សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានប្តឹងទៅកាន់តុលាការកំពូលស្នើឱ្យ​លុប​ចោលការអនុវត្តចំពោះដីកាសម្រេច បន្ទាប់ពី​អាជ្ញាធរបានចុះរុះរើផ្ទះរបស់​ពួកគាត់

គ្រឿងចក្រកំពុងតែវាយកម្ទេចផ្ទះប្រជាពលរដ្ឋនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ
គ្រឿងចក្រកំពុងតែវាយកម្ទេចផ្ទះប្រជាពលរដ្ឋនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋចំនួន៣២គ្រួសារស្ថិតនៅភូមិ៤ ឃុអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវដាក់​ពាក្យបណ្តឹងទៅតុលាការកំពូលស្នើសុំលុប​ឬបញ្ឈប់ការអនុវត្តចំពោះដីកាសម្រេច​​ បន្ទាប់​ពី​អាជ្ញាធរខេត្តបានចុះរុះរើផ្ទះរបស់ពួកគាត់ដោយមិនផ្ដល់សំណងនិងផ្តល់ទីតាំងថ្មីចុះ​អនុវត្ត។

យោងតាមពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះចុះថ្ងៃទី៧ ខែកញ្ញា ដែលតុលាការកំពូលបាន​ទទួល​នៅថ្ងៃបន្ទាប់នោះ ពលរដ្ឋស្នើឱ្យលុប ឬបញ្ឈប់ការអនុវត្តចំពោះដីកាសម្រេច​ស្ដីពីការ​អនុវត្ត​ដោយស្ម័គ្រចិត្តចុះថ្ងៃទី៥ខែ ខែសីហា ឆ្នាំ២០២២ របស់លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្ដព្រះសីហនុ ពីព្រោះពួកគេយល់ថាមិនទាន់ត្រឹមត្រូវតាម​នីតិវិធីច្បាប់នៅឡើយ។

ក្រោមការដឹករបស់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ លោក ឡា ប៊ុនហួន ដោយ​ប្រើកម្លាំងចម្រុះប្រមាណជាង១០០នាក់រួមទាំងគ្រឿងចក្រ ចុះទៅរុះរើកាលពីព្រឹកមិញនេះ។ ពលរដ្ឋដែលរងគ្រោះបានអះអាងថាការចុះអនុវត្តបែបនេះ វាជារឿងអយុត្តិធម៌​និងប៉ះពាល់​ជីវភាពរបស់ពួកគាត់ខ្លាំងណាស់ ខណៈអភិបាលរងខេត្ដព្រះសីហនុអះអាងថា​រដ្ឋគ្មាន​សំណង​ណាមួយសម្រាប់ការចុះអនុវត្តដីកាតុលាការឡើយ។

យោងតាមការអះអាងរបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការអនុវត្តរបស់អាជ្ញាធរខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី៨ ខែកញ្ញាថា​ ដំបូងដីដែលមានជម្លោះជាដីរបស់បុគ្គលឈ្មោះ ឡុញ តាយ និងប្រពន្ធឈ្មោះ អេង វ៉ាន់ ដែលមានចំនួន៤,៩៩ហិកតា ប៉ុន្ដែដីហ្នឹងត្រូវ​បាន​បុគ្គល​ឈ្មោះ ឡុញ តាយ លួចលក់មិនឱ្យប្រពន្ធដឹងទៅឱ្យឈ្មោះ គឹម ចាន់នី ហើយគឹម ចាន់នី ក៏បានលក់បន្ដទៅឱ្យឈ្មោះ ប៊ុន សារឿន ប៉ុន្ដែបុគ្គលឈ្មោះ ប៊ុន  សារឿន បានស្លាប់​ហើយ ហើយប្រពន្ធនិងកូនបានប្ដឹងជាមួយគឹម ចាន់នី​ តាំងពីសាលាដំបូងខេត្ត រហូតដល់​តុលាការកំពូលបានឈ្នះ។

ប្រជាពលរដ្ឋបន្ដអះអាងថា ក្រោយពីឈ្នះក្ដីមក ក៏កូនប្រពន្ធលោក ប៊ុន សារឿនមិនចុះ​មក​វាស់វែងដីដែលឪពុកបានទិញពីឈ្មោះ គឹម ចាន់នីដែលមានទំហំ៤,៩៩ហិកតាប៉ុណ្ណឹងទេ បែរជាមកវាស់ដីប្រជាពលរដ្ឋលើសរហូតជិត១០ហិកតា ពលរដ្ឋថា ចុះហេតុអី​មិន​វាស់​ត្រឹមតែចំនួនដែលមានក្នុងដីកាហ្នឹងទៅ ចាំបាច់អីត្រូវមកវាស់យកភូមិរបស់ពួកគាត់ចឹង។

នៅក្នុងដីការបស់សាលាដំបូងខេត្តព្រះសីហនុចេញដោយ លោក ឡា ប៊ុនហួន អាជ្ញាសាលា​នៃសាលាដំបូងខេត្តព្រះសីហនុ បានអះអាងថា ប្រជាពលរដ្ឋដែល​បានរស់នៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពិតជាបានរស់លើដី​មានបណ្ណ​សំគាល់​កម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ B2   0666ចុះថ្ងៃទី០៩ ខែសីហាឆ្នាំ១៩៩៤ ពិតមែន។

ក្នុងដីកាដដែលបន្ដថា សាលាដំបូងខេត្តព្រះសីហនុបានរំលឹកដល់ប្រជាពលរដ្ឋ​ដែលរស់នៅ​ភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវធ្វើការរុះរើផ្ទះ និងសំណងផ្សេងៗ ព្រម​ទាំង​អីវ៉ាន់ដែលជាកម្មសិទ្ធិរបស់ខ្លួនចេញឱ្យអស់។

ដីកាបញ្ជាក់ថា៖ «អាជ្ញាសាលាមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារៈទាំងឡាយ​របស់​សហកូនបំណុល និងតតិយជន នៅក្នុងពេលអនុវត្តដោយបង្ខំឡើយ ហើយបើមានការរារាំង​ក្នុងនីតិវិធីអនុវត្តដោយបង្ខំ យើងនឹងអនុវត្តតាមនីតិច្បាប់»

បើតាមការប្រើប្រាស់កងកម្លាំងចម្រុះ និងកម្លាំងស៊ីឈ្នួលទៅវ៉ៃកម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល​នេះគឺអនុវត្តតាមសេចក្តីជូនដំណឹង​របស់អាជ្ញាសាលាដំបូង​ខេត្ត​ព្រះសីហនុ តាមសាល​ដីកាតុលាការកំពូលចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ដែលមាន​ខ្លឹមសារ​ត្រង់ចំណុច២ ដែល​តម្កល់​សាលដីការដ្ឋប្បវេណីលេខ២២ ទុកនៅដដែល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ បានមកចូលរស់នៅក្នុងតំបន់ខាងលើតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម្ល៉េះ ដោយពួកគាត់ប្រកបមុខរបរដាំដំណាំផ្លែឈើហូបផ្លែ រកអនុផលព្រៃឈើ និងដុតធ្យូង ការរស់នៅក្នុងតំបន់ខាងលើមិនដែលមានភាគីណាមួយមកប្តឹងផ្តល់ជំទាស់និងប្រើអំពើ​ហិង្សា​ឡើយ គឺពួកគាត់រស់នៅជាភោគស្របទៅតាមច្បាប់ភូមិបាល ដែលមានអាជ្ញាធរដែនដី​ដឹងឮ​ជាសាធារណ: ការរស់នៅដោយភាពសុខសាន្តនេះអស់រយ:ពេលជាង១០ឆ្នាំរហូតមកដល់ឆ្នាំ​២០០៧ ​ទើបមានភាគីឈ្មោះ ប៉ុន សារឿន ជាចៅសង្កាត់លេខ១ និងក្រោយមក​ផ្លាស់ប្ដូរ​តួនាទី​ជាអនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន និងឈ្មោះសុខ ងួនជាអ្នកមានទ្រព្យស្តុកស្តុម្ភ បានមក​ប្តឹង​ផ្តល់ប្រជាពលរដ្ឋទាំងអស់ដែលតាំងទីលំនៅលើដីរបស់ខ្លួន។

ផ្ទះប្រជាពលរដ្ឋដែលអាជ្ញាធរបានចុះរុះរើនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ការប្តឹងផ្តល់រវាងឈ្មោះ ប៉ុន សារឿន និងប្រជាពលរដ្ឋសហគមន៍អូរខ្សាច់ ដែលតំណាង​ដោយឈ្មោះឡុច ទូច កៅហ៊ួ អេង វ៉ាន់ ចាប់ពីសាលាដំបូងខេត្តព្រះសីហនុ រហូតដល់​សាលាឧទ្ធរណ៍ និងកំពូល ភាគីខាង​ប្រជាពលរដ្ឋ​មិនដែលបានឈ្នះក្តីម្ដងសោះឡើយ មិនតែ​ប៉ុណ្ណោះឈ្មោះឡុច ទូច កៅហ៊ួ អេង វ៉ាន់ ត្រូវបានតុលាការបង្គាប់អោយចាប់ខ្លួន​ដាក់​ពន្ធធនាគារ​​ក្នុងម្នាក់ចំនួន​ពីរដង​យ៉ាង​អយុត្តិធម៌ថែមទៀត។

ពលរដ្ឋរងគ្រោះម្នាក់ អ្នកស្រី ម៉ាន់ សុផា អាយុ៤៥ឆ្នាំនិងមានកូន២និងម្ដាយចាស់ជរាម្នាក់ រស់នៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការចុះ​រុះ​រើរបស់អាជ្ញាធរខេត្តព្រះសីហនុមកលើអ្នកស្រីជារឿងដែលអ្នកស្រីមិនអាចទទួលយកបានទេ ដោយសារតែអ្នកស្រីបានរស់នៅទីតាំងហ្នឹង តាំងពីឆ្នាំ១៩៩២​មកម្ល៉េះ។

អ្នកស្រីបានសង្កត់ធ្ងន់ថា អ្នកស្រីពិតជាទទួលស្គាល់ថាបានរស់នៅលើគម្រប​ព្រៃឈើរបស់រដ្ឋ​មែន ប៉ុន្ដែនៅឆ្នាំ២០១៩ក្រោយពីការប្រកាសរបស់លោកនាយករដ្ឋមន្ដ្រីថា​តំបន់ណាដែលមាន​ប្រជាជនរស់និងបានកាន់កាប់មុនឆ្នាំ២០០០មក ត្រូវកាត់ឈ្វៀលដីទាំងអស់នោះ​ឱ្យ​ពលរដ្ឋ បន្ទាប់មកអ្នកស្រីក៏បានដាក់លិខិតទៅសាលាខេត្តព្រះសីហនុដើម្បីស្នើសុំឱ្យមានការកាត់ឆ្វៀលដីដែលអ្នកស្រីបានរស់នៅតាំងពីយូរហ្នឹងមកជាដីស្របច្បាប់។

អ្នកស្រីបន្ដថា៖ «ខ្ញុំបានលិខិតស្នើសុំកាត់ឆ្វៀលដីតាំងពីឆ្នាំ២០១៩មក ប៉ុន្ដែមក​ដល់​ពេលនេះកាត់ដីហ្នឹងមិនបានចេញជាលទ្ធផលអីឡើយ  ហើយខ្ញុំក៏មិនរឿងហ្នឹងទៀត​ដែរចេះ​តែ​នាំគ្នាបន្ដរស់ចឹងទៅ»

អ្នកស្រី សុផា បន្ថែមថា ដីដែលពួកអ្នកស្រីរស់នៅដែលមានចំនួន៣២គ្រួសារ​និងមានចំនួន​ជាង១០ហិតាហ្នឹង គឺមិនមែនជាដីដែលតុលាការកំពូលហ្នឹងចុះមកអនុវត្តទេ ដីដែលត្រូវ​មក​រុះរើដីជាប់គ្នាហ្នឹង​ ដែលមានទំហំជាង៤,៩៩ហិកតា ប៉ុន្ដែពេលចុះមក​បែរមករុះរើបែរ​ជាមករុះរើទាំងភូមិរបស់ពួកអ្នកស្រីវិញ។

អ្នកស្រីបានឱ្យដឹងទៀតថា កាលពីឆ្នាំមុនអាជ្ញាធរខេត្តបានចុះអនុវត្ដម្ដងរួចមកហើយ ប៉ុន្ដែ​ពលរដ្ឋស្នើសុំថា សុំឱ្យបង្កើតគណៈកម្មការសិន ដើម្បីចុះរកទីតាំងដីឱ្យ​ច្បាស់លាស់​មុននឹងថា​ពួកគាត់បានរស់នៅលើដីរបស់បុគ្គលឈ្មោះ ប៊ុន សារឿនហ្នឹង បើពួកគាត់ពិតជា​បានរស់​នៅ​មែនពួកគាត់នឹងរើចេញ​ តែជាក់ស្ដែងអាជ្ញាធរមិនបានបង្កើតគណៈកម្មការចុះវាស់វែងទេ បែរ​ជា​ព្រឹកមិញនេះចុះមករុះរើភ្លាមៗទាំងមេឃកំពុងតែភ្លៀង ដោយដឹកនាំដោយលោក ឡា ប៊ុនហួន ផ្ទាល់តែម្ដង។

អ្នកស្រីបានបន្តថា ការដែលអាជ្ញាធរមករុះរើភ្លាមៗដោយមិនបានរៀបចំទីតាំងថ្មី​ឱ្យពួកគាត់​នេះ វាបានបង្កភាពលំបាកដល់អ្នកស្រីនិងអ្នកភូមិផ្សេងទៀត មិនដឹងថាទៅជ្រកនៅកន្លែងណា របស់របរក៏មិនបានយកចេញទាន់ពេលវេលា អ្នកស្រីថាយ៉ាងហោចណាស់​ក៏គួរតែឱ្យមាន​គណៈកម្មការចុះមកវាស់វែងសិនដែរ ដើម្បីឱ្យដឹងថាពួកគាត់ពិតជាបាន​រស់នៅដី​របស់ម្នាក់​ហ្នឹងមែន។

អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំឈឺចាប់ណាស់ ផ្ទះដែលធ្លាប់រស់នៅតាំងពី១៩៩២មក បែរជា​គេ​មក​រុះរើភ្លាមៗបែបនេះ ខ្ញុំឈឺចាប់ណាស់។ ខ្ញុំស្នើសុំអាជ្ញាធរមេត្តាបង្កើតគណៈកម្មការ​ចុះ​វាស់វែង​សិនមក បើខ្ញុំពិតជាបានរស់នៅដីរបស់បុគ្គលឈ្មោះ ប៊ុន សារឿនហ្នឹងមែន ខ្ញុំ​សុខ​ចិត្តដើរ​ចេញ ប៉ុន្ដែនេះអាជ្ញាធរមិនបានវាស់វែងអីទេ ចុះមកវ៉ៃយកៗតែម្ដង។ ខ្ញុំគ្មាន​ទីពឹងអីទៀតទេ កូនក៏ឈឺ ផ្ទះក៏គ្មាននៅ ឈឺចាប់ណាស់»

ពលរដ្ឋដែលរងគ្រោះម្នាក់ទៀត ​ អ្នកស្រី ឆេង ហឿង អាយុ៧២ឆ្នាំ រស់នៅឃុំអូត្រេះ ស្រុក​ស្ទឹងហាវ តាំងពី១៩៨០ បាននិយាយទាំងអារម្មណ៍ឈឺចាប់ថា អ្នកស្រី​បានរស់​នៅ​លើដី​ហ្នឹងតាំងពីបែកពី ប៉ុល ពតមក ហើយប្ដីអ្នកស្រីបានស្លាប់បាត់បង់ជីវិតលើដីហ្នឹងផងដែរ  អ្នកស្រី​ថាបើទោះបីជាអ្នកស្រីរស់នៅដោយគ្មានប្លង់រឹងពិតមែន ប៉ុន្ដែអាជ្ញាធរមូលដ្ឋាន ភូមិឃុំ​ពួកគាត់បានទទួលស្គាលដឹងលឺថា អ្នកស្រីពិតជាបានរស់នៅដីហ្នឹងតាំងពីយូរមកមែន។

អ្នកស្រីបន្ដថា៖ «ខ្ញុំនៅតាំងពីតំបន់ហ្នឹងមានសុទ្ធតែមីន ព្រៃខ្លា ព្រៃដំរីមក គ្មានអ្នកណា​ហ៊ាន​ដើរញ៉េញ៉ៃទេ ខ្លាចផ្ទុះមីនណាស់អូន  ដល់ពេលគេមកអនុវត្តថាដីហ្នឹងដីរបស់គេ ពួកខ្ញុំថា​អត់ទេ ដីហ្នឹងខ្ញុំរស់នៅតាំងពីយូរហើយ បើចង់អនុវត្តសុំបង្កើតគណៈកម្មការសិនទៅ»

អ្នកស្រីបានចាត់ទុកថា ការអនុវត្តរបស់អាជ្ញាធរនេះជារឿងអយុត្តិធម៌ណាស់សម្រាប់អ្នកស្រី​។

អ្នកស្រីបន្ថែមថា៖ «អត់មានយុត្តិធម៌ទេអូន មកដល់វ៉ៃយកៗគេថាមានដីកាពីតុលាការកំពូល​មកហើយ គេត្រូវតែវ៉ៃចឹងហ្មង គេអត់មាននិយាយអីទេ អ្នកណាតវ៉ាអីគេចាប់ហើយគេថាចឹង។ ពួកខ្ញុំអត់ហ៊ានតវ៉ាអីទេ ពីព្រោះអីដីកាគេពីលើមក បានត្រឹមឈរមើលគេវ៉ៃផ្ទះខ្លួនឯង អាអូន​អើយ»

សកម្មភាពរបស់អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋដោយប្រើគ្រឿងចក្រនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ចំណែកឯ លោក ឡុង  ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុ បានឱ្យដឹងថា ការដែលពលរដ្ឋ​លើកឡើងថា អាជ្ញាធរមិនបានបង្កើតគណៈកម្មការដើម្បីចុះវាស់វែង និងមិនបានជូនដំណឹង​ណាមួយជូនពួកគាត់ជារឿងមិនពិតនោះទេ ជាក់ស្ដែងអាជ្ញាធរបានចេញលិខិតជូនដំណឹង​និងចុះទៅទីតាំងផ្ទាល់ជាច្រើនដងមកហើយមុននឹងអាជ្ញាធរចុះរុះរើផ្ទះរបស់ពួកគាត់។

លោក ឌីម៉ង់ បញ្ជាក់យ៉ាងច្បាស់ថា មិនមែនជាអ្វីដែលពួកគាត់កំណត់មកបញ្ជាលើអាជ្ញាធរ ដែលគ្រប់គ្រងដែនដី  ហើយអាជ្ញាធរខេត្តនេះគឺជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ លោក​ថា រដ្ឋបាលខេត្តមាននីតិវិធីក្នុងការគ្រប់គ្រង់ដីរដ្ឋ មិនមែនអ្នកអាណាធិបតេយ្យ​មកចាប់​ដីរដ្ឋ ហើយមកបញ្ជាឱ្យអាជ្ញាធរធ្វើបែបរដ្ឋបាលរបស់ពួកគាត់វិញ រដ្ឋបាលខេត្តធ្វើម៉េចបាន។

លោកបន្ដថា៖ «យើងធ្វើតាមដីកា យើងធ្វើតាមបែបរដ្ឋបាលរបស់យើង»

អ្នកនាំពាក្យរូបនេះបន្ថែមថា ការរុះរើនេះមិនមានការផ្ដល់កន្លែងថ្មីឬក៏សំណងណាមួយ​បាន​ដូចការចង់បានរបស់ប្រជាពលរដ្ឋនោះទេ។

លោក ឌីម៉ង់ បន្ថែមទៀតថា៖ «ម៉េចបានជានាំគ្នាបង្កើតវប្បធម៌ដែលនាំគ្នាទៅចាប់ដីរដ្ឋ ទាល់​តែ​ចាប់ដីរដ្ឋហើយ បើខិតខំតវ៉ាដើម្បីបានដី ទាល់តែតវ៉ាមិនបានឱ្យតែ​បានលុយ នេះជា​វប្បធម៌​មួយមិនគួរលើកទឹកចិត្តឱ្យមានទេ គេហៅថា[ ឈ្នះបានដី ចាញ់បានលុយ] ខ្ញុំគិតថាមិនមែន​ជា​ភារកិច្ចយើងក្នុងពេលនេះទេ»

ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពី លោក ឡា ប៊ុនហួន អាជ្ញាសាលានៃសាលា​ដំបូង​ខេត្ដព្រះសីហនុ បានទេ ជុំវិញបញ្ហាខាងលើ។

បើតាម អ្នកស្រី ជៀប សុធារី​ មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ ដោយអ្នកស្រីបាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុននឹងមានការចុះអនុវត្តបែបនេះ អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតនឹង បង្កើតគណៈកម្មការដូចការលើកឡើងរបស់ប្រជាពលរដ្ឋ​ជាមុនសិន ដើម្បីកុំឱ្យចេះតែចុះអនុវត្តដោយមិនបានវាស់វែងឱ្យបានច្បាស់លាស់។ អ្នកស្រីថា យ៉ាងហោចណាស់ក៏ត្រូវមានការព្រមព្រៀងណាមួយនិងប្រជាពលរដ្ឋដែរថា ពួកគាត់ពិតជា​បាន​រស់នៅលើដីរបស់បុគ្គលឈ្មោះ ប៊ុន សារឿន ហ្នឹងមែនអត់ បើមែនពួកគាត់នឹងរើចេញ​ដោយ​ខ្លួនឯង។

អ្នកស្រីបន្ដថា៖ «វាអយុត្ដិធម៌ហើយ យើងចង់និយាយថា ប្រជាពលរដ្ឋគាត់អត់មានសុំអីទេក្មួយ គាត់សុំតែប៉ុណ្ណឹងទេ គាត់ថាសុំឱ្យបង្កើតគណៈកម្មការដែលមានការចូលរួមពីមន្ដ្រីជំនាញ​សុរិយោដី ពីព្រោះយើងវាមិនចេះទេ យើងមែនចេះអីសព្វគ្រប់ ពីព្រោះការវាស់វែង ចំណុច​និយាមការ​នៅលើបណ្ណហ្នឹងវាទាល់តែមន្ដ្រីជំនាញបានដឹងថា ប្រជាពលរដ្ឋ​ពិតជារស់នៅខុស​មែនអត់?»

អ្នកស្រីបន្ដថា ការចុះមកអនុវត្តនេះមិនបានវាស់វែងទេ គឺចុះមកតាមការចង្អុលបង្ហាញ​របស់​ក្រុមគ្រួសាររបស់លោក ប៊ុន សារឿន ដែលជាដើមបណ្ដឹងហ្នឹង ជាពិសេសបើចង់ដឹងច្បាស់ថា​ដីហ្នឹងវាយ៉ាងម៉េច អាចសួរនាំចាស់ៗដែលពួកគាត់បានរស់នៅតាំងពីយូរមកហើយ បើទោះបី​ជាគាត់មិនមានអីវាស់វែងក៏ពួកគាត់ដឹងព្រំដីរបស់ពួកគាត់នៅត្រង់ណាដែរ។

អ្នកស្រីបញ្ជាក់ថា៖ «វាអយុត្ដិធម៌សម្រាប់ពួកគាត់ គាត់ព្រមឱ្យវាស់តើ កុំមកធ្វើចឹង ពីព្រោះអី​គាត់ជាអ្នករស់នៅកន្លែងហ្នឹង ហើយជាពិសេសប្រពន្ធម្ចាស់ដីដែលគាត់លក់ឱ្យបុគ្គលឈ្មោះ ប៊ុន សារឿន ហ្នឹង ក៏នៅហ្នឹង ហេតុអីតុលាការមិនយកតាមការអះអាងរបស់គ្រួសារ​ដែលលក់​ឱ្យហ្នឹងទៅ ការធ្វើចុះអនុវត្តបែបនេះមិនត្រឹមត្រូវឡើយ»

ចំណែកឯលោក ញិល ភាព មន្ដ្រីជាន់ខ្ពស់ផ្នែកចងក្រងសហគមន៍និងតស៊ូមតិនៃសមាគម​សម្ព័ន្ធ​កសិករកម្ពុជា(CCFC) បានថ្លែងថា  ការអនុវត្តសាលដីការបស់សាលាកំពូល​នៃសាលា​អាជ្ញារបស់សាលាដំបូងខេត្តព្រះសីហនុ លើប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ស្ថិតនៅភូមិ៤ ខេត្ដព្រះសីហនុហ្នឹងជាការអនុវត្តមួយដែលមិនសមស្របទាល់តែសោះ ពីព្រោះនៅក្នុងសេចក្ដី​ជូនដំណឹងនៃការអនុវត្តខាងសហគមន៍បានដាក់ពាក្យ ស្នើទៅរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ដើម្បីសុំ​ឱ្យផ្អាកការអនុវត្តដោយចុះទៅសិក្សាស្រាវជ្រាវអំពីទីតាំងភូមិសាស្រ្ដរបស់ដីឈ្មោះ ប៊ុន សារឿន និងឈ្មោះ សុខ ងួន ហ្នឹងថា ពិតប្រាកដមែនអត់?

លោកបញ្ជាក់បន្ដថា ដីឈ្មោះ​ ប៊ុន សារឿន ដែលមានទំហំ៤,៩៩ហិកតាហ្នឹងវានៅឆ្ងាយ​ពីដីដែលប្រជាពលរដ្ឋរស់នៅរយៈពេលជាង៣០ឆ្នាំមកហើយ ដូច្នេះការអនុវត្តសាលដីកា​ដោយ​ប្រើកម្លាំងហួសប្រមាណជាង១០០នាក់នេះ ទាំងកម្លាំងស៊ីឈ្នួល វាបង្ហាញពីការ​រំលោភ​សិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោក ភាព បន្ថែមថា៖ «ក្នុងនាមខ្ញុំជាអ្នកសម្របសម្រួលសហគមន៍ម្នាក់ ខ្ញុំសុំសម្ដែងនូវការ​ឈឺ​​ចាប់​ជំនួសប្រជាពលរដ្ឋផងដែរ។ វាជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិលំនៅដ្ឋាន​យ៉ាង​ធ្ងន់​ធ្ងរជាទីបំផុត ហើយអ្វីដែលប្រជាពលរដ្ឋជួបបញ្ហាប្រឈមខ្លាំងនោះ គឺគាត់គ្មានផ្ទះ គ្មាន​សំបែង  គ្មានទីជម្រក គ្មានចំណីអាហារ គ្មានថ្នាំសង្កូវ សម្រាប់ជីវិតរស់នៅទេ ដោយសារ​តែ​អ្វីៗ ពួកគេត្រូវបានបំផ្លាញខ្ទេចខ្ទីអស់រលីងហើយ»

អាជ្ញាធរកំពុងរុះរើផ្ទះប្រជាពលរដ្ឋទាំងមេឃកំពុងភ្លៀងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តលឱ្យ

កាលពីថ្ងៃទី១៧ ខែសីហា​​ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន  ធ្លាប់បានមា​នប្រសាសន៍ថា លោក​បាន​ឃើញ​សារព័ត៌មាន​មួយចុះផ្សាយ​ពីជន​មួយ​រូប​ដែល​ពាក់អាវ​គណបក្ស​ប្រជាជនកម្ពុជា បានស្នើសុំឱ្យ​លោក​ជួយអន្តរាគមន៍​ដោះស្រាយ​​រឿង​ដី​ធ្លី ប៉ុន្តែ​​បើតាមការ​ទទួលបាន​ព័ត៌មានពីអភិបាលខេត្តព្រះសីហនុ​ គឺ​​ជន​នោះ​ជាមេខ្លោង​ដែល​ដឹកនាំ​ចលនា​​ប្រជាពលរដ្ឋឱ្យ​​ទៅទន្ទ្រានដីរដ្ឋ​ក្នុងខេត្តព្រះសីហនុ។ ករណីនេះ លោកបាន​ប្រាប់​ទៅ​មេខ្លោង​ដែលកំពុងរត់គេចខ្លួន​​រូប​នោះត្រូវ​ប្រញាប់​ចូល​ខ្លួន​​​ទៅសារភាព​កំហុស​​​នៅចំពោះមុខ​សមត្ថកិច្ច ដោយលោកអះអាងថានឹង​ពុំមានការឃុំខ្លួននោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ថា«មេខ្លោងម្នាក់នេះត្រូវ​ទៅបង្ហាញខ្លួនយ៉ាងឆាប់​នៅឯខេត្ត[ព្រះសីហនុ​] រួចហើយចាំនិយាយគ្នាតាមក្រោយ។ ត្រូវទៅទទួលខុសត្រូវ! អ្នកឯង​ទៅប្រមូលប្រជាជនទៅកាប់ទន្ទ្រានដីរបស់រដ្ឋ អ៊ីចឹង​បានប្រជាជនគេឱ្យ​ទៅផ្ទះ​ ប៉ុន្តែ​មេខ្លោង​មេចលនាគឺត្រូវតែទទួលខុស​ត្រូវ​។ អ៊ីចឹងបានជាខ្ញុំចង្អុលបង្ហាញឱ្យ គួច ចំរើន ថាឱ្យ​​តាមរក»។

កន្លងមករដ្ឋបាលខេត្ដព្រះសីហនុក៏បានប្រកាស​ពីការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋចំនួន៤នាក់ ដើម្បី​នាំទៅសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ ក្នុង​ករណីដែល​អាជ្ញាធរ​អះ​អាង​​ថា ពួកគេបាន​ប្រើហិង្សាលើក្រុមការងារចម្រុះខេត្តដែល​​ចុះទៅ​អប់រំពលរដ្ឋ​ឱ្យ​រុះ​រើ​ខ្ទម​ខុស​ច្បាប់នៅលើទីតាំងដីកម្មសិទ្ធិឯកជន​របស់​ក្រុម​ហ៊ុនមួយ​ នៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ (SIHANOUK VILLE SEZ)។

យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ ពលរដ្ឋទាំង៤នាក់​ដែល​ត្រូវបានឃាត់ខ្លួននោះ រួមមាន ទេព សារ៉ា, ឈិន បូនី, សេង មករា និង ឃួន តារា។ ប្រភព​ដដែលបន្តថា ក្នុងប្រតិបត្តិការ​ចុះអប់រំពលរដ្ឋឱ្យរុះរើខ្ទមដែលសង់ខុសច្បាប់​នៅលើដី​ក្រុម​ហ៊ុននោះ គឺមានពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្ត​ប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួនទៀតប្រដាប់ដោយ​កាំបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញ​មុខ​តវ៉ា រហូតដល់ប្រើអំពើហិង្សា​លើក្រុមការងារចម្រុះ ទើបមានការឃាត់ខ្លួន​អ្នកទាំង៤នាក់​នោះយកទៅសួរនាំ។

បើតាមរដ្ឋបាលខេត្ត សំណង់មិនរៀបរយទាំងនោះគឺភាគច្រើនចាប់ផ្ដើមសាង​សង់​នៅដើម​ឆ្នាំ២០២២ និងមានការកើនឡើង​ក្នុងអំឡុងពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់​នាពេលកន្លងមក ខណៈរដ្ឋបាលខេត្តក៏ធ្លាប់បាន​ចុះអប់រំពលរដ្ឋទាំងនោះឱ្យរុះរើ​ខ្ទម​របស់ពួកគេ​ចេញម្តងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

គិត​ចាប់ពី​ខែ​មករា មកដល់​ខែ​ធ្នូ ឆ្នាំ​២០២០ ខេត្ដ​ព្រះសីហនុ មាន​ករណី​វិវាទ​ដីធ្លី​កើត​ឡើង​​​ចំនួន​ ៨៨៦ករណី​ ក្នុង​នោះ​រដ្ឋបាល​ខេត្ដ​បាន​ដោះស្រាយ​ចំនួន​ ១៥ករណី និង​សម្រប​សម្រួល​ទៅ​ភាគី​វិវាទ​ចំនួន​ ២១០ករណី រីឯ​ករណី​ផ្សេងទៀត​បាន​ធ្វើ​របាយការណ៍​​បញ្ជូនទៅ​ស្ថាប័ន និងក្រសួង​ពាក់ព័ន្ធ​។

កាលពីឆ្នាំ​២០០៨ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់​ដី​ទំហំ២ ០១៧,១៤ហិកតា ពី​គម្រប​ព្រៃឈើឆ្នាំ២០០២ ធ្វើអនុ​បយោគ និងប្រគល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមហ៊ុន «សីហនុវិល ស្ពេសលអ៊ីខននើមី ហ្សូន» ដើម្បីអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស «SIHANOUK VILLE SEZ»។

កន្លងមកសង្គម​ស៊ីវិល​ចំនួន​៨៩ ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយថា​ យើងខ្ញុំ​ជា​ក្រុម​សង្គម​​ស៊ីវិល សហជីព និង​សហគមន៍​សូម​សម្ដែង​ការសោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការចាប់ និង​ឃុំខ្លួន តំណាង​សហគមន៍​ដីធ្លី​ចំនួន​ ៣នាក់ ក៏ដូចជា​ការ​ចោទប្រកាន់​ទៅលើ​តំណាង​សហគមន៍​ដីធ្លី​ជាង​ ៥០នាក់​ទៀតនិងសូម​ស្នើសុំ​ឱ្យ​តុលាការ​​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យមាន​សេរីភាព​​​វិញ៕

656 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម