បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិជាច្រើនជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាប័ណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយនេះ នឹងមិនត្រូវបានផ្តល់ឡើងវិញនោះទេ ហើយជំនួសមកវិញ លោកប្រកាសផ្តល់ការងាររដ្ឋដល់អ្នកសារព័ត៌មាន VOD តាមបណ្តាញហ្វេសប៊ុកកាលពីថ្ងៃអង្គារ។
អង្គការសហប្រជាជាតិ និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទូចឱ្យផ្តល់អាជ្ញាប័ណ្ណរបស់ VOD ឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារ។
លោក ហ៊ុន សែន បានសរសេរសារតាមហ្វេសប៊ុករបស់លោកថា៖ «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ»។
លោកស្រី ឆន សុគន្ធា នាយិកាស្តីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការផ្តល់ការងាររបស់លោក ហ៊ុន សែន ចំណែកលោក អ៊ិត សូធឿត នាយកផ្នែកផ្សព្វផ្សាយព័ត៌មានរបស់ CCIM មានប្រសាសន៍ថា ការសម្រេចចិត្ត គឺអាស្រ័យលើបុគ្គលិក VOD ម្នាក់ៗ។
លោក សូធឿត មានប្រសាសន៍ថា៖ «ទោះជាយ៉ាងណា យើងសង្ឃឹមថា បុគ្គលិករបស់យើងនឹងនៅជាមួយយើង ខណៈដែលយើងព្យាយាមរកដំណោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
អ្នកនាង Danielle Keeton-Olsen ជាការីនិពន្ធវីអូឌីផ្នែកភាសាអង់គ្លេសមានប្រសាសន៍ថា អ្នកនាងមានអារម្មណ៍ថា អ្នកយកព័ត៌មានវីអូឌីបាន «ក្លាយជាគោលដៅនៃការវាយប្រហារជាលក្ខណៈបុគ្គល» ហើយសង្ឃឹមថា រដ្ឋាភិបាលនឹងមិនយកអតីតបុគ្គលិកវីអូឌីទៅដាក់នៅ «កន្លែងធ្វើការដែលគ្មានការរាក់ទាក់» នោះទេ។
Danielle Keeton-Olsen បាននិយាយថា៖ «តាមការយល់ឃើញផ្ទាល់ខ្លួន ខ្ញុំមិនជឿថា ការផ្តល់ជូននេះគឺពិតជាការផ្តល់ឱកាសដល់បុគ្គលិករបស់យើងនោះទេ។ ច្បាស់ណាស់ វាគ្រាន់តែ ដើម្បីធ្វើឲ្យស្ងប់ចិត្តទាំងក្នុងស្រុកនិងក្រៅស្រុក ដែលមានការភ្ញាក់ផ្អើល និងខឹងសម្បារចំពោះការសម្រេចចិត្តដកហូតអាជ្ញាប័ណ្ណរបស់យើង»។
លោក ហ៊ុន សែន ទំនងជាច្រានចោលការព្រួយបារម្ភរបស់ស្ថានទូតបរទេសអំពីការបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយដែលនៅសេសសល់ចុងក្រោយរបស់កម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើបែបនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌ [VOD] មួយ វាមិនធ្វើឲ្យស្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ ប៉ុន្តែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»។
ក្រសួងការបរទេសអះអាងថា ការបិទវិទ្យុវីអូឌីស្របតាមច្បាប់កម្ពុជា ពីព្រោះវីអូឌីបានកំពុងផ្សាយព័ត៌មានក្លែងក្លាយ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់ ។ អ្វីដែលគួរឲ្យបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិតដែលកំពុងកើនឡើង និងការបង្កាច់បង្ខូចជាអន្តរជាតិ»។
ក្រសួងអះអាងថា ស្ថានទូតបរទេសមួយចំនួន ដែលចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភចំពោះការបិទវិទ្យុវីអូឌី ដែលធ្វើឡើងដោយ ការថ្លែងលម្អៀង បង្ហាញពីការធ្វើមិនដឹងមិនឮចំពោះការពិតមិនអាចប្រកែកបាន គឺបជ្ឈមណ្ឌលនេះ [ វីអូឌី ] បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
ក្រសួងបានព្រមានថា ស្ថានទូតបរទេសទាំងនោះមិនត្រូវជ្រៀតជ្រែក ដោយលើកឡើងពីអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។
សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងផងដែរថា សេចក្តីរាយការណ៍របស់វីអូឌី «បានធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា» និងបានលើកឡើងមាត្រា១០នៃច្បាប់ស្តីពីរបបសារព័ត៌មាន ដោយអះអាងថា វីអូឌីបានចុះផ្សាយ «ក្នុងចេតនាទម្លាក់កំហុស» ។
ប៉ុន្តែលោក Volker Türk ជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលដើម្បីបិទវិទ្យុវីអូឌី គឺមិនស្របទៅតាមច្បាប់ទេ។
លោកមានប្រសាសន៍ថា អំពីការបិទនេះថា៖ «មិនត្រូវបានដំណើរដោយហ្មត់ចត់និងតម្លាភាពដូចដែលច្បាប់សារព័ត៌មានរបស់ប្រទេសកម្ពុជាតម្រូវនោះឡើយ ហើយខកខានមិនបានឆ្លើយតបទៅនឹងតម្រូវការនៃច្បាប់ ភាពចាំបាច់ និងសមាមាត្រដែលច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលតម្រូវឲ្យមានចំពោះការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិដែលអាចមានណាមួយ»។
ក្រុមអង្គការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលទំនងជាបកស្រាយច្បាប់ស្តីពីរបបសារព័ត៌មានខុសក្នុងបំណងបង្ហាញថា ការបិទវិទ្យុវីអូឌី គឺត្រឹមត្រូវតាមច្បាប់។
លោក សឹង សែនករុណា ជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុកបានគូសបញ្ជាក់ថា អ្នកនាំពាក្យរដ្ឋាភិបាលត្រូវបានដកស្រង់សម្តីនៅក្នុងអត្ថបទភាសាខ្មែររបស់វីអូឌីដែលទំនងជាបញ្ជាក់ពីតួនាទីរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងការអនុញ្ញាតផ្តល់ជំនួយ ដែលជាការអះអាងមួយ ដែលឈានទៅការបិទបណ្តាញព័ត៌មានមួយនេះ។
លោក សែនករុណា មានប្រសាសន៍ថា៖ «នៅពេលអ្នកសារព័ត៌មានមានប្រភព ហើយប្រភពបញ្ជាក់ច្បាល់លាល់បែបនេះ ហើយពួកគេបានចុះផ្សាយដូចអ្វីដែលប្រភពបាននិយាយ ខ្ញុំគិតថា វាមិនមែនជាកំហុសរបស់វីអូឌីទេ ហើយសំខាន់គឺថា ប្រភពនោះទេដែលជាអ្នកទួលខុសត្រូវលើការផ្តល់ព័ត៌មានដល់បណ្តាញផ្សព្វផ្សាយព័ត៌មាននោះ»។
លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មានបានអះអាងថា លោក ផៃ ស៊ីផាន មិនដែលបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើការផ្តល់ជំនួយនោះទេ។ ប៉ុន្តែអត្ថបទនេះបានដកស្រង់សម្តីរបស់លោក ស៊ីផាន ដោយលោកគ្រាន់តែនិយាយថា «វាមិនខុសទេ» ដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុករបស់លោក។ លោក ផៃ ស៊ីផាន មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក ប៉ែន បូណា បានបន្ថែមថា កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីគឺជា «ជនរងគ្រោះ» ហើយបានបដិសេធព័ត៌មាននៅក្នុងអត្ថបទនេះ។ វីអូឌីភាសាខ្មែរក្រោយមកក៏មិនបានចុះផ្សាយអត្ថបទមួយបន្តដោយបញ្ជាក់ពីការបដិសេធរបស់លោក ហ៊ុន ម៉ាណែត។
លោក អំ សំអាត ជានាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានបញ្ជាក់ថា មាត្រា១០ នៃច្បាប់សារព័ត៌មានកម្ពុជា ផ្តល់មធ្យោបាយផ្លូវច្បាប់សម្រាប់បុគ្គលសាធារណៈ ក្នុងការស្វែងរកការកែតម្រូវ និងការឆ្លើយតបពីអ្នកបោះពុម្ពផ្សាយ ក្នុងករណីដែលព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា៖ «នៅពេលប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានក្នុងការលុបអាជ្ញាប័ណ្ណវិទ្យុវីអូឌី រដ្ឋាភិបាលគួរថ្លឹងថ្លែងពីគោលបំណងនៃច្បាប់ ដោយមិនត្រូវធ្វើការសម្រេចចិត្តបិទវីអូឌីដោយមិនត្រឹមត្រូវនោះទេ ប៉ុន្តែគួរដកអត្ថបទដែលមានបញ្ហានោះចេញ»។
លោកស្រី បានបន្ថែមថា៖ «ប្រសិនបើរដ្ឋាភិបាលអះអាងថា ដើម្បីការពារសេរីភាពសារព័ត៌មាននៅកម្ពុជា លិខិតសុំអភ័យទោស [ចេញដោយវីអូឌី] គួរតែគ្រប់គ្រាន់ ដោយមិនចាំបាច់ធ្វើឲ្យប៉ះពាល់ដល់វិស័យព័ត៌មានដែលកំពុងតែយ៉ាប់យ៉ឺនស្រាប់ទៅហើយនោះទេ»។
លោក Ned Price ជាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានចូលរួមនៅក្នុងចំណោមសង្គមស៊ីវិលនិងស្ថានទូតបរទេសដោយលោកបានលើកឡើងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមាន «កង្វល់ខ្លាំង» ជុំវិញការបិទវិទ្យុវីអូឌី។
លោកស្រី Stephanie Arzate អ្នកនាំពាក្យស្ថានទូតអាមេរិកបានប្រាប់ខេមបូចាតាមអ៊ីម៉េលថា សហរដ្ឋអាមេរិកបានគាំទ្រវីអូឌី «តាមរយៈការបណ្តុះបណ្តាលនិងសកម្មភាពកសាងសមត្ថភាព»។
លោក Price បាននិយាយថា៖ «ការសម្រេចចិត្ត [ បិទវីអូឌី] គឺពិតជារំខានចិត្តដោយសារតែផលប៉ះពាល់នឹងកើតមានចំពោះសេរីភាពនៃការបញ្ចេញមតិនិងចំពោះសិទ្ធិនៃការទទួលបានព័ត៌មាននៅមុនការបោះឆ្នោតក្នុងខែកក្កដា»។
លោកបានបន្ថែមថា៖ «យើងទទូចឲ្យអាជ្ញាធរកម្ពុជាកែប្រែការសម្រេចចិត្តនេះ» ៕