ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំមួយចំនួននៅស្រុកគិរីវង់ ខេត្តតាកែវ ជាពិសេសអ្នកភូមិដែលរស់នៅឃុំព្រះបាទជាន់ជុំ បានសម្រេចចិត្តងាកមកដាំត្រកួន និងបន្លែបង្ការផ្សេងៗ ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារ ខណៈការធ្វើស្រូវប្រាំងរបស់ពួកគាត់ មិនទទួលបានផលល្អ ហើយថែមទាំងខាតដើមខាតចុង រកតែលុយសងថ្លៃជី និងថ្នាំសង្កូវផ្សេងៗមិនចង់បាន។
ជាកសិកររស់នៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ លោក កែម ម៉ៅ វ័យ៥៧ឆ្នាំ បានឱ្យដឹងថា កាលពីមុន អ្នកភូមិរបស់គាត់ និងភូមិផ្សេងៗទៀត ពឹងផ្អែកខ្លាំងទៅលើការធ្វើស្រូវស្រាល នៅខែប្រាំង និងស្រូវឡើងទឹក ពេលខែវស្សា ចំណែកការដាំបន្លែបង្ការផ្សេងៗ គ្រាន់តែជាមុខរបរបន្ទាប់បន្សំ ដើម្បីរកចំណូលបន្ថែម។
ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើស្រែលេងសូវបានផលហើយ គឺមានតែចូលដើម ព្រោះជួបគ្រោះរឹងស្ងួតអត់ទឹកធ្វើស្រែផង ឆ្នាំខ្លះក៏ជន់លិចទៀត ហើយអ្វីដែលសំខាន់បំផុតនោះ គឺការបំផ្លាញពីសត្វកណ្តុរ ចំណែកផលស្រូវ ដែលទទួលបាន ក៏មានតម្លៃថោក មិនអាចទប់ទល់ការចំណាយបាន។
បុរសវ័យ៥៧ឆ្នាំរូបនេះបាននិយាយថា៖ «នៅយើងឥឡូវនេះ មិនអាចពឹងទៅលើការធ្វើស្រែដូចមុននោះទេ ព្រោះធ្វើទៅកណ្តុរកាត់អស់ ហើយពេលធ្វើបានផល តម្លៃស្រូវក៏ធ្លាក់ចុះ អ៊ីចឹងអ្នកធ្វើច្រើន ខាតច្រើន អ្នកធ្វើតិច ខាតតិច គឺការធ្វើស្រែ កាន់តែពិបាកទៅៗហើយ មិនងាយចំណេញទេ»។
ជាមួយគ្នានេះ លោក កែម ម៉ៅ ដែលអ្នកស្រុកហៅថា «ពូបាក់» ព្រោះគាត់បានស្វិតជើងម្ខាង តាំងពីនៅក្មេងនោះ បានឱ្យដឹងទៀតថា ការដាំដំណាំផ្សេងទៀត ដូចជាត្រសក់ ត្រឡាច ល្ពៅ ស្ពៃ សណ្តែក ជាដើម ក៏ពិបាករកផលចំណេញដូចគ្នា ព្រោះពេលខ្លះ ក៏ខូច ដោយសារសត្វល្អិតបំផ្លាញ ហើយពេលខ្លះទៀត ដាំបានហើយ លក់បានថោក ព្រោះគ្មានទីផ្សារ គឺឱ្យតែអ្នកស្រុកដាំច្រើនគ្នា ដឹងតែចាល់ លក់មិនបានថ្លៃ។
ជាមួយផលលំបាក ដែលបានកើតមានឡើងជាបន្តបន្ទាប់នេះ បានបង្ខំឱ្យប្រជាពលរដ្ឋភាគច្រើនងាកមកដាំ «ត្រកួនទឹក» ជំនួសការធ្វើស្រែវិញ ព្រោះការដាំត្រកួននេះ ចំណាយតិច តែអាចបេះលក់បានជាប្រចាំថ្ងៃ ដែលអាស្រ័យទៅលើទំហំដីស្រែ ដែលគាត់ដាំ ចំណែកទីផ្សារត្រកួន របស់អ្នកស្រុកគិរីវង់ ក៏បានរីកកាន់តែធំ គឺមានការលក់ទៅដល់ភ្នំពេញ និងមានការចែកចាយបន្តទៅកាន់ខេត្តផ្សេងៗផងដែរ។
