ស្របពេលម្ចាស់ជំនួយផ្តល់ការជ្រោមជ្រែងពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា បទបញ្ញត្តិ ដែលមិនត្រូវគ្នាអាចបើកឱកាសឲ្យមានការអនុវត្តគម្រោងមិនមានគុណភាពល្អ។
កាលពីខែមុន ការត្រួតពិនិត្យដោយក្រសួងសាធារណការនិងដឹកជញ្ជូនបានរកឃើញភាពមិនប្រក្រតីនៅក្នុងការសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។
រដ្ឋមន្រ្តីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានប្រកាសកាលពីថ្ងៃទី២៣ ខែមេសាថា ផ្នែកជាច្រើននៃផ្លូវជាតិលេខ ២ ដែលតភ្ជាប់ក្រុងតាខ្មៅ ទៅខេត្តតាកែវ និងផ្លូវជាតិលេខ ២២ ស្ថិតនៅក្រោមកម្រិតស្តង់ដារគុណភាពដែលមិនអាចទទួលយកបាន។
លោកបានថ្លែងថា៖ «ខ្ញុំបានបញ្ជាឲ្យក្រុមការងារចាប់ផ្តើមធ្វើការត្រួតពិនិត្យគ្រប់ទាំងអស់ ហើយកន្លែងណាដែលរកឃើញថា មិនស្របជាមួយនឹងស្តង់ដារ កន្លែងទាំងនោះនឹងត្រូវគាស់កាយធ្វើឡើងវិញ»។
លោកបានបន្តថា គុណភាពស្តង់ដារនៃសំណង់ផ្លូវថ្នល់ជាទូទៅត្រូវបានកំណត់កម្រិតបច្ចេកទេសគឺ៤៣០ ប៉ុន្តែសម្រាប់ ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ទទួលបានតែរវាង ៣៤០ ទៅ ៤២០ ប៉ុណ្ណោះ។
ការប្រកាសជាសាធារណៈដូចនេះបានជំរុញឲ្យមានការស៊ើបអង្កេតពីស្ថានទូតកូរ៉េខាងត្បូងនៅកម្ពុជា។ នាពេលបច្ចុប្បន្ន ផ្លូវជាតិខាងលើនេះហាក់ដូចជាដើរតួជាគំរូនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលខកខនបំពេញតាមស្តង់ដារ។ វិទ្យាស្ថានវេទិកាអនាគត (Future Forum) ធ្លាប់បានលើកឡើងពីការគោរពតាមបទដ្ឋានក្នុងកម្រិតទាបតែប៉ុណ្ណោះ សម្រាប់គម្រោងទាំងនេះ ដែលជាបញ្ហាចោទចម្បងជាទូទៅមួយ។
កាលពីឆ្នាំ ២០២១ ក្រសួងសាធារណការបានរកឃើញថា ផ្នែកខ្លះនៃផ្លូវជាតិលេខ៣ មានគុណភាពទាប ដោយតម្រូវឲ្យធ្វើការកែលម្អរឡើងវិញ។
គម្រោងផ្លូវជាតិដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកំពត ត្រូវបានជួសជុល និងពង្រីកឡើងវិញនៅឆ្នាំ ២០១៨ ជាមួយនឹងហិរញ្ញប្បទានចំនួន ២០០លានដុល្លារពីរដ្ឋាភិបាលចិន។ ផ្លូវនេះត្រូវបានធ្វើការសាងសង់ដោយដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC)។
គម្រោងសំណង់ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ គឺត្រូវបានស្ថាបនាដោយ ដោយក្រុមហ៊ុន Hanshin Engineering & Constructions Company របស់កូរ៉េ។ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រុមហ៊ុននេះមិនមានគ្រឿងយន្តគ្រប់គ្រាន់ ឬប្រើប្រាស់គ្រឿងឧបករណ៍គុណភាពទាប។
គម្រោងសាងសង់ផ្លូវតម្លៃ ៥៦លានដុល្លារខាងលើត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលកូរ៉ខាងត្បូង ដោយមានការរួមចំណែកពីរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Hanshin Engineering ក៏ទទួលបានកិច្ចសន្យាដើម្បីសាងសង់ផ្លូវជាតិលេខ ២១ ដែលបង្ហាញពីបញ្ហាស្រដៀងគ្នានេះដែរ។ នេះបើយោងតាមលោកចាន់ថុល។ លោកបានព្រមានដកក្រុមហ៊ុន Hanshin Engineering ពីការដេញថ្លៃសម្រាប់គម្រោងបន្ថែមទៀត។
