រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមន្ត្រីរាជការ សិស្ស និស្សិត បុគ្គលិករដ្ឋ និងឯកជន ឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាពចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
យោងតាមសារាចររបស់រាជរដ្ឋាភិបាលដែលចេញថ្ងៃទី១ ខែសីហា បង្ហាញថា ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួលបានប្រាក់ឈ្នួលធម្មតា។
គម្រោងនេះនឹងត្រូវបានសហការអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជនដែលកាន់កាប់ភាគហ៊ុន៥១ ភាគរយ រួមជាមួយនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ និងអ្នកវិនិយោគបរទេសតាមរយៈកិច្ចព្រមព្រៀងសាងសង់-ប្រតិបត្តិការ-ផ្ទេរ។
បន្ទាប់ពីសុន្ទរកថារបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាស់តឿនប្រជាជនកម្ពុជាកាលពីថ្ងៃទី ២៦ មេសា ឱ្យគាំទ្រ និងបង្កើតជាចលនាជាតិនោះ ក្រសួងជាច្រើនបានបង្កើតយុទ្ធនាការស៊ុមរូបថតដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋគាំទ្រ និងប្រារព្ធពិធីព្រែកជីកហ្វូណនតេជោ។
វិទ្យាល័យជាច្រើនបាន និងកំពុងបង្ហោះវីដេអូនៅលើ Facebook ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ប្រឡាយហ្វូណនតេជោ រួមមាន វិទ្យាល័យជាស៊ីមត្បែងមានជ័យ និងវិទ្យាល័យបច្ចេកទេសព្រះវិហារ វិទ្យាល័យពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ និងវិទ្យាល័យ ទួលស្បូវ ខេត្តកំពង់ឆ្នាំង។
ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ លោក ប៉ា ច័ន្ទរឿន ជឿជាក់ថា ការសម្រេចកំណត់ថ្ងៃឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ដើម្បីអបអរសាទរការបើកប្រឡាយហ្វូណន ក៏ជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋបានឈប់សម្រាកពីការងារ និងអបអរសាទរការសម្ពោធគម្រោងនេះផងដែរ។
លោក ច័ន្ទរឿន បន្ថែមថា៖ ប្រធានបទ«គម្រោងប្រឡាយហ្វូណនតេជោ» ជាប្រធានបទដ៏ចម្រូងចម្រាស«ខ្ញុំគិតថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ ទុកបញ្ហានយោបាយ ហើយផ្តោតលើបច្ចេកទេស និងមើលឃើញផលប្រយោជន៍រួមរបស់ប្រទេសជាតិ»។
ជាបុគ្គលិកធ្វើការងារធនាគារឯកជន នៅភ្នំពេញ លោក ឆេង ស្រស់ យល់ឃើញថា ការដាក់ថ្ងៃឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺដើម្បីជួយចរាចរក្នុងការធ្វើដំណើរក្នុងថ្ងៃសម្ពោធការសាងសង់ព្រែកជីកហ្វូណន និងរដ្ឋាភិបាលចង់ដាក់ថ្ងៃឈប់សម្រាកដើម្បីអបអរសាទរជោគជ័យទៅលើគម្រោងរបស់រដ្ឋាភិបាល។
លោកលើកឡើងថា៖ «សម្រាប់ឈប់សម្រាកមួយនេះខ្ញុំមានអារម្មណ៍ថា ធម្មតាអត់»។ លោកបន្តថា៖ «គេចង់សម្រួលចរាចរសម្រួលអីចឹងហា ដែលទុកជាថ្ងៃជោគជ័យមួយដែលរដ្ឋាភិបាលចឹងហា បើខ្ញុំជាបុគ្គិលិកធម្មតា ចឹងវាជារឿងមួយដែលធម្មតា»។
សេចក្តីថ្លែងការណ៍ក៏បានលើកឡើងដែរថា ការសាងសង់ប្រឡាយហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រ គឺជាគម្រោងដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងនេះក្តី ការសាងសង់នឹងចាប់ផ្តើមមិនដល់មួយសប្តាហ៍ទេ ប៉ុន្តែពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះនៅមិនទាន់ដឹងពីសំណងនៅឡើយ។

ព្រែកជីកប្រវែង១៨០គីឡូម៉ែត្រនឹងតភ្ជាប់រាជធានីភ្នំពេញទៅខេត្តកែប ដោយកាត់តាមផ្លូវទឹកក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា គម្រោងព្រែកជីកនេះ នឹងប៉ះពាល់ប្រជាពលរដ្ឋចំនួន ១,៥៨៥ គ្រួសារ ដីលំនៅដ្ឋាន ១៤៩.៥ហិកតា និងដីស្រែ និងដីចំការចំនួន ២,៩០០ ហិកតា។
ទំហំនៃផលប៉ះពាល់ គឺតិចតួច បើធៀបនឹងគម្រោងផ្សេងទៀត។ លោក ចាន់ថុល មានប្រសាសន៍ថា៖ «ផលប៉ះពាល់សង្គម គឺតិចតួចណាស់។ យើងអាចធ្វើ [ដោះស្រាយ] បាន»។
លោកបានបន្ថែមថា តាមពិត ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលកម្ពុជា រួមទាំងការបង្កើតការងារ ប្រាក់ចំណូលពីការដឹកជញ្ជូនតាមផ្លូវទឹក ការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន កសិកម្ម និងកាត់បន្ថយការបំពុលបរិយាកាស។
ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់អំពីសំណងជាក់លាក់សម្រាប់អ្នករងផលប៉ះពាល់នោះទេ។
កាលពីថ្ងៃទី១៨ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាជុំវិញពិភពលោកក្នុងពិធីបើកការដ្ឋានសាងសង់សារមន្ទីរនៅវត្តរាជបូណ៌ ខេត្តសៀមរាប ដែលបានជួយគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះព្រះសង្ឃ មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលក្នុងការសាងសង់ព្រែកជីកនេះ»។
គម្រោងនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋវាយស្គរ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានេះ។ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នេះគឺជាចលនាជាតិនិយមដ៏ធំមួយ»៕









