សៀមរាប៖ ប្រជាពលរដ្ឋខេត្តសៀមរាប នៅតែមានក្តីបារម្ភ ពេលស្នើសុំធ្វើលិខិតឯកសារមួយចំនួន ដោយប្រើប្រាស់សេវាសាធារណៈ មានភាពស្មុគស្មាញ និងភាពយឺតយ៉ាវ បើសិនមិនបង់ប្រាក់បន្ថែមលើតម្លៃកំណត់ ឬត្រូវចំណាយលើសេវារត់ការឱ្យជួយជំនួសវិញ។
អ្នកស្រី មុំ ដែលជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបានរៀបរាប់ថា អ្នកស្រីតែងតែឱ្យថវិកាគេបន្ថែម ឬរកអ្នករត់ការជំនួស ស្ទើរគ្រប់ពេលដែលត្រូវការឯកសារ ឬលិខិតអ្វីមួយ។ កាលខែមីនា ឆ្នាំ២០១៨ ពេលអ្នកស្រីខ្វះថវិកា ត្រូវលក់ដីជាបន្ទាន់នៅក្នុងក្រុងសៀបរាបតម្លៃ៣៥.០០០ ដុល្លារ ដោយត្រូវផ្ទេរឈ្មោះឱ្យអ្នកទិញ។ អ្នកស្រីត្រូវយកលុយដែលគេកក់ មកចំណាយលើថ្លៃរត់ការ ៨២០ដុល្លារ និងថ្លៃឯកសាររដ្ឋបាលអស់២.៤៥០ដុល្លារ ដោយរង់ចាំរយៈពេល១ខែកន្លះទើបរួច ហើយអស់ថ្លៃកម្រៃជើងសារផ្សេងទៀត។
អ្នកស្រី មុំ បានថ្លែងថា៖ «យើងត្រូវការលក់ដី យើងត្រូវការលុយត្រូវការអីដើម្បីដោះស្រាយបញ្ហាផ្សេងៗ នៅពេលដែលយើងទៅរកសេវាគាត់មិនមែនបានដូចចិត្ត ទៅដល់សេវាគាត់ពន្យារយូរ យើងមិនមែនថានេះណា សុទ្ធតែរាប់ខែ ចូលដល់ឆ្នាំទៀតទំរាំប្លង់ចេញ»។
ជាជម្រើសចុងក្រោយ អ្នកស្រីត្រូវពឹងអ្នករត់ការឱ្យជួយ ទោះមិនសូវមានថវិកានិងស្តាយលុយ ហើយដឹងថា នោះជាអំពើពុករលួយ តែដោយសារត្រូវស្នើសុំច្រើនកន្លែង ហើយពិបាកធ្វើដោយខ្លួនឯង។
អ្នកស្រី មុំ បន្ថែមថា៖ «យើងចង់ទៅពឹងពាក់ធ្វើអ្វីពីអាជ្ញាធរមួយ យើងត្រូវប្រើលុយ អត់មានទៅដោយសមត្ថភាពខ្លួនយើងបានងាយស្រួល ទៅសមត្ថភាពខ្លួនយើងបាន ប៉ុន្តែការងារគឺវាអត់ងាយស្រួល គេអត់ផ្តល់ការងាយស្រួលដល់យើង ទៅដល់អត់បានភ្លាមអីអត់ទេ គឺយើងត្រូវអង្គុយរង់ចាំ គេពន្យារពេលឱ្យយើងគេទុកឯកសារយើងចោល និយាយទៅគេមិនរវីរវល់»។
ចំណែកពលរដ្ឋម្នាក់ទៀត ជាអ្នកលក់ខោអាវជជុសក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាម អ្នកស្រី ដាវី ក៏មានបទពិសោធន៍មិនខុសគ្នាប៉ុន្មានដែរ ដោយសារអ្នកស្រីមិនដឹងទៅរកមន្ត្រីណា ពេលទៅដល់កន្លែង និងមិនសូវយល់ពីនិតិវិធី ។ អ្នកស្រីស្គាល់មន្ត្រីមូលដ្ឋានមួយចំនួន និងតែងតែពឹងពាក់ ដើម្បីឱ្យបានឯកសារ ហើយគេយកមកប្រគល់ជូនដល់កន្លែង។ កាលពីពីរឆ្នាំមុន អ្នកស្រីត្រូវធ្វើសៀវភៅគ្រួសារ គាត់បានជូនថវិកាទៅមន្ត្រីដោយចាត់ទុកជាសាគុណ និងថ្លៃសាំងប្រហែល៣ម៉ឺនរៀល នៅពេលគេយកឯកសារមកឱ្យដល់កន្លែង។