លោកបានថ្លែងថា៖ «ក្រុមហ៊ុននេះជាក្រុមហ៊ុនដេញថ្លៃជោគជ័យមួយសម្រាប់ការសាងសង់ដែលចំណាយទាប។ ប៉ុន្តែយើងក៏បានកត់ចំណាំទុកក្រុមហ៊ុននោះ និងកំពុងពិភាក្សាថាតើយើងគួរឲ្យក្រុមហ៊ុន Hanshin ធ្វើការដេញថ្លៃបន្តទៀតឬទេ»។

លោក Kim Beomseo មន្រ្តីផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានប្រាប់ ខេមបូចា តាមរយៈអ៊ីម៉ែលថា លោកកំពុងធ្វើការស្វែងរកចម្លើយលើបញ្ហានេះ។
លោកបានប្រាប់ថា៖ «ខ្ញុំកំពុងស្វែងរកការពិតពីបញ្ហានេះតាមរយៈការសម្ភាសជាមួយមន្រ្តីនានា។ ខ្ញុំមិនអាចឆ្លើយបាននោះទេ រហូតដល់ការស៊ើបអង្កេតបានបញ្ចប់»។
ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលមិនច្បាស់លាស់?
ការស្រាវជ្រាវរបស់វិទ្យាស្ថានវេទិកាអនាគត ដែលតាមដានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានមូលនិធិពីបរទេស នៅកម្ពុជា រវាងឆ្នាំ ២០០៥ ដល់ឆ្នាំ២០២០ បានរកឃើញថា ម្ចាស់ជំនួយភាគច្រើនមិនបានប្រើប្រាស់ប្រព័ន្ធជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA )នោះទេ ដើម្បីអនុវត្តគម្រោងផ្សេងៗ។
ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងគឺជា ដៃគូអភិវឌ្ឍន៍គោលរបស់កម្ពុជាសម្រាប់ជំនួយអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
វេទិកាអនាគត ដែលរាយការណ៍លើបញ្ហានេះ លើកឡើងថា ចិនមិនបានប្រើប្រាស់ប្រព័ន្ធជំនួយអភិវឌ្ឍន៍ផ្លូវការនោះទេសម្រាប់គម្រោងចំនួន ៧០របស់ខ្លួន ក្នុងអំឡុងពេលនេះ។
ជប៉ុនបានប្រើប្រាស់ប្រព័ន្ធនេះតែ ២,៤ ភាគរយនៃគម្រោងសរុបចំនួន ៥៥៤ និងកូរ៉េខាងត្បូង ១,៩ ភាគរយនៃគម្រោងសរុប ៤២០រៀងគ្នាប៉ុណ្ណោះ។
វេទិកាអនាគត ក៏បានរាយការណ៍ថា បណ្តាប្រទេសដៃគូអភិវឌ្ឍន៍ដទៃទៀត រួមមាន សហភាពអឺរ៉ុប បារាំង និងសហរដ្ឋអាមេរិក ក៏កម្រនឹងប្រើប្រាស់ប្រព័ន្ធលទ្ធកម្មជាតិរបស់កម្ពុជាណាស់។
នៅស្របពេលដូចគ្នានេះ វេទិកាអនាគត បាននិយាយថា គោលការណ៍ផ្លូវការនៃប្រព័ន្ធលទ្ធកម្មជាទូទៅសម្រាប់គម្រោងក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជានៅតែមិនទាន់មានភាពច្បាស់លាស់ ដោយមិនមានគោលការណ៍ឬបទដ្ឋានទូទៅសម្រាប់ការអនុវត្ត។
របាយការណ៍របស់វេទិកាអនាគតបានលើកឡើងថា៖ «ការអនុវត្តដោយមិនមានភាពប្រក្រតីបែបនេះគឺ ថែមទាំងធ្វើឲ្យមានភាពមិនច្បាស់លាស់នៅក្នុងនីយ័តកម្មរបស់ប្រទេស»។
ម្យ៉ាងវិញទៀត របាយការណ៍បានកត់សម្គាល់ថា ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីបានប្រើប្រាស់ប្រព័ន្ធលទ្ធកម្មរបស់រដ្ឋាភិបាលសម្រាប់គម្រោងផ្សេងៗនៅក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។
ស្ថានទូតចិននៅរាជធានីភ្នំពេញមិនបានឆ្លើយតបសំណើសុំការអធិប្បាយពី ខេមបូចា តាមរយៈការទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតនោះទេ។
លោក Yuji Shinohara តំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា បានប្រាប់ ខេមបូចា តាមអ៊ីម៉ែលថា មានរចនាសម្ព័ន្ធចម្បងចំនួនបួនសម្រាប់គម្រោងរបស់ទីភ្នាក់ងារ JICA នៅកម្ពុជា រួមមានជំនួយឥតសំណង កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងការវិនិយោគផ្នែកហិរញ្ញវត្ថុនៅក្នុងវិស័យឯកជន។ ទីបួនគឺប្រព័ន្ធកម្ចីដោយប្រើប្រាស់ប្រាក់យេន។ លោកបាននិយាយថា គម្រោងទាំងនេះឆ្លងកាត់នីតិវិធីផ្សេងៗសម្រាប់ការអនុវត្ត។
លោក Shinohara បានបន្តថា សម្រាប់គម្រោងជំនួយឥតសំណងគឺមានតែក្រុមហ៊ុនជប៉ុន ប៉ុណ្ណោះដែលមានសិទ្ធិចូលរួមដេញថ្លៃគម្រោង ប៉ុន្តែការបើកដេញថ្លៃនៅតែត្រូវធ្វើឡើងនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា គម្រោងទាំងនោះត្រូវបានធ្វើឡើងក្រោមប្រព័ន្ធលទ្ធកម្មរបស់រដ្ឋាភិបាល» ។ លោកបន្ថែមថា ប៉ុន្តែគម្រោងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសមិនបានធ្វើក្រោមប្រព័ន្ធលទ្ធកម្មរដ្ឋាភិបាលនោះទេ។
មាត្រាទី៣ នៃច្បាប់ស្តីពីលទ្ធកម្មឆ្នាំ ២០១២ របស់កម្ពុជាចែងថា ដៃគូអភិវឌ្ឍន៍អាចគោរពតាមច្បាប់ ឬគោរពតាមកិច្ចសន្យានៃភាគីពាក់ព័ន្ធ។ នេះបើយោងតាមរបាយការណ៍របស់វេទិកាអនាគត។
ប៉ុន្តែរបាយការណ៍ក៏បានលើកឡើងថា ស្របពេលកម្ពុជាមិនមានច្បាប់ធ្វើនិយ័តកម្មលើជំនួយអភិវឌ្ឍន៍ ឬគម្រោងជំនួយផ្សេងៗ គម្រោងទាំងនោះគឺត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការសម្រាប់ការដឹកនាំការកែទម្រង់និងគ្រប់គ្រងការអភិវឌ្ឍនៅកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អ្នកនាំពាក្យក្រសួងសាធារណការ លោក វ៉ាស៊ីម សូរិយា បានប្រាប់ ខេមបូចា ថា ការប្រើប្រាស់ជំនួយបរទេសគឺស្របជាមួយទិសដៅរបស់រដ្ឋាភិបាល និងម្ចាស់ជំនួយ។
លោកបានច្រានច្រោលរបាយការណ៍របស់វិទ្យាស្ថានវេទិកាអនាគត ដោយអះអាងថា រាល់គម្រោងទាំងអស់គឺត្រូវបានអនុវត្តដោយស្របតាមកិច្ចសន្យា និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងក្រុមហ៊ុនពាក់ព័ន្ធ។
លោកបានថ្លែងថា៖ «យើងមិនដឹងថា របាយការណ៍នោះវាត្រឹមត្រូវប៉ុណ្ណាទេ និងបានប្រភពមកពីណាទេ។ គ្រប់គម្រោងទាំងអស់គឺស្របជាមួយនីតិវិធី និងកិច្ចព្រមព្រៀងត្រឹមត្រូវ ហើយមិនមានជាការខ្ជះខ្ជាយលុយនោះទេ»។
លោកបានបន្តថា ម្ចាស់ជំនួយជារឿយៗតែងតែបញ្ជូនមន្រ្តីជំនាញដើម្បីតាមដានការអនុវត្តគម្រោង និងការប្រើប្រាស់កញ្ចប់ថវិការបស់ពួកគេ។

នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិប្រចាំនៅកម្ពុជា លោក ប៉ិច ពិសី បាននិយាយថា សំណង់ផ្លូវថ្នល់គុណភាពអន់ថយបានបង្កការខាតបង់ដល់សេដ្ឋកិច្ចប្រទេស។