លោក ម៉ៅ បានបញ្ជាក់ថា៖ «មានតែដាំត្រកួននេះហើយ ជាមុខរបរចិញ្ចឹមឆ្នាំងបាយ និងបានលុយឱ្យកូនទៅរៀន ព្រោះការដាំបន្លែបង្ការផ្សេងៗទៀត ពេលខ្លះក៏បានថ្លៃ តែខ្លះទៀត ក៏លក់បានថោក រីឯការចំណាយច្រើន គឺពិបាកនឹងសង្ឃឹមណាស់»។
យ៉ាងណាក៏ដោយ តាមរយៈការដាំត្រកួន ៥ឆ្នាំមកនេះ លោក កែម ម៉ៅ បានមើលឃើញថា ទីផ្សារត្រកួនពេលនេះ ចាប់ផ្តើមមានការធ្លាក់ចុះ ព្រោះកាលពី៣ឆ្នាំមុន លោកធ្លាប់លក់១ដុំ (មានទម្ងន់ជាង១គីឡូក្រាម) បានជាង៣ពាន់រៀល តែពេលនេះ ១ដុំ លក់បានតែ ១២០០រៀលទេ ព្រោះបច្ចុប្បន្ន នៅឃុំផ្សេងៗទៀត នៅស្រុកគិរីវង់ ក៏មានអ្នកដាំត្រកួនច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «កាលតម្លៃត្រកួន នៅថ្លៃ គឺនៅសល់លុយ ៥ទៅ៦លានរៀលដែរ សម្រាប់ការដាំត្រកួន លើដី ៥កុង ប៉ុន្តែឥឡូវនេះ រាងធ្លាក់ជាងមុន ព្រោះមានអ្នកដាំច្រើនពេក គឺវាលស្រែ ដែលធ្លាប់ធ្វើស្រូវ ឥឡូវនាំគ្នានាំត្រកួនដាច់កន្ទុយភ្នែក»។
តែទោះបីជាយ៉ាងណា លោក ម៉ៅ នៅតែយល់ឃើញថា ការដាំត្រកួន នៅតែជាជម្រើសល្អជាងការធ្វើស្រែ។ លោកបានសង្កត់ធ្ងន់ថា៖ «ទោះបីជាតម្លៃត្រកួន ពេលនេះ ១ដុំបានត្រឹម១២០០រៀល ឬក៏ក្រោមនេះ ក៏នៅតែខ្លាំងជាងការធ្វើស្រែដែរ គឺធ្វើស្រែ១ហិកតា មិនដល់ដាំត្រកួន ២កុងផង»។
ចំពោះការធ្វើស្រូវស្រាលនេះ កសិករម្នាក់ទៀត គឺ លោក ឈន ណាក់ បានរៀបរាប់ថា ការធ្វើស្រូវប្រាំង មិនសូវជាពិបាកទេ គឺបូមទឹកដាក់ពី៣ទៅ៤ដង បានច្រូតហើយ ព្រោះមានរយៈពេលមិនដល់៣ខែផង ហើយបើស្រូវល្អ អាចបានផលចូល៦តោន ក្នុង១ហិកតា អ៊ីចឹងបើលក់បាន១គីឡូក្រាម ចាប់ពី៨០០រៀលឡើង អាចសល់លុយបានខ្លះ តែបើ១គីឡូក្រាម ឡើងដល់១០០០រៀល ឬច្រើនជាងនេះ គឺក្នុង១ហិកតា អាចសល់បាន ៣ទៅ៤លានរៀលដែរ ដោយសារ ១ហិកតា ចំណាយការធ្វើអស់ជាង ២លានរៀលអីទេ។

ក៏ប៉ុន្តែ កសិកររស់នៅភូមិពោធិរោងរូបនេះ បានអះអាងថា ការធ្វើស្រូវប្រាំងពេលនេះ មានហានិភ័យច្រើន ទាំងទៅលើការខ្វះទឹក តម្លៃស្រូវក៏ថោក ហើយអ្វីដែលសំខាន់នោះ គឺពេលមានទឹកធ្វើស្រែបានល្អហើយ ក៏មានសត្វកណ្តុរមកកាត់បំផ្លាញស្រូវ ដែលនេះជាបញ្ហាសំខាន់ នាំឱ្យអ្នកភូមិយើង លេងហ៊ានធ្វើស្រែ ព្រោះវាខាតបង់ច្រើនពេក។
