របាយការណ៍ថ្មីមួយរបស់អង្គការលីកាដូ បាននិយាយលម្អិតពីករណីឃាតកម្មលើស្រ្តីចំនួន២៦រូប និងកុមារ៦រូបនៅចន្លោះខែមករា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២២ បង្កដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីតដៃគូ។ របាយការណ៍ថានេះបានបង្ហាញពីការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារ និងអនុវត្តច្បាប់។
ក្រុមអ្នកតាមដានបញ្ហានេះបានរកឃើញថាមានស្រ្តី៦រូប និងកុមារម្នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២០ ចំណែកស្រ្តី១៣រូប និងកុមារ៤រូបត្រូវបានសម្លាប់ក្នុងឆ្នាំ២០២១ និងស្រ្តីចំនួន៧រូបត្រូវបានសម្លាប់ក្នុងឆមាសទីមួយនៃឆ្នាំ២០២២។ របាយការណ៍បញ្ជាក់ថាករណីឃាតកម្មលើស្រ្តីចំនួន២៦ករណី មាន១៦ករណីបង្កឡើងដោយស្វាមី ៥ករណីបង្កឡើងដោយដៃគូស្និទ្ធស្នាល ២ករណីបង្កឡើងដោយអតីតស្វាមី និង៣ករណីទៀតបង្កឡើងដោយអតីតដៃគូ។ របាយការណ៍ដែលមានចំណងជើងថា «គ្មានច្រកសុវត្ថិភាព៖ បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល» បានបញ្ជាក់ថាតួលេខទាំងនេះអង្គការលីកាដូ បានប្រមូលតាមរយៈសាច់ញាតិជនរងគ្រោះ បណ្ដាញសង្គម តាមរយៈសារព័ត៌មានផ្សេងៗ របាយការណ៍សមត្ថកិច្ច និងប្រភពជាច្រើនទៀត ហើយបានសង្កេតឃើញពីភាពទន់ខ្សោយរបស់សមត្ថកិច្ចរដ្ឋចំពោះអំពើហិង្សាក្នុងគ្រួសារ។
របាយការណ៍បញ្ជាក់ថាមានតែ១៧ករណីក្នុងចំណោម២៦ករណី ឬ៦៥ភាគរយប៉ុណ្ណោះ ដែលជនល្មើសត្រូវបានផ្តន្ទាទោសគិតត្រឹមខែមករា ឆ្នាំ២០២៣ ហើយជនសង្ស័យផ្សេងទៀតកំពុងមានសេរីភាព ឬកំពុងជាប់ឃុំបណ្ដោះអាសន្ន ឬបានបាត់បង់ជីវិត។
របាយការណ៍បានដកស្រង់សម្ដីស្រ្តីជាម្ដាយរបស់ជនរងគ្រោះដែលត្រូវអតីតស្វាមីសម្លាប់ដោយថា៖ «គ្មានការអន្តរាគមន៍អីទេ គេ (អាជ្ញាធរ) មិនមកទេ»។ អ្នកស្រីបន្តថា៖ «កូនស្រីខ្ញុំបានស្លាប់ទៅហើយ ជនល្មើសនៅតែរួចខ្លួន»។
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ មានប្រសាសន៍ថាមានករណីអំពើហិង្សាក្នុងគ្រួសារមួយចំនួនបានចប់ត្រឹមការស៊ើបអង្កេតរបស់សមត្ថកិច្ច និងជាញឹកញាប់តែងតែត្រូវបានសម្របសម្រួលដោយអាជ្ញាធរមូលដ្ឋាន។ លោកថាមធ្យោបាយនេះគឺមានបំណងចង់ឲ្យគ្រួសារនៅរួមរស់ជាមួយគ្នា ប៉ុន្តែវាត្រូវប្រើច្រើនលើសលុបពេក ហើយក៏បានក្លាយជាភាពបរាជ័យមួយក្នុងការទប់ស្កាត់អំពើហិង្សា។ លោកកត់សម្គាល់ឃើញថា ជនល្មើសតែងតែជឿថាវាមិនមែនជារឿងបំពានច្បាប់នោះទេនៅពេលគេប្រើហិង្សាលើដៃគូរបស់ខ្លួន។
លោកបន្ថែមថា៖ «អំពើហិង្សាក្នុងគ្រួសារអាចនឹងកាន់តែអាក្រក់ ហើយករណីខ្លះ មានរហូតដល់សម្លាប់ បើសិនជាមិនដោះស្រាយតាមផ្លូវច្បាប់ទេ»។
របាយការណ៍បានសិក្សាស៊ីជម្រៅលើប្រព័ន្ធដែលទន់ខ្សោយដែលនាំឲ្យមានឃាតកម្មកើតឡើង។ បើទោះបីជាវាមិនបានឆ្លុះបញ្ចាំងទិដ្ឋភាពនៃអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងក្នុងប្រទេសកម្ពុជាទាំងស្រុង វាក៏បានបង្ហាញថាបទដ្ឋានយេនឌ័រមិនត្រឹមតែបានគាំទ្រ និងជំរុញឲ្យមានអំពើហិង្សានេះទេ តែថែមទាំងបានរួមចំណែកដល់ការមិនយកចិត្តទុកដាក់អន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធផងដែរ។
សង្គមស៊ីវិលតែងតែពិភាក្សាច្រើនពីភាពទន់ខ្សោយរបស់ច្បាប់ស្ដីអំពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចគាំពារជនរងគ្រោះ ឆ្នាំ២០០៥។ តែចាប់តាំងពីច្បាប់បានអនុម័តក្នុងឆ្នាំ២០០៥មក គ្មានការយកចិត្តទុកដាក់ឲ្យច្បាស់លាស់លើបញ្ហាអំពើហិង្សានេះទេ។
ច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារនៅមានភាពមិនស៊ីគ្នា និងមានចន្លោះខ្វះខាត ហើយនីតិវិធីលែងលះក៏មិនសូវល្អ ទើបធ្វើឲ្យស្ដ្រីស្ថិតក្នុងស្ថានភាពរំលោភបំពាន។
លោក អំ សំអាត មានប្រសាសន៍ថាគេឃើញមានទាំងភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់ និងការប្រកាន់យកការសម្របសម្រួលជាអាទិភាពច្រើនក្នុងករណីអំពើហិងក្សាក្នុងគ្រួសារ។ បើទោះបីជាស្រ្តីបានដាក់ពាក្យបណ្ដឹងលើបញ្ហាជម្លោះ ការវាយដំដែលបង្កបញ្ហារបួស ក៏សមត្ថកិច្ចនគរបាលតែងចាត់ទុកថាជារឿងតូចតាច ហើយបានណែនាំឲ្យគ្រួសារធ្វើការសម្របសម្រួល ដែលខុសពីបំណងរបស់ជនរងគ្រោះ។
លោកឲ្យដឹងថាវិធីសម្របសម្រួលនេះកើតចេញពីការជឿថាអំពើហិង្សាក្នុងគ្រួសារជារឿងបុគ្គល ជាជាងចាត់ទុកថាជាបញ្ហាសង្គម។
លោកបន្ថែមថា៖ «បើសិនជាមានការសម្របសម្រួលកាន់តែច្រើនចំពោះអ្នកប្រព្រឹត្តបទល្មើសហិង្សា វានឹងនាំឲ្យមានអំពើហិង្សាកាន់តែច្រើន»។ លោកថា អ្នកដែលរងគ្រោះខ្លាំងជាងគេគឺស្រ្តី និងកុមារដែលនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងលើសង្គមគ្រួសារ សង្គមជាតិ និងធនធានមនុស្ស។
លោកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ លើកឡើងក្នុងរបាយការណ៍ថា៖ «កិច្ចគាំពារ និងសេវាចាំបាច់មួយចំនួន ផ្តល់អំណាចដល់ស្រ្តី ដើម្បីមានសុវត្ថិភាពក្នុងការចាកចេញពីទំនាក់ទំនងស្និទ្ធស្នាលដែលប្រឈមនឹងការរំលោភបំពាន»។ លោកស្រ្តីបន្ថែមថា៖ «វាពិតជាចាំបាច់ណាស់ដែលស្រ្តីអាចស្វែករក និងដឹងពីសិទ្ធិស្របច្បាប់ និងជម្រើសរបស់ពួកគេមានក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងកាលៈទេសៈសំខាន់បែបនេះ»។
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព បានគាំទ្រចំពោះការលើកឡើងរបស់ អង្គការលីកាដូ ដែលបានអំពាវនាវឲ្យមានការអនុវត្តច្បាប់ឲ្យកាន់តែប្រសើរ និងផ្ដោតលើការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលត្រូវដៃគូជិតស្និទ្ធបង្កហិង្សាលើ។
អ្នកស្រីបន្ថែមថា៖ «យើងមានច្បាប់ ប៉ុន្តែតើយើងត្រូវពង្រឹងច្បាប់បែបណា? ហើយយើងត្រូវពង្រឹងការអនុវត្តបែបម៉េច? ហើយតើប្រព័ន្ធច្បាប់នោះទៀតសោតដំណើរការយ៉ាងម៉េច?»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ខេមបូចាថារដ្ឋាភិបាលបាននឹងកំពុងធ្វើការទប់ស្ដាត់អំពើហិង្សាក្នុងគ្រួសារតាមរយៈច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ។ ប៉ុន្តែលោកថាក្នុងករណីឃាតកម្មដែលមិនទាន់ឈានដល់ការកាត់ទោស វាគឺដោយសារតែជនល្មើសបានរត់គេចខ្លួន ។
លោកបន្ថែមថា៖ «ខ្ញុំមិនគិតថាវាជាការបរាជ័យ[លើការអនុវត្តច្បាប់]ទេ…ក្នុងករណីណាដែលជនល្មើសមិនទាន់ចាប់ខ្លួនបាន សំណុំរឿងមិនទាន់បិទបញ្ចប់ទេ»។
យ៉ាងណាលោកលើកឡើងដែរថា របាយការណ៍ហាក់មានភាពលម្អៀង និងមិនបានឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់រដ្ឋាភិបាលទេ។
លោកបានមានប្រសាសន៍ថា៖ «ពេលដែលលីកាដូរិះគន់ យើងសប្បាយចិត្ត ពីព្រោះថាយើងបានខិតខំធ្វើការ ហើយកិច្ចខិតខំរបស់យើងអាចនឹងត្រូវទទួលស្គាល់»។
អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្តា បដិសេធអត្ថាធិប្បាយលើរឿងនេះ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Report Points to Inadequate Enforcement, Legal Flaws as Reasons for Entrenched Domestic Violence