លោកបានបន្តថា ការវិនិយោគសាធារណៈតម្រូវឲ្យមានតម្លាភាពនៅក្នុងផ្នែកលទ្ធកម្ម ដើម្បីជ្រើសរើសក្រុមហ៊ុនដែលបំពេញលក្ខខណ្ឌត្រឹមត្រូវ ក្នុងគោលបំណងបញ្ចៀសការប្រើប្រាស់កញ្ចប់ថវិកាជាតិដើម្បីជួសជុលផ្លូវថ្នល់ម្តងហើយម្តងទៀត។
លោកបានថ្លែងថា៖ «គណនេយ្យភាព និងតម្លាភាពពីការចាប់ផ្តើមនៃការដេញថ្លៃរហូតដល់ការអនុវត្តគម្រោងគឺជារឿងសំខាន់ »។ ដោយលោកបន្ថែមថា៖ «កាលពីគ្រាមុន យើងក៏បានឃើញភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការដេញថ្លៃផងដែរ ដែលមានពាក់ព័ន្ធទៅនឹងការសូកប៉ាន់»។
លោកបានបន្ថែមថា ក្រុមហ៊ុនខ្លះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដេញថ្លៃ ប៉ុន្តែនៅតែត្រូវបានអនុញ្ញាតឲ្យចូលរួមដេញថ្លៃ។
លោកបានថ្លែងថា៖ «ដូច្នេះ យើងស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានគុណភាពទាប ហើយ [ស្វែងរកវិធីផ្សេងៗ] ដើម្បីកាត់បន្ថយចំណាយ ដើម្បីសន្សំថវិកាជាតិ»។
សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេបំផុតនៅអាស៊ាន ដោយដាក់កម្ពុជានៅចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោមបណ្តាប្រទេស ១៨០ ទូទាំងសាកលលោក។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បាននិយាយថា ស្របពេលដែលរាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវស្ថិតនៅក្នុងក្រោមច្បាប់លទ្ធកម្មសាធារណៈកម្ពុជា ការអនុវត្តមិនទាន់គោរពតាមគោលការណ៍ច្បាប់ពេញលេញនោះទេ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ផ្លូវថ្នល់គុណភាពទាបគឺ ដោយសារឥរិយាបទរបស់ក្រុមហ៊ុនខ្លួនឯងផ្ទាល់ និងការមិនអើពើរបស់រដ្ឋាភិបាលនៅក្នុងការតាមដានពិនិត្យតាមដំណាក់កាលនីមួយៗ »។ លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរពិចារណាមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនដែលទទួលបានគម្រោងណាមួយទៅជួលក្រុមហ៊ុនម៉ៅការបន្ត ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពផ្លូវ»។
យ៉ាងណាក្តី ពលរដ្ឋដូចជា លោក សេង គ្រឿន ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាល បាននិយាយថា លោកមិនបានដឹងពីបញ្ហាពាក់ព័ន្ធនឹងគុណភាពផ្លូវនោះទេ ហើយលោកសប្បាយចិត្តនៅពេលឃើញមានការសាងសង់ផ្លូវថ្មី។
លោកបានថ្លែងថា៖ «មានផ្លូវថ្មីធ្វើឲ្យការរស់នៅ ប្រកបរបរ និងធ្វើដំណើរងាយស្រួលជាងមុន»។
ចំណែកអ្នកស្រី សៀក លីម អ្នកភូមិមួយរូបទៀតរស់នៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងស្រុកកណ្តាលស្ទឹង ក៏បានបង្ហាញអារម្មណ៍ដូចគ្នានេះដែរ។
អ្នកស្រីបានថ្លែងថា៖ «នៅពេលយើងមានផ្លូវថ្មី យើងអាចប្រកបរបររកស៊ីប្រចាំថ្ងៃបាន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Report: Foreign-funded infrastructure projects need more scrutiny for quality control