សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់បានសុំទោសលោក​នាយករដ្ឋមន្ត្រី បន្ទាប់ពីលោកព្យាយាមចាកចេញពីប្រទេសមិនបានសម្រេច

លោក ស ឡុងដេត មន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន បានចេញវីដេអូ សុំទោសលោកនាយករដ្ឋមន្ត្រី និងប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀនចេញទៅប្រទេសថៃ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ រូបភាព៖ Fresh News
លោក ស ឡុងដេត មន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន បានចេញវីដេអូ សុំទោសលោកនាយករដ្ឋមន្ត្រី និងប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀនចេញទៅប្រទេសថៃ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ រូបភាព៖ Fresh News

លោក ស ឡុងដេត ដែលជាមន្ត្រីជាន់ខ្ពស់​នៃគណបក្សភ្លើងទៀន បានសុំទោស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីគាត់​ត្រូវបានគំរាមមិនឱ្យចាកចេញពីប្រទេសកម្ពុជា​នៅថ្ងៃទី១៣ ខែមិថុនា ខណៈដែលលោកព្យាយាមចាកចេញទៅប្រទេសថៃ។

លោក ស ឡុងដេត ជាប្រធានប្រតិបត្តិ​រាជធានីភ្នំពេញ និងជាសមាជិក​គណៈកម្មការ​នាយក នៃគណបក្សភ្លើងទៀន បានចេញវីដេអូ សុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង រដ្ឋាភិបាល ដោយបានសារភាពថា ខ្លួនបាន​និយាយ​​ជ្រុលហួសក្នុងពេលកន្លងមក។ ក្នុងវីដេអូ ដដែល លោកបានសុំលាឈប់ពីសមាជិកគណៈកម្មការនាយក និងសុំលាឈប់ ពីប្រធាន ប្រតិបត្តិគណបក្សភ្លើងទៀនក្នុងរាជធានីភ្នំពេញ និងសុំផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។

លោកបញ្ជាក់ថា៖ «ខ្ញុំសុំសំណូមពរដល់សម្តេច ទទួលខ្ញុំបាទ ខ្ញុំសុំចូលរួមជាមួយគណបក្ស​ប្រជាជន ជាពិសេស​សុំចូលរួមជាមួយសម្តេចក្នុងនាមជាកូនខ្មែរ​ម្នាក់ដើម្បីធ្វើការងារ​បម្រើ​ប្រទេសជាតិ»

លោក ឡុងដេត ត្រូវបានលោក​ ហ៊ុន សែន បញ្ជាឱ្យចូលមកឆ្លើយជាមួយ​តុលាការ​​បន្ទាប់​លោកព្យាយាមចាកចេញទៅប្រទេសថៃ ប៉ុន្តែមិនបានសម្រេច។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មកររោងចក្រ​ប្រមាណជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានស្នើឱ្យលោក ស ឡុងដេត ត្រឡប់មកផ្ទះវិញ​ហើយត្រូវចូលខ្លួន​ទៅឆ្លើយ​ជាមួយតុលាការ រឿងលោកចោទប្រកាន់គណៈកម្មការ​ស៊ីហ្គេមមានភាពធ្ងន់ធ្ងរ​ពេក​។ 

ក្នុងការអំពាវនាវនោះលោកនាយករដ្ឋមន្រ្តីបន្តថា កាលពីយប់ថ្ងៃទី១២ ខែមិថុនា នេះ លោក ឡុងដេត បានចាកចេញពីភ្នំពេញ ដើម្បីឆ្លងចូលទៅប្រទេសថៃ តែថៃមិនបានឱ្យលោកឆ្លង​ចូល​ទៅទេ ដូច្នេះមិនបាច់ព្យាយាមរត់ទេ បើរត់ទៅប្រទេសថៃលោកនឹងសុំឱ្យថៃ​ចាប់ខ្លួន​មក​វិញដដែល។

លោកនាយករដ្ឋមន្រ្តីលើកឡើងថា ដីកាតុលាការបានហាមលោក ឡុងដេត ទៅក្រៅប្រទេស បើចេញទៅក្រៅប្រទេសនឹងត្រូវចាប់ខ្លួនភ្លាមនៅតាមទល់ដែន។

លោក ហ៊ុន សែន បន្ថែមថា៖ «អ្នកឯងនិយាយក្នុងចំណោមមនុស្ស៣០នាក់​ចាត់ទុកថា ជាការ​បរិហារកេរ្តិ៍ហើយ ចឹងបាច់ចាំរត់ទេ ស ឡុងដេត អើយ លោកឯងចេញទៅណា​ក៏អត់រួច​ដែរ ចេញ​​ទៅណាក៏មិនរួចដែរ អញ្ជើញមកវិញមក»