ជាមួយបញ្ហាទាំងអស់នេះ លោក ឈន ណាក់ ក៏ទើបតែខាតបង់អស់ចូល៤លានរៀល សម្រាប់ការធ្វើស្រែប្រាំងជាង៣ហិកតា កាលពីចន្លោះខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ហើយកាលពីឆ្នាំ២០២៤ ការធ្វើស្រូវប្រាំងរបស់លោក ក៏ខាតអស់ចូល២លានរៀលដែរ ព្រោះខ្វះទឹក នាំឱ្យស្រូវស្កកខូច។
លោក ណាក់ បានបញ្ជាក់ថា៖ «ការធ្វើស្រែប៉ុន្មានឆ្នាំចុងក្រោយនេះ ខាតរហូត! ការខាតនេះ ដោយសារខ្វះទឹកធ្វើស្រែ តែដល់ពេលមានទឹក កណ្តុរស៊ី ហើយការកាត់បំផ្លាញ ដោយសារកណ្តុរនេះ បានធ្វើឱ្យប្រជាកសិករយើងខាតបង់ធ្ងន់ ធ្វើឱ្យម្នាក់ៗ លែងចង់ហ៊ានធ្វើស្រែ។ ចំណែកខ្ញុំក៏ដូចគ្នា គឺបើស្ថានភាពកណ្តុរច្រើនដូចឆ្នាំនេះ ប្រហែលជាខ្ញុំអត់ធ្វើស្រូវប្រាំង នៅឆ្នាំក្រោយនោះទេ»។
ជាមួយការខាតបង់ទៅលើការធ្វើស្រូវប្រាំងចំនួន២ឆ្នាំជាប់ៗគ្នានេះ លោក ឈន ណាក់ បានផ្តោតខ្លាំងទៅលើការដាំដំឡូងមី និងដំឡូងបាសដៃខ្លា ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ។ បើទោះបីជាតម្លៃដំឡូង ពេលនេះរាងធ្លាក់ថ្លៃ តែលោកថា ក៏នៅតែប្រសើរជាងការធ្វើស្រែ ដែលមានតែខាត។
បុរសវ័យ៤៦ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «នៅយើងនេះ បើមិនមានត្រកួន និងដំឡូង ប្រហែលអត់មានអីហូបទេ ហើយដំឡូងពេលនេះ ក៏រាងធ្លាក់ថ្លៃដែរ គឺនៅសល់១គីឡូ៦០០រៀលទេ ប៉ុន្តែតម្លៃប៉ុណ្ណឹង ក៏នៅតែចំណេញដែរ គ្រាន់តែវាមិនបានច្រើន ព្រោះបើដំឡូងល្អ ក្នុង១ហិកតា អាចបានដល់ ១៥តោនឯណោះ»។
ចំណែកប្តីប្រពន្ធ ដែលធ្លាប់ធ្វើពលករនៅប្រទេសថៃ អស់រយៈពេល៩ឆ្នាំ លោក ចាប វណ្ណៈ និងអ្នកស្រី ឆឹង គឹមស្រ៊ាវ បានជួលដីអ្នកភូមិ ដាំត្រកួន ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ តាំងពីឆ្នាំ២០២០ បន្ថែមទៅលើការដាំដំឡូងមី ហើយជារៀងរាល់ថ្ងៃ ប្តីប្រពន្ធ១គូនេះ តែងតែក្រោកនៅយប់ម៉ោង ១ ឬម៉ោង ២ ដើម្បីទៅបេះត្រកូនរហូតដល់ព្រឹកម៉ោង៦ ឬម៉ោង៧ យកទៅលក់ឱ្យម៉ូយ។
លោក ចាប វណ្ណៈ ដែលមានឈ្មោះក្រៅថា «បឿន» បានឱ្យដឹងថា ការដាំត្រកូន ប្រើពេលត្រឹម ១២ ទៅ១៥ថ្ងៃ អាចបេះលក់បានហើយ ហើយបើដាំលើដី ២ទៅ៣កុងអី អាចបេះលក់បន្តគ្នារាល់ថ្ងៃ ចំណែកការដាំត្រកួន លើដី១កុង អាចចំណាយអស់ជាង៣ម៉ឺនរៀលទេ ប៉ុន្តែអ្វីដែលពិបាកជាងការធ្វើស្រែនោះ គឺត្រូវឡើងទៅបេះនៅពេលយប់។
លោក វណ្ណៈ បាននិយាយថា៖ «ការដាំត្រកួន មិនពិបាកទេ ចំណាយក៏តិចដែរ ហើយយើងបេះបាន១០០ដុំ ឬច្រើនជាងនេះ ក៏ម៉ូយយកដែរ ប៉ុន្តែវាពិបាកត្រង់ថា ឡើងបេះពេលយប់ មូសរោមមុខច្រើន ហើយអត់ងងុយទៀត អ៊ីចឹងប្តីប្រពន្ធខ្ញុំ អាចបេះលក់បានលុយ ៤ទៅ៥ម៉ឺនរៀលអីដែរ ដើម្បីដោះស្រាយការចំណាយក្នុងគ្រួសារ»។
នៅក្នុងមុខរបរដាំត្រកួននេះ អ្នកដែលមានដីដាំច្រើន អាចជួលអ្នកភូមិឱ្យជួយបេះបាន ដោយគិតផលចំណេញស្មើគ្នា គឺម្ចាស់អ្នកដាំ បាន៥០ភាគរយ ហើយអ្នកបេះ បាន៥០ភាគរយ ប៉ុន្តែចំពោះលោក បឿន និងភរិយា ដែលបានជួលដីអ្នកភូមិដាំប្រមាណ ៣កុង នៅរដូវទឹកឡើងនេះ គឺបានឡើងបេះដោយខ្លួនឯង ហើយក្រៅពីការដាំត្រកួននេះ អ្នកទាំង២ ក៏បានជួលដីគេ ដាំដំឡូងមី ទៅតាមរដូវកាលផងដែរ។
លោក បឿន បានបញ្ជាក់ថា៖ «ចំណូលបានពីការលក់ត្រកួន បានត្រឹមទប់ទល់ការចំណាយ គឺវាជាមុខរបរជួយចិញ្ចឹមយើងប្រចាំថ្ងៃ។ អ្នកចាយតិច អាចសល់បានខ្លះ តែបើចាយធំ មិនសល់ទេ អ៊ីចឹងយើងមានដំឡូង ដកលក់គួបផ្សំគ្នា ដើម្បីសល់បានខ្លះ ចំណែកការធ្វើស្រែ អត់បានផលទេ»។

បើតាមលោក នឹម សុផល មេភូមិពោធិរោង បានឱ្យដឹងថា នៅភូមិនេះ មានប្រជាជនចំនួន ៥៧២គ្រួសារ ហើយនៅក្នុងចំនួននេះ មានអ្នកដាំដំឡុងមី ដំឡូងបាសដៃខ្លា ជាពិសេសត្រកួន ចូល៦០ភាគរយ សម្រាប់រយៈពេល៣ឆ្នាំមកនេះ ចំណែកអ្នកធ្វើស្រែ នៅសល់ប្រមាណ ៤០ភាគរយអីទេ ដោយសារការធ្វើស្រែពេលនេះ មានហានិភ័យពេក។
លោក សុផល ដែលទើបតែខាតបង់លើការធ្វើស្រែប្រាំង លើផ្ទៃដីជាង ១០កុងដែរនោះ បានទទួលស្គាល់ថា ការធ្វើស្រែពេលនេះ មានការពិបាក។ បើទោះបីជាពេលខ្លះ មានទឹកធ្វើស្រែគ្រប់គ្រាន់ ប៉ុន្តែវានៅតែមានបញ្ហាប្រឈមទៅលើស្រូវធ្លាក់ថ្លៃ ហើយអ្វីដែលកាន់តែហានិភ័យខ្ពស់នោះ គឺការកាត់បំផ្លាញស្រូវរបស់សត្វកណ្តុរ។
មេភូមិបានលើកឡើងថា៖ «បើសិនជាតម្លៃស្រូវ បាន១គីឡូជាង ៩០០រៀល ដូចកាលពីប៉ុន្មានឆ្នាំមុន អាហ្នឹង១ហិកតា ទូទាត់ការចំណាយហើយ អាចសល់បាន២ទៅ៣លានរៀលដែរ ប៉ុន្តែបើដូចកាលពីឆ្នាំទៅវិញ គឺ១ហិកតា មានតែជំពាក់គេ ២ទៅ៣លានរៀល»។