អ្នកស្រី វី និយាយថា៖ «គេអត់ទារលុយយើងទេ គ្រាន់តែទឹកចិត្តរបស់យើងគេមិនទារអីយើងទេ សំខាន់របស់ដែលយើងត្រូវការអីមួយយើងចង់យករហ័ស គេមានកំណត់ឱ្យយើងចាំ កន្លះខែមួយខែ។ បើយើងចង់ត្រូវការឡើង គឺទឹកចិត្តរបស់យើងឱ្យគេលឿនទៅ ក៏គេអញ្ចឹងទៅណា វាអញ្ចឹងឯង ឱ្យតែយើងត្រូវការ»។
ជំនួយការរដ្ឋបាលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក លឹម សារី បានមានប្រសាសន៍ថា នៅក្នុងសង្កាត់នេះមានប្រជាពលរដ្ឋចំនួន១២,១២១គ្រួសារ។ ប្រជាពលរដ្ឋភាគច្រើនស្នើសុំធ្វើលិខិតអត្រានុកូលដ្ឋាន ដោយធ្វើតាមពេលវេលា និងតម្លៃដែលត្រូវបង់តាមសេវាដែលបានកំណត់នៅលើតារាង។ លោកថាការស្នើឯកសារខ្លះហួស ពីដែនសមត្ថកិច្ចរបស់សង្កាត់ ដែលតម្រូវទៅធ្វើនៅកន្លែងផ្សេង។
លោកថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនដែលចង់បានសេវារហ័ស ពួកគាត់មានបំណងផ្តល់ថវិកាខ្លះដល់មន្ត្រី ប៉ុន្តែពួកគេបដិសេធ ព្រោះមន្ត្រីទាំងអស់បានទទួលការណែនាំពីថ្នាក់ជាតិមិនឲ្យយកថវិកាបន្ថែមនោះទេ។
លោក សារី មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋមួយចំនួនចេះតែថាឃុំសង្កាត់ពុករលួយៗ ពេលខ្ញុំមកនៅទីនេះដូចជាគ្មានអ្វីរលួយ ឬពុកតាមពាក្យគេថាទេ»។ ដោយលោកបន្ថែមថា៖ «ហើយមតិមួយចំនួនចេះតែរិះគន់ថា ឃុំសង្កាត់ពុករលួយ មើលទៅមិនដឹងរលួយពុកឯណា អត់មានតម្រូវថាស៊ីញ៉េអានេះសុំ១ម៉ឺន សុំពីរម៉ឺន សុំបីម៉ឺន[រៀល] អត់ដែរ សូម្បីតែចៅសង្កាត់ក៏មិនដែលទារអីទេ អត់ក៏អត់ចុះ»។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលបានលើកឡើងថា មានមន្ត្រីមួយចំនួនយកលុយបន្ថែមជាថ្នូរនឹងការរត់ឯកសារឲ្យបានលឿន។
លោក ហ៊ី សាយ មានប្រសាសន៍ថា៖ «អត់មានបញ្ហាដូចពួកគាត់មានប្រសាសន៍អញ្ចឹងទេ»។
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា ការផ្តល់សេវានៅមានការយឺតយ៉ាវខ្លះពាក់ព័ន្ធនឹងឯកសារមិនគ្រប់គាន់។
លោកមានប្រសាសន៍ថា៖«ជួនកាលមានការយឺតយ៉ាវខ្លះដែរ ដោយសារពេលយកមកខ្វះឯកសារមួយចំនួន ឬក៏អាចយឺតដោយប្រការណាមួយផ្សេងទៀត។ តែបើកយឺតយ៉ាវបណ្តាលមកពីថវិកា គឺមិនអាចបណ្តាលមកពីផ្នែកនឹងទេ ព្រោះគាត់បានបង់ថវិកានៅច្រកចេញចូលតែមួយរបស់ខេត្តរួចហើយ»។
