ប្រជាសហគមន៍ព្រៃឡង់មិនសង្ឃឹមលើមេឃុំជាប់ឆ្នោតថ្មីក្នុងការជួយបង្រ្កាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈប្រជាពលរដ្ឋមូលដ្ឋានរកឃើញថាព្រៃឡង់កំពុងរងការកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យពីសំណាក់ជនល្មើស។
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែឧសភារួចមក។ ប្រជាពលរដ្ឋភាគច្រើនរំពឹងថាមេឃុំថ្មីមកពីគ្រប់បក្សនយោយនឹងផ្លាស់ប្ដូរឥរិយាបថ និងបន្តប្រឹងប្រែងធ្វើកិច្ចការងារដើម្បីផលប្រយោជន៍ជាតិជាធំដូចអ្វីដែលគ្រប់បក្សនយោបាយនីមួយៗបានសន្យា។ ចំណែកពលរដ្ឋរស់នៅតំបន់ព្រៃឡង់នៅមិនទាន់ជឿលើមេឃុំជាប់ឆ្នោតថ្មីទាំងនោះថា អាចចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងបញ្ឈប់អំពើពុករលួយរវាងមន្រ្តីអាជ្ញាធរ និងក្រុមហ៊ុនដឹកឈើផ្សេងៗនោះទេ។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់ លោក ហឿន សុភាព រស់នៅឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា លោកមិនមានជំនឿចិត្តចំពោះមេឃុំថ្មីដែលទើបជាប់ឆ្នោតមកពីបក្សកាន់អំណាចនោះទេ ព្រោះជាមេឃុំចាស់ដដែល។ លោកមើលឃើញថា កន្លងមកមេឃុំមិនដែលចូលរួមទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើនោះទេ ផ្ទុយទៅវិញ តែងតែនិយាយចោទប្រកាន់ប្រជាសហគមន៍ព្រៃឡង់ថាមានចេតនាមិនល្អលើអាជ្ញាធរមូលដ្ឋាន ហើយនិយាយការពារជនល្មើសទៅវិញ។
លោកថ្លែងថា៖ «ខ្ញុំដូចជាមិនសង្ឃឹមសោះឡើយសម្រាប់ខ្ញុំ ខ្ញុំគិតថាវាពិបាកក្នុងការផ្លាស់ប្តូរ ព្រោះឥឡូវនឹង យើងឃើញដំណើរការមួយចំនួនមិនប្រក្រតីស្រាប់ហើយ ហើយអាណត្តិថ្មីនេះខ្ញុំគិតថាវាមិនអាចចោលពីលំអានចាស់អាណត្តិចាស់ដែរ(មេឃុំដដែល) វានៅតែមានការដឹកនាំប្រហាក់ប្រហែលគ្នាដដែល»។
ទោះយ៉ាងណា លោក សុភាព សង្ឃឹមថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើបញ្ហាព្រៃឡង់ តាមរយៈការលុបបំបាត់អំពើពុករលួយធ្ងន់ធ្ងរពីសំណាកអាជ្ញាធរមូលដ្ឋាន។ លោករំពឹងថា មេឃុំថ្មីនឹងផ្លាស់ប្ដូរឥរិយាបថដែលគិតលើផលប្រជាជាតិជាធំ។ លោកចង់ឃើញមេឃុំចូលរួមសហការជាមួយសហគមន៍និងអង្គការផ្សេងៗ ដើម្បីចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។
លោកឱ្យដឹងថា៖ «លោកមេឃុំចៅសង្កាត់ទាំងអស់ គឺជួយយ៉ាងណាគឺជំរុញនិងរឹតបណ្តឹងនៃការកាប់បំផ្លាញព្រៃឈើ ឬក៏ជួយនៃការដំណើរនៃការរៀបចំនៃការពារធនធានធម្មជាតិ»។ លោកបន្តថា៖ «ជាពិសេសគឺសុំឱ្យមានការចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋជាមួយសហគមន៍ ជាមួយអង្គការសង្គមស៊ីវិលជាមួយនឹងដៃគូផ្សេងៗក្នុងការអភិវឌ្ឍវិស័យព្រៃឈើហ្នឹង ខ្ញុំគិតថាសូមឱ្យមេឃុំចៅសង្កាត់ទាំងអស់លើកទឹកចិត្តសហគមន៍ជួយជ្រោមជ្រែងធ្វើយ៉ាងម៉េចឱ្យមានគម្របព្រៃឈើឡើងវិញ ព្រោះប្រទេសកម្ពុជាយើងមានកម្តៅខ្លាំងជាងមុន»។
សារព័ត៌មានខេមបូចា មិនអាចទាក់ទង មេឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ លោក បាន ហេង ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការលើកឡើងរបស់ម្ចាស់ឆ្នោតដែលស្នើសុំឱ្យ លោកជួយដោះស្រាយរឿងបទល្មើសព្រៃឡង់នោះទេ ដោយលោកឆ្លើយយ៉ាងខ្លីថា៖ «ខ្ញុំរវល់ប្រជុំ»។
ចំណែក អភិបាលខេត្តកំពង់ធំលោក ងួន រតនៈ ប្រាប់សារព័ត៌មានខេមបូចាយ៉ាងខ្លីថា លោកនឹងចុះពិនិត្យដោយផ្ទាល់ដើម្បីដោះស្រាយឱ្យឆ្លើយតបនឹងអ្វីដែលពលរដ្ឋចង់បាន។
លោកមានប្រសាសន៍ថា៖«សូមចុះទៅឱ្យស្គាល់កន្លែងសិន ព្រោះការសំណូមពររបស់ពលរដ្ឋ អ៊ីងចឹងយើងចង់មើលភាពជាក់ស្ដែងណ៎ា»។
ប្រជាសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ ឯណោះវិញ បានឱ្យដឹងថា ស្ថានភាពនៅតំបន់ព្រៃឡង់មានការកាប់ទន្ទ្រានកាន់តែខ្លាំងរយៈពេលចុងក្រោយនេះ ខណៈដែលក្រុមហ៊ុនអារឈើមួយចំនួនមិនត្រូវបានហាមឃាត់ ឬបិទនោះទេ ដែលបណ្ដាលឱ្យមានការចូលកាប់ទន្រ្ទានឈានទៅដល់ភាពហិនហោចកាន់តែខ្លាំង។ លោកបន្តថា រដ្ឋាភិបាលគួរតែរៀបចំគោលនយោបាយឱ្យបានត្រឹមត្រូវ និងលុបបំបាត់ការអភិវឌ្ឍទាំងឡាយណាដែលមិនប៉ះពាល់ដល់ធនធានធម្មជាតិ។
លោក ខូ បន្តថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតឱ្យមេឃុំ អាណត្តិថ្មីនេះ ពិតជាចង់បានមេដឹកនាំដែលល្អ ហើយចូលរួមដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកបន្តទៀតថា អ្វីដែលពលរដ្ឋព្រួយបារម្ភនោះគឺការដើរផ្ទុយនឹងគោលនបោយាយដែលខ្លួនធ្លាប់បានសន្យា។
លោកប្រាប់ថា៖ «អាស្រ័យលើយើងតាមដានពួកគាត់បន្តទៀត តែបើគាត់មិនអនុវត្តចូលរួមការពារព្រៃឡង់ទេ ខ្ញុំមានការខកចិត្តខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន[មេឃុំថ្មី] ដែលគាត់មិនមានឆន្ទៈនិងបេះដូងការពារធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ទេនោះ»។
ឆ្លើយតបនឹងបញ្ហាខាងលើនេះ មេឃុំដែលទើបនឹងជាប់ថ្មីមកពីបក្សប្រជាជនកម្ពុជា ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ឃឹម សុខា មានប្រសាសន៍ថា ការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ លោកមិនហ៊ានលូកដៃជ្រៀតជ្រែកនោះទេ ទោះបីលោកជាមេឃុំនៅក្នុងតំបន់នេះក៏ដោយ។ លោកបន្តថានៅក្នុងដែនសមត្ថកិច្ចតំបន់ព្រៃឡង់លោកមិនអាចគ្រប់គ្រងបានទេ វាជាតួនាទីរបស់មន្រ្តីបរិស្ថានខេត្ត។
លោកថ្លែងថា៖ «ដូចខ្ញុំបានជម្រាបជូនខាងដើមពាក់ព័ន្ធនឹងបញ្ហាព្រៃឡង់មិនមែនជាដែនសមត្ថកិច្ចរបស់ខ្ញុំទេ គឺដែនសមត្ថកិច្ចរបស់មន្ទីរពាក់ព័ន្ធផ្សេងៗ (មន្ទីរបរិស្ថាន) ចឹងបញ្ហាព្រៃឡង់ទាំងមូលគឺខ្ញុំមិនអាចទទួលយកបានទេ ដោយសារខ្ញុំមិនមានសមត្ថកិច្ចគ្រប់គ្រាន់»។
ចំណែកមេភូមិកាំងចាម ស្រុកថាឡាបរិវ៉ាត់ លោកអ៊ឹម សួន មានប្រសាសន៍ថា អ្វីដែលពលរដ្ឋលើកឡើងនេះ គឺជារឿងដែលសំខាន់ ហើយលោកនឹងអនុវត្តតាមបញ្ជាមន្រ្តីថ្នាក់លើ ជាពិសេសមេឃុំដែលជាប់ឆ្នោតថ្មីនៃអាណត្តិទី៥នេះ។ លោកបន្តថាលោកនឹងប្តេជ្ញាចិត្តជួយដោះស្រាយបញ្ហាបទល្មើសនៅក្នុងដីព្រៃសហគមន៍ជូនប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំបេ្តជ្ញាថា ជួយដោះស្រាយបទល្មើសព្រៃឈើ ដោះស្រាយកុំឱ្យមានបទល្មើស កាប់ទន្រ្ទានព្រៃឈើ ហើយធ្វើការណែនាំដល់ជនល្មើសកុំឱ្យកាប់ព្រៃឈើនៅកន្លែងដីព្រៃសហគមន៍ជាដើម»។
ប្រជាសហគមន៍ព្រៃឡង់ លោក ខេម សុឃី ប្រាប់សាព័ត៌បានរៀបរាប់ថា ប្រជាពលរដ្ឋមានការរំពឹង និងចង់ឃើញមេឃុំថ្មីដែលមកពីបក្សប្រជាជនកម្ពុជាផ្លាស់ប្ដូរឥរិយាបថឡើងវិញក្រោយពីជាប់ឆ្នោតជាមេឃុំ ដើម្បីចូលរួមទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ។
លោក ខេម សុឃី រស់នៅឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ សង្ឃឹមថា អាណត្តិថ្មីនេះ អាជ្ញាធរមិនពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈដែលកន្លងមកប្រជាពលរដ្ឋរកឃើញថាបទល្មើសច្រើនកើតចេញពីការគប់គិតគ្នារវាងអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនអារឈើ ដែលធ្វើឱ្យការកាប់ទន្រ្ទានយកដីនៅតំបន់ព្រៃឡង់ពីសំណាក់អ្នកមានអំណាច និងពលរដ្ឋកាន់តែកើនឡើងជាបន្តបន្ទាប់។
លោកស្នើទៅអាជ្ញាធរមូលដ្ឋានថា៖ «ក្នុងនាមពួកខ្ញុំដែលជាបណ្តាញព្រៃឡង់សុំសំណូមពរដល់ចៅសង្កាត់ ឬក៏មេឃុំដែលជាប់ឆ្នោតថ្មីក្នុងអាណត្តិនេះគឺសុំឱ្យលោកហ្នឹងជួយសហការឬក៏បង្រ្កាបនូវបទល្មើសឈើ ចរាចរឈើបទល្មើសដែលចេញពីតំបន់អភិរក្សគឺតំបន់ព្រៃឡង់ឱ្យបានច្រើនជាងមុន»។
ដោយឡែក ប្រជាសហគមន៍ព្រៃឡង់ម្នាក់ទៀតមកពីភូមិទន្សោងធ្លាក់ ស្រុកសំបូរ ខេត្តក្រចេះ លោក ហ៊ឹម ជំនោរ សង្កេតឃើញថា សឹងតែគ្រប់អាណត្តិទៅហើយ មិនដែលឃើញមានមេឃុំណាមួយដែលយកចិត្តទុកដាក់បញ្ហាព្រៃឈើនោះទេ។ លោកបន្តថា ខណៈពេលពលរដ្ឋចេញទៅបោះឆ្នោតឃុំសង្កាត់ មានករណីដឹកឈើចេញពីតំបន់ព្រៃឡង់តាមគោយន្ត និងម៉ូតូជាហូរហែ តែគ្មានអាជ្ញាធរណាទៅហាមឃាត់ឬទប់ស្កាត់នោះទេ។
លោកលើកឡើងថា៖ «បោះឆ្នោតហើយតែងតែចង់បានមេឃុំដែលជាប់ឆ្នោតថ្មីនេះ ចង់ឱ្យគាត់ជួយមើល ជាពិសេសទាក់ទងទៅនឹងបទល្មើសព្រៃឈើ ក៏ដូចជាជួយបងប្អូនប្រជាជនដែលមានដីនៅក្នុងក្រុមហ៊ុនហ្នឹង សូមឱ្យគាត់ពិនិត្យមើលសារឡើងវិញ កុំឱ្យចោទដូចមេឃុំមុនៗ ថាប្រជាជនទៅលួចដីពីក្រុមហ៊ុនមកវិញ»។
ជុំវិញបញ្ហានេះ មន្រ្តីសម្របសម្រួលគម្រោងនៃបណ្ដាញយុវជនកម្ពុជាហៅកាត់ថា CYN លោក អូត ឡាទីន ប្រាប់ខេមបូចាថា បញ្ហាព្រៃឡង់នៅពេលនេះកំពុងតែរង់ការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់អ្នកមានលុយ មានអំណាច ខណៈដែលអាជ្ញាធរមូលដ្ឋានមួយចំនួនគិតតែពីចំណូលដែលទទួលពីជនល្មើស។ ដូច្នេះលោកសង្ឃឹមថា ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុបប្រឹក្សាឃុំសង្កាត់នេះរួចមក អាជ្ញាធរនឹងប្រឹងប្រែងការពារធនធានធម្មជាតិដ៏កម្រងទាំងនោះឡើងវិញ។
លោកមានប្រសាសន៍ថា៖ «កន្លងទៅមេឃុំ ចៅសង្កាត់ដែលបានជាប់ឆ្នោត តាមការសង្កេតរបស់ខ្ញុំ ហើយបទពិសោធធ្វើការងារជាក់ស្ដែងនៅតំបន់ព្រៃឡង់។ ខ្ញុំសង្កេតឃើញថាមេឃុំ ចៅសង្កាត់ទាំងនោះគាត់មិនបានយកចិត្តទុកដាក់ក្នុងកិច្ចការពារធនធានធម្មជាតិដូចកិច្ចការងារបក្សរបស់ពួកគាត់នោះទេ»។
អង្គការលើកលែងទោសអន្តរជាតិ ហៅថា Amnesty International ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ពាន់ហិកតាក្នុងដែនជម្រកសត្វព្រៃធំៗចំនួន២ គឺព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ តាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
នៅក្នុងរបាយការណ៍ដដែល បានថែមទាំងចោទប្រកាន់ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសមន្ត្រីក្រសួងបរិស្ថានថា មិនបានអើពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋ។ និងថា ពេលខ្លះ មន្ត្រីក្រសួងបរិស្ថានទាំងនោះ បានចុះទៅស៊ើបអង្កេត ប៉ុន្តែគ្រាន់តែស៊ើបអង្កេតដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