឋ​ភៀស​សឹក​ពីតំបន់​ថ្មដូន ខេត្ត​ឧត្តរមាន​ជ័យ ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅវត្ត​គោកមន អ្នកស្រី គង់​ ចន្ថា បាន​ឲ្យ​ដឹង​ថា ផ្ទះ​អ្នកស្រី​ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រាប់​ផ្លោង​របស់​ថៃ​។ អ្នក​ស្រី​ថា​ អ្នកស្រីមាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ទេ​ពេល​វិល​ទៅ​​ភូមិជាមួយ​នឹង​អាជ្ញាធរ​​​វិញ។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​ពេល​ខ្ញុំ​ទៅ​ផ្ទះ​វិញម្ដងៗ ខ្ញុំ​តែងមានអារម្មណ៍​ថា​ឈឺ​ក្បាល ប៉ុន្តែ​ខ្ញុំ​មិនច្បាស់​ថា​មកពី​ផ្សែង​ពុល ​ឬ​យ៉ាងណា។ ខ្ញុំ​តែងតែមានអាការៈបែប​នេះពេល​ត្រឡប់ទៅ​ផ្ទះ​វិញ»។​

អាជ្ញាធរ​មូល​ដ្ឋាន​មិន​ទាន់អនុញ្ញាត​ឲ្យ​អ្នកស្រី​ត្រឡប់ទៅ​ផ្ទះ​វិញ​ទេ ដោយហេតុ​ថា​នៅ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្បែរ​ផ្ទះ​អ្នកស្រី​។​

អ្នកស្រី​បន្ថែម​ថា៖ «​ខ្ញុំ​ត្រូវ​ភ្លៀង​ពេល​ទៅ​ផ្ទះ​វិញ។ ខ្ញុំ​បាន​ក្អក​អស់​ពេល​ជិត​មួយ​ខែ និង​បានយក​ថ្នាំ​ដើម្បី​លេប​ពី​មណ្ឌលសុខភាព​ពីរ​ផ្សេង​គ្នា ក៏​នៅ​តែមិនបាន​ធូរ​ស្រាល​។ ខ្ញុំ​គិត​ថា ​ពេល​នោះ​ខ្ញុំ​រងផលប៉ះពាល់​ពី​ផ្សែង​ពុល​»។​

ចំណែក​អ្នកស្រី​ សាំង សុខា មកពីស្រុក​ជាំក្សាន្ត​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ពេល​ត្រឡប់ពី​ជំរំភៀសខ្លួន​ទៅ​ផ្ទះ​វិញ​កាលពី​ថ្ងៃទី​៨​ ខែសី​ហា​ អ្នកស្រី​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​បាន​ទទួល​សារតាម​ទូរសព្ទ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹក​ភ្លៀង ដូច​នេះ​ខ្ញុំ​បាន​ប្រើ​ទឹក​អណ្ដូង​។ ប៉ុន្តែ​ពេល​ខ្ញុំទៅ​ដល់​ផ្ទះ​ដំបូង ខ្ញុំមានអាការៈក្ដៅ​ខ្លួន​កន្លះខែ​»។​

អ្នកស្រីបានបញ្ជាក់ថា មាន់​របស់​អ្នក​ស្រី​​៧០​ក្បាល​ក៏​បាន​ងាប់អស់​ភ្លាមៗ​ក្រោយ​ត្រឡប់ទៅ​ផ្ទះ​វិញ​។​

អ្នកស្រី​បន្ត​ថា​៖ «នៅ​ថ្ងៃដែល​ខ្ញុំ​ត្រឡប់​ទៅ​វិញ ប្ដី​របស់​ខ្ញុំ​បាន​ទៅ​ស្រែ និង​បានឃើញ​ត្រី​ងាប់អណ្តែតពេញ​ទឹក។ ខ្ញុំ​ឲ្យ​គាត់​យក​ត្រីទាំងនោះ​មក​ផ្ទះ​ដើម្បី​ធ្វើ​ប្រហុក ប៉ុន្តែ​គាត់​មិនព្រម ដោយថា​ត្រីទាំង​នោះ​ប្រហែល​ជា​ងាប់​​ដោយ​សារ​ជាតិ​គីមី​ពុល»។​

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះវិហារ លោក គឹម ចាន់បញ្ញា ប្រាប់ អ្នកសារព័តមានខេមបូចា ថា ​ក្រ​សួង​បរិស្ថាន ក្រសួង​សុខាភិបាល និង​ក្រសួងការពារជាតិ ​បាន​​ប្រមូល​សំណាកទឹក សម្រាប់​​ធ្វើ​តេស្ត ប៉ុន្តែ​លទ្ធផល​នៅ​មិន​ទាន់​ចេញ​នៅ​ឡើយ។ លោក​បង្វែរសំនួរ​ផ្សេងទៀត​ទៅ​កាន់ក្រ​សួង​ពាក់ព័ន្ធ​។​

លោក​បានឱ្យ​ដឹង​ដែរថា ​អាជ្ញាធរ​បាន​ណែនាំ​ប្រជាពល​រដ្ឋ​ឲ្យ​ប្រើ​ប្រាស់​ទឹក​ដែល​មាន​ប្រភព​សុវត្ថិភាព​ដូច​ជាពីអណ្ដូង ឬ​ប្រភពទឹកស្អាត​ដែល​ផ្គត់​ផ្គង់ដោយអាជ្ញាធរ​។ លោក​បន្ថែម​ថានៅ​មាន​ប្រជាពល​រដ្ឋ​ប្រហែល​ ៣ ១០០​នាក់​ផ្សេង​ទៀត​កំពុង​បន្ត​រស់នៅ​តំបន់​មាន​សុវត្ថិភាព ឬ​នៅ​ជាមួយ​សាច់ញាតិ​។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍​ថា ​ក្រ​សួង​កំពុង​ធ្វើ​ការ​ជាមួយ​ស្ថាប័នពាក់ព័ន្ធ​ និង​អ្នកជំនាញ​​ក្នុង​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ ដោយពិនិត្យ​ទាំង​ក្នុង​ទឹក និង​លើ​ដី​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Preliminary Probe Links Border Clashes to ‘Toxic Smoke,’ Urges Response

ព័ត៌មានថ្មី

អត្ថបទពេញនិយម