លោក សុផល បន្ថែមថា៖ «ការធ្វើស្រែ វានៅតែមានហានិភ័យសម្រាប់ប្រជាកសិករយើង។ ជាក់ស្តែង ដូចកាលពីឆ្នាំមុន ខាងស្រុក បានជួយទាន់ពេលហើយ សម្រាប់ករណីជន់លិចស្រូវ ប៉ុន្តែចុងក្រោយ បញ្ហាកណ្តុរកាត់ស្រូវនេះ គ្មាននរណាជួយទាន់ទេ។ នេះជាបញ្ហាធំ ដែលធ្វើឱ្យអ្នកភូមិយើង ងាកមកដាំត្រកួនកាន់តែច្រើន ព្រោះទីផ្សារត្រកួន ខ្លាំងជាងស្រូវ»។
ចំណែកអ្នកស្រី ឆឹង គឹមស្រ៊ាវ ដែលមានស្រុកកំណើតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ហើយជាភូមិបានដាំត្រកួនទឹកលក់មុនគេ នៅក្នុងស្រុកគិរីវង់នោះ បានអះអាងថា នៅរដូវទឹកឡើងបែបនេះ ភូមិត្រពាំងស្រង់ មិនសូវមានដីស្រែដាំត្រកួនទេ ប៉ុន្តែនៅរដូវប្រាំង មានការដាំច្រើនដដែល។
បើទោះជាតម្លៃត្រកួនពេលនេះ ធ្លាក់ថ្លៃជាងឆ្នាំមុន ពី១ដុំតម្លៃចន្លោះពី ១ ៧០០រៀល ទៅជាង២ ០០០រៀល មកសល់ត្រឹមចន្លោះពី ១២០០ ទៅ ១៣០០រៀល ប៉ុន្តែអ្នកស្រី មើលឃើញថា អ្នកមានដីដាំត្រកួនច្រើន ហើយមានឡានដឹកទៅលក់ខ្លួនឯង នៅតែអាចរកចំណូល ដើម្បីក្លាយជាអ្នកមានជីវភាពធូរធារ។
ស្រ្តីរូបនេះ បានបញ្ជាក់ថា៖ «បើយើងពឹងតែលើត្រកួនសុទ្ធ ទាល់តែយើងដាំស្រែច្រើន ចាប់ពីកន្លះហិកតាឡើងទៅ ហើយបើអ្នកមានដីដាំច្រើនជាងនេះ និងមានឡានដឹកទៅលក់ខ្លួនឯងទៀត ដឹងតែសល់លុយហើយ»។
ចំណែក អ្នកស្រី កែវ វណ្ណនី និងក្រុមគ្រួសារ ដែលជាឈ្មួញកណ្តាល ទិញត្រកួនពីប្រជាកសិករ ដើម្បីដឹកទៅលក់បន្ត នៅភ្នំពេញនោះ បានឱ្យដឹងថា តម្លៃត្រកួន ទិញចូលនៅរដូវកាលនេះ ចន្លោះពី ១ ២០០ ទៅ ១ ៥០០រៀល ក្នុង១ដុំ គឺត្រកួនខ្ចីទើបដាំ មានទងវែងល្អ លក់បានថ្លៃជាង រីឯត្រកួនចាស់ ដែលដាំយូរខែ មានតម្លៃទាបជាង ហើយការលក់ចេញក៏ទៅតាមនោះដែរ គឺត្រកួនល្អ អាចលក់ចេញវិញ បានពី១៧០០ទៅ ១៨០០រៀល ក្នុង១ដុំ តែបើសល់ ក៏លក់ឡាយឡុង ក្នុងតម្លៃទាបជាងទិញចូលក៏មាន។
ជាមួយតម្លៃត្រកួន នៅពេលនេះ អ្នកស្រី វណ្ណនី បានទទួលស្គាល់ថា ថោកជាងមុន ព្រោះក្នុងរដូវវស្សា កាលពីឆ្នាំ២០២៤ អ្នកស្រីទិញចូលក្នុងតម្លៃ ២ ០០០ ទៅជាង ២ ០០០រៀល ក្នុង១ដុំ រីឯការលក់ចេញក៏បានថ្លៃ ដោយមួយថង់ (ស្មើ១០ដុំ) អាចលក់បានចាប់ពី ២ ៥០០០ ទៅ២ ៧០០រៀល ហើយការធ្លាក់ចុះតម្លៃត្រកួននេះ ដោយសារចំនួនអ្នកដាំ បានកើនឡើងកាន់តែច្រើន។
អ្នកស្រី វណ្ណនី បាននិយាយថា៖ «ពីមុនខ្ញុំទិញ អត់សូវមានអ្នកដាំប៉ុន្មានទេ ប៉ុន្តែឥឡូវនេះ អ្នកដាំត្រកួន បានកើនឡើងសឹងចូល៩០ភាគរយហើយ ព្រោះពួកគាត់ធ្វើស្រែខាត។ ដូចប្អូនៗខ្ញុំអី ធ្វើស្រែខាតគ្រប់គ្នា ដោយសារស្រូវថោកផង ធ្វើអត់សូវបានផង ហើយចំណាយច្រើន ចំណែកដាំត្រកួន ចំណាយតិច តែបានផលរាល់ថ្ងៃ គឺអ្នកខ្លះបេះលក់បាន ពី៣ម៉ឺន ដល់ ១០ម៉ឺនរៀល ឬច្រើនជាងនេះ អាស្រ័យទៅលើអ្នកមានដីតិច និងដីច្រើន»។
លោក ឡុង សារ៉ន ជាមេឃុំព្រះបាទជាន់ជុំ បានឱ្យដឹងថា ឃុំមួយនេះ មាន៩ភូមិ ហើយមាន ៥ ១០៤ គ្រួសារ និងមានប្រជាជនសរុប ២២ ១៨៨នាក់។ នៅក្នុងចំណោម៩ភូមិនេះ ប្រជាពលរដ្ឋ ដែលប្រកបដាំដំទ្បូងមី និងដាំត្រកួន មាន៤ភូមិ គឺភូមិត្រពាំងស្រង់ ភូមិពោធិរោង ភូមិជ្រោយ និងភូមិព្រៃធំ។
លោក សារ៉ន បានថ្លែងថា៖ «ពីមុនមក ប្រជាពលរដ្ឋ៤ភូមិនេះ ច្រើនតែដាំបន្លែបង្ការផ្សេងៗ ជាពិសេសគឺធ្វើស្រូវ ប៉ុន្តែឥឡូវប្រជាពលរដ្ឋចូល៧៥ភាគរយទៅហើយ នៅក្នុងភូមិទាំង៤នេះ បានប្តូរពីការធ្វើស្រូវ មកដាំត្រកួនវិញ ព្រោះគាត់បង្កបង្កើនរបរខាងដាំត្រកួន បានផលជាងធ្វើស្រែ»។
ចំណែក លោក អ៊ូច ឡា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគិរីវង់ បានឱ្យដឹងថា ស្រុកគិរីវង់ មាន១២ឃុំ ស្មើនឹង១១៥ភូមិ ហើយឃុំដែលមានដាំត្រកួន ទាំងរដូវប្រាំង និងវស្សា មានឃុំព្រៃអំពក ជាពិសេសឃុំព្រះបាទជាន់ជុំ ដែលមានការដាំច្រើនជាងគេ ចំណែកនៅឃុំកំណប់ និងឃុំភ្នំដិន មានដាំនៅរដូវប្រាំង។
លោក ឡា បានថ្លែងថា៖ «ក្រៅពីការធ្វើកសិកម្ម ប្រជាពលរដ្ឋ នៅស្រុកគិរីវង់ បានប្រកបរបរ២ផ្សេងទៀត គឺដាំត្រកួន និងចិញ្ចឹមចង្រិត កណ្តូប។ ឃុំដែលមានការដាំត្រកួនច្រើនជាងគេ គឺឃុំព្រះបាទជាន់ជុំ ចំណែកប្រជាពលរដ្ឋ នៅឃុំកំពែង បានប្រកបរបរចិញ្ចឹមចង្រិត និងកណ្ដូប ហើយតាមខ្ញុំពិនិត្យមើលទៅ គឺការងារ២នេះ ងាយរកចំណូល សម្រាប់ប្រជាពលរដ្ឋយើង»។
ផ្តោតទៅលើមុខរបរដាំត្រកួនរបស់អ្នកស្រុក នៅឃុំព្រះបាទជាន់ជុំ លោក អ៊ូច ឡា បានបញ្ជាក់ថា៖ «កាលពីមុន នៅរដូវទឹកឡើងដល់ជើងភូមិបែបនេះ ប្រជាពលរដ្ឋយើង នៅភូមិត្រពាំងស្រង់ ពោធិរោង ជ្រោយ និងភូមិព្រៃធំ ធ្វើស្រែច្រើន ប៉ុន្តែឆ្នាំនេះ ពួកគាត់ នាំគ្នាដាំត្រកួនសឹងទាំងអស់ហើយ ព្រោះកណ្តុរកាត់ស្រូវពេក អ៊ីចឹងមានតែមុខរបរដាំត្រកួននេះហើយ បានជួយឱ្យពួកគាត់រកបានចំណូលមកផ្គត់ផ្គង់គ្រួសារ»។

តាមរយៈមុខរបរទិញត្រកួនលក់បន្ត អស់រយៈពេល២ឆ្នាំមកនេះ អ្នកស្រី កែវ វណ្ណនី បានឱ្យដឹងថា អ្នកដាំត្រកួន មិនមែនមានតែនៅស្រុកគិរីវង់នោះទេ គឺប្រជាពលរដ្ឋនៅស្រុកមួយចំនួនទៀត ក្នុងខេត្តតាកែវ ដូចជានៅស្រុកកោះអណ្តែង ជាដើម ក៏បានដាំត្រកួនផងដែរ ជាពិសេសនៅរដូវប្រាំង ដែលចំនួនអ្នកដាំត្រកួនមានច្រើន ហើយដាំនៅលើផ្ទៃដីធំៗទៀត ប៉ុន្តែនៅក្នុងរដូវទឹកឡើងបែបនេះ ការដាំត្រកួន មានតែនៅក្នុងស្រុកគិរីវង់នេះទេ។
ស្រ្តីមានដើមកំណើតនៅខេត្តព្រៃវែង ហើយបានរៀបការ មកនៅខាងប្តី នៅភូមិពោធិរោង រូបនេះ បានបញ្ជាក់ថា៖ «ត្រកួនឥឡូវនេះ មានអ្នកដឹកទៅលក់បន្តច្រើន គ្រាន់តែចូលផ្សារកួរស្រូវ ១ថ្ងៃៗ ចូល៧ ទៅ៨ឡាន ហើយនៅផ្សារនាគមាសទៀត។ ត្រកួនទាំងនេះ ចេញពីគិរីវង់ទាំងអស់ ព្រោះស្រុកផ្សេងទៀត ខែនេះលិចទឹក ដាំអត់កើតទេ តែបើខែប្រាំង ខាងគេដាំបានច្រើនជាងយើងទៅទៀត»។
ក្រៅពីការទិញត្រកួន អ្នកស្រី កែវ វណ្ណនី ក៏ទិញដំឡូងមី និងដំឡូងបាសដៃខ្លា ទៅលក់នៅភ្នំពេញ និងចែកចាយបន្តទៅតាមខេត្តផ្សេងៗទៀតផងដែរ តែឈ្មួញកណ្តាលរូបនេះ បានអះអាងថា ដំឡូង មានតែតាមរដូវកាលទេ ប៉ុន្តែត្រកួន មានដាំខួបប្រាំង ខួបវស្សា និងបានលក់ជាប់រហូត ហើយប្រជាកសិករទទួលបានចំណូលជាប្រចាំថ្ងៃ។
ស្រ្តីវ័យ៤១ឆ្នាំរូបនេះ បានទម្លាយថា ទីផ្សារត្រកួន ដែលដឹកចេញពីស្រុកគិរីវង់ មិនមែនមាននៅត្រឹមភ្នំពេញទេ ប៉ុន្តែក៏មានការដឹកទៅកាន់ខេត្តព្រះសីហនុ ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀតដែរ ហើយពេលនេះ ខេត្តមួយចំនួន ក៏ចាំផ្តើមដាំត្រកួនទឹកនេះដែរ ដូចជានៅខេត្តព្រែវែង ជាដើម។
ជាមួយការកើនឡើង កាន់តែច្រើននៃចំនួនអ្នកដាំត្រកួននេះ អ្នកស្រី វណ្ណនី ហាក់មានការបារម្ភទៅលើទីផ្សារលក់ត្រកួន នាពេលអនាគត។ «ទីផ្សារត្រកួន កាលពី២ឆ្នាំមុន ស្រណុកលក់ជាង ព្រោះអ្នកដាំនៅតិច ហើយលក់បានថ្លៃទៀត ប៉ុន្តែឆ្នាំនេះតម្លៃឡើងអត់រួច ព្រោះនៅស្រុកយើង ពេលនេះមានអ្នកដាំច្រើនពេក ចូលសឹង៨០ភាគរយទៅហើយ ហើយពេលខេត្តផ្សេងៗទៀត ដាំត្រកួនដែរ គឺទៅថ្ងៃមុខទៀត ទីផ្សារត្រកួន ប្រហែលអាចពិបាក»។
បច្ចុប្បន្ន អ្នកស្រី កែវ វណ្ណនី កំពុងមានជីវភាពធូរធារ ដោយសារទិញត្រកួន ពីប្រជាពលរដ្ឋ ទៅលក់បន្តនេះ បានទិញត្រកួនចូល១ថ្ងៃៗរាប់រយថង់ ពោលត្រកួនរបស់ប្រជាពលរដ្ឋ ដែលបានដឹកមកលក់ នៅចន្លោះម៉ោង ៧ ដល់ ៩ព្រឹក អ្នកស្រីទិញយកទាំងអស់ ហើយបងប្អូន និងសាច់ញាតិរបស់អ្នកស្រី ក៏បានជួយលើការងារនេះ និងដាំត្រកួនលក់ផងដែរ ព្រោះពួកគេ លែងហ៊ានធ្វើស្រែហើយ ខ្លាចខាត។
ជុំវិញប្រធានបទធ្វើស្រែបានផលហើយ តែលក់បានថោកនេះ វាមិនបានកើតមានឡើង តែនៅស្រុកគិរីវង់ ឬអ្នកធ្វើស្រូវប្រាំង (ស្រូវស្រាល) នៅខេត្តតាកែវនោះទេ ប៉ុន្តែបញ្ហាស្រូវថោកនេះ ក៏បានកើតមានឡើង ចំពោះអ្នកធ្វើស្រូវធ្ងន់ នៅតាមបណ្តាខេត្តផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយបញ្ហានេះ ធ្វើឱ្យប្រជាកសិករខាតបង់ និងមានការត្អូញត្អែរពីផលលំបាកសឹងគ្រប់គ្នា។
ជាមួយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃនេះ ឃើញអ្នកមានទ្រព្យធន់មួយចំនួន បានចេញមុខប្រកាសទិញស្រូវពីប្រជាកសិករជាបន្តបន្ទាប់គ្នា ក្នុងតម្លៃ ចាប់ពី៩០០រៀល ដល់ជាង១ពាន់រៀល ក្នុង១គីឡូក្រាម ទៅតាមចំនួន ដែលពួកគេបានកំណត់ ដើម្បីជួយដោះស្រាយបន្ទុកដល់ប្រជាកសិករ ក្នុងគ្រាលំបាកនេះបានខ្លះ។
ចំណែករាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ ក្នុងរដូវប្រមូលផល ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB) ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ARDB កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា៖ «ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ ក្នុងពេលប្រមូលផល ក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាមេរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិល ដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ»៕











