លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណាគាត់នៅធ្វើជានាយករដ្ឋមន្ត្រី ព្រលានយន្តហោះពោធិ៍ចិនតុងនឹងមិនមានការលក់ឱ្យក្រុមហ៊ុនឯកជននោះឡើយ ទាំងក្នុងពេលឥឡូវនេះ និងទៅពេលអនាគត។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពេលដែលលោកអញ្ជើញជាអធិបតីភាពនៃថ្ងៃខួប៨០ឆ្នាំថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា លោកបញ្ជាក់ជាបឋមជូនប្រជាពលរដ្ឋ ជាពិសេសអ្នករាជធានីភ្នំពេញថាគ្មានការលក់ដូរ ឬគ្មានការឯកភាព ឬគម្រោងក្នុងការលក់ដូរដែលធ្លាប់រាជរដ្ឋាភិបាលបានសម្រេចកាលពីមុនមក ឬទើបសម្រេចឥឡូវនេះ ឬមួយទៅថ្ងៃអនាគតនោះទេ គឺគ្មានប្រែក្លាយព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅជាកន្លែងឯកជនណាទេ គឺទុកជាទ្រព្យរបស់រដ្ឋ និងប្រើប្រាស់ជាសាធារណៈ ឬបម្រុងទុកកន្លែងនេះទៅជាកន្លែងសម្រាប់ចុះចតព្រលានយន្តហោះកម្រិតណាមួយ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ខ្ញុំនិយាយបាននៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី បើសិនជាបក្សផ្សេងឡើង ខ្ញុំមិនដឹងទេ តែបើខ្ញុំជានាយករដ្ឋមន្ត្រី គណបក្សប្រជាជននៅដឹកនាំប្រទេស យើងនៅធានាកន្លែងនេះ[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ]មិនឱ្យមានការប៉ះពាល់ក្រៅពីគោលការណ៍បី ដូចខ្ញុំបានលើកឡើងហើយនោះទេ គឺមិនមានការលក់ដូរ ដោះដូរអីកន្លែងណាទេ ព្រលានយន្តហោះនេះ»។
លោកបានបញ្ជាក់ថា លោកគិតថានឹងថ្លែងរឿងព្រលានយន្តហោះពោធិ៍ចិនតុងនេះនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែបើលោកមិននិយាយនៅពេលនេះទេ ប្រហែលជានឹងដុតពេញហ្វេសប៊ុក ព្រោះក្នុងរយៈបីថ្ងៃនេះ លោកឃើញហ្វេសប៊ុកដុតខ្លាំងមែនទែន អ៊ីចឹង លោកសូមយកឱកាសនេះថ្លែងជូនប្រជាពលរដ្ឋឱ្យបានដឹង។
លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកមានសេចក្តីសម្រេចពីរចំណុច គឺគ្រោងផ្ទេរប្រតិបត្តិការនៅថ្ងៃទី៩ ខែកក្កដា ម៉ោង១២យប់ ចូលថ្ងៃទី១០ ខែកក្កដា ការផ្ទេរនេះ បានន័យថាបិទប្រតិបត្តិការព្រលានយន្តហោះចាស់ យន្តហោះចុះចតទៅកន្លែងថ្មី មិនមែនផ្ទេរឱ្យឯកជនចូលមកយកទេ។ ទី១ ផ្ទេរការគ្រប់គ្រងព្រលានទាំងមូលទៅឱ្យការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទី២ គឺសុំកងកម្លាំងប្រដាប់អាវុធឱ្យជួយការពារសន្តិសុខ ទ្រព្យសម្បត្តិរបស់រដ្ឋនៅព្រលានចាស់ រួមទាំងការពារល្បាតជុំវិញហ្នឹង បូកនិងការពារនៅទីតាំងនោះ។
លោកបន្តថា ដីកន្លែងនេះនៅតែជាដីរដ្ឋដដែល អត់មានលក់ទៅណាទេ គឺរក្សាកន្លែងនេះទុកដូចស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីមានចុះចតដោយអាសន្នណាមួយ (emergency landing) គឺអាចចុះបាន។
លោកបានបន្តទៀតថា រដ្ឋាភិបាលបានសិក្សាមួយជម្រើសពីរជម្រើសទៀត ក្នុងករណីទៅអនាគត បើមិនអាចទុកវាជាព្រលានបាន គោលការណ៍ដែលធ្វើនោះមានបី ទី១ រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ គឺមិនបាត់បង់ទីតាំងប្រវត្តិសាស្ត្រដែលជាអតីតព្រលានយន្តហោះដែលជាស្នាព្រះហត្ថរបស់ព្រះបាទព្រះបរមរតនកោដ្ឋ ដែលបានបម្រើក្នុងវិស័យដឹកជញ្ជូនរាប់សិបឆ្នាំមកនេះ ទី២ គឺជម្រើសដែលផ្តល់ផលប្រយោជន៍ដល់សាធារណជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា មិនឱ្យឯកជនទេ គឺនឹងប្រែក្លាយជាកន្លែងណាមួយ ឬទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកភ្នំពេញអាចប្រើប្រាស់ជាអតិបរមា។ ទី៣ លក្ខខណ្ឌដែលត្រូវធ្វើ បីលក្ខខណ្ឌនេះត្រូវធានារូបមន្ត និងជម្រើសការគ្រប់គ្រង ប្រើប្រាស់យ៉ាងណាក៏ដោយ ធ្វើម៉េចឱ្យមានចិរភាព ប៉ុន្តែត្រូវធានាថាទ្រព្យសម្បត្តិទាំងអស់នេះ ត្រូវនៅជាទ្រព្យសម្បត្តិរបស់រដ្ឋ អត់មានលក់ឱ្យឯកជនទេ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ទោះបីយ៉ាងណាក៏ដោយ កន្លែងនេះត្រូវរក្សាជាតម្លៃប្រវត្តិសាស្ត្រជាតិ មិនអាចលក់ឱ្យក្រុមហ៊ុនឯកជនបានទេ។ លោកបានបន្តទៀតថា គេធ្លាប់វាយតម្លៃហើយ ៣០០ហិកតា ក្នុងមួយម៉ែត្រការ៉េ គេគិតតែ១០០០ដុល្លារ អ៊ីចឹងឡើង៣ពាន់លានដុល្លារ តែ៣លាននេះ គិតជាលុយ មិនស្មើនឹងផលដែលប្រជាពលរដ្ឋ ផលនិងតម្លៃជាប្រវត្តិសាស្ត្រដែលព្រលានមួយនេះបានផ្តល់ដល់ប្រជាពលរដ្ឋនោះទេ។
លោកនាយករដ្ឋមន្ត្រីក៏សូមឱ្យប្រជាពលរដ្ឋឈប់ជជែកដេញដោលពីការលក់ដូរព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះទៀតទៅ ប៉ុន្តែបើសិនជាបងប្អូនណាមាន កុងត្រា ឬសជណ ណាមួយដែលរដ្ឋស៊ីញ៉េលក់ឱ្យឯកជនណាមួយ សុំយកប្រគល់ឱ្យលោកមក «ព្រោះបើសិនជាខ្ញុំនិងសម្តេចតេជោមិនស៊ីញ៉េផ្តល់គោលការណ៍ គ្មាននរណាមានសិទ្ធិទេ»។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានសរសេរក្នុងហ្វេសប៊ុកផ្លូវការរបស់លោក បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្លែងថា លោកសាទរសម្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមឱ្យការពិត ដូចអ្វីដែលលោក និងពលរដ្ឋចង់បាន៖ «កុំមកចែចូវព្រលានពោធិ៍ចិនតុង»ក្រើនរំឭកដល់ក្រុមហ៊ុនឯកជនដោយបញ្ជាក់ថា៖ រដ្ឋត្រូវរក្សាតម្លៃជាប្រវត្តិសាស្ត្រនៃទីតាំងនេះ។
ប៉ុន្តែកាលពីថ្ងៃទី១៥ ខែឧសភា ប្រធានគណបក្សជំនាន់ថ្មីរូបនេះ បានចោទសួរថា «ទាំងស្តាតអូឡាំពិកក្តី និងព្រលានយន្តហោះពោធិ៍ចិនតុងក្តី តើគួររក្សាទុកជាកន្លែងសារមន្ទីរ ដើម្បីចៀសវាងបាត់ដានប្រវត្តិសាស្ត្រ បើទោះបីយើងមោទនភាព ជំនួសដោយពហុដ្ឋានកីឡាថ្មីមរតកតេជោ និងព្រលានយន្តហោះតេជោក៏ដោយ?»។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា លោកគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រី និងធ្វើតាមគោលការណ៍ណែនាំរបស់លោក ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយលម្អិតឡើយ លោកថាជាប់ប្រជុំ។
លោក គង់ ម៉ូនីកា សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំងបានថ្លែងថា យោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីស្តីពីព្រលានយន្តហោះពោធិ៍ចិនតុងដែលនឹងត្រូវបិទក្នុងពេលខាងមុខឆាប់ៗនេះថា ព្រលានយន្តហោះនេះនឹងត្រូវរក្សាទុកជាសម្បត្តិរដ្ឋឱ្យតែលោកនៅជានាយករដ្ឋមន្ត្រី ឬក៏គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សកាន់អំណាច ហើយមិនធានាថាគណបក្សដទៃឡើងមកធ្វើបែបណានោះទេ។ លោ ម៉ូនីកា យល់ថា ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត បង្កប់នូវខ្លឹមសារនយោបាយមួយដែលជាការដាក់បន្ទុកដល់ប្រជាពលរដ្ឋឱ្យមើលឃើញថា មានតែលោក ឬគណបក្សប្រជាជនកម្ពុជាមួយទេដែលថែរក្សាសម្បត្តិរដ្ឋបាន។
លោក ម៉ូនីកា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា គឺជាប្រសាសន៍ដែលបង្កប់នូវខ្លឹមសារនយោបាយមួយដែលជាការដាក់បន្ទុកដល់ប្រជាពលរដ្ឋឱ្យមើលឃើញថាសម្តេច ឬគណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលអាចថែរក្សានូវសម្បត្តិរដ្ឋ តែមួយគត់»។ លោកបន្តថា៖ «ប៉ុន្តែខ្ញុំយល់ថា ការថែរក្សាសម្បត្តិសាធារណៈ ឬសម្បត្តិរបស់រដ្ឋ សម្បត្តិរបស់ជាតិ មិនស្ថិតនៅលើបុគ្គល ឬគណបក្សនយោបាយណាមួយនោះទេ គឺទាមទារឱ្យមានច្បាប់មួយកំណត់ជាក់លាក់អំពីទ្រព្យសម្បត្តិរបស់រដ្ឋ»។
លោកបន្ថែមទៀតថា ឬក៏មានស្ថាប័នរដ្ឋមួយដែលមានតម្លាភាព មានគណនេយ្យភាព មានការទទួលខុសត្រូវខ្ពស់ គ្រប់គ្រងនូវទ្រព្យសម្បត្តិរដ្ឋទាំងឡាយ មិនមែនមានត្រឹមតែព្រលានយន្តហោះពោធិ៍ចិនតុងទេ មានសម្បត្តិរដ្ឋផ្សេងដទៃទៀតដែលត្រូវការគ្រប់គ្រង ដោយសារថាកន្លងមកឃើញថា ទ្រព្យសម្បត្តិរដ្ឋជាច្រើនត្រូវបានធ្លាក់ទៅក្នុងដៃរបស់ឯកជនជាដើម។
លោកបន្ថែមថា៖ «នេះគឺជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ការព្រួយបារម្ភរបស់យើងខ្ញុំអ្នកនយោបាយក្រៅរដ្ឋាភិបាលយល់ឃើញថាត្រូវតែមានភាពចាំបាច់មួយក្នុងការការពារនូវទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិរបស់ប្រទេសជាតិហ្នឹង មិនថានរណាមកកាន់អំណាចទេ ទ្រព្យសម្បត្តិរបស់ប្រទេសជាតិ ទ្រព្យសម្បត្តិរបស់រដ្ឋត្រូវតែការពារឱ្យខ្ជាប់ខ្ជួន»៕