លោក រ៉ាត់ រត្នមុនី អង្គុយនៅហាងកាហ្វេមួយក្នុងក្រុងភ្នំពេញកាលពីចុងសប្តាហ៍ដោយពាក់អាវខៀវនិងស្លៀកខោប្រផេះដោយបំភ្លេចចោលសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច។ អ្នកសម្របសម្រួលនិងជាអ្នកបកប្រែរូបនេះត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រសប្តាហ៍មុន។
បុរសអាយុ៤៩ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននិងផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំមុនដោយសារតែលោកបានជួយដល់ការផលិតភាពយន្តឯកសារសម្រាប់ទូរទស្សន៍រុស្ស៊ី RT ដែលភាពយន្តឯកសារនេះនិយាយអំពីការជួញដូរផ្លូវភេទនៅកម្ពុជា។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
លោកសប្បាយរីករាយដែលបានចាកចេញពីពន្ធនាគារ ប៉ុន្តែលោកនៅតែបារម្ភអំពីការក្លាយជាគោលដៅ ប្រសិនបើលោកបន្តការងារចាស់របស់លោក។
លោក រ៉ាត់ រត្នមុនី បាននិយាយថា៖ «ខ្ញុំសោកស្តាយដែលខ្ញុំត្រូវជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយសារខ្ញុំជាអ្នកសម្របសម្រួល។ ខ្ញុំបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំពីព្រោះសុវត្ថិភាពរបស់ខ្ញុំនៅមិនទាន់ច្បាស់ ខណៈពេលដែលតុលាការមិនទាន់ជម្រះក្តីឡើងវិញនៅឡើយ»។
នៅឆ្នាំនេះ តុលាការកំពូលបានបង្វែរសំណុំរឿងរបស់លោកមកជម្រះជាថ្មី ដោយជំទាស់នឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលថា ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញគឺត្រឹមត្រូវតាមច្បាប់។ បើទោះបីជាលោក រ័ត្នមុនី ត្រូវបានដោះលែងក៏ដោយ ក៏លោកនៅរង់ចាំការជម្រះឡើងវិញក្នុងសំណុំរឿងនេះ ហើយលោកអាចនឹងទទួលបានការផ្តន្ទាទោសតិចជាងនេះ បន្ទាប់ពីការជម្រះឡើងវិញ ពីព្រោះការផ្តន្ទាទោសនេះត្រូវបានប្តឹងឧទ្ធរណ៍ដោយជនជាប់ចោទហើយមិនមែនជាតំណាងអយ្យការនោះទេ។
ការត្រឡប់ចូលក្នុងសង្គមកម្ពុជាវិញបានធ្វើឲ្យ លោក រត្នមុនី ប្រឈមមុខជាមួយនឹងពិសោធន៍មួយទៀតសម្រាប់គ្រួសារ។ បន្ទាប់ពីរដ្ឋាភិបាលសម្តែងការខឹងសម្បានឹងខ្សែភាពយន្តឯកសាររបស់ទូរទស្សន៍ RT អ្នកសម្របសម្រួលរូបនេះបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោន ប៉ុន្តែត្រូវបានអាជ្ញាធរថៃចាប់បញ្ចូនមកវិញកាលពីខែធ្នូ ឆ្នាំ២០១៨។
ភ្នាមៗ បន្ទាប់ពីការផ្តន្ទាទោសលោក រត្នមុនី ភរិយារបស់លោក គឺអ្នកស្រី ឡុង គីមហ៊ាង ក៏បានចាកចេញទៅកាន់ប្រទេសថៃជាមួយកូនរបស់ពួកគាត់និងបានលាក់ខ្លួនចាប់តាំងពីពេលនោះមក។