លោក ហ៊ី សាយ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅរកសេវាច្រកចេញចូលតែមួយនៅសាលាខេត្តសៀមរាប ព្រោះនៅទីនោះមានផ្តល់គ្រប់សេវា និងមានកំណត់តម្លៃច្បាស់លាស់។
លោក មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមឲ្យប្រជាពលរដ្ឋនៅពេលដែលគាត់ចង់បានសេវាសុរិយោដី សូមឲ្យគាត់ទៅច្រកចេញចូលតែមួយនៅសាលាខេត្ត ក្នុងនោះគេកំណត់ថាគាត់ត្រូវបង់ប៉ុន្មាន គាត់បង់តែប៉ុណ្ណឹងទេ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា បទពិសោធន៍ដែលប្រជាពលរដ្ឋលើកឡើង គឺដូចការស្រាវជ្រាវដែលបានរកឃើញថា អំពើពុករលួយ និងការសូកប៉ាន់គឺនៅតែជាបញ្ហាធំ។
លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ «សេវាអត់គិតលុយ គាត់បំពេញការងារអត់មានប្រសិទ្ធភាពទេ អញ្ចឹងពលរដ្ឋណាដែលគាត់ចង់ឱ្យឯកសារណា គាត់រត់បានលឿន គាត់មានតែប្រើលុយ។ គាត់ឱ្យលុយគេទៅដើម្បីឱ្យគេធ្វើលឿន បានន័យថាកំសោយភាពនៃការផ្តល់សេវាសាធារណៈជាមូលហេតុមួយ ហើយមួយទៀតគឺដោយសារមិនមានការដាក់ទោសទណ្ឌពីអ្នកអនុវត្តច្បាប់»។
ចំណែក លោក ស្រឿន ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបដែរនោះបានឲ្យដឹងថា លោកត្រូវចំណាយលុយបន្ថែមទៅមន្ត្រីមូលដ្ឋានដើម្បីឱ្យជួយក្នុងការធ្វើឯកសារ ចុះវាស់វែងសម្រាប់ធ្វើប្លង់ដីកម្មសិទ្ធិ កាលពីខែកក្កដា ឆ្នាំ២០២១។ លោកថា រដ្ឋមិនតម្រូវឱ្យបង់ថវិកាទេ តែព័ត៌មាននេះលោកបានដឹងយឺតពេលបន្តិច។ លោកតម្រូវឲ្យបង់៣០០ដុល្លារ សម្រាប់តែការចុះវាស់ប៉ុណ្ណោះ តែលោកស្នើសុំចុះថ្លៃ ដោយបង់ចំនួន២០០ដុល្លារអាមេរិក ។ ក្រៅពីនោះ លោកត្រូវបន្តរត់ការដោយខ្លួនឯង ដោយសារមិនចង់ចំណាយបន្ថែមទៀត ប៉ុន្តែលោកបានជួបបញ្ហាស្មុគស្មាញជាច្រើនដោយមិនសូវយល់ ហើយមន្ត្រីពាក់ព័ន្ធមិនបានបញ្ជាក់ឱ្យដឹងជាមុនថាត្រូវការឯកសារអ្វីខ្លះ។
លោក ស្រឿន បាននិយាយថា៖ «ពិបាក ដល់អ្នកក្រោមគេធ្វើរៀបចំអស់ហើយ ដល់អ្នកលើដូចជាអត់មើល ដូចប្រធានភូមិឃុំគេស៊ីញ៉េ គេសរសេរឈ្មោះវៃត្រាតាមត្រឹមត្រូវ ដូចថាយើងទិញពីអ្នកឈ្មោះអី ហើយគេកត់ទាំងលេខអត្តសញ្ញាណបណ្ណ ភូមិកំណើត រៀបរាប់អស់ហើយ គេដឹងថាភូមិនេះអ្នកទទួលស្គាល់ដឹងលឺ ដល់ពេលយើងយកមកសុរិយោដី ដូចគេអត់ទទួលស្គាល់ម៉េច»។ ដោយលោកបន្ថែមថា៖ «មូលហេតុប្រហែលយើងមិនបានឱ្យលុយគេមើលទៅ បានគេចេះតែដេញឱ្យយើងរកម្តងនេះម្តងនោះរករហូត ។ គេឱ្យយើងរកមួយចំនុច ពេលយើងរកបានគេឱ្យទៅរកមួយចំនុចទៀត ពេលបានគេប្រាប់ឱ្យរកមួយចំនុចទៀត»។
លោក ស្រឿន បានប្រាប់ពីបញ្ហាមួយករណីទៀត គឺនៅពេលដែលលោកស្នើសុំលិខិតផ្ទេរទីលំនៅពីខេត្តដែលលោកធ្លាប់រស់នៅពីមុនមកទីលំនៅបច្ចុប្បន្ន ក្នុងខែឧសភា ឆ្នាំ២០២០។ នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល លោកត្រូវបង់ប្រាក់ជូនសាគុណឱ្យមន្ត្រីចំនួនបួនម៉ឺនរៀលពេលទៅទទួល និងរង់ចាំប្រហែល២អាទិត្យ ដោយសារពេលលោកស្នើសុំធ្វើដំបូង មន្ត្រីថាអស់លិខិតសម្រាប់ធ្វើហើយ ។
លោក ស្រឿន និយាយថា៖ « គេប្រាប់ខ្ញុំថា បើខ្ញុំចង់បានសៀវភៅផ្ទេរការស្នាក់នៅហ្នឹង ឥឡូវហ្នឹងអត់មានទេអស់ហើយ។ បើខ្ញុំចង់បានទាល់តែខ្ញុំឱ្យ ឱ្យខ្ញុំពឹងឱ្យគេរកឱ្យ [ ] ធម្មតាបើគេនិយាយអញ្ជឹងហើយ បានន័យថាមានតែពឹងគេហ្នឹងហើយ។ យើងមិនពឹងគេម៉េច បើគេអាជ្ងាធរដែនដីកន្លែងយើងរស់នៅហើយ បើយើងមិនពឹងគេយើងទៅពឹងអ្នកណា»។
លោក លឹម សារី បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានតែងតែផ្សព្វផ្សាយពីសេវាសាធារណៈ តាមរយៈវិទ្យុ ទូរទស្សន៍ បណ្តាញសង្គមហ្វេសប៊ុក និងជាពិសេសបិទនៅលើក្តារព័ត៌មាន។ ប៉ុន្តែលោកថា ពេលខ្លះប្រជាពលរដ្ឋហាក់ពុំចាប់អារម្មណ៍។
លោក សារី មានប្រសាសន៍ថា៖ «តាមសង្កេតគាត់មិនសូវស្តាប់ការផ្សព្វផ្សាយរបស់យើង ដូចព័ត៌មានក្នុងទូរទស្សន៍ គាត់អត់សូវស្តាប់ ជួនកាលរំលងទៅ អត់សូវយកចិត្តទុកដាក់ទេ ដល់ពេលត្រូវការបានគាត់មក។ ដូចថាសុរិយោដីគាត់ត្រូវការឱ្យធ្វើអាពាហ៍ពិពាហ៍ ចុះអេតាស៊ីវិលបានគាត់មក ដល់ពេលយើងផ្សព្វផ្សាយតាមវិទ្យុ ឬក៏ទូរទស្សន៍ តាមហ្វេសប៊ុក ជួនកាលគាត់ក៏មើលខ្លះក៏អត់»។
ចំណែក លោក ប៉ិច ពិសី មានប្រសាសន៍បន្ថែមថា យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយមានច្រើនចំនុច ដែលត្រូវអនុវត្តរួមមាន អប់រំផ្សព្វផ្សាយដល់មន្ត្រី ប្រជាពលរដ្ឋ និងអនុវត្តច្បាប់ឱ្យតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តខុស។ លោកថា កត្តាមួយទៀត គឺកើតចេញពីប្រជាពលរដ្ឋបង់ប្រាក់ក្រៅបន្ថែម។ ដូច្នេះ ពលរដ្ឋត្រូវចូលរួមតស៊ូមតិ ដើម្បីឱ្យសេវាកម្មអាចមានតម្លាភាព និងឈប់បង់ប្រាក់ក្រៅប្រព័ន្ធ។
លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ «ទាល់តែយើងទៅយកសេវាកុំទម្លាប់ឱ្យលុយគេ។ ប្រជាពលរដ្ឋក៏មានការចូលរួមចំណែកក្នុងការជំរុញសូកប៉ាន់ដែរ អ្នកខ្លះគាត់មានលុយទៅគាត់អត់សុខចាំ ជួនកាលមន្ត្រីរាជការហ្នឹងគាត់អត់ទារលុយទេ តែយើងទម្លាប់ឱ្យគាត់ ទម្លាប់ឱ្យ១ម៉ឺន[រៀល] ២ម៉ឺន[រៀល] លុយទឹកតែ គិតថាអាហ្នឹងតែមួយទេ»។ ដោយបន្ថែមថា៖ «ហើយមន្ត្រីរាជការ ឥឡូវគាត់រាងពន្យាជាងមុនក្នុងការទារលុយដែរ ប៉ុន្តែបើសិនយើងឱ្យគាត់យក ដល់ពេលអញ្ចឹងបានន័យថា ជាទម្រង់ថ្មីមួយទៀតហើយ មានន័យថាគេត្រូវតែឱ្យហើយមិនបាច់ទារ »។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះឆ្នាំ ២០១៦ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវដាក់ចេញដីការកំណត់តម្លៃសេវារដ្ឋបាលជាក់ស្តែង សម្រាប់ប្រតិបត្តិដោយផ្អែកតាមស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ពាក្យស្នើសុំសេវារដ្ឋបាលសាធារណៈ និងត្រូវផ្តល់ជូនដោយមិនគិតថ្លៃ ហើយមិនឱ្យលើសពីតម្លៃអតិបរមា ដែលមានរាយលម្អិតអំពីតម្លៃសេវាផ្សេងៗដែលមានចែងកំណត់តម្លៃជាក់លាក់ និងរយៈពេលអតិបរមាទៅតាមប្រភេទសេវានីមួយៗ ដែលកំណត់នៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់ និងត្រូវបិទផ្សាយជាសាធារណៈលើក្តារព័ត៌មាននៅតាមកន្លែងផ្តល់សេវាថ្នាក់រដ្ឋបាលនីមួយៗ។
អ្នកនាង តាំង ជឿន ប្រធានក្រុមស្ម័គ្រចិត្តគណនេយ្យភាពសហគមន៍ នៅក្នុងខេត្តសៀមរាប ដែលបច្ចុប្បន្ន ធ្វើការសម្រសម្រួលជាមួយមន្ត្រីមូលដ្ឋាននិងការផ្សព្វផ្សាយតាមតំបន់គោលដៅ លើសេវាសាធារណៈរួមាន សេវារដ្ឋបាលសាធារណៈភូមិឃុំ លិខិតអាត្រានុកូលដ្ឋាន មណ្ឌលសុខភាព និងសាលាបឋមសិក្សា។ អ្នកនាង បានលើកឡើងថា ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានមានការយល់ដឹងប្រសើរច្រើនជាងមុន តែដំបូងៗមានការពិបាក និងការប្រកាន់ច្រើនពីមន្ត្រីមូលដ្ឋានដោយគេចោទថា ជាអង្គការមកចាប់កំហុស។ អ្នកនាងថា មានសេវាមួយចំនួនទៀតគឺហួសពីដែននៃការផ្សព្វផ្សាយ ដូច្នេះពលរដ្ឋនៅមានចម្ងល់ចង់ឱ្យមានការផ្សព្វផ្សាយបន្ថែមទៀតដែលជាតម្រូវការចំាបាច់ផងដែរ។
អ្នកនាង ជឿន មានប្រសាសន៍ថា៖ «គឺគាត់ទាមទារចង់ឱ្យយើងពង្រីកសេវា ទៅសេវាផ្សេងទៀត ដើម្បីឱ្យទទួលបានសេវាល្អទាំងអស់ដូចគ្នា» ដោយបន្ថែមថា៖ «ហើយទី១គាត់ចង់ឱ្យការផ្តល់សេវាវិស័យទាំងអស់ឱ្យមានភាពរីកចំរើនដូចគ្នា ឱ្យគាត់យល់ពីគណនេយ្យភាពក្នុងសង្គមដូចគ្នា មិនថាសេវាមួយណាទេ ជាពិសេស គាត់ផ្តោតសំខាន់លើសេវាប៉ុស្តិ៍ប៉ូលិសហើយនឹងសេវា ដូចជាច្រកចេញចូលតែមួយ ហើយនិងសេវានៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យ។»
លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានទទួលស្គាល់ថា អ្នកទទួលសេវាដែលឆ្លងមួយកន្លែងទៅមួយកន្លែងមានការលំបាកខ្លះ ដោយសារការឆ្លងពីស្ថាប័នពាក់ព័ន្ធមួយចំនួនមិនទាន់មានការសម្របសម្រួលនិតីវិធីផ្ទៃក្នុងឱ្យបានស៊ីសង្វាក់គ្នា។ លោកថា ការកែសម្រួលនិងការពិនិត្យ កំពុងដំណើរការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពលំបាក និងចំណាយពេលវេលាច្រើនរបស់ប្រជាពលរដ្ឋ ។
លោក ប៊ុនណា មានប្រសាសន៍ថា ៖ «ការជំរុញដែលយើងបានអនុវត្តហើយ ដូចជាការិយាល័យច្រកចេញចូលតែមួយ ការតម្រូវឱ្យមានការផ្សព្វផ្សាយព័ត៌មាននៅកន្លែងតាមកន្លែងផ្តល់សេវា ការប្រើប្រាស់យន្តការប្រព័ន្ធអេឡិកត្រូនិច ឬផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋពីសេវា ការកាត់បន្ថយបែបបទនិតិវិធី និងជាកិច្ចការដែលយើងកំពុងបន្តធ្វើ»។ ដោយលោកបន្ថែមថា៖ «ការផ្សារភ្ជាប់រវាងអង្គភាពដែលពាក់ព័ន្ធ ដែលយើងហៅថា ការិយាល័យចុងក្រោយ គឺតភ្ជាប់គ្នាក្នុងការពិនិត្យឯកសារ»។
លោកបន្តថា ពលរដ្ឋចង់ទទួលបានសេវាមានតំលៃថោក មានភាពងាយស្រួល និងមិនស្មុគស្មាញ។ លោកថាការប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលរដ្ឋាភិបាលកំពុងជំរុញ និងរៀបចំដើម្បីជួយឱ្យបានសេវាមានភាពប្រសើរឡើង។
លោក ប៊ុន ណា បានថ្លែងថា ៖ «ខ្ញុំសង្ឃឹមថា ទៅថ្ងៃមុខនៅពេលយើងអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាជំនួយយើងអាចនិងជួយជំរុញគុណភាពនៃសេវាបានប្រសើរជាងមុន ហើយនិងក៏អាចដោះស្រាយបញ្ហារឿងការបង់ប្រាក់ដែលអាចថាមានភាពមិនប្រក្រតី មានអ្នករត់ការ ឬមួយក៏ថាមានភាពស្មុគស្មាញច្រើន»។
រដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តសាកល្បងនូវប្រព័ន្ធរដ្ឋាបាលថ្មី ក្នុងឆ្នាំ២០០៣ ដោយមានជំនួយហិរញ្ញវត្ថុពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ។ គម្រោងអនុវត្តពីឆ្នាំ២០០៤ លទ្ធផលនៃការសិក្សាបានបង្ហាញថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ បានទទួលការគាំទ្រ និងពេញចិត្តយ៉ាងច្រើន លើសលប់ពីសំណាក់ប្រជាពលរដ្ឋ។ អាជ្ងាធរមូលដ្ឋាន និងភាគីនានា គាំទ្រផ្នែកគោលនយោបាយនិងបច្ចេកទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរំលឹកមន្ត្រីថ្នាក់ជាតិ និងមូលដ្ឋាន កាលពីខែកុម្ភៈ ឆ្នាំ២០២០ថា ពួគេគឺជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយទេ និងគំរាមធ្វើការដកតំណែងដល់មន្ត្រីណាដែលរកឃើញថាមានកំហុស ប្រព្រឹត្តិអំពើពុករលួយ ចរិតឆ្មើងឆ្មៃ ប្រមាថ និងមិនស្មោះត្រង់ចំពោះពលរដ្ឋ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖«រឿងនេះជារឿងដែលខ្ញុំត្រូវធ្វើការវះកាត់ហើយ សូមផ្តាំផ្ញើរថាមិនឱ្យទេ ឃើញហើយខ្ញុំដាក់ហើយ។ ខ្ញុំបាននិយាយនៅក្រសួងមហាផ្ទៃការកាលពីប៉ុន្មានថ្ងៃមុន បើចៅហ្វាយខេត្តខ្ញុំត្រូវការបីម៉ោង អនុខេត្តឬចៅហ្វាយស្រុកខ្ញុំត្រូវការ១៥នាទី សំរាប់ការដកចេញពីតំណែងនោះ។ អញ្ចឹងទេកុំឱ្យមានឱ្យសោះ សម័យនេះសម័យហ្វេសប៊ុកព័ត៌មានលឿនណាស់»។
ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជាបានអនុម័ត ក្នុងខែមីនាឆ្នាំ២០១០។ មាត្រា៣២ នៃបទល្មើសពុករលួយមានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌតាមមាត្រាផ្សេងៗនៃច្បាប់ព្រហ្មទណ្ឌមាត្រា២៨៩ បទស៊ីសំណូករបស់អភិបាល ជាអាទិ៍ បទរំលោភលើទំនុកចិត្ត ពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត ក្នុងគោលបំណងទទួលផលប្រយោជន៍ដល់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ពីរឆ្នាំទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី បួនលាន ទៅ១០លានរៀល។ ការប៉ុនប៉ងប្រព្រឹត្តបទល្មើសដែលបានកំណត់ក្នុងកថាខណ្ឌទី១និងទី២នៃមាត្រា ៣៩៣ត្រូវផ្តន្ទាទោសដូចគ្នា។
អ្នកស្រីមុំ សំណូមពរដល់អាជ្ងាធរមូលដ្ឋានយ៉ាងដូច្នេះថា ៖ «ចង់ឱ្យខាងអាជ្ញាធរផ្តល់ការងាយស្រួលឱ្យប្រជាជន មិនថាសេវាផ្ទេរប្លង់ដី សេវាគ្រប់កន្លែងទាំងអស់ គឺឱ្យងាយស្រួល! ទៅដល់ដូចថា ខ្នះខ្នែងជួយប្រជាពលរដ្ឋ ធ្វើឱ្យលឿនៗឱ្យ កុំឱ្យទុកពន្យាពេល»។ ដោយបន្ថែមថា៖ «ពេលប្រជាពលរដ្ឋឱ្យលុយទើបបានខ្នះខ្នែងធ្វើឡើង បើសិនតែអត់ឱ្យលុយទេ គឺទុកពន្យាពេលនៅហ្នឹង។ អ្នកដែលឱ្យលុយទៅគឺបានសេវារហ័ស អ្នកដែលអត់លុយ គឺទុកគ្នាចោលនៅហ្នឹង និយាយទៅឡើងចុះៗ ធ្វើទៅយកមួយកន្លែងៗវាមិនងាយស្រួល»៕