គួរបញ្ជាក់ថា លោក ស ឡុងដេត ត្រូវបានគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ី​អាគ្នេយ៍​លើកទី៣២ ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ដោយចោទថា លោកបាននិយាយបំភ្លើសខុស​ពី​ការពិត ក្នុងគោលបំណង​កេង​​ចំណេញ​ខាងនយោបាយ និងបង្ខូចកិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិច្ចខិតខំប្រឹងប្រែង របស់ គ.ជ.ប.អ​ ​និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ គ.ជ.ប.អ​ បង្ហាញពីពាក្យសម្តីដែលត្រូវចោទ​ប្រកាន់​ទៅ​​លើលោក ស ឡុងដេត ដែលលោកបាននិយាយនៅក្នុងបន្ទប់ប្រជុំមួយក្នុងខណ្ឌឫស្សីកែវ កាល​​ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅដែលមានអត្ថន័យថា៖ «ស៊ីហ្គេម (រៀបចំ​ដោយ គ.ជ.ប.អ)ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពលនៃ​វប្បធម៌​​សេដ្ឋកិច្ចរបស់ខ្មែរទេ… និងមានមនុស្សតែប៉ុន្មាននាក់តែប៉ុណ្ណោះបានទៅមើល [ព្រឹត្តិការណ៍​ស៊ីហ្គេម] និងអ្វីៗជារឿងក្លែងក្លាយទាំងអស»

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថា ការដកខ្លួនចេញ​ពី​បក្សភ្លើងទៀន​​របស់លោក ស ឡុងដេត គឺជាសិទ្ធិរបស់បុគ្គលទេ ហើយការចេញវីដេអូ សុំទោស និងសុំដក​ខ្លួន​អាចជាការដឹងកំហុសទើបលោក ឡុងដេត ធ្វើបែបនេះ។ លោកបន្តថា ទោះបីជាមានអ្នកដកខ្លួនចេញពីបក្សក្តីក៏ធនធានមនុស្សគឺនៅតែមាន ហើយការដកខ្លួន​នេះ​ក៏មិនប៉ះពាល់ដល់សមាជិកដទៃទៀតដែរ។

លោកបន្ថែមថា៖ «វាមិនអីទេព្រោះអីគណបក្សភ្លើងទៀន​អត់បានឈរឈ្មោះ​បោះឆ្នោតអីផង​ហ្នឹង វាមានទៅប៉ះពាល់អី ហើយគាត់មានបញ្ហាផ្ទាល់ខ្លួនចឹងគេយល់ហើយ»

 លោក ភីរិទ្ធ ក៏បានថ្លែងអំណរគុណចំពោះលោក ឡុងដេត ដែលធ្លាប់បានជួយ​គណបក្ស​ភ្លើងទៀន​រហូតមកពេលនេះហើយសង្ឃឹមថាលោក ឡុងដេត អាចដោះស្រាយបញ្ហា​ដែល​កំពុងជួបនេះរួចចុះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា កន្លងមក​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសជាចំំហរួចហើយថា​ចំពោះបងប្អូន​ប្រជាពលរដ្ឋទូទៅ​ទោះបីជាមាន​និន្នាការនយោបាយផ្សេងគ្នា ឬនៅគណបក្សណាក៏ដោយជាពិសេស​អ្នកដែល​នៅក្នុងគណបក្សប្រឆាំងដែលធ្លាប់មានប្រវត្តិជូរចត់ជាមួយលោកនាយករដ្ឋមន្រ្តី ឬគណបក្ស​ប្រជាជនកម្ពុជាប្រសិនបើសមីជនផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី គឺសម្តេចនឹងស្វាគមន៍។ 

លោក សុខ ឥសាន បានបន្តថា លោក ស ឡុងដេត ត្រូវបានស្វាគមន៍ឱ្យ​ចូលមប្រើ​ជីវភាព​នយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកបានចេញវីដេអូសុំទោស និង​ដកខ្លួនចេញពីគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។

លោក សុខ ឥសាន បានបន្ថែមថា៖ «យើងឃើញថាគាត់បានបង្ហោះវីដេអូសុំទោសហើយ និង​សូមស្ម័គ្រចិត្តចូលរួមជាមួយជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយហើយ ហើយឆ្លើយតបទៅនឹងការសុំទោសរបស់លោក [ស ឡុងដេត] នេះយើង​ឃើញថា សម្តេច​លោក​ស្វាគមន៍ហើយ ហើយលោកបានណែនាំឱ្យរដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ធ្វើការជាមួយ​តុលាការ​ដើម្បីដោះស្រាយបញ្ហា [ស ឡុងដេត] រួចហើយ»

271 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម