ប្រជាពលរដ្ឋប្រមាណ៥០នាក់ដែលរស់នៅនិងលក់ដូរជើងភ្នំសំពៅនិងខ្នងភ្នំសំពៅស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានលើកគ្នាឡើងមកដាក់លិខិតតវ៉ានៅមុខសាលាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយពីអាជ្ញាធរដាក់ឱសានវាទបណ្តេញឱ្យរុះរើដោយគ្មានសំណង។
លោក ស៊ុម ដេត អាយុ៣៥ឆ្នាំ ជាពលរដ្ឋម្នាក់ដែលឡើងមកតវ៉ាបានរៀបរាប់ថាអាជ្ញាធរកំណត់ពេលឱ្យប្រជាពលរដ្ឋរុះរើចេញឱ្យអស់រយៈពេល១៥ថ្ងៃដោយគ្មានសំណង ហើយបើមិនរុះរើនិងមានវិធានការផ្លូវច្បាប់ទៀត។ លោកបានបញ្ជាក់ថាប្រជាពលរដ្ឋចង់បានសំណងសមរម្យមុននឹងរុះរើចេញព្រោះពួកគាត់រស់នៅ និងលក់ដូរទីនេះច្រើនឆ្នាំមកហើយ។
លោក ស៊ុម ដេត លើកឡើងថា៖ «ខ្ញុំអត់មានអីនៅទេ បើរុះរើចេញហើយមិនដឹងរើទៅណាទេ អត់កន្លែងទៅ? អាជ្ញាធរឱ្យរើខ្ញុំក៏ព្រមរើដែរ តែសុំសំណងខ្លះមក ដើម្បីបានលុយទិញដីនៅ ធ្វើផ្ទះតូចតាចរស់នៅអី!»។
ស៊ុម ដេត និយាយថា ក្រៅពីធ្វើសំណង់លោកដើរលក់ការ៉េមតាមដងផ្លូវគ្រាន់ចិញ្ចឹមជីវិត។ លោកបន្តថា គ្រួសារគាត់មករស់នៅជើងភ្នំសំពៅនេះច្រើនឆ្នាំមកហើយតាំងពីគាត់កើតមកម្លេះគឺឃើញឪពុកម្តាយរបស់គាត់រស់នៅទីនេះទៅហើយ។
លោក ដេត បន្ថែមថា៖ «បច្ចុប្បន្ននេះគ្រួសារខ្ញុំមានដី១២គុណ១០ម៉ែត្ររស់នៅបីគ្រួសារគ្មានដីរស់នៅផ្សេងនោះទេ បើចេញគឺគ្មានអីនៅទេ»។
លិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកបាណន់មួយច្បាប់ចុះថ្ងៃទី0៦ខែកញ្ញាបានតម្រូវឱ្យប្រជាពលរដ្ឋរុះរើ រោង តូប សម្ភារៈលក់ដូរផ្សេងៗចេញចាប់ពីចំណុចផ្លូវចូលឡកំបោរ រហូតដល់ផ្លូវឡានឡើងភ្នំនិង លើខ្នងភ្នំសំពៅ ក្នុងភូមិសំពៅកើតឃុំភ្នំសំពៅចេញឱ្យអស់ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ អាជ្ញាធរបញ្ជាក់ថាតំបន់នេះ ស្ថិតនៅក្នុងគម្រោងប្លង់គោលតំបន់អភិវឌ្ឍន៍និងអភិរក្សតំបន់រមនីយដ្ឋានភ្នំសំពៅរបស់រដ្ឋបាលខេត្តបាត់ដំបង។ ហើយវិធានការនេះដើម្បីលប់បំបាត់ការរំលោភបំពានលើដីសាធារណៈរបស់រដ្ឋខាងលើដើម្បីរៀបចំសោភ័ណ្ឌភាព សម្រាប់ប្រជាពលរដ្ឋទូទៅប្រើប្រាស់និងបញ្ចប់ភាពអណាធិបតេយ្យ ឱ្យបានឆាប់រហ័ស។
ការឡើងតវ៉ារបស់ប្រជាពលរដ្ឋនៅមុខសាលាខេត្តបាត់ដំបងនេះត្រូវបានមន្រ្តីសាលាខេត្តអនុញ្ញាតឱ្យតំណាង ប្រជាពលរដ្ឋពីររូបចូលទៅក្នុងសាលាខេត្តដើម្បីជួបដោះស្រាយ។
អ្នកស្រី ហេង លីណា តំណាងប្រជាពលរដ្ឋដែលត្រូវបានអនុញ្ញាតឱ្យចូលជួបមន្រ្តីសាលាខេត្តដើម្បីដោះស្រាយ នោះបាននិយាយថា មិនទាន់មានដំណោះស្រាយអីជូនប្រជាពលរដ្ឋនោះទេគ្រាន់តែមន្រ្តីរដ្ឋបាលសាលាខេត្ត គេព្រមទទួលលិខិតដែលប្រជាពលរដ្ឋស្នើសុំឱ្យមានការដោះស្រាយដោយអមទាំងស្នាមផ្តិតមេដៃរបស់ប្រជាពលរដ្ឋផងដែរ។
អ្នកស្រី លីណា ឱ្យដឹងថា៖ «មន្រ្តីរដ្ឋបាលខេត្តគេព្រមទទួលលិខិតសុំដោះស្រាយរបស់ប្រជាពលរដ្ឋហើយគេវ៉ៃត្រា ចូលនិងបញ្ជូនតាមបែបបទរដ្ឋបាលក្នុងរយៈពេលបីថ្ងៃដើម្បីជូនឯកឧត្តមអភិបាលខេត្តដោះស្រាយ»។
អ្នកស្រី លីណា បានបញ្ជាក់ថា ក្នុងលិខិតស្នើសុំរបស់ប្រជាពលរដ្ឋដាក់ជូនអាជ្ញាធរខេត្តដោះស្រាយបានមិនយល់ស្របចំពោះលិខិតរបស់អាជ្ញាធរស្រុកបាណន់ដែលប្រើពាក្យថារុះរើរោង តូបលក់ដូរនោះទេ តាមពិតវាមិនគ្រាន់តែជាតូបលក់ដូរនោះទេ តែវាជាលំនៅដ្ឋានដែលពួកគាត់បានរស់នៅចន្លោះជាង២០ឆ្នាំរហូតមានដល់ជាង៣០ឆ្នាំមកហើយដោយមានទាំងការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាននិងមានសិទ្ធិបោះឆ្នោតមានសៀវភៅគ្រួសារ មានលេខផ្ទះ មានក្រុម មានភូមិ ចុះបញ្ជីត្រឹមត្រូវថែមទៀតផងដែរ។

លិខិតរបស់ប្រជាពលរដ្ឋបានទាមទារឱ្យអាជ្ញាធរដោះស្រាយចំនួនប្រាំចំណុច ទី១ មិនប្រឆាំងចំពោះគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលក៏ដូចជាមិនទាមទារកាន់កាប់ឬបន្តរស់នៅតទៅទៀតទេ ប៉ុន្តែស្នើសុំគោលនយោបាយដោះដូរសំណងឱ្យបានត្រឹមត្រូវសមរម្យដែលអាចទទួលយកបានតាមលក្ខណៈវិនិច្ឆ័យតាមប្រភេទទាំងខ្នងផ្ទះព្រមទាំងតូបលក់ដូរប្រកបដោយសេចក្តីថ្លៃថ្នូរ។ ទី២ មិនមានការរុះរើណាមួយកើតឡើងឡើយដរាបណាមិនទាន់ទទួលបានដំណោះស្រាយនិងការព្រមព្រៀងពីម្ចាស់លំនៅដ្ឋាននីមួយៗ ទី៣ ការរុះរើនឹងត្រូវធ្វើឡើងដោយម្ចាស់ផ្ទះក្រោយទទួលបានដំណោះស្រាយសមស្របដែលមានជាលាយល័ក្ខអក្សរស្នាមមេដៃព្រមព្រៀងពីម្ចាស់ផ្ទះនិងម្ចាស់តូបនីមួយៗ។
ហើយនិងចំណុចទី៤ ស្នើសុំសិទ្ធិការពារសុវត្ថិភាសន្តិសុខក្នុងការរស់នៅបច្ចុប្បន្នប្រសិនបើមានការគំរាមកំហែងទាំងផ្លូវកាយឬស្មារតីឬការបំផ្លាញផ្សេងៗ ឬការលួចដុតបំផ្លាញក្នុងរូបភាពណាមួយពួកគាត់សុំទម្លាក់បន្ទុកនេះទាំងស្រុងទៅលើស្ថាប័នដែលបង្គាប់ឱ្យរុះរើ ជាអ្នកទទួលបុសត្រូវ ទី៥ ស្នើសុំបន្តការលក់ដូរទាំងលើភ្នំនិងខាងក្រោមរហូតដល់ដាច់ខែវិច្ឆិកា ឆ្នាំ២០២២ ព្រោះខ្ចីលុយគេមកទិញទំនិញលក់ច្រើនបើមិនឱ្យលក់អត់មានលុយសងគេទេ។
ទាក់ទងការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា អាជ្ញាធរត្រូវការរៀបចំសណ្តាប់ធ្នាប់ឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូលនៅទីនេះ។
លោកបញ្ជាក់ថា តំបន់នេះប្រជាពលរដ្ឋគាត់មកសុំលក់ដូរយូរៗទៅច្រើនជំនាន់ក៏បានសាងសង់អណាធិបតេយ្យ លើដីចំណីផ្លូវបង្កភាពរញ៉ែរញ៉ៃគ្មានសណ្តាប់ធ្នាប់និងអនាម័យ ដូច្នេះអាជ្ញាធរត្រូវការរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ហើយអាជ្ញាធរគ្មានសំណងឱ្យនោះទេ។ លោកបន្តទៀតថា កន្លងទៅអាជ្ញាធរធ្លាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋច្រើនលើកហើយទាក់ទងនឹងរឿងខាងលើនេះ។
លោក ប៊ុនរិទ្ធ បន្ថែមថា៖ «ខេត្តមិនមានលុយឯណាទៅដោះស្រាយសំណងអញ្ចឹងទេ វាទៅមិនរួចគាត់ហ្នឹងត្រូវចូលរួមចំណែក! អញ្ចឹងគាត់យកអាជ្ញាធរជាចំណាប់ខ្មាំងហើយគាត់ដើររស់នៅពាសវាលពាសកាលអញ្ចឹងទៅពេល អាជ្ញាធររៀបចំសណ្តាប់ធ្នាប់គាត់ទាមទារសំណង! សំណងគ្រប់គ្នាតើរដ្ឋមានលុយឯណា មានកញ្ចប់ឯណាទម្លាក់ឱ្យថ្នាក់ក្រោមជាតិដោះសំណង វាអត់មាន»។
ទោះបីយ៉ាងណា លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់ទីកន្លែងហ្នឹងឱ្យបានសមរម្យដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អាជ្ញាធរក៏ត្រូវគិតគូរ ដល់ជីវភាពប្រជាពលរដ្ឋដែលអាស្រ័យផលកន្លែងហ្នឹងផង។
លោកបន្ថែមថា អាជ្ញាធរគួរតែរៀបចំទីកន្លែងនៅក្បែរៗនោះ ដើម្បីឱ្យប្រជាពលរដ្ឋបានលក់ដូររកប្រាក់ចំណូល ព្រោះតាំងពីដើមមកពួកគាត់រំពឹងលើការលក់ដូរតូចតាចប៉ុណ្ណឹងដើម្បីបានប្រាក់ចំណូលប្រចាំថ្ងៃ នៅពេល ដែលអាជ្ញាធរបណ្តេញដូច្នេះវាអាយុត្តិធម៌សម្រាប់ពួកគាត់ ។
លោក គង់ជិត បន្ថែមថា៖ «អាជ្ញាធរត្រូវតែផ្តល់សំណងដល់ពួកគាត់ឱ្យបានសមរម្យព្រោះពួកគាត់មិនបានលក់ដូរ បាត់ផលរបរពួកគាត់ចិញ្ចឹមជីវិតប្រចាំថ្ងៃនាំឱ្យអត់មានការងារធ្វើគ្មានចំណូលនឹងអាចខ្លះនាំឱ្យគាត់ធ្វើចំណាក ស្រុកជាដើម ដូច្នេះត្រូវដោះស្រាយជូនពួកគាត់»។
សូមបញ្ជាក់ថា មុននឹងចេញឱសានវាទឱ្យប្រជាពលរដ្ឋនៅជើងភ្នំសំពៅនិងលើភ្នំរុះរើ ដូច្នេះក្រោយពីអាជ្ញាធរស្រុកបាណន់ បានចាត់វិធានការដូចគ្នាបានជោគជ័យម្តងមកហើយដោយគ្មានសំណងកាលពីថ្មីៗនេះលើសំណង់នានានៅក្នុងបរិវេណប្រាសាទបាណន់ដូចជា ផ្ទះ រោងនិងតូបលក់ដូរជាច្រើនផងដែរក្នុងន័យរៀបចំសណ្តាប់ធ្នាប់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍៕