Breaking: អាជ្ញាធរខេត្តពោធិ៍សាត់ជួយអន្តរាគមន៍ប្រជាជនមួយកន្លែងជាង១០០គ្រួសារដែលកំពុងប្រឈមមុខខ្លាំងនឹងជំនន់ទឹកភ្លៀង នៅក្រុងពោធិ៍សាត់ ទៅទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់កំពុងបែកវាល។ យោងតាមអាជ្ញាធរខេត្ត។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងនៅវេលាថ្ងៃត្រង់ទី២១ ខែវិច្ឆិកាថា ឥឡូវនេះ អាជ្ញាធរមិនទាន់ធ្វើការបូកសរុបចំនួនប្រជាជនដែលជម្លៀសទៅទីទួលសុវត្ថិភាពបាននៅឡើយ ពីព្រោះអាជ្ញាធរកំពុងតែជួយសង្គ្រោះពួកគាត់បន្តបន្ទាប់ទៀត។ ហើយអាជ្ញាធរក៏មិនទាន់បានបូកសរុបដីស្រែចម្ការដែលរងផលប៉ះពាល់នៅឡើយដែរ។
លោកបានបញ្ជាក់ថា៖ «យើងអត់ទាន់រាប់បានទេ ឥឡូវជាក់ស្តែងនៅចំពោះមុខយើងមានជាង១០០គ្រួសារដែលយើងកំពុងអន្តរាគមន៏ [ទៅទីទួលសុវត្ថិភាព] ព្រោះកំពុងលិចបន្តបន្ទាប់ទៀត»។ លោកបន្តទៀតថា វានៅមានលិចកន្លែងផ្សេងៗទៀតជាច្រើន ហើយនេះអាជ្ញាធរគ្រាន់តែទៅជួយមួយកន្លែងសិនដែលប្រឈមខ្លាំងជាងគេ ប៉ុន្តែអាជ្ញាធរនឹងជួយសង្គ្រោះបន្តបន្ទាប់ទៀត។

លោកបានបន្តថា ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ បានស្រកចុះក្នុងកម្រិតតិចតួចបំផុត ពោលគឺទឹកកំពុងតែបែកវាល, អាជ្ញាធរខេត្តបាននឹងកំពុងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ មកទីទួលសុវត្ថិភាព ព្រមទាំងកំណត់គោលដៅផលប៉ះពាល់ នៃជំនន់ទឹកភ្លៀងផងដែរ។
លោក ខូយ រីដា បានថ្លែងថា៖ «ទឹកដែលហូរពីខាងលើបានផ្អាកហើយ ប៉ុន្តែទឹកជំនន់កំពុងលិចក្រុង និងស្រុកកណ្តៀង យើងកំពុងធ្វើអន្តរាគមន៍ប្រជាជនមកទីទួលសុវត្ថិភាព»។
លោកបានលើកឡើងតៀតថា ទោះជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមដងស្ទឹង និងតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់។
លោកបន្ថែមថា ក្នុងស្ថានភាពនេះ អនាម័យសុខភាពគឺជាកត្តាចាំបាច់បំផុត ត្រូវហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺឆ្លងផ្សេងៗដែលតែងតែកើតមានឡើងក្រោយពីទឹកជំនន់ស្រកចុះ៕