លោក រត្នមុនី បាននិយាយថា៖ «វាធ្វើឲ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភរិយានិងកូនប្រុសរបស់ខ្ញុំ។ ខ្ញុំនឹកប្រពន្ធនិងកូនប្រុសរបស់ខ្ញុំ ពីព្រោះខ្ញុំមិនបានជួបពួកគេយូរមកហើយ»។
លោកនិយាយថា ភរិយារបស់លោកចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយភរិយារបស់លោកមិនត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសណាមួយទេ ប៉ុន្តែលោកមិនដឹងថា តើអាជ្ញាធរនឹងអនុញ្ញាតឲ្យភរិយារបស់លោកវិលត្រឡប់មកវិញឬយ៉ាងណាទេ។
លោកបារម្ភថា អាជ្ញាធរកម្ពុជានឹងមិនសប្បាយចិត្តទេ ដែលភរិយារបស់លោកគឺអ្នកស្រី គីមហ៊ាង បានដាក់ញត្តិទាមទារឲ្យមានការដោះលែងលោកនិងបានតវ៉ាច្រើនលើកច្រើនសានៅក្រៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងភ្នំពេញចាប់តាំងពីចុងឆ្នាំ២០១៨ដល់ដើមឆ្នាំ២០១៩។
លោក រត្នមុនី បាននិយាយថា ភរិយារបស់លោកស្ថិតនៅក្រោមការតាមដានពីសំណាក់អាជ្ញាធរថៃហើយកម្រចាកចេញពីបន្ទប់ស្នាក់នៅរបស់គាត់ណាស់។

លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា តុលាការហាក់ដូចជាយឺតយ៉ាវនៅក្នុងដំណើរការរឿងក្តីរបស់លោក រត្នមុនី ដោយសារថា លោកបានអនុវត្តទោសចប់មុនពេលដែលលោកអាចជំទាស់នឹងការផ្តន្ទាទោសរបស់គាត់។
ដោយសួរថា តើសាលាឧទ្ធរណ៍នឹងផ្តល់សំណងណាមួយដល់លោក រត្នមុនី ទេ ប្រសិនបើលោកត្រូវបានរកឃើញថា លោកគ្មានពិរុទ្ធភាពចំពោះបទចោទទាំងនេះ លោក នី សុខា បានមានប្រសាសន៍ថា៖ «វាជាការសោកស្តាយ ដែលនីតិវិធីរបស់តុលាការដំណើរការទៅយឺត ដែលធ្វើឲ្យជនជាប់ចោទបាត់បង់ប្រយោជន៍របស់ខ្លួន»។
លោកបានមានប្រសាសន៍ថា តុលាការគួរតែអនុវត្តវិធានការកែតម្រូវ ដើម្បីធានាថា ជនជាប់ចោទមិនត្រូវបញ្ចប់ការអនុវត្តទោសរបស់ខ្លួនមុនពេលពួកគេអាចបញ្ចប់ដំណើរការតុលាការនិងបណ្តឹងឧទ្ធរណ៍ទាំងមូល។
លោក នី សុខា បានមានប្រសាសន៍ថា ការផ្តន្ទាទោសលោក រ័ត្នមុនី គឺជាការប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា ដោយបង្ហាញថា អ្នកសារព័ត៌មាននិងអ្នកសម្របសម្រួលអាចមានបញ្ហាផ្លូវច្បាប់ដោយសារការងាររបស់ពួកគេ។
លោក នី សុខា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាប៉ះពាល់ដល់ស្មារតីរបស់អ្នកសារព័ត៌មាន»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនយល់ស្របនឹងការចោទប្រកាន់របស់លោក រ័ត្នមុនី ជុំវិញការផ្តន្ទាទោសមិនត្រឹមត្រូវឬដំណើរការយឺតយ៉ាវរឿងក្តីនេះទេ។ លោកបានមានប្រសាសន៍ថា តុលាការតែងតែគោរពតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងការវិនិច្ឆ័យដោយផ្អែកលើភស្តុតាង ដោយចង្អុលបញ្ជាក់ថា ការដោះលែងលោករត្នមុនី ពីពន្ធនាគារនៅពេលគាត់បញ្ចប់ការអនុវត្តទោសនៅក្នុងពន្ធនាគារនោះ ក៏ជាការអនុវត្តនីតិវិធីរបស់តុលាការដែរ។
លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា៖ «ដំណើរការនីតិវិធីរបស់តុលាការជាធម្មតាទេ ហើយតែកាលណាគាត់អនុវត្តទោសចប់ហើយ ត្រូវតែឲ្យគេនៅក្រៅឃុំ»។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ការផ្តន្ទាទោសនេះ គឺអយុត្តិធម៌ចំពោះលោក រ័ត្នមុនី ពីព្រោះគាត់គ្រាន់តែជាអ្នកសម្របសម្រួល ហើយគ្រាន់តែជួយអ្នកកាសែតបរទេសលើគម្រោងផលិតភាពយន្តឯកសារនេះប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា វានឹងជះឥទ្ធិពលដល់អ្នកសម្របសម្រួលផ្សេងទៀត ដែលនឹងស្ទាក់ស្ទើរធ្វើការងារជាមួយអ្នកសារព័ត៌មាន។
លោក ណុប វី មានប្រសាសន៍ថា៖ «តុលាការគួរតែទម្លាក់ការចោទប្រកាន់លើរូបគាត់ពីព្រោះវានឹងធ្វើឲ្យអ្នកសម្រេបសម្រួលនិងអ្នកសារព័ត៌មានភ័យខ្លាចក្នុងការបំពេញការងាររបស់ពួកគេ»។
រដ្ឋាភិបាលកម្ពុជាមិនដែលនិយាយអ្វីជាសាធារណៈអំពីបណ្តាញព័ត៌មាន RT ហើយក៏មិនដែលលើកបញ្ហានេះទៅកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងភ្នំពេញដែរ។ ភាពយន្តឯកសារនេះនៅមានតាមប្រព័ន្ធអ៊ីនធើណិតនៅឡើយហើយគេអាចចូលមើលបាន។
បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់រុស្ស៊ីនេះថែមទាំងបានផ្ញើលិខិតទៅស្ថានទូតកម្ពុជានៅទីក្រុងមូស្គូ ដោយបញ្ជាក់ថា លោក រត្នមុនី គឺគ្រាន់តែជា «អ្នកសម្របសម្រួលនិងអ្នកបកប្រែ» សម្រាប់ក្រុមកាងារផលិតភាពយន្តឯកសារនេះតែប៉ុណ្ណោះ ហើយមានលិខិតព្រមព្រៀងពីស្ត្រីដែលបានបង្ហាញមុខក្នុងវីដេអូឯកសារនេះផងដែរ។ តួអង្គសំខាន់ពីររូបក្នុងភាពយន្តឯកសារនេះបានបដិសេធការអះអាងដែលបានធ្វើឡើងក្នុងវីដេអូនេះ ហើយបាននិយាយថា ពួកគេត្រូវបានផ្តល់ប្រាក់ ដើម្បីនិយាយនៅចំពោះមុខកាម៉េរ៉ា។
រដ្ឋាភិបាលកម្ពុជាមានភាពរសើបខ្លាំងចំពោះភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានគំរាមបិទអង្គការក្រៅរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្ស Agape International Missions ដែលតាមចោទថា បានភាន់ច្រឡំក្មេងស្រីបីនាក់ដែលត្រូវបានលក់ជាទាសករផ្លូវភេទថា ជាជនជាតិខ្មែរ ដែលតាមពិតពួកគេគឺជាជនជាតិវៀតណាម។
ស្រដៀងគ្នាទៅនឹងភាពយន្តឯកសាររបស់បណ្តាញទូរទស្សន៍ RT ដែរ បណ្តាញ ផ្សព្វផ្សាយអន្តរជាតិ CNN បានផ្សព្វផ្សាយរឿងរ៉ាវរបស់ក្មេងស្រីបីនាក់នៅក្នុងកម្មវិធី “CNN Freedom Project” ជាយុទ្ធនាការព័ត៌មានអន្តរជាតិរបស់បណ្តាញទូរទស្សន៍ដែលមានមូលដ្ឋាននៅអាមេរិក ដើម្បីបញ្ចប់ទាសករក្នុងសម័យទំនើប។
មន្ត្រីរដ្ឋាភិបាលរហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរបានវាយប្រហារបណ្តាញទូរទស្សន៍ CNN ដោយសារតែចុះផ្សាយពីរឿងនេះដែលធ្វើឲ្យមានកំហឹង។ ប៉ុន្តែបណ្តាញទូរទស្សន៍ RT ដែលពីមុនគេស្គាល់ថា Russia Today នោះគេចផុតកាលពីឆ្នាំ២០១៨។
ងាកមកហាងកាហ្វេវិញ លោក រត្នមុនី មិនខ្មាស់អៀននឹងរៀបរាប់ពីពេលវេលារបស់លោកនៅក្នុងពន្ធនាគារនោះទេ។ លោកបាននិយាយថា ដំបូងគេយកលោកទៅដាក់ក្នុងបន្ទប់តូចចង្អៀតជាមួយអ្នកទោសដែលត្រូវបានផ្តន្ទាទោសពីបទល្មើសផ្សេងៗ ប៉ុន្តែក្រោយមកលោកត្រូវបានគេផ្លាស់ទៅកន្លែងមួយទៀតដែលមានអ្នកទោសនយោបាយនិងអ្នកទោស “មនសិការ”។
លោកបាននិយាយថា លោកបានចំណាយយ៉ាងហោចណាស់១៧៥ដុល្លារទៅ២០០ដុល្លារក្នុងមួយខែ ដើម្បីទិញអាហារនិងរបស់របរផ្សេងៗដែលលោកត្រូវការនៅក្នុងពន្ធនាគារ។ ក្រោយមក លោក រ័ត្នមុនី ត្រូវបានគេហៅថា ជាលោកគ្រូ ក្រោយពីលោកចាប់ផ្តើមជួយបង្រៀនភាសាអង់គ្លេសដល់អ្នកទោសប្រហែលជាប្រាំបីនាក់។
លោកបាននិយាយថា៖ «ហើយនៅពេលខ្ញុំបង្រៀនភាសាអង់គ្លេសដល់អ្នកទោសខ្លះ ខ្ញុំក៏រៀនភាសាថៃនិងវៀតណាមពីអ្នកទោសផ្សេងទៀតដែរ ហើយនៅពេលនេះ ខ្ញុំអាចនិយាយភាសាថៃនិងភាសាវៀតណាមបាន»។
បើទោះបីជាវាមានរយៈពេលច្រើនថ្ងៃហើយក៏ដោយ ចាប់តាំងពីលោកត្រូវបានដោះលែង ក៏លោក រត្នមុនី ដូចជាមិនចង់គេចវេសពីការវិលត្រឡប់ទៅកាន់អាជីពជាអ្នកសារព័ត៌មានវិញនោះទេ។ លោកបាននិយាយថា លោកធ្លាប់ទទួលបានអាជ្ញាបណ្ណព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណិតដែលលោកបានបង្កើតឡើងនិងដាក់ឈ្មោះថា “សំឡេងបក្សី” ។ ខណៈប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រៀមនឹងចាប់ផ្តើមផ្សព្វផ្សាយព័ត៌មានកាលពីឆ្នាំ២០១៨នោះ ការចាប់ខ្លួនលោក រ័ត្នមុនី ធ្វើឲ្យលោកមិនមានឱកាសប្រើប្រាស់អាជ្ញាបណ្ណនេះទេ។
លោក រត្នមុនី បាននិយាយថា៖ «ប្រសិនបើខ្ញុំមានសមត្ថភាព ខ្ញុំចង់ក្លាយជាអ្នកសារព័ត៌មាននាពេលអនាគត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Released RT media fixer shifts focus to his retrial, uniting with exiled family